សង្គម​ស៊ីវិល​គ្រោង​បង្កើត​គណៈ​កម្មការ​ស្វែង​រក​ការពិត​មួយ​ស្រាវជ្រាវ​លើ​ការបោះឆ្នោត​២០១៣

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​មេដឹកនាំ​គណបក្ស​ប្រជាជន បាន​​ជួប​​ប្រជុំ​​គ្នា​​ផ្ទួនៗ​​ចំនួន​​ពីរ​​ដង​​នៅ​​សប្តាហ៍​ទី​បី នៃ​ខែ​កញ្ញា​នេះ​ តែ​មិន​​អាច​​​ទំលុះ​ទម្លាយ​ភាព​ទាល់​ច្រក​បាន ដោយ​គណបក្ស​ទាំងពីរ​ប្រកាន់​​ជំហរ​​រឹង​ត្អឹង​រៀងៗ​​ខ្លួន។

វ៉ាស៊ីនតោន៖ ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​លើក​ឡើង​នូវ​សំណើ​បង្កើត​គណៈកម្មការ​ស្វែង​រក​ការពិត​មួយ​ ដើម្បី​ចូលរួម​ចំណែក​បន្ធូរ​បន្ថយ​វិបត្តិ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា។​

នេះ​ជា​សំណើ​ដ៏​មាន​មហិច្ឆតា​មួយ​ដែល​អង្គការ​សង្គម​ស៊ីវិល​មើល​ឃើញ​ការ​មិនដើរទៅមុខ​ ឬ​ ថយ​ក្រោយក្នុង​ពេល​ដែល​អ្នក​នយោបាយ​មក​ពី​គណបក្ស​ឈ្នះ​ឆ្នោត​ទាំង​ពីរ​បាន​ប្រកាន់​ជំហរ​រឹងត្អឹង​រៀងៗខ្លួន ហើយ​មិន​អាច​ទំលុះ​ទម្លាយ​ភាព​ទាល់​ច្រក​បាន​ បន្ទាប់​ពី​បាន​ជួប​ប្រជុំ​គ្នា​ផ្ទួនៗ​ចំនួន​ពីរ​ដង​កាលពី​ដើម​សប្តាហ៍​មុន។ គណបក្ស​សង្គ្រោះជាតិ​ដែល​ដឹកនាំ​ដោយ​លោក​សម រង្ស៊ី​និង​លោក​កឹម សុខា​នៅ​តែ​ទាមទារ​ឱ្យ​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ​ដើម្បី​ស៊ើបអង្កេត​លើ​ភាព​មិន​ប្រក្រតី​ក្នុង​ពេល​បោះឆ្នោត​កន្លង​មក​ជា​លក្ខខណ្ឌ​ក្នុង​ការទទួល​ស្គាល់​លទ្ធផល​ឆ្នោត​ប៉ុន្តែ​គណបក្ស​ប្រជាជនកម្ពុជា​យល់​ថា​វាហួស​ពេល​ហើយ។​

លោក​ហង្ស​ ពុទ្ធា ​នាយកប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រិត្យ​និង​យុត្តិ​ធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ហៅ​កាត់​ថា​និកហ្វិក​បាន​បញ្ជាក់​ថា៖

«ខ្ញុំ​ថា​ប្រសិន​បើ​បង្កើត​មិន​បាន​នូវ​គណៈកម្មការ​ឯករាជ្យដែល​មាន​ការចូលរួម​របស់​គណបក្ស​នយោបាយ​ មិន​អាច​ទៅ​រួច​ដោយសារ​បញ្ហា​ក្រៅ​ច្បាប់។​នេះ​បើតាម​ការបកស្រាយ​របស់​គ.ជ.ប​សង្គម​ស៊ីវិល​ក៏​អាច​បង្កើត​ឡើង​នូវ​គណៈកម្មការ​ស្វែង​រក​ការពិត​មួយ​ដែរ​មិន​បាច់​ជា​ផ្លូវ​ការ​អ្វី​ទេ​ប៉ុន្តែ​បញ្ហា​សំខាន់​យើង​ធ្វើ​ការងារ​បច្ចេកទេស​តាម​បែប​កណ្តាល​មិនលម្អៀង​ទៅរក​គណបក្ស​ណាមួយ​ប៉ុន្តែក៏​នៅ​តែ​ត្រូវ​ការ​ការសហការ​របស់​គណៈកម្មការ​ជាតិ​រៀបចំ ​ការបោះឆ្នោត»។​

