អង្គការ​មួយ​ជួយ​បង្កើត​ឱកាស​ទទួល​បាន​ការ​អប់រំ និង​ជំនាញ​ដល់​អនីតិជន

អនីតិជន​ដែល​ជា​ទណ្ឌិត​កំពុង​រៀន​ជួសជុល​គ្រឿងចក្រ​ក្នុង​គម្រោង​វគ្គ​បណ្តុះ​បណ្តាល​របស់​អង្គការ​ជីវិត​នៅ​កម្ពុជា។ (រូបថត​ផ្តល់​ឲ្យ​ដោយ This Life Cambodia)

អនីតិជន​ដែល​ជា​ទណ្ឌិត​នៅ​ក្នុង​ពន្ធនាគារ​កម្ពុជា​មាន​ចំនួន​គួរ​ឲ្យ​កត់​សម្គាល់។ អង្គការ​មួយ​បាន​ខិតខំ​បង្កើត និង​ផ្តល់​ឱកាស​ទទួល​បាន​ការ​អប់រំ និង​ជំនាញ​ដល់​អនីតិជន​មួយ​ចំនួន​នៅ​ខេត្ត​សៀមរាប ឧត្តរ​មានជ័យ និង​បន្ទាយ​មានជ័យ។

អនីតិជន​ដែល​ជា​ទណ្ឌិត​នៅ​ក្នុង​ពន្ធនាគារ​កម្ពុជា​មាន​ចំនួន​គួរ​ឲ្យ​កត់​សម្គាល់។ យ៉ាងណាមិញ អង្គការ​មួយ​បាន​ខិតខំ​បង្កើត និង​ផ្តល់​ឱកាស​ទទួល​បាន​ការ​អប់រំ និង​ជំនាញ​ដល់​អនីតិជន​មួយ​ចំនួន​នៅ​ខេត្ត​សៀមរាប និង​ខេត្តបន្ទាយ​មានជ័យ។

ចាប់​តាំង​ពី​ឆ្នាំ​២០០៧​មក អង្គការ​ជីវិត​នៅ​កម្ពុជា (This Life Cambodia) បាន​ធ្វើ​ការងារ​តាម​សហគមន៍ និង​តាម​ពន្ធនាគារ​មួយ​ចំនួន​នៅ​ខេត្ត​សៀមរាប និង​ខេត្ត​បន្ទាយ​មានជ័យ ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​លើ​ស្ថានភាព​របស់​កុមារ ​ដែល​ជា​អនីតិជន​ចំនួន​១០៣​នាក់​ដោយ​ផ្ទាល់ និង​ចំនួន​ជាង​២០០០​នាក់​ដោយ​ប្រយោល។

លោក ឈិន សែ នាយក​រង​នៃ​អង្គការ​ជីវិត​នៅ​កម្ពុជា បាន​ប្រាប់ VOA ថា ការងារ​របស់​អង្គការ​លោក ​គឺ​ធ្វើ​យ៉ាងណា​ដើម្បី​ជួយ​ពង្រឹង​ស្ថានភាព​របស់​សហគមន៍​នៅ​តាម​តំបន់​ជនបទ ជាពិសេស​គឺ​អនីតិជន​ដែល​មាន​អាយុ​ក្រោម​១៨ឆ្នាំ​ដែល​ជាប់​ពន្ធនាគារ និង​ក្រុម​គ្រួសារ​របស់​ពួកគេ។

«‍កម្ម​វិធី​ដែល​យើង​កំពុង​អនុវត្ត​នា​ពេល​កន្លង​មក និង​នា​ពេល​បច្ចុប្បន្ន​នេះ​គឺ​ផ្តោត​សំខាន់​ទៅ​លើ​វិស័យ​អប់រំ ទៅលើ​ការ​ការពារ​យុត្តិធម៌​របស់​អនីតិជន ទៅលើ​អំពើ​ហិង្សា​មក​លើ​ស្ត្រី និង​កុមារ ក៏​ដូច​ជា​ការងារ​ពាក់ព័ន្ធ​ទៅនឹង​ការ​សិក្សា​ស្រាវជ្រាវ ហើយនឹង​តាមដាន និង​វាយ​តម្លៃ»។

