អ្នក​ជំនាញ៖ ទីភ្នាក់ងារ​អាមេរិក​ថ្មី​ផ្ដល់​ជម្រើស​ហិរញ្ញប្បទាន​អភិវឌ្ឍន៍​ផ្សេង​ពី​ចិន​ទៅ​បណ្ដា​ប្រទេស​អាស៊ី

លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសស​ហរដ្ឋអាមេរិក ថ្លែងទៅកាន់វេទិកាពាណិជ្ជកម្មឥណ្ឌូប៉ាស៊ីហ្វិក (Indo-Pacific Business Forum) នៅសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកនៅថ្ងៃច័ន្ទ​ ទី៣០ ខែកក្កដា ឆ្នាំ២០១៨ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ (រូបថត៖ AP / Jacquelyn ម៉ាទីន)

ទីភ្នាក់ងារ​វិនិយោគ​បរទេស​ថ្មី​មួយ​របស់​សហរដ្ឋ​អាមេរិក​ដែល​មាន​ថវិកា ៦០ពាន់លានដុល្លារ អាច​ប្រជែង​នឹង​ការ​វិនិយោគ​និង​ប្រាក់​កម្ចី​របស់​ចិន​ដែល​កំពុង​កើន​ឡើង​នៅ​ទូទាំង​ទ្វីប​អាស៊ី បើ​ទោះ​បី​ជា​ប្រទេស​ចិន​ទំនង​ជា​នៅ​បន្ត​គ្រប​ដណ្ដប់​លើ​ហិរញ្ញប្បទាន​សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ។

រដ្ឋធានី​វ៉ាស៊ីនតោន — ក្រុម​អ្នក​ជំនាញ​និង​មន្ត្រីបាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ទីភ្នាក់ងារ​វិនិយោគ​បរទេស​របស់​សហរដ្ឋ​អាមេរិកថ្មី​មួយ ដែល​មាន​ថវិកា ៦០ពាន់លានដុល្លារ អាច​ថ្លឹង​ឲ្យ​ស្មើ​នឹង​ទម្ងន់​នៃ​ការ​វិនិយោគ​និង​ប្រាក់​កម្ចី​របស់​ចិនដែល​កំពុង​កើន​ឡើង នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ក្រុម​អ្នក​ជំនាញ​បាន​លើក​ឡើង​ថា សហរដ្ឋ​អាមេរិក​គួរ​ចាត់​វិធានការ​បន្ថែម​ទៀត ប្រសិន​បើ​ខ្លួន​ចង់​ផ្ដល់​ជម្រើស​ហិរញ្ញប្បទាន​សម្រាប់​ការ​អភិវឌ្ឍ​ផ្សេង​ពី​ចិន ដល់​បណ្ដា​ប្រទេស​អាស៊ី ដូចជា​ប្រទេស​កម្ពុជា​ដែល​មាន​សេដ្ឋកិច្ច​កាន់​តែ​ពឹង​ផ្អែក​លើ​ និងគ្រប​ដណ្ដប់​ដោយ​ការ​វិនិយោគ​និង​ប្រាក់​កម្ចី​ចិន។

លោក Conor Savoy នាយក​ផ្នែក​គោលនយោបាយ​និង​ការ​តស៊ូ​មតិ​នៅ​មូលនិធិ នវានុវត្តន៍សាកល ឬ Global Innovation Fund ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទី​ក្រុង​វ៉ាស៊ីនតោន​បាន​និយាយ​ថា ទីភ្នាក់ងារ​ថ្មី​នេះ​គឺ​ជា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​សហរដ្ឋ​អាមេរិក ‍«ដើម្បី​ប្រកួត​ប្រជែង​ដោយ​ផ្ទាល់​ជាមួយ​ប្រទេស​ចិន​នៅ​ក្នុង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ទាំង​នេះ‍» ហើយ​ដើម្បី​ផ្ដល់​ជម្រើស​ហិរញ្ញប្បទាន​ផ្សេងៗ​ទៀត ខណៈ​ពេល​ដែល​សហរដ្ឋ​អាមេរិក​ជឿ​ថា ‍«ការ​វិនិយោគ​របស់​ចិន​នាំ​មក​ជាមួយ​បញ្ហា​ជា​ច្រើន»។