អ្វី​ដែល​ជា​កិច្ច​សហការ​ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចង់​បាន​នោះ គឺ​ការ​ទទួល​បាន​នូវ​សិទ្ធិ​ពិនិត្យមើល​ទម្រង់​១១០២ ដែល​បញ្ជាក់លទ្ធផល​ឆ្នោត ​ហើយ​រក្សា​ទុក​នៅ​ក្នុង​កញ្ចប់​សុវត្ថិភាព​«ក» ​ទម្រង់​១១០៨ ដែល​ជា​តារាង​បញ្ជាក់​លទ្ធផល​ឆ្នោតភ្លាមៗ​នៅ​ក្នុង​ការិយាល័យនិង​ចុងក្រោយ​គឺ​គល់​បញ្ចី​លិខិត​បញ្ជាក់​អត្តសញ្ញាណ​ដែល​បម្រើ​ឱ្យ​ការ​បោះឆ្នោត។​

ឯកសារ​ទាំងនេះ​ត្រូវ​បាន​អ្នក​បច្ចេកទេសចង់​បាន​ជាចាំ​បាច់​ដើម្បី​ជួយដល់​ការ​ស៊ើប​អង្កេត​របស់​គេ​ឱ្យ​បាន​ជោគជ័យ។

បើ​យោង​តាម​លោក​ ហង្ស​ ពុទ្ធាទំហំ​ការងារ​របស់​គណៈកម្មការ​នេះគឺ​មិន​ធ្វើ​នៅ​ទូទាំង​ប្រទេស​ប៉ុន្តែ​គឺ​ទៅលើ​តែ​តំបន់​ណា​ដែល​មាន​បញ្ហា​កើតឡើង។ ​បញ្ហា​ដែល​បាន​រាយការណ៍​កន្លងមក​នោះ មានការ​បាត់​ឈ្មោះ​អ្នក​បោះឆ្នោត អ្នក​បោះឆ្នោត​មាន​ឈ្មោះ​ស្ទួន ទឹកខ្មៅ​អាច​លាង​ជម្រះ​បាន​ដែល​បង្ក​លទ្ធភាព​ឱ្យ​មនុស្ស​ដដែល​បោះឆ្នោត​បាន​ច្រើន​ដង តួលេខ​ខុស​គ្នា​រវាង​តួលេខ​ដែល​គណបក្ស​នយោបាយ​ទទួល​បាន​ពី​ស្ថានីយ៍​បោះឆ្នោត​និង​តួរលេខ​ផ្លូវ​ការ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។​

គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ទទួល​បាន​អាសនៈ​ចំនួន​៦៨​ ហើយ​គណបក្ស​សង្គ្រោះជាតិ​ទទួល​បាន​៥៥​អាសនៈ​។ នេះ​បើតាម​ការ​ប្រកាស​របស់​គ.ជ.ប។ ប៉ុន្តែ​គណបក្ស​ប្រឆាំង​និយាយ​ថា​ខ្លួន​ទទួលបាន​រហូត​ដល់​៦៣​អាសនៈ។

គណបក្ស​សង្រ្គោះជាតិ​បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​គំនិត​នេះ​ហើយ​បង្ហាញ​ជំហរ​នៅ​ក្នុង​ការ​សហការ​យ៉ាង​ល្អ​ដល់​គណៈកម្មការ​នេះ​នៅ ​ពេល​ណា​ដែល​ត្រូវ​បាន​បង្កើត​ឡើង។ បើ​ទោះ​បី​ជា​លទ្ធផល​នឹង​មិន​បាន​នាំ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ចំនួន​អាសនៈ​របស់​ខ្លួន​នៅ​ក្នុង​សភា​ជាតិ​ក៏ដោយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​កឹម សុខា អនុប្រធាន​គណបក្ស​។​
លោក​កឹម សុខា​បាន​បញ្ជាក់​បន្ថែម​ថា៖

«នេះ​ជា​ជ័យ​ជម្នះ​ខាង​សីលធម៌​ប្រសិន​ណាក្រុម​អង្គការ​ស្វែងរក​ការពិត​ហ្នឹង​គណៈកម្មការ​ស្វែង​រក​ការពិត​ដែល​សុទ្ធ​តែ​ជា​អ្នក​ជំនាញ​ខាង​ការបោះឆ្នោត​នៅ​ក្នុង​ប្រទេស​នានា​ក្នុង​តំបន់​ហើយ​ក៏​រកឃើញ​ថា​គណបក្ស​ប្រជាជន​ចាញ់​ឆ្នោត​ទេ​បន្លំ​ទេ​មិន​ប្រក្រតី​ទេ​ហើយគ.ជ.ប​ធ្វើការ​មិន​ត្រឹម​ត្រូវ​ទេ​បើ​គេរក​ឃើញ​ប៉ុណ្ណឹង​ទោះបី​ជា​មិន​បាន​ប្តូរ​តួរលេខ​ក៏​គណបក្ស​ប្រជាជន​ដែល​ឈ្នះ​ហ្នឹងអន្តរជាតិ​គេ​មិន​ទទួល​ស្គាល់​ជ័យ​ជម្នះ​ដែរ​ហ្នឹង​ហើយ​ជា​ជ័យ​ជម្នះ​របស់​យើង»។​