អង្គការ​ជីវិត​នៅ​កម្ពុជា បាន​បង្កើត​គម្រោង​មួយ​ចំនួន ដូច​ជា​គម្រោង​ចេញ​ពី​របាំង​ជីវិត ដើម្បី​ជួយ​ធ្វើ​ឲ្យ​ស្ថានភាព​របស់​អនីតិជន​មាន​ភាព​ប្រសើរ​ឡើង ជា​ពិសេស​គឺ​បង្កើត និង​ផ្តល់​ឱកាស​ទទួល​បាន​ការ​អប់រំ និង​ជំនាញ​ទាំង​ពេល​ពួក​គេ​នៅ​ក្នុង​ពន្ធនាគារ និង​ក្រោយ​ពេល​ដែល​ពួក​គេ​ចេញ​ពី​ពន្ធនាគារ។

លោក ឈិន សែ បាន​បញ្ជាក់​ថា គម្រោង​នោះ​បាន​អនុវត្ត​សកម្មភាព​ជា​ច្រើន ដូច​ជា​ផ្តល់​វគ្គ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ការ​ឧបត្ថម្ភ​គាំទ្រ​ដល់​គ្រួសារ​របស់​អនីតិជន និង​ការ​អភិវឌ្ឍ​សហគមន៍​ដោយ​ពង្រឹង​សមត្ថភាព​ក្នុង​ការ​កសាង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជា​ពលរដ្ឋ​តាម​សហគមន៍។

កាល​ពី​ពេល​ថ្មីៗ​នេះ មូល​និធិ Stars Foundationបាន​ប្រគល់​ពាន់​រង្វាន់ Stars Impact Award ឆ្នាំ​២០១៥ ដល់​អង្គការក្រៅ​រដ្ឋាភិបាល​ពីរ​របស់​កម្ពុជា គឺ​អង្គការ​សកម្មភាព​ដើម្បី​កុមារ និង​ដល់​អង្គការ​ជីវិត​នៅ​កម្ពុជា ដោយ​ផ្តល់​ជូន​ជា​ទឹក​ប្រាក់​៥០,០០០​ដុល្លារ​ដល់​អង្គការ​ទាំង​ពីរ​នេះ​ឲ្យ​បន្ត​ការងារ​ដ៏​សំខាន់​របស់​ខ្លួន​ក្នុង​ការ​ជួយ​គាំពារ​កុមារ​ដែល​ងាយ​នឹង​រង​គ្រោះថ្នាក់​នៅ​កម្ពុជា។

លោក Billy Gorter ស្ថាបនិក​នៃ​អង្គការ​ជីវិត​នៃ​កម្ពុជា ទទួល​ពាន​រង្វាន់ Stars Impact Award សម្រាប់​ឆ្នាំ​២០១៥ ពី​មូលនិធិ Stars។ (រូប​ថត​ដោយ​ Stars Foundation)

លោក ឈិន សែ បាន​បញ្ជាក់​ថា ពាន​រង្វាន់​នេះ​គឺ​ដើម្បី​ទទួល​ស្គាល់​ស្នាដៃ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដូច​ជា​អង្គការ​របស់​លោក ក្នុង​ការ​ផ្លាស់​ប្តូរ​ជីវិត​របស់​កុមារ ជាពិសេស​គឺ​កុមារ​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​ដូច​ប្រទេស​កម្ពុជា។

