អង្គការ​ក្រៅ​រដ្ឋាភិបាល​បន្ត​ធ្វើ​ហូល​ពិតាន​ ទោះ​​តម្រូវ​ការ​ទីផ្សារ​ផលិតផល​នេះ​តូច​ខ្លាំង

អ្នកស្រី រឿន លាន់ វ័យ៣០ឆ្នាំ កំពុងខាសូត្រ នៅអង្គការវិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរ Institute of Khmer Traditional Textiles នៅក្នុងស្រុក អង្គរធំខេត្តសៀមរាប កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០។ (ផនបុប្ផា/វីអូអេ)

ភ្នំពេញ — អ្នកស្រី ប៉ិច ​ផល្លី កំពុងត្បាញ​ហូល​នៅ​ក្រោម​ផ្ទះ​របស់​អ្នកស្រី​នៅ​ក្នុង​ខេត្ត​តាកែវ​ ចម្ងាយ​ប្រហែល​មួយ​គីឡូ​ម៉ែត្រ​ពី​ជើង​ភ្នំ​ជីសូ។​

ដៃ​របស់​អ្នកស្រី​កាន់​ត្រល់​ដែល​រុំព័ទ្ធ​ទៅ​ដោយ​អំបោះ មាន​ពណ៌​លាយ​គ្នា ​ខណៈ​ជើង​ទាំង​ពីរ​ជាន់​ទៅ​លើ​ឈ្នាន់​ឬស្សី​បី ​ដែល​ចង​ភ្ជាប់​ទៅ​នឹង​កី​តម្បាញ។

អ្នកស្រី ​ផល្លី​ ដែល​មាន​វ័យ ​៣៥ ​ឆ្នាំ​ហើយ​ កំពុងត្បាញហូល​នៅ​ផ្ទះរបស់​អ្នកស្រី​ ក្នុង​ឃុំស្លា ​ស្រុក​សំរោង​ មាន​ប្រសាសន៍​ប្រាប់​វីអូអេ​ថា៖ «អ្នក​ដែល​មិន​ដែល​ត្បាញ​រៀន​ធ្វើ​ម៉េច​បាន​ចេះ។ ដូច​ជា​មិន​ងាយនោះ​ទេ»។​

មនុស្ស​ចំនួន​តិច​តួច​ប៉ុណ្ណោះ ​ដែល​ចេះ​និង​នៅ​បន្ត​ត្បាញ​ហូល ​ដូច​អ្នកស្រី​ ផល្លី។

ការ​ត្បាញ​ហូលជាមួយ​នឹង​របរ​លក់​ដូរ​តិចតួច​នៅ​ផ្ទះ អនុញ្ញាត​ឲ្យ​អ្នកស្រី​បាន​មើល​កូន​តូច​របស់​ខ្លួនផង​ដែរ។

អ្នកស្រី ប៉ិច ផល្លី វ័យ ៣៥ កំពុងតែត្បាញហូលបុរាណខ្មែរា នៅក្នុង ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ សម្រាប់សមាគមកីខ្មែរ កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២០។ (ខាន់ សុគុំមនោ/វីអូអេ)

អ្នកស្រី មុំ ឡាយ ធ្វើការនៅនៅអង្គការ វិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរ Institute of Khmer Traditional Textiles កំពុងតែជ្រលក់សូត្រជាមួយនឹងលក្ខធម្មជាតិឲ្យចេញពណ៌លឿងជាមួយនឹងអ្នករួមការងាររបស់អ្នកស្រី នៅក្នុងស្រុកអង្គរធំខេត្តសៀមរាប កាលពី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០។

សព្វថ្ងៃ​នេះ​ អ្នក​ដែល​ចេះ​និង​មាន​ឆន្ទៈ​បន្ត​ការងារ​នេះ​មាន​ចំនួន​តិចតួច​ ដោយ​សារមិន​សូវ​មាន​តម្រូវ​ការ​ទីផ្សារ។ ជាមួយ​នឹង​ការ​ប្រើប្រាស់វត្ថុធាតុ​ដើម​ធម្មជាតិ ​ដែលកម្រ​និង​ពិបាក​រក ចំណាយពេលយូរ​ក្នុង​ការ​ចង​គាធ​និង​ត្បាញ​ ភាព​អត់ធ្មត់​និង​ការ​ផ្ចិតផ្ចង់​ខ្ពស់​បំផុត ធ្វើ​ឲ្យ​អ្នកជំនាន់​ក្រោយ​មិន​ចាប់​អារម្មណ៍​ចំពោះ​ការងារ​នេះ។​

