ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់​បង្ហាញ​ពី​នយោបាយ​ប្រជា​ធិបតេយ្យ​ពហុបក្ស​របស់​លោក​ហ៊ុន សែន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមក្នុងពិធីស្បថចូលកាន់តំណែង​របស់​សមាជិករដ្ឋសភាថ្មីក្នុងអាណត្តិទី៦ នៅរដ្ឋសភាជាតិ រាជធានីភ្នំពេញ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨។

ភ្នំពេញ — ភ្លាមៗ​ក្រោយ​ការ​ពី​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ខែកក្កដា ​ឆ្នាំ​២០១៨​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​កោះ​អញ្ជើញ​តំណាង​គណបក្ស​ទាំង ​១៩​ផ្សេង​ទៀត ​ដែល​បាន​ចូល​រួម​ប្រកួត​ប្រជែង​មក​ជួប​ប្រជុំ​គ្នា ​នៅ​វិមាន​សន្តិភាព​ ហើយ​លិខិត​មួយ​ច្បាប់ ​ក៏​បាន​ទៅ​ដល់​ខុទ្ទកាល័យ​ដ៏​ប្រណិត​ក្បែរ​ផ្សារ​អូឡាំពិក​ របស់​លោក​ សុខ សុវណ្ណវឌ្ឍនាសាប៊ុង​ ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​ផង​ដែរ។​

គណបក្ស​ប្រជាជន​កម្ពុជា ​ទើប​នឹង​បាន​ឈ្នះ​អាសនៈ​ទាំង​អស់​ចំនួន​ ១២៥​ នៅ​រដ្ឋ​សភា​ ដោយ​សារ​តែ​អវត្តមាន​គូ​ប្រជែងដ៏​សំខាន់ ​គឺ​គណបក្ស​សង្គ្រោះជាតិ ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​ដាក់​ឱ្យ​នៅ​ក្រៅ​ច្បាប់ ​៨​ខែ​មុន​បោះ​ឆ្នោត។

ក្នុង​បទ​សម្ភាសន៍​មួយ​ នៅ​ក្នុង​បន្ទប់​ការិយាល័យ​របស់​លោក​ ដែល​មាន​ជញ្ជាំង​បិទ​ដោយ​ការ៉ូ​ពណ៌​មាស​និង​គ្រឿង​សង្ហារិមដ៏​ឆើតទាក់​ភ្នែក អ្នក​នយោបាយ ​វ័យ​៤៦​ឆ្នាំ ​ដែល​បាន​អះអាង​អំពី​វិធី​ធ្វើ​ «នយោបាយ​ថ្មី»​ តាម​បែប​ផែន ​«វិទ្យាសាស្ត្រ»​ បាន​និយាយ​ប្រាប់​ VOA យ៉ាង​ដូច្នេះ​ថា៖​

«ទាល់​តែ​ទៅ​បាន​ដឹង។ ​យើង​ស្មាន​តែ​គាត់​អញ្ជើញ​យើង​ទៅ​ឱ្យ​យោបល់​គាត់​នៅ​កន្លែង​ហ្នឹង​ទេ។​ បាទ​អត់​ដឹង​ទេ។​ ទាល់​តែ​ទៅ​ដល់​បាន​ដឹង​ថា ​គាត់​ចង់​បង្កើត​ឧត្ដម​ក្រុម​ប្រឹក្សា​អ៊ីចឹង។ ​បើ​គ្រប់​គ្នា​អ្នក​អញ្ជើញ​ចូល​រួម​ឯកភាព​ យើង​អាច​ចាត់​ចែង​បាន​អ៊ីចឹង»។​

គណបក្ស​ខ្មែរ​ក្រោក​របស់​លោក​ សុខ សុវណ្ណវឌ្ឍនាសាប៊ុង​ ទទួល​បាន​ការ​គាំទ្រ​ត្រឹម​តែ​ ២​ម៉ឺន​សំឡេង​ក្នុង​ចំណោម​សន្លឹក​ឆ្នោត​ បាន​ការ​ជាង​៦​លាន​សន្លឹក​ប្រកាស​ដោយ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប.)។​

