តន្ត្រីករវ័យក្មេងមួយក្រុមបានរួមគ្នាសាកល្បងបង្កើតទម្រង់ភ្លេងខ្មែរបែបទំនើបថ្មីមួយដោយប្រើឧបករណ៍ភ្លេងបុរាណខ្មែរមួយចំនួនប្រគុំលាយជាមួយចង្វាក់ភ្លេងអេឡិកត្រូនិច។ទម្រង់ភ្លេងបែបថ្មីនេះត្រូវបានប្រគុំជូនសាធារណជនជាលើកទី១នៅក្នុងទីក្រុងភ្នំពេញកាលពីយប់ថ្ងៃច័ន្ទ។
លោក ពេជ្រ សំណាង រាយការណ៍ពិស្តារអំពីទម្រង់ភ្លេងខ្មែរបែបថ្មីនេះពីទីក្រុងភ្នំពេញជូនដូចតទៅ៖
ឧបករណ៍ភ្លេងបុរាណខ្មែរចំនួន៥ប្រភេទគឺរនៀតឯក គងវង់ធំ ទ្រសោរ ខ្លុយនិងសាដៀវប្រគុំលាយបញ្ចូលជាមួយឧបករណ៍ភ្លេងអេឡិចត្រូនិកមួយបែបបង្កើតបានជាទម្រង់ភ្លេងខ្មែរបែបសហសម័យដ៏ពិរោះមួយ។
ភ្លេងខ្មែរបែបសហសម័យ ឬបែបទំនើបថ្មីនេះត្រូវបានសាកល្បងបង្កើតឡើងរួមគ្នាដោយលោក David Gunn នាយកអង្គការសិល្បៈមួយឈ្មោះថា Incidentalដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡុង ប្រទេសអង់គ្លេសនិងនិស្សិតផ្នែកតន្រ្តីវ័យក្មេងចំនួន៥នាក់មកពីអង្គការសិល្បៈខ្មែរអមតៈ និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
ក្រុមសិល្បករចម្រុះសាសន៍នេះបានហៅខ្លួនឯងថា ជាក្រុមMonster។ ពួកគេបានប្រគុំតន្រ្តីខ្មែរបែបទំនើបនេះជាសាធារណៈជាលើកដំបូងកាលពីយប់ថ្ងៃច័ន្ទនៅក្នុងមជ្ឈមណ្ឌលវប្បធម៌បារាំងក្នុងទីក្រុងភ្នំពេញ បន្ទាប់ពីមានការហាត់ និងការសមសម្តែងរួមគ្នាអស់រយៈពេល៥សប្តាហ៍កន្លងមក។
លោកDavid Gunnគឺជាអ្នកដឹកនាំក្រុមMonster ហើយជាអ្នកបង្កើតភ្លេងអេឡិកត្រូនិក ដែលជាផ្នែក មួយដ៏សំខាន់សម្រាប់ធ្វើឱ្យទម្រង់ភ្លេងខ្មែរបែបថ្មីនេះមានសំឡេងពិរោះរណ្តំនៅពេលប្រគុំលាយជាមួយឧបករណ៍បុរាណខ្មែរទាំង៥ប្រភេទនោះ។
លោក David Gunn បានមានប្រសាសន៍នៅក្នុងពិធីប្រគុំតន្ត្រីខ្មែរបែបទំនើបនេះថា គោលបំណងនៃការសាកល្បងបង្កើតទម្រង់ភ្លេងខ្មែរបែបថ្មីមួយនេះគឺដើម្បីជំរុញឱ្យមានការស្វែងយល់បន្ថែមទៀតពីសាធារណជនអំពីទម្រង់តន្រ្តីបែបទំនើប ឬគេហៅថា បែបសហសម័យនេះ។
“ប្រាកដណាស់ គោលបំណងរបស់យើងគឺដើម្បីបង្កើតការយល់ដឹងរបស់ទស្សនិកជនអំពីទម្រង់ផ្សេងៗនៃតន្រ្តីបែបសហសម័យនេះ”។
លោក David Gunnមានប្រសាសន៍ថា ភ្លេងអេឡិចត្រូនិកដែលលោកបានបង្កើតឡើងនេះគឺបានមកពីការច្របាច់បញ្ចូលគ្នារវាងភ្លេងខ្មែរមួយចំនួន និងសំឡេងផ្សេងៗជាច្រើនទៀត ដូចជាសំឡេងចរាចរណ៍នៅតាមដងផ្លូវនានាជាដើម។