«‍អង្គការ​ជីវិត​នៅ​កម្ពុជា អ្វី​ដែល​យើង​ធ្វើ​នោះ​គឺ​ផ្តោត​សំខាន់​ទៅ​លើ​ប្រាកដ​ថា រាល់​ការងារ​របស់​យើង​គឺ​ឆ្លើយ​តប​ទៅនឹង​តម្រូវការ​របស់​សហគមន៍ ដែល​គាត់​កំពុង​តែ​មាន​បញ្ហា។ ហើយ​ពាន​រង្វាន់​នេះ​មិន​មែន​ជា​ពាន​រង្វាន់​សម្រាប់​តែ​អង្គការ​របស់​ខ្ញុំ​ផ្ទាល់​ទេ តែ​វា​ក៏​ជា​ពាន​រង្វាន់​សម្រាប់​ទាំង​អស់​គ្នា។ ពាន​រង្វាន់​សម្រាប់​កុមារ​ដែល​យើង​ធ្វើការ​ជាមួយ។ ពាន​រង្វាន់​សម្រាប់​គ្រួសារ និង​សហគមន៍​របស់​គាត់។ ពាន​រង្វាន់​សម្រាប់​រាជ​រដ្ឋាភិបាល​កម្ពុជា​យើង​ដែរ ដែល​លោក​បាន​អនុញ្ញាត និង​បើក​ផ្លូវ​ឲ្យ​យើង​ធ្វើការ​ជាមួយ​គាត់»។

គិត​មក​ត្រឹម​ឆ្នាំ​២០១៥​នេះ ចំនួន​ទណ្ឌិត​ដែល​ជាប់​នៅ​ពន្ធនាគារ​ទាំង​អស់​នៅ​កម្ពុជា​បាន​ឡើង​ដល់​១៧,៥២២​នាក់ ដែល​បាន​កើន​ប្រមាណ​១៨​ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​២០១៤។ ហើយ​ក្នុង​នោះ អនីតិជន​មាន​ចំនួន​លើស​ពី​៥០០នាក់ ដែល​ស្មើនឹង​៣ភាគរយ​នៃ​ចំនួន​ទណ្ឌិត​សរុប។

អ្វី​ដែល​ជា​បញ្ហា​នោះ​គឺ​ថា កម្ពុជា​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​សម្រាប់​មនុស្ស​ពេញ​វ័យ ដើម្បី​កាត់​ទោស​កុមារ​ដែល​មាន​អាយុ​ក្រោម​១៨ឆ្នាំ ដែល​ពួក​គេ​ត្រូវ​ទទួល​ទោស​ដូច​គ្នា​នឹង​មនុស្ស​ពេញ​វ័យ​សម្រាប់​ការ​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​ទាំង​ក្នុង​កម្រិត​ស្រាល និង​ធ្ងន់ធ្ងរ​របស់​ពួក​គេ។ នេះ​បើ​យោង​តាម​ការ​បក​ស្រាយ​របស់​លោក ឈិន សែ។

«‍មិន​មាន​ច្បាប់​ដោយ​ឡែក​សម្រាប់​ពួក​គាត់។ ច្បាប់​ដោយ​ឡែក​ដែល​ខ្ញុំ​និយាយ​នេះ​គឺជា​ច្បាប់ ឬ​ប្រព័ន្ធ​យុត្តិធម៌​សម្រាប់​អនីតិជន ដែល​ប្រទេស​កម្ពុជា​យើង​មិន​ទាន់​មាន​ច្បាប់​នេះ​នៅ​ឡើយ​ទេ។ ហើយ​ស្ថានភាព​របស់​កុមារ​នៅ​ពេល​បច្ចុប្បន្ន​នេះ​គឺ​នៅ​ត្រង់​ថា ការ​ទទួល​បាន​ការ​អប់រំ​នៅ​ក្នុង​ពន្ធនាគារ ឬក៏​មណ្ឌល​កែប្រែ​គឺ​មិន​ទាន់​មាន​គ្រប់គ្រាន់​នៅ​ឡើយ​ទេ គឺ​ដោយ​សារ​តែ​រដ្ឋ​របស់​យើង​បច្ចុប្បន្ន​មិន​មាន​ធនធាន​គ្រប់គ្រាន់។ ម្លោះ​ហើយ​តម្រូវ​ឲ្យ​មាន​ការ​គាំទ្រ​ពី​អង្គការ​សង្គម ដូចជា​អង្គការ​ពួក​ខ្ញុំ​អញ្ចឹង ដើម្បី​ផ្តល់​ឱកាស​ទៅ​ដល់​កុមារ​ទាំង​នៅ​ក្នុង​ពន្ធនាគារ ក៏​ដូចជា​នៅ​ពេល​ដែល​គាត់​ធ្វើ​សមាហរណកម្ម​មក​ខាង​ក្រៅ»។