លោក ផេង​ សុផល​ អ្នក​គ្រប់គ្រង​នៃ​សមាគម​កី​ខ្មែរ ដែល​មាន​សមាជិក​ជា​អ្នក​តម្បាញ​ប្រាំបី​នាក់​ បាន​បង្ហាញ​ពី​ការ​បារម្ភនៃ​ការ​បាត់បង់​ហូល​ធម្មជាតិ។ លោក​មាន​ប្រសាសន៍​ប្រាប់វីអូអេ​ នៅ​ខេត្ត​តាកែវ​នៅ​ចុង​ខែ​តុលា​នេះ​ថា៖

«ការងារ​នេះ​ជា​ការងារ​កម្រ​មួយ​នៅក្នុង​ការ​ធ្វើ​ហូល។ ការងារ​នេះ​ប្រឈម​មុខ​នឹង​ការ​បាត់បង់​នៅ​ពេល​អនាគត​ ដោយសារ​តែ​រាល់​ថ្ងៃ​យើង​ធ្វើ​ សូម្បី​តែ​សូត្រ​ក៏​យើង​យក​ពី​គេ​ពណ៌​ ក៏​យើង​យក​ពី​គេ​អញ្ចឹង​ផលិតផល​ដែល​ចេញ​មក​ហូល ​ដែល​ផ្គុំ​ចេញ​ជា​រូបរាង​មក ​វា​សឹង​តែ​របស់​គេ​ទាំង​អស់​ហើយ​នៅ​ក្នុង​ហ្នឹង។ បាន​ន័យ​ថា​ លក្ខ​យើង​ប្រើ​លក្ខ​នាំ​ចូល សូត្រ​យើង​ប្រើ​សូត្រ​នាំចូល ​អញ្ចឹង​ផ្គុំ​ចូល​គ្នា​មក ​វា​ចេញ​ជា​ហូល​មួយ​ ដែល​មិនមែន​ជា​ហូល​បុរាណ​របស់​ខ្មែរ»។​

លោក​បន្ថែម​ថា៖ «ខ្ញុំ​បង្កើត​អា​នេះ​ឡើង​ ដោយសារ​ខ្ញុំ​ចង់​បង្កើត​អ្វី​ដែល​មាន​អត្តសញ្ញាណ​របស់​ខ្មែរ​ ដូច​ជា​លក្ខ​ខ្មែរ​ សំបក​ព្រហូត​ ហើយ​ម៉ាឃ្លឿ​ ហើយ​និង​ពណ៌​ត្រុំ​ ដែល​ចាស់​ពី​ដើម​ហៅ​ថា ​ភ្លាក់ ​ដែល​យើង​ប្រើ​នៅ​លើ​ការ​ជ្រលក់​ពណ៌​ធម្មជាតិ​នេះ»។

ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈបាន​រៀប​ចំតាំង​ពិព័រណ៍​ហូល​បុរាណ​ខ្មែរ​ ដែល​រួម​ទាំង​ហូល​ពិតាន​ផង​ នៅ​រាជធានី​ភ្នំពេញ​ ដើម្បី​ដាក់​បង្ហាញ​ស្នា​ដៃ​វប្បធម៌​នេះ​ដល់​អ្នក​ដែល​មាន​ការ​ចាប់​អារម្មណ៍ ​ពី​ថ្ងៃ​ទី​៣០ ​ខែ​កញ្ញា​ រហូត​ដល់​ថ្ងៃ​ទី ​៣០ ​ខែ​តុលា ​ប៉ុន្តែ​ការ​ដាក់​តាំង​បង្ហាញ​នេះ​ បាន​បិទ​តាំង​ពី​ថ្ងៃ​ ២៦ ​ខែ​កញ្ញា​មក​ម្ល៉េះ។

រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ អ្នកស្រី​ ភឿង សកុណា​ មាន​ប្រសាសន៍​ប្រាប់​វីអូអេ​ កាល​ពី​ខែ​សីហា​ថា​ ក្រសួង​រៀបចំ​អត្ថបទ​សិក្សា​អំពី​ហូល​ខ្មែរ​ហូល​ពិតាន​ ដោយសារ​ហូល​នេះ​មិន​សូវ​មាន​អ្នក​ចេះ​ធ្វើ​ទេ។

