សមាគមធាងត្នោត នៅថ្ងៃច័ន្ទនេះ បានចេញផ្សាយរបាយការណ៍មួយ ដោយអំពាវនាវឲ្យមានការបញ្ចប់ការបណ្តេញចេញនៅទីក្រុងភ្នំពេញ ក្នុងអំឡុងពេលមានការរាតត្បាតជំងឺកូវីដ១៩នេះ។ សមាគមក៏បានបង្ហាញអំពីការបណ្តេញចេញថ្មីៗនេះ នៅក្នុងសហគមន៍ចំនួន៣ ដោយមិនមានការពិភាក្សាត្រឹមត្រូវ ហើយប្រជាពលរដ្ឋនៅតែព្រួយបារម្ភអំពីការមិនផ្តល់សំណងឲ្យបានសមរម្យ។
របាយការណ៍ថ្មីអំពី «ការបណ្តេញចេញនិងការផ្លាស់ប្តូរទីលំនៅ» ដែលចេញផ្សាយនៅក្នុងខែមិថុនានេះឲ្យដឹងថា គ្រួសារដែលជួបការលំបាកនៅតែបន្តប្រឈមការបណ្តេញចេញ បើទោះជាការរាតត្បាតជំងឺនេះធ្វើឲ្យក្រុមគ្រួសារទាំងនេះកាន់តែងាយរងគ្រោះនឹងការឈឺស្កាត់ និងភាពក្រីក្រកាន់តែខ្លាំង។ របាយការណ៍បង្ហាញថា ការបណ្តេញចេញកើតឡើងដោយមិនស្របតាមយន្តការសិទ្ធិមនុស្ស និងស្តង់ដារដែលរៀបចំដោយអង្គការសហប្រជាជាតិទេ។ របាយការណ៍បន្ថែមថា នៅក្នុងករណីជាច្រើន អាជ្ញាធរមិនបានផ្តល់ការជូនដំណឹងសមហេតុផលទៅសហគមន៍ មុនការបណ្តេញចេញទេ។ សហគមន៍ផ្សេងទៀតជាគោលដៅនៃការប្រើប្រាស់ហិង្សា ឬ ក៏ការគំរាមកំហែងមុន ឬ អំឡុងពេលនៃការបណ្តេញពួកគេចេញ។
របាយការណ៍បញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ អាជ្ញាធរ បាននាំគ្រឿងចក្រឈូសឆាយផ្ទះរបស់ប្រជាពលរដ្ឋនៅសហគមន៍បឹងឈូកអេ ក្នុងខណ្ឌឫស្សីកែវ។ បើទោះសមាជិកសហគមន៍មួយចំនួនត្រូវបានពិភាក្សា ប៉ុន្តែប្រជាជនចំនួន១៣ ខ្នងផ្ទះ មិនត្រូវបានពិភាក្សា មុនពេលគ្រឿងចក្រឈូសដីមកដល់ផ្ទះពួកគេទេ។
បើតាមសមាគមនេះ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ក្រុមប្រជាពលរដ្ឋប្រមាណ១០០ គ្រួសារ ត្រូវបានបង្ខំបណ្តេញចេញពីលំនៅដ្ឋានរបស់ពួកគេនៅបឹងតាមោក។ បន្ទាប់ពីចេញលិខិតបណ្តេញចេញនៅដើមឆ្នាំ២០១៩ អាជ្ញាធរបានមកកម្ទេចទីជម្រករបស់ពួកគេទាំងព្រឹក ដោយមិនបានជូនដំណឹង ឬ ពិគ្រោះយោបល់អ្វីជាមុនឡើយ។ ទីជម្រកមួយចំនួនត្រូវបានដុតបំផ្លាញ មួយចំនួនត្រូវបានកម្ទេចចោល។
ចំណែកនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ អាជ្ញាធរបានយកគ្រឿងចក្រទៅកន្លែងមួយនៅលើមាត់បឹងសំរោង ដែលមានប្រជាពលរដ្ឋរស់នៅចំនួន១៨គ្រួសារ។ គ្រួសារទាំងនោះ បានអះអាងថា ពួកគេបានកាន់កាប់ដីនេះ តាំងពីឆ្នាំ១៩៧៩ មកម្ល៉េះ។ អាជ្ញាធរមូលដ្ឋានបានអះអាងថា គ្រួសារទាំងនោះ កំពុងទាមទារដីដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ប៉ុន្តែពួកគេ មិនទាន់បានពិគ្រោះយោបល់ពីស្ថានភាពនេះនៅឡើយទេ។