“សំឡេងទាំងអស់ដែលខ្ញុំប្រើនៅក្នុងកំព្យូទ័រហ្នឹងត្រូវបានប្រមូលនៅក្នុងទីក្រុងភ្នំពេញក្នុងរយៈពេលបួនសប្តាហ៍កន្លងមកនេះ។ អ្វីដែលយើងធ្វើគឺថា យើងថតសំឡេងឧបករណ៍បុរាណខ្មែរខ្លះនិងសំឡេងនៅតាមផ្លូវ រួចហើយយើងកែច្នៃនិងកែសម្រួលសំឡេងទាំងនោះ”។
សូមបញ្ជាក់ថា ការប្រគុំភ្លេងខ្មែរបែបថ្មីនេះគឺជាផ្នែកមួយនៃគម្រោងសិល្បៈមួយឈ្មោះថា "អ្នកតា” ដែលលោក David Gunn កំពុងដឹកនាំក្នុងគោលដៅជួយអភិវឌ្ឍន៍សមត្ថភាពតន្រ្តីករនិងសិល្បករក្នុងប្រទេសកម្ពុជានេះ។
លោក David Gunnបានប្រសាសន៍បន្ថែមថា ការសាកល្បងបង្កើតទម្រង់ភ្លេងខ្មែរបែបទំនើបនេះក៏មានគោលបំណងជួយលើកទឹកចិត្តឱ្យសិល្បករនិងតន្ត្រីករខ្មែរព្យាយាមស្វែងរកនិងបង្កើតអ្វីដែលថ្មីដោយខ្លួនឯងផ្ទាល់សម្រាប់សិល្បៈបែបទំនើបរបស់ខ្លួននេះ ជាជាងការធ្វើតាមតែជនបរទេសមួយ ចំនួនដែលមកបង្រៀនតែពីរបៀបដែលពួកគេបង្កើតតន្រ្តីនៅក្នុងប្រទេសរបស់ពួកគេនោះ។
តន្រ្តីខ្មែរបច្ចុប្បន្ន ជាពិសេសតន្ត្រីបុរាណខ្វះការស្រាវជ្រាវ និងការច្នៃប្រឌិតបន្ថែមទៀត ខណៈផ្នែកតន្រ្តីសម័យវិញភាគច្រើនត្រូវបានមតិសាធារណៈរិះគន់ថា ជាតន្រ្តីដែលយកលំនាំ ឬលួចចម្លងពីតន្រ្តីបរទេសច្រើនជាងការចំណាយថាមពលដើម្បីបង្កើតដោយខ្លួនឯង។ ការលួចចម្លងនេះដែលគេឃើញភាគច្រើនពីតន្រ្តីវៀតណាម ថៃ និងពីតន្ត្រីបស្ចិមប្រទេសជាដើមនេះ បានធ្វើឱ្យតម្លៃនៃតន្រ្តីខ្មែរធ្លាក់ចុះ។
កញ្ញា ពៅ ប៉ុន្នីសា វ័យ១៨ឆ្នាំ ជានិស្សិតខាងភ្លេងនៃអង្គការសិល្បៈខ្មែរអមតៈបាននិយាយនៅអែបនឹងរនាថឯករបស់នាងថា ការប្រគុំភ្លេងខ្មែរក្នុងទម្រង់បែបថ្មីនេះគឺពុំមានក្បួនខ្នាតអ្វីទេ ពោលគឺជាការប្រគុំទៅតាមអារម្មណ៍របស់តន្ត្រីករម្នាក់ៗ ដោយយោងទៅតាមចង្វាក់ភ្លេងអេឡិចត្រូនិកពីប្រព័ន្ធ កំព្យូទ័រ ដូចជាចង្វាក់ភ្លេងនោះបង្ហាញពីទុក្ខព្រួយ ឬក៏ការសប្បាយរីករាយជាដើម។
“ដូចបទពិណពាទ្យមានបទ លេងមកតាមក្បួន តាមខ្នាត ប៉ុន្តែអាណេះវិញគឺយើងលេងតាមអារម្មណ៍។ ឧទាហរណ៍ថា បទសន្ធឹកផ្គរខ្មែរ យើងលេងជាលក្ខណៈចែកដៃគ្នាថា រនាថជាសំឡេងទឹកភ្លៀង ហើយសាដៀវជាសំឡេងកង្កែបយំ ហើយគងធំជាសំឡេងរន្ទះ ហើយទ្រសោជាសំឡេងខ្យល់ អញ្ចឹង។ យើងបែកអារម្មណ៍គ្នាដូចខ្ញុំជាទឹកភ្លៀងអញ្ចឹង។ អញ្ចឹងការលេងគឺលេងតាមអារម្មណ៍”។