សហរដ្ឋ​អាមេរិក​មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង​អំពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ចិន នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​ប្រភេទ​វិនិយោគ​ផ្សេងៗដែល​ចិន​កំពុង​ធ្វើ។ ហើយ​សហរដ្ឋ​អាមេរិក​ក៏​បារម្ភ​ថា​តើការ​វិនិយោគ​នេះ​ កំពុង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​នៃ​បណ្ដា​ប្រទេសក្នុង​តំបន់​ និង​កំពុង​បម្រើ​ផល​ប្រយោជន៍យុទ្ធសាស្ត្រ​របស់​ប្រទេស​ចិន​ដូចម្ដេច​ខ្លះ‍។

លោក Savoy ស្ថិត​ក្នុង​ចំណោម​ក្រុម​អ្នក​ជំនាញ​និង​មន្ត្រី​ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មជ្ឈមណ្ឌល Stimson កាល​ពី​ខែ​មុន ដើម្បី​ពិភាក្សា​ពី​ការ​ចូលរួម​របស់​សហរដ្ឋ​អាមេរិក​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​និង​ការ​អភិវឌ្ឍ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ ហើយ​ពួកគេ​បាន​សម្លឹង​មើល​គម្រោង​បង្កើត ទីភ្នាក់ងារ​ហិរញ្ញប្បទានអភិវឌ្ឍន៍​អន្តរជាតិ ឬ International Development Finance Corp ហៅ​កាត់​ថា (IDFC)។

នៅ​ថ្ងៃ​ទី៤ ខែតុលា ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​បាន​អនុម័ត​ច្បាប់ BUILD ដែល​បាន​បង្កើត ទីភ្នាក់ងារ​ហិរញ្ញប្បទានអភិវឌ្ឍន៍​អន្តរជាតិ (IDFC) នេះ។ ទីភ្នាក់ងារ​នេះ នឹង

ទទួល​កាន់​កាប់​ភារកិច្ច​ហិរញ្ញប្បទាន​បរទេស ពី​ទីភ្នាក់ងារ​អាមេរិកសម្រាប់​វិនិយោគ​ឯកជន​ក្រៅ​ប្រទេស (OPIC) និង​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់អភិវឌ្ឍន៍​អន្តរជាតិ (USAID)។

ទីភ្នាក់ងារ​ថ្មី​នេះ មាន​ថវិកា​ចំនួន ៦០ពាន់លានដុល្លារ ហើយ​នឹង​ធ្វើ​កំណែ​ទម្រង់​ហិរញ្ញប្បទាន​ការ​អភិវឌ្ឍ​របស់​សហរដ្ឋ​អាមេរិក​លើ​វិស័យ​ថាមពល កំពង់ផែ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទឹក នៅ​ក្នុង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដោយ​ផ្តោត​លើ​គម្រោង​វិស័យ​ឯកជន​នានា។

លោក Conor Savoy នាយក​ផ្នែក​គោលនយោបាយ​និង​ការ​តស៊ូ​មតិ​នៅ​មូលនិធិ​នវានុវត្តន៍​សាកល ឬ Global Innovation Fund ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​មួយ​ស្តី​ពី ‍«ការ​ចូល​រួម​របស់​សហរដ្ឋ​អាមេរិក​លើ​ហេដ្ឋារចនាសម្ព័ន្ធ​និង​អភិវឌ្ឍន៍​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក» ដែល​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល Stimson ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨។ (ចាប ចិត្រា/VOA)

«ជម្រើស​ផ្សេង​ពី​ចិន​ដ៏​ច្បាស់​មួយ»

លោក Clete Willems ជំនួយ​ការ​រង​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​សេដ្ឋកិច្ច​អន្តរជាតិ​និង​ជា​អនុប្រធាន​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ជាតិមាន​ប្រសាសន៍​ថា៖

