សមាជិក​រដ្ឋា​ភិបាល​តែងតាំង​ថ្មី​កំពុង​សុំ​ការ​គាំទ្រ​ពីសភា

សមាជិក​រដ្ឋា​ភិបាល​តែង​តាំង​ថ្មី​នឹង​ទទួល​បាន​ការ​បោះឆ្នោត​គាំទ្រ​ពី​រដ្ឋ​សភា​សម្រាប់​តំណែង​រដ្ឋ​មន្ត្រី។

លោក​ ជន សក្តា ​ជូន​សេចក្តី​រាយ​ការណ៍​ដូច​ត​ទៅ៖

រដ្ឋ​សភា​កម្ពុជា​គ្រោង​នឹង​បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​លើ​សមាជិក​រដ្ឋា​ភិបាល​តែង​តាំង​ថ្មី​ចំនួន​ ១១​រូប​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ​ ដែល​គណ​បក្ស​ប្រឆាំង ​និង​អង្គការ​សង្គម​ស៊ីវិល​បាន​និយាយ​ថា​ វា​ជា​ការ​បង្កើន​ចំណាយ​ថវិកា​ជាតិ​មិន​ចាំបាច់​កាន់តែ​ច្រើន​ឡើង។

សមាជិក​គណៈ​រដ្ឋ​មន្ម្រី​ថ្មី​ចំនួន​៩​រូប​ ដែល​តែងតាំង​ជា​តំណែង​រដ្ឋ​លេខាធិការ​បន្ថែម​សម្រាប់​ ក្រសួង​នានា​ ជា​សមាជិក​គណ​បក្ស​ប្រជាជន​កម្ពុជា​ រួម​មាន៖

លោក​ឈាង​ យ៉ាណារា​ អគ្គ​លេខាធិការ​រង​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​និង​ជា​ទីប្រឹក្សា​ របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​នឹង​ក្លាយ​ទៅ​ជា​រដ្ឋ​មន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្ត្រី។​ លោក​ យុទ្ធភូថង​ អតីត​អភិបាល​ខេត្ត​កោះកុង​នឹង​ក្លាយ​ទៅ​ជា​រដ្ឋ​លេខាធិការ​ក្រសួង​កសិកម្ម។​ លោក ​ប៊ុន​ សំបូរ ​អ្នក​បកប្រែ​ភាសា​របស់​លោក​នាយក​រដ្ឋ​មន្ត្រីនឹង​ក្លាយ​ទៅ​ជា​រដ្ឋលេខាធិការ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី។​ លោក​សុខុម ​ភគវន្តមុនី​ អគ្គ​នាយក​រាជាយ​ស្ម័យ​យាន​នឹង​ក្លាយ​ទៅ​ជា​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ចូន។​ លោក​ ស៊ាន បូរ៉ាត់ អនុ​រដ្ឋ​លេខាធិការ​នឹង​ក្លាយ​ទៅ​ជា​រដ្ឋ​លេខាធិការ​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា។ លោកស្រី​សឿង​ រដ្ឋឆវី​ អនុ​រដ្ឋ​លេខាធិការ​នឹង​ក្លាយ​ទៅ​ជា​រដ្ឋ​លេខាធិការ​ក្រសួង​ការ​បរទេស។​ លោក​ងី តាយី​ អនុ​រដ្ឋ​លេខាធិការ​នឹង​ក្លាយ​ទៅ​ជា​រដ្ឋ​លេខាធិការ​នៃ​ក្រសួង​សេដ្ឋ​កិច្ច ​និង​ហិរញ្ញ​វត្ថុ។​ លោក​ហង់​ ជួន​ណារ៉ុដ​ អគ្គ​លេខាធិការ​នឹង​ក្លាយ​ទៅ​ជា​រដ្ឋ​លេខាធិការ​នៃ​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ។​ លោក​ ធា គ្រុយ ​អនុ​រដ្ឋ​លេខាធិការ ​នឹង​ក្លាយ​ទៅ​ជា​រដ្ឋ​លេខាធិការ​នៃ​ក្រសួង​សុខា​ភិបាល។

សមាជិក​គណៈ​រដ្ឋ​មន្ម្រី​ថ្មី​ចំនួន​២​រូប​ ដែល​តែង​តាំង​ជំនួស​សម្រាប់​ក្រសួង​ការពារ​ជាតិ ​និង​ក្រសួង​ ការ​បរទេស​ ជា​សមាជិក​គណ​បក្ស​ហ៊្វុនស៊ិនប៉ិច​ រួម​មាន៖​ លោក​ទុំ សំបូរ​ មន្ត្រី​គណ​បក្ស​ហ៊្វុនស៊ិនប៉ិច​ នឹង​ក្លាយ​ទៅ​ជា​រដ្ឋ​លេខាធិការ​ក្រសួង​ការពារ​ជាតិ​ជំនួស​លោក​ហ៊ុន ភឿង​ គណ​បក្ស​ហ៊្វុនស៊ិនប៉ិច​ ដែល​ត្រូវ​បាន​ចោល​ប្រកាន់​អំពី​ការ​លួច​ធ្វើការ​ជាមួយ​គណបក្ស​សម ​រង្ស៊ី​ និង​ត្រូវ​បាន​ដក​ចេញ​ពី​តំណែង។

លោក​តាន់ វុត្ថា​ មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ​នឹង​ក្លាយ​ទៅ​ជា​រដ្ឋ​លេខាធិការ​ក្រសួង​ការ​បរទេស​ជំនួស​លោក​ ហាក់ សាវុធ ​ដែល​មាន​ជំងឺលើស​ឈាម។