នាយកប្រតិបត្តិសមាគមធាងត្នោតលោក សឹង សារ៉ន មានប្រសាសន៍ថា ការបណ្តេញចុងក្រោយនេះ កើតឡើងក្នុងអំឡុងពេលកូវីដ១៩ ហើយពួកគេ បានតាំងទីលំនៅយូរឆ្នាំមកហើយ។ លោកបន្តថា ការបណ្តេញចេញនោះ មិនមានការបញ្ជាក់មូលហេតុច្បាស់លាស់ដល់ប្រជាពលរដ្ឋនោះទេ។ ប៉ុន្តែលោកថា មានសហគមន៍ផ្សេងក៏ទទួលបានសំណងរបស់រដ្ឋាភិបាល និងមានការចរចាពិគ្រោះយោបល់។
លោកមានប្រសាសន៍ថា៖ «អ៊ីចឹងយើងចង់ឲ្យមានទម្រង់បែបហ្នឹងសម្រាប់សហគមន៍ទាំងអស់នៅក្នុងរាជធានីភ្នំពេញ ដោយមានការពិគ្រោះយោបល់ និងផ្តល់សំណងសមរម្យដល់ប្រជាពលរដ្ ឋដែលគាត់រងផលប៉ះពាល់ហ្នឹងបាទ»។
លោកបន្ថែមថា៖ «ពេលដែលគាត់ត្រូវបានបណ្តេញចេញហ្នឹង គាត់ត្រូវបានគេប្រាប់ថា គាត់ហ្នឹងរស់នៅក្នុងតំបន់ដីសាធារណៈរបស់រដ្ឋ។ ប៉ុន្តែ បន្ទាប់ពីបណ្តេញពួកគាត់ចេញទៅដីហ្នឹងត្រូវបានឲ្យទៅក្រុមផ្សេង ក្រុមហ៊ុនផ្សេង ក្រុមឯកជនណាផ្សេង។ អ៊ីចឹងវាជាអ្វីដែលប្រជាពលរដ្ឋគាត់ឆ្ងល់»។
លោក តូច សំអ៊ន់ អាយុ៥៧ឆ្នាំ ជាអ្នករស់នៅក្នុងភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ បានថ្លែងប្រាប់VOA នៅថ្ងៃច័ន្ទនេះ ថា សហគមន៍ឈ្មោះបឹងឈូកអេ មានពលរដ្ឋប្រមាណ៣៦គ្រួសាររងគ្រោះដោយសារការបណ្តេញចេញ ។ អាជ្ញាធរចោទថា ពួកគេរស់នៅដោយខុសច្បាប់នៅលើដី។ លោកនិយាយថា លោករស់នៅលើដីនោះតាំងពីឆ្នាំ១៩៩៥។
លោកមានប្រសាសន៍ថា៖ «ហើយដែលគេបម្រុងនឹងដេញហ្នឹងគេអត់មាននិយាយអំពីគោលនយោបាយ ឬក៏សំណងអ្វី។ គេឲ្យតែយើងរើអីវ៉ាន់ចេញ។គេនឹងដាក់ផែនការឈូសឆាយកម្ទេចចោល ដេញយើងដូចសត្វធាតុ ដូចថាវាមិនគួរឲ្យទទួលយកបាន»។
លោកបន្ថែមថា លោកកំពុងព្រួយបារម្ភការបាត់បង់ផ្ទះ និងមុខរបររបស់លោកជាអ្នកលក់គុយទាវ បាយនិងភេសជ្ជៈនៅផ្ទះ ហើយក៏បារម្ភអំពីអនាគតកូនរបស់លោកពីរនាក់ផងដែរ។
លោកបន្ថែមថា បើលោកបាត់បង់ផ្ទះនិងដីដែលមានទទឹងប្រវែង១០ម៉ែត្រ និងបណ្តោយ១៦ម៉ែត្រនេះ នោះ ជីវិតរបស់លោក នឹងរស់នៅផ្ទះជួលគេ ហើយការរកស៊ីនឹងបាត់បង់ផងដែរ។ លោកក៏បារម្ភអំពីការជំពាក់បំណុលធនាគារមួយឈ្មោះថាប្រៃសណីយ៍កម្ពុជា ដែលក្នុងមួយខែលោកត្រូវបង់ជិត៤០០ ដុល្លារ។
លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវបដិសេធមិនអត្ថាធិប្បាយលើករណីនេះ ដោយបង្វែរសំណួរទៅសាលារាជធានីភ្នំពេញវិញ។
VOA មិនអាចសុំការអត្ថាធិប្បាយពីលោក មាស ម៉េតភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បាននៅឡើយទេនាថ្ងៃច័ន្ទនេះ។
អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោក សេង ឡូត បានបដិសេធមិនអត្ថាធិប្បាយអំពីបញ្ហានេះ ដោយស្នើឲ្យសួរទៅខាងណាដែលដឹងអំពីរឿងបណ្តេញចេញ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំអត់បានទទួលព័ត៌មានរឿងបណ្តេញ រឿងអីទេ។ បើឮពីខាងណា សុំសួរទៅខាងហ្នឹង»។
ប្រជាពលរដ្ឋម្នាក់ទៀតលោក ប៊ូ សុវណ្ណ អាយុ៥៦ ឆ្នាំ រស់នៅក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ក៏កំពុងព្រួយបារម្ភអំពីការបាត់បង់ដីរបស់លោក និងដីបងប្អូនសរុប៥គ្រួសារ នៅលើដីជាង៤ហិកតា ដែលលោកថា ជាដីស្រះ ហើយលោកអាចប្រកបរបរដាំឈូក និងចិញ្ចឹមត្រីជាដើម។ លោកលើកឡើងថា អាជ្ញាធរថា លោករស់នៅមិនមានឯកសារត្រឹមត្រូវ ប៉ុន្តែបានសន្យាថា នឹងផ្តល់សំណងតាមគោលនយោបាយ។ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានព័ត៌មានអ្វីនៅឡើយទេ។
លោកមានប្រសាសន៍ថា៖ «បើនិយាយរឿងការលំបាកហ្នឹងរាល់ថ្ងៃសង្ឃឹមលើដីស្រែអាស្រ័យផលចិញ្ចឹមជីវិតហ្នឹងហើយ។ ប្រសិនជាការដែលដោះស្រាយ អត់មានការដោះស្រាយ(សំណង) គឺប្រឈមនឹងជួបបញ្ហាលំបាកបាត់បង់ទ្រព្យសម្បត្តិដីធ្លី គ្មានអីចិញ្ចឹមជីវិតទេ រាល់ថ្ងៃហ្នឹង»។
លោកបន្តថា អាជ្ញាធរថា យកតំបន់នេះទៅអភិវឌ្ឍធ្វើជាសួន ផ្លូវថ្មើរជើង។ ប៉ុន្តែលោកបារម្ភថា អាជ្ញាធរនឹងយកតំបន់នេះទៅលក់ឲ្យអ្នកផ្សេង ដែលអាចជាក្រុមហ៊ុនឯកជន។
សមាគមធាងត្នោតលើកឡើងនៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនថា បទពិសោធន៍នៃការបណ្តេញចេញជាច្រើននាពេលកន្លងមក តែងតែផ្តល់ផលអវិជ្ជមានហើយការរីករាលដាលនៃជំងឺកូវីដ១៩ ក៏បានបង្កឲ្យមានហានិភ័យកាន់តែធ្ងន់ធ្ងរឡើងចំពោះគ្រួសារដែលត្រូវបណ្តេញចេញទាំងនោះ។ សមាគមជំរុញឲ្យរដ្ឋាភិបាលចាត់វិធានការបញ្ឈប់រាល់សកម្មភាពនៃការបណ្តេញចេញក្នុងអំឡុងពេលពិភពលោក កំពុងមានវិបត្តិ និងផ្តល់ការពិគ្រោះយោបល់ដល់ប្រជាសហគមន៍ក្នុងស្ថានភាពមានជំងឺកូវីដ១៩នេះ៕