«សហរដ្ឋ​អាមេរិក​មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង​អំពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ចិន នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​ប្រភេទ​វិនិយោគ​ផ្សេងៗដែល​ចិន​កំពុង​ធ្វើ។ ហើយ​សហរដ្ឋ​អាមេរិក​ក៏​បារម្ភ​ថា​តើការ​វិនិយោគ​នេះ​ កំពុង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​នៃ​បណ្ដា​ប្រទេសក្នុង​តំបន់​ និង​កំពុង​បម្រើ​ផល​ប្រយោជន៍យុទ្ធសាស្ត្រ​របស់​ប្រទេស​ចិន​ដូចម្ដេច​ខ្លះ‍»។

លោក Willems បន្ត​ថា៖

«ហើយ​យើង​ចង់​រក​វិធីសាស្ត្រ ផ្ដល់​នូវ​ជម្រើស​ហិរញ្ញប្បទាន​ច្បាស់​លាស់​មួយ​ផ្សេង​ពី​ប្រទេស​ចិន»។

លោក Clete Willems ជំនួយ​ការ​រង​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​សេដ្ឋកិច្ច​អន្តរជាតិ​និង​ជា​អនុប្រធាន​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ជាតិ ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​មួយ​ស្តី​ពី ‍«ការ​ចូល​រួម​របស់​សហរដ្ឋ​អាមេរិក​លើ​ហេដ្ឋារចនាសម្ព័ន្ធ​និង​អភិវឌ្ឍន៍​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក» ដែល​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល Stimson ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨។ (ចាប ចិត្រា/VOA)

ហិរញ្ញប្បទាន​ចិន​មាន​ហានិភ័យ​បំណុល

រដ្ឋាភិបាល​ចិន​បាន​បង្កើន​ប្រាក់​កម្ចី​បរទេស​និង​ការ​វិនិយោគ​ឯកជន​ដែល​គាំទ្រ​ដោយ​រដ្ឋ នៅ​ទូទាំង​តំបន់​អាស៊ី​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ផ្តោត​លើហិរញ្ញប្បទាន​សម្រាប់​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ តាមរយៈ​គម្រោង​ផ្លូវ​ក្រវ៉ាត់​មួយ ឬ Belt & Road Initiative និង​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី ឬ Asian Infrastructure Investment Bank ហៅ​កាត់​ថា (AIIB) ដែល​ទាញ​យក​គម្រោង​ពី​បណ្ដា​ស្ថាប័ន​ហិរញ្ញប្បទាន​ពហុភាគីគាំទ្រ​ចម្បង​ដោយ​អាមេរិក​ដូចជា ធនាគារ​ពិភព​លោក និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB)។

ប្រទេស​ក្រីក្រ​ជា​ច្រើន​ដែល​បាន​បង្កើត​ចំណង​ទាក់ទង​ការ​ទូត​រឹងមាំ​ជាមួយ​ប្រទេស​ចិន បាន​ទទួល​ប្រាក់​កម្ចី​ចិន​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ហើយ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន ដូចជា​ប្រទេស​ស្រីលង្កា បំណុល​កាន់​តែ​ច្រើន​ឡើង ហើយ​ក្រោយ​មក​បាន​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ប្រគល់​សិទ្ធិ​កាន់​កាប់​ទ្រព្យ​ហេដ្ឋារចនាសម្ព័ន្ធ​ ដូចជា​កំពុង​ផែ​ទៅ​ឲ្យ​ចិន ឬ​ក៏​សង​បំណុល​ទាំង​នោះ​ ដោយ​បើក​ឲ្យ​ចិន​ចូល​ទាញ​យក​ធនធាន​ធម្មជាតិ​ផ្សេងៗ។

ប្រទេស​ស្រីលង្កា​បាន​ផ្ដល់​កិច្ច​សន្យា​កាន់​កាប់​កំពង់ផែ Hambantota រយៈពេល ៩៩ឆ្នាំ​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន​មួយ​នៅ​ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩។ (VOA ភាសាចិន)