លោក ឈិន សែ បាន​សង្ឃឹម​ថា ច្បាប់​សម្រាប់​យុត្តិធម៌​របស់​កុមារ​ដែល​កំពុង​តែ​ត្រូវបាន​តាក់តែង​នោះ​ នឹង​ទទួល​បាន​អាទិភាព​ពី​រដ្ឋាភិបាល យក​ទៅ​អនុម័ត​ដោយ​សភា និង​អនុវត្ត​ឲ្យ​បាន​ឆាប់ៗ ដើម្បី​ធានា​ថា កុមារ​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​ទទួល​បាន​យុត្តិធម៌​បែប​អនីតិជន។

កុ្រម​ការងារ​របស់​អង្គការ​ជីវិត​នៅ​កម្ពុជា​ ដែល​ធ្វើ​ការងារ​តាម​សហគមន៍​ដើម្បី​ពង្រឹង​សមត្ថភាព និង​ឱកាស​ទទួល​បាន​ការ​អប់រំ​របស់​កុមារ និង​គ្រួសារ​កម្ពុជា​នៅ​តាម​តំបន់​ជនបទ​នៅ​ខេត្ត​សៀមរាប។ (រូបថត​ដោយ ម៉េង គឹមឡុង)

បន្ថែម​លើ​នេះ លោក ឈិន សែ បាន​បញ្ជាក់​ថា ការងារ​របស់​អង្គការ​របស់​លោក​មិន​អាច​ទទួល​បាន​លទ្ធផល​វិជ្ជមាន​បែប​នេះ​ទេ បើ​សិន​ជា​គ្មាន​ការ​សហការ​ពី​ថ្នាក់​ដឹក​នាំ​របស់​មន្ទីរ​ពន្ធនាគារ និង​មជ្ឈមណ្ឌល​កែ​ប្រែ​នៅ​ខេត្ត​សៀមរាប និង​បន្ទាយ​មានជ័យ​នោះ។

«‍អញ្ចឹង​យើង​នឹង​បន្ត​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​នឹង​ក្រសួង​ដែល​ពាក់ព័ន្ធ ជា​ពិសេស​គឺ​យើង​សូម​ថ្លែង​អំណរគុណ​ដល់​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ ក៏​ដូច​ជា​ប្រធាន​ពន្ធនាគារ​ទាំងពីរ​ខេត្ត ទាំង​ខេត្ត​សៀមរាប និង​បន្ទាយ​មានជ័យ ដែល​គាត់​បាន​ជ្រោមជ្រែង​អង្គការ​យើង​មែនទែន​ ហើយ​បាន​អនុញ្ញាត​ឲ្យ​យើង​ចូល​ទៅ​ធ្វើការ​ក្នុង​ពន្ធនាគារ ក៏​ដូច​ជា​ជ្រោមជ្រែង​យើង​ដោយ​ផ្តល់​ជា​យោបល់​កែប្រែ​ធ្វើ​ឲ្យ​មាន​ការ​ប្រសើរ​ឡើង​ទាំង​អស់​គ្នា»។

យ៉ាងណាមិញ មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ជា​បន្តបន្ទាប់​ទាំង​ពី​ខាង​រដ្ឋាភិបាល និង​អង្គការ​សង្គម​ជា​ច្រើន ដូច​ជា​អង្គការ​ជីវិត​នៅ​កម្ពុជា ដើម្បី​ធានា​ថា ​អនីតិជន​ដែល​ចេញ​ពី​ពន្ធនាគារ​ទទួល​បាន​ឱកាស​អប់រំ និង​ជំនាញ​ដើម្បី​ធ្វើ​សមាហរណកម្ម​ក្នុង​សង្គម​ជា​ថ្មី​ម្តង​ទៀត៕