ថ្វីបើមិនមានការទទួលស្គាល់ និងមិនមានការប្រកាសជាផ្លូវការពីចេតនាបង្កើតគណបក្សនយោបាយមួយសម្រាប់ប្រជែងដណ្តើមសន្លឹកឆ្នោត ក៏ប៉ុន្តែបញ្ញវ័ន្តខ្មែរមួយក្រុមហាក់ដូចជាកំពុងរៀបចំជើងព្រួលរួចជាស្រេចទៅហើយសម្រាប់ការហក់ចូលប្រឡូកក្នុងនយោបាយជាចំហ ជាពិសេសសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនៅឆ្នាំ២០១៨គឺនៅសល់តែជាងបីឆ្នាំទៀតតែប៉ុណ្ណោះ។
នៅក្នុងចំណោមអ្នកដឹកនាំដំណើរឆ្ពោះទៅរកផ្លូវនយោបាយទាំងនេះ យ៉ាងហោចណាស់គេដឹងថា មានលោកបណ្ឌិតកែម ឡី អ្នកស្រាវជ្រាវកិច្ចអភិវឌ្ឍសង្គម លោកបណ្ឌិតយ៉ង សាំងកុមារ នាយកមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍកសិកម្មកម្ពុជាហៅថា សេដាក (CEDAC) លោកម៉ម សុណង់ដូ នាយកវិទ្យុសម្បុកឃ្មុំនិងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ លោកយ៉េង វីរៈ នាយកមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ និងមន្ត្រីសង្គមស៊ិវិល ដែលកំពុងធ្វើការដឹកនាំប្រព័ន្ធផ្សព្វផ្សាយ និងអង្គការសង្គមមួយចំនួនទៀត។
នៅក្នុងពេលនេះ ឥស្សរជនលេចធ្លោក្នុងសង្គមខាងលើកំពុងតែរួបរួមគ្នានៅក្នុងចលនាសង្គមមួយដែលមានឈ្មោះថា«បណ្តាញពលរដ្ឋដើម្បីអភិវឌ្ឍសង្គម»ឬហៅថា «ខ្មែរដើម្បីខ្មែរ»។ បណ្តាញសង្គម«ខ្មែរដើម្បីខ្មែរ»នេះទើបនឹងបើកកិច្ចប្រជុំដាក់ផែនការយុទ្ធសាស្ដ្ររបស់ខ្លួនកាលពីបីថ្ងៃមុននេះ ហើយគឺជាបណ្តាញមួយដែលនឹងចុះពង្រឹងក្រុមប្រជាពលរដ្ឋតាមរយៈវេទិកាសាធារណៈដើម្បីឲ្យពួកគេជ្រួតជ្រាបនិងចូលរួមបង្កើតក្រុមនយោបាយនៅតាមមូលដ្ឋាន។ ក្រុមនយោបាយឬបក្សនយោបាយមូលដ្ឋានឃុំ ឬស្រុកនេះ ដែលគេនិយាយថា ដើម្បីប្រើប្រាស់សិទ្ធិលើកជាកម្មវិធី ឬគម្រោងការសម្រាប់ការអភិវឌ្ឍនៅនឹងកន្លែង។
ដូច្នេះ ប្រសិនបើថ្ងៃណាមួយ ចលនា«ខ្មែរដើម្បីខ្មែរ»នេះហក់ចូលក្នុងឆាកនយោបាយនោះ វាប្រាកដថា ការផ្តួចផ្តើមគំនិតនេះយកតាមលំនាំនៃគណបក្សសិទ្ធិមនុស្សរបស់លោកកឹម សុខា ដែលបានធ្វើវេទិកាសាធារណៈជាច្រើនអំពីសិទ្ធិមនុស្ស ហើយនៅចុងបញ្ចប់លោកបានរលាស់ខ្លួនចូលនយោបាយដោយយកឈ្មោះដដែលនេះ ដែលក្រុមប្រជាពលរដ្ឋស្គាល់ស្រាប់។
ដូច្នេះតើក្រុមរបស់លោកកែម ឡី លោកបណ្ឌិតយ៉ង សាំងកុមារ លោកម៉ម សុណង់ដូ លោកយ៉េង វីរៈ ក្រុមមន្ត្រីដឹកនាំប្រព័ន្ធផ្សព្វផ្សាយ និងអង្គការសង្គមមួយចំនួនទៀតនោះអាចនឹងបើកគណបក្សដែលមានឈ្មោះដដែលថា«ខ្មែរដើម្បីខ្មែរ»នេះដែរឬទេ?
