សហគមន៍អង្គការក្រៅរដ្ឋាភិបាលនៅក្នុងប្រទេសកម្ពុជាដែលមានការព្រួយបារម្ភអំពីមាត្រាចំនួន២១នៃមាត្រាសរុប៥៨នៅក្នុងសេចក្តីព្រាងច្បាប់ថ្មីអំពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល បានទាមទារឱ្យមានការលុបចោល និងកែសម្រួលមាត្រាមួយចំនួន។ ប៉ុន្តែមន្ត្រីក្រសួងមហាផ្ទៃបាននិយាយថាអនុសាសន៍របស់អង្គការសង្គមស៊ីវិលនឹងត្រូវលើកយកទៅពិចារណា។
សហគមន៍អង្គការសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជាបានផ្តល់អនុសាសន៍ដល់រដ្ឋាភិបាលឱ្យលុបចោលលក្ខខណ្ឌ និងការកែសម្រួលមាត្រាចំនួន២១នៃមាត្រាសរុប៥៨នៅក្នុងច្បាប់សមាគម និងអង្គការក្រៅរដ្ឋាភិបាល។
អង្គការក្រៅរដ្ឋាភិបាលបានទាមទារឱ្យរដ្ឋាភិបាលលុបបំបាត់ចោលនូវលក្ខខណ្ឌសញ្ជាតិខ្មែរសម្រាប់សមាជិកស្ថានិកដើម្បីបង្កើតអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក លុបចោលនូវលក្ខខណ្ឌដែលត្រូវជូនដំណឹងទៅក្រសួងមហាផ្ទៃអំពីកិច្ចសហការរវាងសមាគម និងអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក និងលុបបំបាត់បញ្ញត្តិជូនដំណឹងទៅក្រសួងមហាផ្ទៃអំពីការផ្លាស់ប្តូរបុគ្គលិក។
មាត្រា៦នៃសេចក្តីព្រាងច្បាប់សមាគម និងអង្គការក្រៅរដ្ឋាភិបាលនេះបានហាមឃាត់សមាគម ឬអង្គការក្រៅរដ្ឋាភិបាល ឬ សម្ព័ន្ធសមាគម ឬអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកដែលមិនបានចុះបញ្ជី ឬ ចុះអនុស្សរណៈស្របតាមច្បាប់នេះមិនត្រូវបានអនុញ្ញាតឱ្យធ្វើសកម្មភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកស៊ិន សុមុន្នី នាយកប្រតិបត្តិនៃអង្គការ Medicam បានថ្លែងថា មាត្រា៦នៃច្បាប់នេះបានដាក់ការព្រួយបារម្ភលើបណ្តាអង្គការតូចៗនិងអង្គការនៅមូលដ្ឋានមួយចំនួនដែលមានការពិបាកក្នុងការចុះបញ្ជី។
មាត្រា៨នៃច្បាប់នេះបានកំណត់លក្ខខណ្ឌនៃការបង្កើតសមាគមថា ដើម្បីបង្កើតសមាគមបាន គេត្រូវមានសមាជិកស្ថាបនិកដែលមានសញ្ជាតិខ្មែរចំនួនពី២១នាក់ឡើងទៅ។
លោកស៊ិន សុមុន្នីបានបញ្ជាក់យ៉ាងដូច្នេះថា ក្រុមតូចៗ ដូចជាក្រុមជនជាតិភាគតិចនៅមណ្ឌលគីរី និងរតនគីរីជាដើម ចង់បង្កើតសមាគម ឬ អង្គការក្រៅរដ្ឋាភិបាល។ ប៉ុន្តែសមាជិកស្ថាបនិកមានដល់២១នាក់ច្រើនពេក មិនអាចបង្កើតសមាគម ឬ អង្គការក្រៅរដ្ឋាភិបាលបានទេ។ គាត់ស្នើសុំឱ្យបន្ថយមកនៅត្រឹមសមាជិកស្ថាបនិក៥នាក់បានហើយ។
មាត្រា៩នៃច្បាប់នេះបានដាក់លក្ខខណ្ឌនៃការបង្កើតអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកថា ដើម្បីបង្កើតអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកបាន គេត្រូវមានអ្នកផ្តួចផ្តើមដែលមានសញ្ជាតិខ្មែរយ៉ាងហោចណាស់៣នាក់ឡើងទៅ។
លោកម៉ម សម្បត្តិ នាយកប្រតិបត្តិនៃអង្គការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព បានថ្លែងថាលក្ខខណ្ឌសញ្ញាតិនេះបានបង្ហាញពីការរើសអើង។
«យើងខ្ញុំសុំសំណូមពរឱ្យលុបចោលលក្ខខណ្ឌសញ្ញាតិនេះចេញពីមាត្រា៩នេះ»។