ប្រទេស​កម្ពុជា​បាន​ទទួល​យក​ការ​វិនិយោគ​និង​ប្រាក់​កម្ចី​របស់​ចិន​នៅ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​និង​អចលនទ្រព្យ​យ៉ាង​សម្បើម ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។ ហើយ​ប្រទេស​កម្ពុជា កាន់​តែ​មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ខណៈ​ពេល​ដែល​ទំនាក់​ទំនង​ជាមួយ​សហរដ្ឋ​អាមេរិក​ និង​បណ្ដា​រដ្ឋាភិបាល​លោក​ខាង​លិច​កាន់​តែ​ធ្លាក់​ចុះ ជា​ពិសេស​នៅ​ពេល​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​អះ​អាង​ថា​ទទួល​ជ័យ​ជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ក្នុង​ខែកក្កដា ដែល​ត្រូវ​បាន​គេ​រិះ​គន់​ថា​មិន​សេរី​និង​មិន​យុត្តិធម៌។

ការ​ផ្ដោត​សំខាន់​របស់​សហរដ្ឋ​អាមេរិក​លើ​ហិរញ្ញប្បទាន​សម្រាប់​វិស័យ​ឯកជន

លោក Savoy បាន​ពន្យល់​ថា ទីភ្នាក់ងារ​ហិរញ្ញប្បទានអភិវឌ្ឍន៍​អន្តរជាតិ (IDFC) នេះ​ នឹង​មិន​ព្យាយាម​ប្រជែង ជាមួយ​ចិន​ក្នុង​ការ​ផ្ដល់​កញ្ចប់​វិនិយោគ​ខ្នាត​ធំ​នានា

លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ និង​អចលនទ្រព្យ​ ដែល​ធ្វើ​ឡើង​ក្នុង​ទ្រង់​ទ្រាយ​ជា​ប្រាក់​កម្ចី​ពី​រដ្ឋាភិបាល​មួយ​ទៅ​រដ្ឋាភិបាល​មួយ និង​ជា​ការ​វិនិយោគ​បែបក្រុមហ៊ុន​រដ្ឋ​នោះ​ទេ។

លោក Savoyបាន​លើក​ឡើង​បន្ថែម​ថា ទំហំ​ឥទ្ធិពល​របស់​ទីភ្នាក់ងារ (IDFC) ថ្មី​នេះ អាច​នៅ​មាន​កម្រិត​ ប៉ុន្តែ​មូលនិធិ​របស់​វា​ នឹង​មាន​ភាព​ទាក់​ទាញ​សម្រាប់​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ព្រោះ​វា​មិន​មាន​ហានិភ័យ​បំណុល​រដ្ឋាភិបាល​ដែល​មិន​អាច​គ្រប់គ្រង​បាន ហើយ​មូលនិធិនេះ​ផ្ដោត​សំខាន់​លើ​តែ​គម្រោង​ក្នុង​វិស័យ​ឯកជន​ ដែល​រដ្ឋាភិបាល​ចិន​កម្រ​ដាក់​វិនិយោគ​ទុន​លើ​ប៉ុណ្ណោះ។

លោក Savoy ថ្លែង​ថា៖ ‍‍

«ទីភ្នាក់ងារ​ហិរញ្ញប្បទានអភិវឌ្ឍន៍​អន្តរជាតិ (IDFC) នឹង​មាន​លទ្ធភាព​ច្រើន​ជាង​មុន​ ក្នុង​ការ​ជួយ​វិស័យ​ឯកជន។ ខ្ញុំ​ជឿ​ថា ទី​បំផុត ការ​គាំទ្រ​វិស័យ​ឯកជន​គឺ​ជា​អត្ថប្រយោជន៍​ប្រៀបធៀប​មួយ ដែល​សហរដ្ឋ​អាមេរិក អាច​ផ្ដល់​ឲ្យ​ក្នុង​បរិបទ​ទាំង​នេះ ហើយ​វា​គឺ​ជា​អ្វី​ដែល​ប្រទេស​ចិន​មិន​បាន​ផ្ដល់​ឲ្យ​ទេ។