មានហេតុផលពីរដែលគណបក្សថ្មីនោះអាចនឹងរក្សាឈ្មោះដដែលនេះគឺទី១ដោយយកតាមលំនាំនៃគណបក្សសិទ្ធិមនុស្ស និងទី២ឈ្មោះ«ខ្មែរដើម្បីខ្មែរ»នេះស្រដៀងគ្នាទៅនឹងឈ្មោះកម្មវិធីមួយប្រើប្រាស់ក្នុងកម្មវិធីនៃវិទ្យុសម្បុកឃ្មុំរបស់លោកម៉ម សុណង់ដូ ដែលគេស្គាល់រាប់ឆ្នាំមកហើយ គឺកម្មវិធី«ខ្មែរជួយខ្មែរ»។ កម្មវិធីនេះដើម្បីប្រមូលការឧបត្ថម្ភដល់ជនក្រីក្រ និងជនរងគ្រោះនានា។
លោកអ៊ូ វីរៈ ប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាយល់ថា ចលនាខាងលើកំពុងរៀបចំខ្លួនបង្កើតគណបក្សនយោបាយ។ ប៉ុន្តែនោះគឺជាលក្ខណៈប្រជាធិបតេយ្យ។
ដោយឡែកលោកផៃ ស៊ីផាន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាមន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច លើកឡើងថា ដំណើរការបង្កើតនយោបាយរបស់ក្រុមខាងលើកំពុងដើរតាមជំហ៊ានលោកកឹម សុខា។
«អ្វីដែលលោកកែម ឡីធ្វើគឺមាននិន្នាការប្រហាក់ប្រហែលគ្នា។ ដូច្នេះគេរៀបចំជាបណ្តាញ ជាក្រុម ដែលមានទិសដៅឆ្ងាយដើម្បីប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជាដែលរឹងមាំ»។
ប៉ុន្តែលោកកែម ឡីច្រានចោលទស្សនៈខាងលើ។ ប៉ុន្តែចង់ ឬមិនចង់លោកបានបង្ហើបពីលទ្ធភាពបង្កើតគណបក្សនយោបាយថ្នាក់ជាតិ ដែលជ្រើសតាំងមេដឹកនាំដោយក្រុមប្រជាពលរដ្ឋ ក្រោយពីពួកគេរកកិច្ចសហការជាមួយគណបក្សធំៗបាន ដូចជាគណបក្សសង្គ្រោះជាតិ ឬគណបក្សប្រជាជនកម្ពុជា។
«បើសិនគាត់គិតថា គណបក្សធំៗអត់មានប្រជាធិបតេយ្យផ្ទៃក្នុងទេ គាត់អាចបង្កើតបក្សរួមមួយ។ គាត់អាចជ្រើសរើសមេដឹកនាំពីសកលវិទ្យាល័យ ឬបេក្ខជនពីគណបក្សផ្សេងៗ ដែលគាត់លាលែង ហើយចង់ទៅឈរឈ្មោះ ដោយសារឃើញចលនាហ្នឹងរឹងមាំ។ គឺយើងបើកចំហដូច្នេះ»។
លទ្ធភាពដែលធ្វើឲ្យក្រុមរបស់លោកកែម ឡីបង្កើតបក្សនយោបាយបានដោយសារមានភាពងាយស្រួលមួយចំនួនក្នុងបណ្តាញដែលជិតស្និទជាមួយក្រុមប្រជាពលរដ្ឋរួចជាស្រេច ដូចជាសមាគមកសិកររបស់លោកបណ្ឌិតយ៉ង សាំងកុមារ និងសមាគមអ្នកប្រជាធិបតេយ្យរបស់លោកម៉ម សុណង់ដូជាដើម។បណ្តាញទាំងពីរគឺជាស្មានយោបាយរឹងមាំមួយ ដែលមានសមាជិកថ្នាក់មូលដ្ឋានច្រើនសែននាក់ស្ទើរពាសពេញប្រទេស។ បន្ថែមពីនោះទៀត អង្គការសង្គមស៊ីវិលមួយចំនួនដែលចូលរួមក្នុងចំណែកនេះ រួមទាំងក្រុមប្រព័ន្ធផ្សព្វផ្សាយដែលបានបង្កើតបណ្តាញព័ត៌មានក្រុមប្រជាពលរដ្ឋនោះ ក៏អាចជាកម្លាំងមួយផ្នែកទៀតដែលជំរុញឲ្យកម្លាំងនយោបាយថ្មីនេះមានបង្អែកគាំទ្រដល់លាននាក់ ដែលជាកម្លាំងនយោបាយសំខាន់មួយសម្រាប់ការចាប់ផ្តើម។
ម្យ៉ាងវិញទៀត បើគេក្រឡែកមើលក្រុមប្រជាពលរដ្ឋដែលស្ថិតក្នុងបណ្តាញ«ខ្មែរដើម្បីខ្មែរ»បូករួមទាំងបណ្តាញប្រជាកសិករ និងសមាជិកសមាគមអ្នកប្រជាធិបតេយ្យនោះ ពួកគេភាគច្រើនជាអ្នកទទួលបានបទពិសោធន៍ និងមេរៀននៃភាពមិនស្មើគ្នាក្នុងសង្គម ឬក៏ជាអ្នកទទួលរងនូវអំពើអយុត្តិធម៌នានា ដូចជាការរំលោភដីធ្លីជាដើម។
ដូច្នេះការចាប់យកប្រជាពលរដ្ឋទាំងនេះដាក់ឲ្យស្ថិតក្នុងជីវិតនយោបាយអាចជាគម្រោងការដ៏មានសក្តានុពលមួយ។
ប៉ុន្តែលោកកែម ឡីហាក់ដូចជាស្ថិតក្នុងភាពស្រគត់ស្រគំនៅឡើយ។
«គោលបំណងធំ ក្រុមខ្ញុំនេះចង់ធ្វើជាគម្រូមួយទេ។ សម្រាប់គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សផ្សេងៗថា គួរតែរៀបចំសិទ្ធិអំណាចដល់ប្រជាពលរដ្ឋពិតប្រាកដ។ បើសិនយើងធ្វើបានជោគជ័យក្នុងការកសាងលទ្ធិប្រជាធិបតេយ្យពីក្រោមឡើងលើ ខ្ញុំគិតថា ប្រហែលជាប្រទេសវៀតណាម ឡាវ និងភូមា បើសិនជាគាត់ចង់ឲ្យប្រទេសរបស់គាត់ ចង់បើចំហឲ្យមានគណបក្សនយោបាយ ហើយលទ្ធិប្រជាធិបតេយ្យ ហើយឲ្យគណបក្សនយោបាយនោះកសាងគណបក្សមូលដ្ឋានមុន នេះជាអ្វីដែលយើងចង់ផ្តល់គម្រូដល់ប្រទេសកុម្មុយនិស្តមួយចំនួន»។
លោករិះគន់ថា គម្រូរបស់ប្រទេសកម្ពុជាមិនមែនគណបក្សប្រជាធិបតេយ្យពិតប្រាកដទេ ហើយអំណាចប្រមូលផ្តុំលើមេគណបក្សដដែល ដូចប្រពន្ធកុម្មុយនិស្តដែរ។
ការបោះឆ្នោតកាលពីខែកក្កដាឆ្នាំ២០១៣បង្ហាញពីនិន្នាការផ្លាស់ប្តូរសង្គមមួយនៅពេលដែលប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោត កាន់តែយល់ដឹងពីសារៈសំខាន់នៃនយោបាយ។ ប្រជាពលរដ្ឋជាច្រើនបានផុលផុសចូលក្នុងចលនានេះនិងបានធ្វើការត្រួតពិនិត្យនិងតាមដានការបោះឆ្នោតដោយផ្ទាល់ និងដោយស្ម័គ្រចិត្តទៀតផង។