មាត្រា២៧បានចែងថា កិច្ចសហការរវាងសមាគមជាមួយអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកសមាគម និងអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកដែលស្របច្បាប់ អាចធ្វើកិច្ចសហការជាមួយគ្នាបាន ដើម្បីអនុវត្តគម្រោងណាមួយស្របច្បាប់តាមសេចក្តីសម្រេចរបស់សមាគម ឬ អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដោយគ្រាន់តែជូនដំណឹងជាលាយលក្ខណអក្សរមកក្រសួងមហាផ្ទៃ និងភ្ជាប់មកជាមួយនូវ៖កិច្ចព្រមព្រៀង ឬឯកសារសមមូល ឬ លក្ខខណ្ឌនានានៃកិច្ចសហការ និងចំនួន និងឈ្មោះសមាគម ឬអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកដែលបានចូលរួម។
លោកម៉ម សម្បត្តិ បានថ្លែងយ៉ាងដូច្នេះថា «មាត្រា២៧ ដែលនិយាយពីកិច្ចសហប្រតិបត្តិការ ហាក់បីដូចជាមានភាពស្រពិចស្រពិល ហើយយើងស្នើសុំលុបចោលមាត្រា២៧ចេញពីសេចក្តីព្រាងច្បាប់នេះតែម្តង»។
មាត្រា៤៦បានបញ្ជាក់ថា របាយការណ៍ប្រចាំឆ្នាំរបស់សមាគម ឬ អង្គការក្រៅរដ្ឋាភិបាល ឬ សម្ព័ន្ធសមាគម ឬ អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក សមាគម ឬអង្គការក្រៅរដ្ឋាភិបាល ឬសម្ព័ន្ធសមាគម ឬអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកដែលស្របច្បាប់ ត្រូវធ្វើរបាយការណ៍ស្តីពីសកម្មភាព និងស្ថានភាពថវិកាប្រចាំឆ្នាំកន្លងមក និងផែនការសកម្មភាពសម្រាប់ឆ្នាំ បន្ទាប់ពីតម្កល់ទុកនៅទីស្នាក់ការរបស់ខ្លួន និងផ្ញើជូនក្រសួងមហាផ្ទៃ ឬ ក្រសួងការបរទេស និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាក់ព័ន្ធ មិនឱ្យហួសពីដំណាច់ខែមករា។
អង្គការសង្គមស៊ីវិលបានស្នើឱ្យមានការប្តូរកាលបរិច្ឆេទពីដំណាច់ខែខមករាទៅដំណាច់ខែមិនាវិញ។មាត្រា៤៨បានចែងថា សមត្ថកិច្ចត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិរបស់សមាគម ឬអង្គការក្រៅរដ្ឋាភិបាល ឬ សម្ព័ន្ធសមាគម ឬ អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬ អាជ្ញាធរសវនកម្មជាតិមានសិទ្ធិត្រួតពិនិត្យរបាយការណ៍ស្តីពីស្ថានភាពហិរញ្ញវត្ថុ ទ្រព្យសម្បត្តិរបស់សមាគម ឬអង្គការក្រៅរដ្ឋាភិបាល ឬសម្ព័ន្ធសមាគម ឬ អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក។
មាត្រា៥៣បាននិយាយថា ការប្រព្រឹត្តល្មើសនឹងមាត្រា៤៦ ក្នុងករណីដែលសមាគម ឬអង្គការក្រៅរដ្ឋាភិបាល ឬសម្ព័ន្ធសមាគម ឬ អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកដែលស្របច្បាប់ មិនបានអនុវត្តតាមមាត្រា៤៦នៃច្បាប់នេះ ក្រសួងមហាផ្ទៃ ឬ ក្រសួងការបរទេស ត្រូវធ្វើការព្រមានជាលាយលក្ខណ៍អក្សរ។
ក្នុងករណីដែលសមាគម ឬ អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក ឬសម្ព័ន្ធសមាគម ឬ អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមិនរាងចាល ក្រសួងមហាផ្ទៃត្រូវចេញសេចក្តីសម្រេចជាលាយលក្ខណ៍អក្សរផ្អាកសកម្មភាពជាបណ្តោះអាសន្នក្នុងរយៈពេលពីមួយខែទៅបីខែ។
ក្នុងករណីដែលអង្គការក្រៅរដ្ឋាភិបាលបរទេសមិនរាងចាល ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិត្រូវចេញសេចក្តីសម្រេចជាលាយលក្ខណ៍អក្សរផ្អាកសកម្មភាព និងបញ្ចប់សុពលភាពអនុស្សរណៈ៕