អ្នក​ស្រី​មាន​ប្រសាសន៍៖​ «អ៊ីចឹង​បើ​សិន​មាន​ចាស់ៗ​ដែល​គាត់​ចេះ​ចង​ហូល ​ចង​គាធ​និង​គោម​អី​ហ្នឹង​ គឺ​វា​ល្អ​ណាស់។​ (ពួកគាត់)​ ជា​ធន​ធាន​មនុស្ស​មួយ​ដ៏​មាន​តម្លៃ​ណាស់​ សម្រាប់​ប្រទេស​យើង»។

​អ្នក​ស្រី​បន្ថែម​ថា៖ «តែ​បើ​យើង​គិត​ពី​កម្លាំង​ការងារ​និង​ការ​ប្រើ​លក្ខ​ធម្មជាតិ​ទាំង​ស្រុង ​អត់​មាន​គីមី​ទេ ​វា​ទុក​បាន​យូរ​អង្វែង​...​និយាយ​ទៅ​អំពី​តម្លៃ​អំពី​ការងារ​ ហើយ​និង​រយៈ​ពេល​ដែល​ទុក​ត​កូន​តចៅ​ហ្នឹង ​គឺ​ថា​ វា​ថ្លៃ​មែន តែ​វា​ក៏​យ៉ាប់​ធ្វើ​ដែរ»។

លោក​ស្រី​បន្ថែម​ថា​ ទាំង​នោះ​រួម​មាន​តម្លៃ​នៃ​ការ​ចេះ​ដឹង​របស់​ដូនតា ​ដែល​បង្ហាញ​ពី​ការ​ផ្ទេរ​ចំណេះ​ដឹង​របស់​ចាស់ៗ​ពី​បុរាណមក​អ្នក​ជំនាន់​ក្រោយ។ ប្រសិន​បើ​ការ​ផ្ទេរ​ចំណេះ​ត្រូវបាន​បញ្ចប់​ អ្នក​ជំនាន់​ក្រោយ​នឹង​មិន​ដឹង​ពីរ​បៀប​ធ្វើ​ហូល​បុរាណ​ខ្មែរ។

អ្នកតម្បាញនៅអង្គការវិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរ Institute of Khmer Traditional Textiles កំពុងត្បាញហូលបុរាណខ្មែនៅក្នុងស្រុកអង្គរធំ ខេត្តសៀមរាប កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០។ (ផនបុប្ផា/វីអូអេ)

ឧបករណ៍តម្បាញហូលពិតាននៅក្នុង ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ សម្រាប់សមាគមកីខ្មែរ កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២០។(ផនបុប្ផា/វីអូអេ)

វិទ្យាស្ថាន​វាយនភណ្ឌ​ប្រពៃណី​ខ្មែរ​ ឬ Institute of Khmer Traditional Textiles ដែល​មាន​ទីតាំង​នៅ​ក្នុង​ក្រុង​សៀមរាប ​គឺ​ជា​អង្គការសំខាន់មួយ​ដែល​បន្ត​អនុវត្ត​ការ​ធ្វើ​ហូល​ខ្មែ​បុរាណ ​ដោយ​ប្រើ​វត្ថុ​ធាតុ​ដើម​ធម្មជាតិ។

នៅ​ឆ្នាំ​ ១៩៩៥ ​លោក ​Kikuo Morimoto​ បាន​ធ្វើ​ដំណើរ​ដោយ​ជើង​និង​ម៉ូតូ​ដើម្បី​ប្រមូល​ទិន្នន័យ​នៃ​ចំនួន​អ្នក​ដែល​ចេះ​ត្បាញ​ហូល​បន្ទាប់​ពី​លោក​ត្រូវ​បាន ​UNESCO​ ទាក់ទង​ដើម្បី​ឲ្យ​ប្រមូល​ទិន្នន័យ​ពី​សិប្បកម្ម​តម្បាញ​ហូល ​និង​អ្នក​ត្បាញ​ហូល​នៅ​ប្រទេស​កម្ពុជា។

លោក Kikuo Morimoto ដែល​ជា​ស្ថាបនិក​អង្គការ​វិទ្យាស្ថាន​វាយនភណ្ឌ​ប្រពៃណី​ខ្មែរ​ បាន​បង្កើត​អង្គការ​នេះ​ឡើង ​ដើម្បី​រក្សា​ការពារ​សម្បត្តិ​វប្បធម៌​ខ្មែរដ៏​មាន​តម្លៃ​នេះ​ ក្រោយ​លោក​ដឹង​ថា ​អ្នក​ដែល​ចេះ​ត្បាញ​ហូល​មិន​មាន​ច្រើន​ ហើយ​ពួក​គាត់​មាន​វ័យ​ជរា។​