ទីភ្នាក់ងារ​ថ្មី​នេះ​ ត្រូវ​បាន​គេ​ដឹង​ថា​ នឹង​បង្កើន​ការ​គាំទ្រ​សម្រាប់​ការ​វិនិយោគ​ឯកជន​អាមេរិក នៅ​ក្នុង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ឧទាហរណ៍​ដូចជា​ការ​ធានារ៉ាប់រង​លើ​ហានិភ័យ​នយោបាយ។

ការ​គាំទ្រ​របស់​រដ្ឋាភិបាល​អាមេរិក​ប្រភេទ​នេះ គឺ​ជា​តម្រូវ​ការ​ដែល​គេ​ចង់​បាន​ណាស់។ នេះ​បើ​តាម​ លោក Hari Achuthan ប្រធាន​ក្រុមហ៊ុន ACO Investment Group និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ Convalt Energy។

លោក Achuthan និយាយ​ថា៖

«គុណវិបត្តិ​មួយ​ដែល​យើង​មាន​គឺ​ថា មិន​មាន​ស្ថាប័ន​អាមេរិក​រឹងមាំ​មួយ​ដែល​ចេញ​មុខ​និយាយ​ថា៖ ‍‍នេះ​ជា​អ្វី​ដែល​យើង​នឹង​ធ្វើ។ យើង​នឹង​គាំទ្រ​ក្រុមហ៊ុន​អាមេរិក​នានា។ យើង​នឹង​ផ្ដល់​ហិរញ្ញប្បទាន​សម្រាប់​គម្រោង​នេះ ហើយ​យើងនឹង​គាំទ្រ​គម្រោង​នេះ​ទៅ​មុខ​ទៀត»។

លោក Hari Achuthan ប្រធាន​ក្រុមហ៊ុន ACO Investment Group និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ Convalt Energy ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​មួយ​ស្តី​ពី ‍«ការ​ចូល​រួម​របស់​សហរដ្ឋ​អាមេរិក​លើ​ហេដ្ឋារចនាសម្ព័ន្ធ​និង​អភិវឌ្ឍន៍​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក» ដែល​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល Stimson ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨។ (ចាប ចិត្រា/VOA)

ការ​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​បណ្ដា​ប្រទេសនៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ត្រូវការ​គឺ ប្រមាណ ២៦លានលានដុល្លារ នៅ​ត្រឹម​ឆ្នាំ២០៣០ ដើម្បី​រក្សា​សន្ទុះ​នៃ​កំណើន​សេដ្ឋកិច្ច។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ដើម្បី​ផ្ដល់​នូវ​ជម្រើស​បន្ថែម ផ្សេង​ពី​ការប្រាក់​កម្ចី​និង​ការ​វិនិយោគ​ចិន សហរដ្ឋ​អាមេរិក​គួរ​តែ​ជំរុញ​ឲ្យ​ប្រទេស​កំពុង​អភិវឌ្ឍន៍ មាន​លទ្ធភាព​ល្អ​ជាង​មុន​ក្នុង​ការ​ទទួល​បាន​ហិរញ្ញប្បទាន​ពី​បណ្ដា​ធនាគារ​ពហុ​ភាគី​សំខាន់ៗ​ទាំង​ឡាយ។