សម្រាប់​គណបក្ស​ប្រឆាំង​ក្នុង​អណត្តិ​ទី ៥​នេះ​ស្ថាន​ការណ៍​មាន​លក្ខណៈ​ផុយ​ស្រួយ​ជាង​ពេល​ណា​ៗ​ទាំង​អស់​។ នេះ​បើ​តាម​អ្នក​វិភាគបាន​បញ្ជាក់​ឱ្យ​ដឹង។ គណបក្ស​នេះ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដល់​អ្នក​បោះឆ្នោត​របស់​ពួកគេ​ដែល​មាន​ក្រុម​យុវជន​វ័យក្មេង និង​ពលរដ្ឋ​ដែល​ចង់​បាន​មេដឹក​នាំថ្មី។ យុវជន​ខ្លះ​បាន​ឃើញ​មេដឹកនាំ​ដដែលៗ​នេះ​តាំងពី​ពេល​ពួកគេ​កើត​មក​និង​ធំ​ដឹង​ក្តី​ឡើង។ ការគិតគូរ​ណា​មួយ​ដែល​ភ្លេច​ការទាមទារ​របស់​អ្នក​គាំទ្រ​អាច​នឹង​ជំរុញ​លទ្ធភាព​ដែល​គណបក្ស​នេះ​អាចនឹង​ឈ្នះ​ភូកទឹក​ភ្លូកដី​នៅ​អណត្តិ​ក្រោយ​មក​ជួប​វាសនា​អាក្រក់​ដូច​ជា​គណបក្ស​ហ៊្វុនស៊ិន​ប៉ិច​និង​គណបក្ស​លោក​តាសឺនសាន​ក្នុង​ពេល​កន្លង​មក។​

យ៉ាង​ណា​ក៏ដោយ ​ឧបសគ្គ​ទីមួយដែល​គណៈកម្មការ​ឯករាជ្យ​ដែល​ស្នើឡើង​ដោយ​ក្រុម​អង្គការ​សង្គមស៊ីវិលនេះ​អាចនឹង​ជួប​ប្រទះ​គឺការ​សហការ​ជាមួយនឹង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ដែល​នៅ​តែ​ប្រកាន់​ជំហរ​តាម​ផ្លូវ​ច្បាប់​និងការ​ប្រកាស​ថា​បាន​អនុវត្តយ៉ាង​ត្រឹម​ត្រូវ​ក្នុង​អំឡុងពេល​នៃការ​បោះឆ្នោត​កាលពីខែ​កក្កដានេះ។​

លោក​ទេព នីថា​ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បញ្ជាក់​ថា​៖

«គ.ជ.ប​បង្កើត​ឡើង​ដោយ​ច្បាប់​ភារៈកិច្ច​អនុវត្តតាម​ច្បាប់នៅពេល​ណាដែល​យើង​ធ្វើ​អ្វី​អត់​មាន​ច្បាប់​វាខុស​ច្បាប់។ ឧទាហរណ៍​ថា​ករណី​មាន​បញ្ហា​ក្នុង​ការ​បោះឆ្នោត​ហើយ​គេ​ប្តឹង​ដោះស្រាយ​បញ្ហា​ចុងក្រោយ​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ហើយ​ដល់​ទៅ​ស្រាវជ្រាវ​អ្វី​បន្ថែម​ទៀត​ច្បាប់​អត់​មាន​និយាយ​ក៏​ប៉ុន្តែ​ប្រសិន​បើ​គេ​សិក្សា​ពី​បញ្ហា​ខ្វះ​ខាត​ដើម្បី​កែ​លម្អ​ការបោះឆ្នោត​ក្នុង​ពេល​ខាង​មុខ​ទៀត​នេះ​ជាការ​ងារ​មួយ​ដែល​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត​គ្រប់​ប្រទេស​គេ​ធ្វើ​អញ្ចឹង។ ដល់​ធ្វើ​អ្វី​បកក្រោយ​វិញ​អញ្ចឹង​គឺ​ច្បាប់​អត់​មាន​និយាយ​ទេ​គឺ​គ.ជ.ប​ប្រហែល​ជា​មិនមាន​សមត្ថ​ភាព​នឹង​ធ្វើ​ការ​ហ្នឹង​ទេ»។​