សម្រាប់លោកផៃ ស៊ីផាន ខាងគណបក្សប្រជាជនកម្ពុជា ចលនានយោបាយបង្កើតគណបក្សថ្មីនេះគឺជាមូលហេតុដែលកើតចេញពីផ្ទៃក្នុងនៃគណបក្សសង្គ្រោះជាតិសព្វថ្ងៃ។
ប៉ុន្តែលោកស្រីមូរ សុខហួរ តំណាងរាស្ដ្រគណបក្សជំទាស់លើកឡើងថា ប្រសិនបើក្រុមលោកកែម ឡីបង្កើតគណបក្សនយោបាយថ្មីនោះ នោះទំនងជាការខូចប្រយោជន៍ បើសិនវាក្លាយជាអ្វីដែលលោកស្រីហៅថា ក្រុមអ្នកប្រជាធិបតេយ្យមិនរួបរួមគ្នានោះ។
លោកស្រីមានប្រសាសន៍ថា វាមានសារៈសំខាន់ក្នុងការរួបរួមគ្នាជាជាងការប្រកួតប្រជែងគ្នា។
«បើសិនជាចលនាណាមួយ គណបក្សណាមួយមកបំបែកយកសំឡេងអ្នកប្រជាធិបតេយ្យ យើងត្រូវសួរវិញថា តើចំណេញទៅអ្នកណា? ប្រជាពលរដ្ឋចង់ឲ្យមានការបង្រួបបង្រួមគ្នាគឺសង្គ្រោះជាតិ។ យើងត្រូវតែទៅមុខ។ ដូច្នេះបើមានក្រុមណាចង់ចូលមកថែមទៀត យើងអបអរសាទរ។ យើងជាខ្មែរតែមួយ។ យើងពង្រឹងលទ្ធិប្រជាធិបតេយ្យ»។
វាហាក់ដូចជាមានភាពប្រាកដនិយមមួយថា កម្លាំងនយោបាយដែលអាចនឹងកើតឡើងនៅថ្ងៃអនាគតនោះត្រូវជ្រោមជ្រែងដោយមនុស្សថ្មី ដែលមានភាពជិតដិតនឹងគណបក្សចំនួនពីរគឺគណបក្សសម រង្ស៊ីរបស់លោកសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់លោកកឹម សុខា។ ហើយដែលក្រោយមក គណបក្សទាំងពីរនេះបានបង្កើតជាគណបក្សរួមដាក់ឈ្មោះតែមួយគឺគណបក្សសង្គ្រោះជាតិ។
គណបក្សសង្គ្រោះជាតិបានធ្វើឲ្យជញ្ជីងនយោបាយមានកម្លាំងតែពីរគត់នៅក្នុងប្រទេសកម្ពុជា ដោយធៀបជាមួយគណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចជាងបីទសវត្សមកហើយ។
ដូច្នេះប្រសិនបើគណបក្សនយោបាយថ្មីណាមួយ ដែលបង្កើតឡើងដោយក្រុមលោកបណ្ឌិតកែម ឡី លោកបណ្ឌិតយ៉ង សាំងកុមារ លោកម៉ម សុណង់ដូ លោកយ៉េង វីរៈ ក្រុមមន្ត្រីដឹកនាំប្រព័ន្ធផ្សព្វផ្សាយ និងអង្គការសង្គមមួយចំនួនទៀត ងាកទៅចាប់ដៃជាមួយគណបក្សណាមួយក្នុងចំណោមគណបក្សធំៗទាំងពីរ នោះវានឹងធ្វើឲ្យលទ្ធភាពឈ្នះនៃគណបក្សមួយក្នុងចំណោមបក្សទាំងពីរមានលក្ខណៈដាច់ខាត។
