ទស្សនកិច្ច​ផ្លូវការ​របស់​នាយករដ្ឋមន្ត្រី​ថៃ​​នាំឲ្យ​ទំនាក់ទំនង​កម្ពុជា​ថៃ​វិល​ទៅ​រក​ប្រក្រតីភាព

លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា (ស្តាំ) ចាប់​ដៃ​ជាមួយ​លោក​ស្រី យីងឡាក់ ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រី​ថៃ​ នៅ​ក្នុង​វិមាន​សន្តិភាព​នា​​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​​​​ទី​១៥​ខែ​កញ្ញា​ឆ្នាំ​២០១១​នេះ។ បើ​តាម​អ្នក​នាំពាក្យ​ក្រសួង​ការ​បរ

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ និង​ថៃ​បាន​ឯកភាព​គ្នា​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​នូវ​ទំនាក់​ទំនង​ទ្វេភាគី។

ការ​ចរចារយៈពេល​ជាង​ ២​ម៉ោង​រវាង​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ​សែន ​និង​លោក​ស្រី​នាយករដ្ឋមន្ត្រី​ថៃ ​យីងឡាក់ ស៊ីណាវ៉ាត្រ (Yingluck Shinawatra) នេះ​បាន​ផ្តោត​ជា​សំខាន់​ទៅ​លើ​ការ​ពង្រឹង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​វិញ​ បន្ទាប់​ពី​មាន​ភាព​សៅហ្មង​នៃ​ទំនាក់​ទំនង​ទ្វេភាគីអស់​រយៈពេល​ជាង​បី​ឆ្នាំ​កន្លង​មក​នេះ។

លោក​ខៀវ ​កញារិទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ បាន​ថ្លែង​ក្រុម​អ្នក​យក​ព័ត៌មាន​ ក្រោយ​កិច្ច​ប្រជុំ​ថា​ ជម្លោះ​ប្រទេស​ខាង​គឺ​ជារឿង​ធម្មតា។

«បេសកកម្ម​របស់​លោក​ស្រី​ នេះ​ជា​បេសកកម្ម​អណ្តាតនិង​ធ្មេញ​ បាន​ន័យ​ថា​មក​សម្រប​សម្រួល​ ដើម្បី​ឲ្យ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​នេះ​បាន​ល្អ​ឡើង​វិញ»។

លោក​ ហោ ​ណាំហុង ​បាន​បញ្ជាក់​ថា​ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​ បាន​ឯកភាព​គ្នា​ថា​ ធ្វើ​យ៉ាងណា​ឲ្យ​វិស័យ​ផ្សេងៗ​ទៀត​បន្ត​សម្រុះ​សម្រួល​ និង​អភិវឌ្ឍ​វិស័យ​ផ្សេង​ៗ​ទៀត​ ដូច​ជាពាណិជ្ជកម្ម និងទេសចរណ៍។

«លោក​ស្រី​ យីងឡាក់ បាន​ស្នើ​ឲ្យ​មាន​ការ​បើក​ការ​តាំង​ពិព័ណ​ពាណិជ្ជកម្ម​ថៃ​ និង​កម្ពុជា។​ សម្តេច​តេជោ​ បាន​ឯកភាព​លើ​បញ្ហា​នេះ ​ហើយ​លោក​ស្រី​ក៏​បាន​លើក​អំពី​បញ្ហា​លោក​ វីរ៉ា (Veera) ​និង​អ្នក​ស្រី រ៉ាទ្រី (Ratree) ដែល​ជាប់​គុក​នៅ​កម្ពុជា។ សម្តេច​បាន​លើក​ថា​ យើង​កំពុង​តែ​ពិនិត្យ​មើល​ករណី​នេះ។​ យើង​អាច​ស្នើ​ទៅ​ព្រះមហាក្សត្រ​បន្ថយ​ទោស​ជា​ជំហ៊ានៗ​ ហើយ​យើង​ត្រូវ​តែ​ពិនិត្យ​ទៀត។​ កម្ពុជា​ត្រូវ​តែ​គោរព​ច្បាប់​របស់​តុលាការ​កម្ពុជា​ដែល​តម្រូវ​ឲ្យ​ជាប់​ទោស​ពីរ​ភាគ​បី​សិន»។