លោក ​យឹម ​សុវណ្ណ​ អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រឆាំង​ បាន​ថ្លែង​ថា​ យើង​មិន​ត្រូវ​ការ​បន្ថែម​ការ​ចំណាយ​ទៅ​លើ​គណៈ​រដ្ឋ​មន្ត្រី​ដែល​មាន​សមាជិក​ជាង​៤៦០​នាក់ ​ដ៏​ធំ​ជាង​គេ​នៅ​លើ​ពិភព​លោក​នេះ​ទេ​ ខណៈ​ដែល​ប្រទេស​កម្ពុជា​ក្រីក្រ​កំពុង​ជួប​ប្រទះ​វិបត្តិ​សេដ្ឋ​កិច្ច​ពិភព​លោក។

"វា​មិន​មាន​ការ​ចាំបាច់​តែងតាំង​សមាជិក​គណៈ​រដ្ឋ​មន្ត្រី​បន្ថែម​ទេ។​ នៅ​ក្នុង​ស្ថាន​ភាព​នេះ​ វា​បង្កើន​ ឱ្យ​មាន​ការិយា​ធិបតេយ្យ​ អំពើ​ពុក​រលួយ​ និង​ការ​ចំណាយ​បន្ថែម​ទៀត​ ​ហើយ​គណ​បក្ស​ សម រង្ស៊ី​ នឹង​មិន​គាំទ្រ​ចំពោះ​ការ​បង្កើន​សមាជិក​គណៈ​រដ្ឋ​មន្ត្រី​នេះ​ទេ"។

លោក​ធន ​សារ៉ាយ ​ប្រធាន​សមាគម​សិទ្ធិ​មនុស្ស​ ADHOC​ បាន​ថ្លែង​ថា នេះ​ជា​នយោបាយ​របស់​ រដ្ឋា​ភិបាល ​ដើម្បី​រក្សា​ស្ថិរភាព​ដោយ​មិន​ញញើត​នឹង​បន្ថែម​សមាជិក​រដ្ឋា​ភិបាល​កាន់​តែ​ធំ​ទៅៗ។​ ប៉ុន្តែ​យើង​ចេះ​តែ​ព្រួយ​បារម្ភ​អំពី​ធនធាន​ជាតិ​ដ៏​ខ្សត់ខ្សោយ​ សម្រាប់​ផ្គត់ផ្គង់​សមាជិក​រដ្ឋា​ភិបាល​ដ៏​ធំ​នេះ។

"យើង​ខ្ញុំ​ជា​អង្គការ​សង្គម​ស៊ីវិល​ចេះតែ​បារម្ភ​ថា ​មនុស្ស ​(សមាជិក​រដ្ឋា​ភិបាល)​ កាន់​តែ​ច្រើន​ទៅ​ ហើយ​ធនធាន​រដ្ឋ​កាន់តែ​តិចតួច​រស់​នៅ​ដោយ​មាន​ការពិបាក​ខ្វះខាត។​ អញ្ចឹង​គាត់​អាច​ប្រើប្រាស់​ អំណាច ​ដោយ​រំលោភ​ទៅ​បំពារបំពាន​លើ​សិទ្ធិ​ដីធ្លី ​និង​សិទ្ធិ​ធនធាន​របស់​ប្រជា​ពលរដ្ឋ ​ដើម្បី​ឱ្យ​ បាន​ចំណូល​បន្ថែម។ ​បញ្ហា​នេះ​ឯង​ដែល​យើង​ចេះ​តែ​បារម្ភ"។

លោក​ជាម យៀប ​ប្រធាន​គណៈ​កម្មការ​សេដ្ឋ​កិច្ច ​និង​ហិរញ្ញ​វត្ថុ​នៃ​រដ្ឋ​សភា​ខាង​គណ​បក្ស​ប្រជា ជន​កម្ពុជា​ បាន​បដិសេធ​ការ​រិះគន់​របស់​គណ​បក្ស​ប្រឆាំង ​និង​អង្គការ​សង្គម​ស៊ីវិល​ អំពី​ការ​បង្កើន​ ចំនួន​សមាជិក​រដ្ឋា​ភិបាល​កាន់​តែ​ធំ ​និង​ការ​ចំណាយ​ថវិកា​ជាតិ​កាន់​តែ​ច្រើន។

លោក​ជាម​ យៀប​ បាន​បញ្ជាក់​ថា​ ​ការ​តែងតាំង​បន្ថែម​នេះ​សំដៅ​ធ្វើ​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​ដល់​ការងារ​ទាំងឡាយ ​ទាំងពួង​របស់​រដ្ឋា​ភិបាល​ និង​ការងារ​របស់​រដ្ឋា​ភិបាល​កាន់​តែ​ច្រើន​ឡើង។

ក្នុង​ឆ្នាំ​១៩៩៣​ ប្រទេស​កម្ពុជា​មាន​សមាជិក​គណៈ​រដ្ឋ​មន្ត្រី​ចំនួន​៥៥​រូប​ រួមមាន​នាយក​រដ្ឋ​មន្ត្រី​ ឧប​នាយក​រដ្ឋមន្ត្រី​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ និង​រដ្ឋ​លេខាធិការ។​ នៅ​ក្នុង​ឆ្នាំ​២០០៨​ សមាជិក​គណៈ​ រដ្ឋ​មន្ត្រី​បាន​កើន​ឡើង​ដល់​២៦៩​រូប​ រួមទាំង​សមាជិក​គណៈ​រដ្ឋមន្ត្រី​ថ្មី​១១រូប។

ពី​ទីក្រុង​ភ្នំពេញ ​ខ្ញុំ ​ជន សក្តា​ VOA ​សំឡេង​ស.រ.អ.៕