លោក លន់ សុផានិត អាយុ២០ឆ្នាំ ជានិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលជាអ្នកលេងសាដៀវក្នុងក្រុមMonsterនេះ បានប្រាប់ឱ្យដឹងដែរថា ការបង្កើតទម្រង់ភ្លេងខ្មែរបែបថ្មីនេះនឹងជួយធ្វើឱ្យតន្រ្តីករខ្មែរអាចចូលប្រឡូកនៅក្នុងតន្ត្រីបែបទំនើប ឬបែបសហសម័យដែលពិភពលោកកំពុងចាប់អារម្មណ៍។
លោក សុង សេង អ្នកសម្របសម្រួលគម្រោងអង្គការសិល្បៈខ្មែរអមតៈ មានប្រសាសន៍នៅក្នុងបទ សម្ភាសន៍មួយកាលពីថ្ងៃច័ន្ទថា ការរួមគ្នាបង្កើតទម្រង់ភ្លេងខ្មែរថ្មីមួយដោយក្រុមតន្ត្រីករខ្មែរវ័យក្មេងនិងតន្រ្តីករមកពីអឺរ៉ុបនេះគឺជាយុទ្ធសាស្រ្តមួយដើម្បីផ្សព្វផ្សាយអំពីសិល្បៈ និងតន្រ្តីខ្មែរ ហើយក៏ដើម្បីទាក់ទាញយុវជនខ្មែរឱ្យងាកមកចាប់អារម្មណ៍សិល្បៈរបស់ខ្លួនវិញផងដែរ។
“នេះគឺជាផ្នែកមួយដ៏សំខាន់ក្នុងការធ្វើឱ្យសិល្បៈប្រពៃណីខ្មែរហ្នឹងមានការពេញនិយមឡើងវិញផង ដែរ ពីព្រោះបើកាលណាយើងផ្សព្វផ្សាយតែសិល្បៈបុរាណខ្មែរ យើងឃើញស្រាប់ហើយថា យុវជន ខ្មែរយើងភាគច្រើនគាត់អត់សូវចាប់អារម្មណ៍ទេ តែគាត់ចូលចិត្តចាប់អារម្មណ៍អ្វីដែលថ្មី ហើយប្លែក អញ្ចឹងហើយយើងព្យាយាមផ្សារភ្ជាប់សិល្បៈរបស់យើងហ្នឹងជាមួយសិល្បៈថ្មី"។
លោក ព្រំ ពុទ្ធវិសាល វ័យ២៤ឆ្នាំ ជានិស្សិតនៃសាកលវិទ្យាល័យមួយក្នុងទីក្រុងភ្នំពេញបានមានប្រសាសន៍ក្រោយពីបានទស្សនា និងស្តាប់ការប្រគុំតន្ត្រីខ្មែរបែបសហសម័យនេះថា លោកពេញចិត្តចំពោះទម្រង់ភ្លេងដែលបង្កើតថ្មីនេះ ដោយសារវាមានលក្ខណៈប្លែក ហើយគួរឱ្យទាក់ទាញ។
“បើយើងអត់បំបែកភ្លេងចេញមកខ្លះទេ។ វាអត់កើតទេ ព្រោះអីខ្មែរយើងឥឡូវ បើលេងភ្លេងខ្មែរចំតែ ម្តង បានតែកម្មវិធីបុណ្យអីទេ អត់សូវមានអ្នកស្តាប់ទេ។ ដល់អញ្ចឹងគេយកមកធ្វើអញ្ចឹងវិញ ម្យ៉ាងរបស់គេដែរទៅ។ គួរឱ្យចង់ស្តាប់ដែរ”។
នៅឆ្នាំ២០០៨ លោក ហ៊ឹម សូភី អ្នកនិពន្ធតន្រ្តីខ្មែរម្នាក់ បាននិពន្ធតន្រ្តីបែបទំនើបមួយសម្រាប់ល្ខោនរ៉ុកអូប៉េរ៉ាខ្មែរមួយឈ្មោះថា "ទីដំរីយំ”ដែលបានសម្តែងនៅក្នុងទីក្រុងភ្នំពេញ ដោយមានការប្រើបញ្ជូលគ្នារវាងឧបករណ៍តន្រ្តីបុរាណខ្មែរ និងឧបករណ៍តន្រ្តីប្រជាប្រិយរបស់បច្ចឹមប្រទេស រួមមានអាមេរិកជាដើម។
លោក សំរាំង កំសាន្ត រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ក្រសួងវប្បធម៌គាំទ្រឱ្យមានការប្រើឧបករណ៍ភ្លេងបុរាណរបស់ខ្មែរគួបផ្សំជាមួយសមាសធាតុភ្លេងពីបរទេសដើម្បីបង្កើតជាទម្រង់ភ្លេងថ្មីបែបខ្មែរនេះ ដើម្បីធ្វើឱ្យតន្រ្តីខ្មែរមានលក្ខណៈកាន់តែទំនើប។
ពីទីក្រុងភ្នំពេញ ខ្ញុំ ពេជ្រ សំណាង VOAសំឡេងសហរដ្ឋអាមេរិក៕