ចំពោះ​បញ្ហា​ជម្លោះ​ព្រំដែន​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ​ លោក ​ហោ ​ណាំហុង​ បាន​ថ្លែង​ថា​ ភាគី​ទាំងពីរ​ត្រូវ​តែ​គោរព​តាម​ការ​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុងឡាអេ។​ លោក ​ហោ ​ណាំហុង​ បាន​បន្ត​ថា​លោក​ស្រី ​យីងឡាក់ បាន​ឯកភាព​អនុវត្ត​តាម​សេចក្តី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុងឡាអេ​ អំពី​តំបន់​គ្មាន​កងទ័ព​បណ្តោះ​អាសន្ន​នៅ​តំបន់​ជម្លោះ​ព្រំដែន​ក្បែរ​ប្រាសាទ​ព្រះវិហារ ​និង​តួនាទី​របស់​ប្រទេស​ឥណ្ឌូនេស៊ី។

«សម្តេច​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​សព្វ​ថ្ងៃ​ក៏​មិន​អាច​ដក​ថយ​បាន​អំពី​តំបន់​ ៤,៦​គីឡូម៉ែត្រ​ក្រឡា​នេះ​ ដោយសារ​ជា​ទឹក​ដី​របស់​កម្ពុជា។​ កម្ពុជា​ក៏​មិន​អាច​ដក​ថយ​បាន​អំពី​ទឹក​ដី​ ៤,៦​គីឡូម៉ែត្រក្រឡា​នេះ។ ​ដូច្នេះ ​យើង​ទុក​ឲ្យ​តុលាការ​យុត្តិធម៌​អន្តរជាតិ​បកស្រាយ​បញ្ហា​នេះ"​។

ចំពោះ​សេចក្តី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ​ស្តីពី​តំបន់​គ្មាន​កងទ័ព​ លោក​ ហោ ​ណាំហុង​ បាន​បញ្ជាក់​ថា​យើង​រក្សា​ឲ្យ​បាន​នូវ​តំបន់​គ្មាន​កងទ័ព​បណ្តោះ​អាសន្ន​រហូត​ដល់​តុលាការ​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២។

ចំពោះ​បញ្ហា​ប្រេង​ និង​ឧស្ម័ន​នៅ​តំបន់​ត្រួត​គ្នា​នៅ​ឈូង​សមុទ្រ​ថៃនោះ​ លោក ​ហោ ​ណាំហុង​ បាន​ថ្លែង​ថា​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន​បាន​លើក​ឡើង​ថា ភាគី​ទាំង​ពីរ​បន្ត​អនុវត្តន៍​អនុស្សារណៈ​យោគយល់​ឆ្នាំ​២០០១។

«សម្តេច​បាន​ស្នើ​ថា ឥឡូវ​យើង​ចរចា​ចំហរ​រវាង​រដ្ឋាភិបាល​ទាំង​ពីរ។ ចរចា​ជា​ចំហ ​ដើម្បី​ដោះស្រាយ​បញ្ហា​តំបន់​ត្រួត​គ្នា​នៅ​សមុទ្រ​នេះ។ ដោយ​ផ្អែក​លើ​អនុស្សារណៈ​យោគយល់​ឆ្នាំ​២០០១​ និង​យន្តការ​ដែល​មាន​ស្រាប់​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ»។

លោក​ ហោ​ ណាំហុង​ បាន​បន្ថែម​ថា​ នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ​បាន​ឯកភាព​ឲ្យ​មាន​អាជ្ញាធរ​នៅ​តាម​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ជួប​គ្នា​ដោះស្រាយ​បញ្ហា​សណ្តាប់ធ្នាប់​ បញ្ហា​រត់​ពន្ធ​មនុស្ស ​បញ្ហា​ជួញ​ដូរ​គ្រឿង​ញៀន ​និង​ការ​បើក​ច្រក​ព្រំដែន​ថ្មី​ទៀត។​ ទស្សនកិច្ច​ផ្លូវការ​របស់​លោក​ស្រី​នាយក​រដ្ឋមន្ត្រី​ថៃ​ យីងឡាក់ ​មក​កាន់​ទីក្រុង​ភ្នំពេញ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​ មុន​ការ​មក​ដល់​របស់​លោក​អតីត​នាយករដ្ឋមន្ត្រី​ ថាក់ស៊ីន ស៊ីណាវ៉ាត្រ (Thaksin Shinawatra) ដែល​ជា​បង​ប្រុស​របស់​លោក​ស្រី។ ​លោក​ ថាក់ស៊ីន នឹង​ស្នាក់​នៅ​កម្ពុជា​រហូត​ដល់​ថ្ងៃ​ទី​២៤​ ខែ​កញ្ញា​នេះ៕