លោក​បាន​ប្រមែល​ប្រមូលយាយ​ៗ​មួយ​ចំនួន​ ដែល​ចេះ​ត្បាញ​ហូល​មក​ពី​ខេត្ត​តាកែវ កណ្ដាល ​និង​ខេត្ត​មួយ​ចំនួន​ទៀត ​ឲ្យ​មក​ធ្វើ​ហូល​នៅ​ខេត្ត​សៀមរាប។​

ទោះ​បី​ជា​លោក ​Kikuo Morimoto ​បាន​លា​ចាក​លោក​នៅ​ឆ្នាំ​ ២០១៧​ ក៏ដោយ​ កិច្ចការ​អភិរក្ស​ហូល​ខ្មែរ​របស់​លោក​ នៅ​តែ​បន្តរ​ហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។ អង្គការ​របស់​លោក​នៅ​បន្ត​ផលិត​ហូល​ខ្មែរ​បុរាណ​ និង​បន្ត​បង្ហាត់​បង្រៀន​អ្នក​ជំនាន់​ក្រោយ ​ឲ្យ​ចេះ​ត្បាញ​ហូល​បុរាណ​ខ្មែរ។

អ្នក​ស្រី​ មុំ​ ឡាយ​ វ័យ​ ៦២​ ឆ្នាំ ​គឺ​ជា​អ្នក​ចង​គាធ និង​អ្នក​ត្បាញ​ហូល​ម្នាក់​នៅ​ក្នុង​អង្គការ​នេះ។

អ្នកស្រី ​មុំ​ ឡាយ ​ដែល​មាន​ដើម​កំណើត​នៅ​ខេត្ត​តាកែវ​នេះ​ មាន​កូន​ស្រី​បួន​នាក់។ សព្វថ្ងៃ​កូន​ស្រី​ពីរ​នាក់​របស់​អ្នកស្រី​ កំពុង​ចងគាធ​នៅ​អង្គការ​នេះ​ ជាមួយ​អ្នក​ស្រី ​ខណៈ​កូន​ស្រី​ពីរ​នាក់​ទៀត​កំពុង​រៀន​សូត្រ​ពីការ​ចង​គាធ។​

អ្នកស្រី​មាន​ប្រសាសន៍​ប្រាប់​វីអូអេ​ កាល​ពី​ចុង​ខែ​កក្កដា​ នៅ​ក្នុង​ខេត្ត​សៀម​រាប​ថា​ អង្គការ​អ្នក​ស្រី​ត្បាញ​ហូល​ប្រើ​វត្ថុធាតុ​ដើម​ធម្មជាតិ​ទាំងអស់។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «ចេះ​មក​ពី​ម៉ែ​ត​ៗ​គ្នា។ ពួក​គាត់​រៀន​មក​ពី​ខ្ញុំ​ចេះ​ត​ៗ​គ្នា​ពីរ​នាក់​នោះ ​វា​នៅ​រៀន​អត់​ទាន់​ចង ​ប៉ុន្តែ​ម៉ែ​គាត់​រៀន​ចង់​គាត់​ចេះ​ដែរ»។

អ្នកស្រី​បន្ត​ថា​៖ «សូត្រ​នេះ​ទិញ​មក​ពី​ក្នុង​ស្រុក ​និង​ធ្វើ​ខ្លួន​ឯង​ខ្លះ។ ចិញ្ចឹម​កូន​នាង​ដែរ​ ប៉ុន្តែ​វា​ចេះ​តែ​ងាប់​មិន​ដឹង​យ៉ាង​ម៉េច​ទេ»។

អ្នក​ស្រី​បន្ថែម​ថា ​ហូល​នៅ​អង្គការ​អ្នកស្រីធ្វើ​ដោយ​ដៃ​ធ្វើ​ដោយ​ប្រើ​លក្ខ​ធម្មជាតិ និង​ធ្វើ​ពី​សូត្រ​ខ្មែរ​ដ៏​មាន​គុណភាព​ ​ហេតុ​ដូចនេះ​ហើយ ទើប​ហូល​ទាំង​នេះ​មាន​តម្លៃ​ខ្ពស់។

នៅ​អង្គការ​នេះ​ហូល​ពិតាន​ខ្លះ​ អាច​មាន​តម្លៃ​លើស​ពី​ ២០០០​ ដុល្លារ ​ប៉ុន្តែ​ហូល​នេះ​អាច​ត្រូវ​ការ​ពេល​ចង​គាធ​ និង​ត្បាញ​លើសពី​មួយ​ឆ្នាំ។​