លោក Savoy ថ្លែង​ថា៖

‍«ខ្ញុំ​ក៏​គិត​ផង​ដែរ​ថា យើង​ត្រូវ​ព្យាយាម​ធានា​ថា​ធនាគារ​ពិភពលោក ធនាគារ​អភិវឌ្ឍន៍​អាស៊ី និង​ធនាគារ​អភិវឌ្ឍន៍​អាហ្វ្រិក ត្រូវ​បាន​សម្រប​សម្រួលឲ្យ​មាន​ដំណើរការ​រលូន​ល្អ ហើយ​យើង​គួរ​តែ​កែ​សម្រួលភាព​ជា​អ្នក​ដឹកនាំ​របស់​យើង​តាមរយៈស្ថាប័ន​ទាំង​នេះ ព្រោះ​កិច្ចការ​របស់​ស្ថាប័ន​ទាំង​នេះ ត្រូវ​តែ​ជាផ្នែក​មួយ​នៃ​កញ្ចប់​កិច្ច​ព្រម​ព្រាង​ជំនួញ​ទូលំទូលាយ​ជាង​នេះ ​ដែល​យើង​ផ្ដល់​ទៅ​ឲ្យ​វិស័យ​ឯកជន​ក្នុង​តំបន់​អាស៊ី»។

ប្រទេស​ចិន​នៅ​តែ​គ្រប់​ដណ្ដប់​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ

យ៉ាង​ណា​ក្តី អ្នក​ចូល​រួម​ពិភាក្សា​ទាំង​អស់ យល់​ស្រប​ថា វា​ជា​រឿង​ពិបាក​មួយសម្រាប់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ផ្ដល់​ហិរញ្ញប្បទាន​សម្រាប់​តម្រូវ​ការ​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​មហិមា​ក្នុង​តំបន់​អាស៊ី។ ហើយ​ប្រទេស​ចិន​នឹង​នៅ​តែ​បន្ត​គ្រប​ដណ្ដប់​លើ​ការ​ផ្ដល់​ហិរញ្ញប្បទាន​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នេះ​ ទៅ​ថ្ងៃ​អនាគត។

អ្នកស្រី Sumona Guha អនុប្រធាន​ក្រុមហ៊ុន Albright Stonebridge Group បាន​ឲ្យ​ដឹង​ថា៖

«ការ​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​បណ្ដា​ប្រទេសនៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ត្រូវការ​គឺ ប្រមាណ ២៦លានលានដុល្លារ នៅ​ត្រឹម​ឆ្នាំ២០៣០ ដើម្បី​រក្សា​សន្ទុះ​នៃ​កំណើន​សេដ្ឋកិច្ច»។

អ្នកស្រី Sumona Guha អនុប្រធាន​ក្រុមហ៊ុន Albright Stonebridge Group ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​មួយ​ស្តី​ពី ‍«ការ​ចូល​រួម​របស់​សហរដ្ឋ​អាមេរិក​លើ​ហេដ្ឋារចនាសម្ព័ន្ធ​និង​អភិវឌ្ឍន៍​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក» ដែល​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល Stimson ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨។ (ចាប ចិត្រា/VOA)

លោក Savoy និយាយ​ថា៖

«ខ្ញុំ​គិត​ថា​ក្នុង​រយៈ​ពេល​វែង យើង​គួរ​សម្លឹង​មើល​ថា​តើ​សហរដ្ឋ​អាមេរិក​អាច​សហការ​ជាមួយ​ចិន​លើ​ផ្នែក​សមស្រប​ណា​ខ្លះ ព្រោះ​ទី​បំផុត ប្រទេស​ចិន​ផ្ដល់​ហិរញ្ញប្បទាន​យ៉ាង​ច្រើន​សម្រាប់​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ។ បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍ក្នុង​តំបន់​អាស៊ី​ ត្រូវ​ការ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ណាស់។

លោក Savoy បន្ត​ថា៖

‍«អ្វី​ដែល​យើង​ចង់​ឃើញ​គឺ​ថា ការ​វិនិយោគ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មាន​ការ​ទទួល​ខុស​ត្រូវ​និង​ចីរភាព។ ទៅ​ថ្ងៃ​អនាគត ខ្ញុំ​សង្ឃឹម​ថា ប្រទេស​ចិន​នឹង​បែរ​មក​យល់​ថា នេះ​ជា​បទដ្ឋាន​នៃ​ការ​វិនិយោគ​នៅបរទេស​ដែល​ពួកគេ​គួរ​ធ្វើ​តាម»។