ប៉ុន្តែប្រសិនបើប្រវត្តិសាស្ដ្រនៃនយោបាយកម្ពុជាកើតឡើងម្តងទៀត ហើយគណបក្សដែលដឹកនាំដោយក្រុមលោកកែម ឡីងាកមកបញ្ចូលគ្នាជាមួយគណបក្សសង្គ្រោះជាតិ ដែលកំពុងមានសន្ទុះនយោបាយនោះ នោះឆាកបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនៅឆ្នាំ២០១៨ប្រាកដជាផ្តល់ក្តីសង្ឃឹមដល់អ្នកគាំទ្រចលនាគណបក្សជំទាស់លើសពីអ្វីដែលពួកគេបានរំពឹងទុក។
លោកអ៊ូ វីរៈ ប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ពិនិត្យឃើញថា គណបក្សថ្មីអាចមានឱកាសសហការជាមួយគណបក្សសង្គ្រោះជាតិច្រើនជាងគណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែបើគណបក្សទាំងពីរមិនស្ថិតក្នុងភាពជាដៃគូនឹងគ្នាទេនោះ គឺបក្សសង្គ្រោះជាតិអាចស្ថិតក្នុងការគំរាមកំហែង បើសិនជាគណបក្សនេះមិនរឹងមាំផ្ទៃក្នុង។
«គំនិតគាត់ប្រឆាំងរដ្ឋាភិបាលដូចគ្នា បានន័យថា គាត់មិនខុសពីគណបក្សសង្គ្រោះជាតិប៉ុន្មានទេ ខុសតែគំនិតនៃអ្នកដឹកនាំ និងរបៀបនៃការដឹកនាំប៉ុណ្ណឹងទេ។ សំណួរសួរថា តើអាចខាតទេ? គឺវាអាស្រ័យលើគណបក្សសង្គ្រោះជាតិទេ។ បើសិនជាគណបក្សសង្គ្រោះជាតិរឹងមាំខ្លួនឯង ពង្រឹងប្រជាធិបតេយ្យផ្ទៃក្នុងខ្លួនឯងបាន កាត់បន្ថយបក្ខពួកនិយមផ្ទៃក្នុងបក្សខ្លួនឯងបាន ខ្ញុំមើលទៅ ចរន្តប្រកួតប្រជែងនេះអាចធ្វើឲ្យគណបក្សសង្គ្រោះជាតិរឹងមាំជាងមុនផង»។
ទំនោរនយោបាយរបស់គណបក្សថ្មី ដែលអាចនឹងបង្កើតចេញជារូបរាងនៅមុនការបោះឆ្នោតសកលនោះ អាចនឹងជាអំណោយផលតាមលក្ខណៈជាក់ស្តែងណាមួយសម្រាប់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។
គណបក្សប្រជាជនកម្ពុជាដែលបានបាត់បង់ការគាំទ្រដ៏ពិបាករំពឹងទុកកាលពីការបោះឆ្នោតឆ្នាំ២០១៣នោះ អាចនឹងរក្សាបានការគាំទ្ររបស់ខ្លួន ប្រសិនបើគណបក្សនេះមានឱកាសធ្វើការសហការបែបណាមួយជាមួយគណបក្សថ្មីនេះ។
ដោយឡែក ប្រសិនបើគណបក្សសង្គ្រោះជាតិជួបនឹងគ្រោះថ្នាក់នៃការបែកបាក់ផ្ទៃក្នុងណាមួយ ហើយមានការងាកមកចាប់ដៃជាមួយគណបក្សដែលនឹងបង្កើតថ្មីដោយក្រុមលោកកែម ឡី ដូច្នេះគណបក្សជំទាស់នៅតែមានឱកាសស្រោចស្រង់ និងទប់ទល់ជាមួយសំឡេងឆ្នោតរបស់គណបក្សកាន់អំណាច។ នេះបើផ្អែកលើមូលដ្ឋាននៃគោលការណ៍ដើមរបស់លោកកែម ឡីសម្រាប់បង្កើតគណបក្សអភិវឌ្ឍន៍មូលដ្ឋាន៕