អ្នក​ស្រី​ថា​សព្វ​ថ្ងែ​នេះ​អង្គការ​នេះ​ព្យាយាម​ចិញ្ចឹម​លក្ខ​ ប៉ុន្តែ​លក្ខ​ទាំង​នោះ​មិន​រស់។

អ្នកស្រី ប៉ិច ចន្ធូ វ័យ ៤០ កំពុងលាយផុកជាមួយនឹម៉ាឃ្លឿ ដើម្បីធ្វើជាពណ៌ហូលធម្មជាតិ នៅក្នុង ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២០។ (ផនបុប្ផា/វីអូអេ)

ហូលបុរាណខ្មែរដែលត្បាញដោយអ្នកស្រី ប៉ិច គីម វ័យ ៦០ ឆ្នាំ នៅក្នុង ឃុំស្លា ស្រុកសំរោង ខេត្តតាកែវសម្រាប់សមាគមកីខ្មែរ កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២០។(ផនបុប្ផា/វីអូអេ)

ដូចគ្នា​នឹង​អ្នក​ស្រី ​មុំ​ ឡាយ​ ដែរ លោក ​ផេង​ សុផល​ លើក​ឡើង​នូវ​ការ​បារម្ភ​អំពី​ការ​អស់​លក្ខ​ធម្មជាតិ​។

លោក​ សុផល​ និយាយ​ថា៖ «លក្ខ​ខ្មែរ​យើង​ដែល​យើង​ប្រើ​នៅ​ក្នុង​សហគមន៍​នេះ​រាល់​ថ្ងៃ​ គឺ​លក្ខ​សល់​ពី​មុន​ទេ ​ប៉ុន្តែ​អាថ្មី​វា​អត់​ទាន់​មាន​។ អញ្ចឹង​នៅ​ពេល​ដែល​វា​អស់ ​អាចាស់​ហ្នឹង​ យើង​មិន​ដឹង​ថា​យើង​យក​លក្ខ​ខ្មែរ​មក​ពី​ណា​ទៀត»។

លោក​ថា​ ការណ៍​នេះ​គឺ​ដោយសារ​តែ​ប្រជាពលរដ្ឋ​ឈប់​ចិញ្ចឹម​លក្ខ។ ហើយ​ដើម​ម៉ាឃ្លឿ​ដែល​ផ្លែ​របស់​វា​យក​មក​ធ្វើ​ជា​លក្ខ​ធម្មជាតិ ​ក៏​ត្រូវ​បាន​គេ​កាប់​ចោល​អស់ច្រើន​ដែរ។

ទោះ​បី​ជា​មាន​ការ​បារម្ភ​និង​ការ​លំបាក​ក្នុង​ការ​រក​ទី​ផ្សា​រសម្រាប់​ហូល​ពិដាន​យ៉ាងណា​ក៏ដោយ​ លោក​ សុផល មាន​មោទនភាព​ចំពោះ​ការងារ​នេះ។

«ខ្ញុំ​បង្កើត​បាន​ហូល​មួយ​ ដែល​ជា​ហូល​កម្រ​នៅ​ក្នុង​វិស័យ​ហូល ​គឺ​យើង​ធ្វើ​ក្បាច់​មួយ ​ដែល​និយាយ​រឿង​បី​នៅ​ក្នុង​ពុទ្ធ​សាសនា​ គឺ​រឿង​ព្រះសូត្រ​ត្រាស់​ដឹង​ហើយ​និង​បរិនិពាន្ត។ រឿង​បី​ហ្នឹង​ដាក់​បញ្ចូល​គ្នា​ទៅ ​ខ្ញុំ​ដាក់​ចំណង​ជើង​រឿង​បី​នេះ​ ថា​ជា​រឿង​របស់​ពិសាខ​បូជា»។

អ្នក​ស្រី​ ប៉ិច ​ផល្លី​ ដែលចាប់​ផ្តើម​ត្បាញ​ហូល​ជាមួយ​បង​ប្អូន​តាំង​ពីវ័យ​ជំទង់​នោះ ​និយាយ​ថា ​អ្នក​ស្រី​នឹង​បង្រៀន​កូន​ស្រី​ឲ្យ​ចេះ​ត្បាញ​ហូល​ដែរ។

«កូន​ខ្ញុំ​ត្រូវ​តែ​បង្រៀន​ឲ្យ​ចេះ​[ត្បាញ] ហើយ​ព្រោះ​ខ្ញុំ​ចង់​ឲ្យ​[គាត់​]ចេះ​ច្រើន​មុខ»៕