ប៉ុន្តែ​គណបក្ស​ប្រជាជន​ហាក់​ដូច​ជា​បណ្តោយ​ទៅតាម​ចរន្ត​ដែល​កើត​មាន​ឡើង​ដោយផ្នែក​លើ​ផ្នែក​ច្បាប់​ដែល​មាន​ក្នុង​ប្រទេ​សកម្ពុជា​។

លោក​ជាម យៀប សមាជិក​ជាន់​ខ្ពស់​គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​ទុក​ការ​សម្រេច​ចិត្ត​នេះ​ដល់​ថ្នាក់​ដឹកនាំ​គណបក្ស។

«ខ្ញុំ​សូម​ជម្រាប​ថា​ស៊ីសង​ទៅលើ​ការ​ពិចារណា​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​យើងខ្ញុំ​ទេ​ពីព្រោះ​យើង​បើក​ចំហរ​ក្នុង​ការពិភាក្សា​ក្នុង​ការ​ចរចា​គ្រប់​បែបយ៉ាង»។​
ការ​ស៊ើបអង្កេត​ដោយ​គណៈកម្មការ​ស្វែង​រក​ការពិត​នេះ​នឹង​មិន​អាច​កែប្រែ​តួរលេខ​ផ្លូវ​ការ​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ប្រកាស​ទេ​ប៉ុន្តែ​វា​ជា​យន្ត​ការ​មួយ​ឱ្យ​ដឹង​ថា​តើការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៣​នេះ​មានប្រឡាក់​ប្រឡូស​ទៅដោយ​រឿង​អាស្រូវ​អ្វី​ខ្លះ​ហើយ​រក​វិធី​ដើម្បី​កែលម្អ​បញ្ហា​នោះ។

លោក​ហង្ស ពុទ្ធា​បាន​បញ្ជាក់​ពី​ផល​ប៉ះពាល់​អវិជ្ជមាន​ដែល​អាច​នឹង​កើត​មាន​ឡើង​ទៅ​ដល់​ភាគី​ណា​ដែល​មិនទទួល​យក​នូវ​អ្វី​ដែល​ជា​យន្តការ​នៃ​ការ​ស្វែងរក​ការពិតនេះ។

«យើង​ចង់​បង្កើត​គណៈកម្មការ​ស្វែង​រក​ការពិត​មួយ​អញ្ចឹង​ប្រសិន​បើ​ភាគី​ណាមួយ​គណបក្ស​ណាមួយ​ឬក៏​គ.ជ.ប​ខ្លាច​ការពិត​បាន​ន័យ​ថា​ខ្លួន​មាន​ភាព​មិន​ស្មោះត្រង់​ក្នុង​ការ​ចូលរួម​ក្នុង​ដំណើរ​ការ​បោះឆ្នោត​នេះហើយ»។​

កាលពី​ល្ងាច​ថ្ងៃ​សុក្រ​តំណាង​អង្គការ​សង្គមស៊ីវិល​មួយ​ចំនួន​បាន​ជួប​ជាមួយ​នឹង​លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ ស ខេង រដ្ឋ​មន្ត្រី ក្រសួង​មហាផ្ទៃ​និង​ជា​សមាជិក​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។ យោងតាម​លទ្ធផល​ក្រៅ​ផ្លូវ​ការ​ពី​ប្រភព​ដែល​ស្និទ្ធ​នឹង​ការ​ប្រជុំ​នោះ​បាន​បញ្ជាក់​ថា​មាន​ការ​គាំទ្រ​ចំពោះ​គំនិត​នោះ​ព្រោះ​មាន​ទិសដៅ​ស្រប​គ្នា​ជាមួយ​នឹងអ្វី​ដែល​គណបក្ស​ទាំង​ពីរ​បាន​យល់​ស្រប​គ្នា​នៅក្នុង​កិច្ច​ប្រជុំ​កំពូល​នៅវិមាន​រដ្ឋ​សភា​ជាតិ​កាលពីថ្ងៃ​ច័ន្ទ​ទី ១៦​ដែល​ថា​នឹង​ដោះស្រាយ​កែទម្រង់​គ.ជ.ប៕