គណបក្ស​ខ្មែរ​ក្រោក​របស់​លោក​បាន​បង្កើត ​៩០​ថ្ងៃ​ មុន​ការ​បោះឆ្នោត​ដែល​អតីត​គណបក្ស​ប្រឆាំង​ និង​សហគមន៍​អន្តរជាតិ​ រួម​មាន​សហ​រដ្ឋ​អាមេរិក ​សហភាព​អឺរ៉ុប ​និង​ជប៉ុន​ មើល​ឃើញ​ថា​ ខ្វះ​ភាព​សេរី​ ត្រឹមត្រូវ​ និង​យុត្តិធម៌​ តែ​លោក​បាន​បដិសេធ​ការណ៍​ដែល​ថា​ រូប​លោក​និង​គណបក្ស​បាន​ទទួល​ការ​ទំនុក​បម្រុង​រៀបចំ​ ដោយ​គណបក្ស​កាន់​អំណាច​ដើម្បី​ចូល​រួម​បង្គ្រប់​កិច្ច។

ជា​លទ្ធផល​ គណបក្ស​ខ្មែរ​ក្រោក​របស់​លោក ​សុខ សុវណ្ណវឌ្ឍនាសាប៊ុង ​បាន​ស្ថិត​ក្នុង​ចំណោម​គណបក្ស​ទាំង ​១៦​ ដែល​ប្រកាស​ចូល​រួម​ក្នុង​ «ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោបល់» ​ដែល​បូក​រួម​ទាំង​គណបក្សប្រជាជន​កម្ពុជា​ផង​ដែរ។​ ក្រៅ​តែ​ពី​បក្ស​ប្រជាជន​កម្ពុជា ​គណបក្ស​ទាំង​អស់​ ១៥​គណបក្ស​បូក​សំឡេង​ចូល​គ្នា​ បាន​សរុប​ប្រមាណ​ ១​លាន​ ២​ម៉ឺន​សំឡេង។​

ការ​បង្កើត ​«ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់»​ ត្រូវ​កំណត់​ដោយ​ព្រះ​រាជ​ក្រឹត្យ​ ហើយ​បក្ស​ជា​សមាជិក​របស់​ក្រុម​ប្រឹក្សា​នេះ​ ត្រូវ​ចាត់​តាំង​ប្រតិភូ​ពីរ​រូប​ ដែល​ម្នាក់​មាន​ងារ​ស្មើ​ «ទេស​រដ្ឋមន្ត្រី» ​និង​ម្នាក់​ទៀត​មាន​ងារ​ស្មើ​ «រដ្ឋមន្ត្រី»។​ បក្ស​នីមួយៗ​ត្រូវ​ឆ្លាស់​វេន​គ្នា​ឡើង​ធ្វើ​ប្រធាន​មួយ​ខែ​ម្ដងៗ​ ហើយ​ការ​អញ្ជើញ​មន្ត្រី​រដ្ឋ​មក​បំភ្លឺ​ត្រូវ​មាន​ការ​ឯក​ភាព​ពី​នាយក​រដ្ឋ​មន្ត្រី។​

លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក អំឡុងពេលផ្ដល់បទសម្ភាសដល់ VOA នៅខុទ្ទកាល័យរបស់លោក ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ ។ (អូន ឆេងប៉រ/VOA)

លោក ​សុខ ​សុវណ្ណវឌ្ឍនាសាប៊ុង​ បាន​លើក​ឡើង​ថា​ សមាជិក​នៃ​ឧត្ដម​ក្រុម​ប្រឹក្សា​នេះ​ មាន​សិទ្ធិ​ចុះ​ធ្វើ​បេសក​កម្ម​របស់​ខ្លួន​ដោយ​ឯក​រាជ្យ​ ដោយ​មាន​ជំនួយ​ពី​លេខា​ធិការដ្ឋាន ​និង​ប្រើប្រាស់​កញ្ចប់​ថវិកា​ជាតិ​ ដើម្បី​បំពេញ​ភារកិច្ច​ប្រមូល​ទិន្នន័យ​ស្រាវជ្រាវ ​និង​ចងក្រង​ជា​របាយ​ការណ៍​ ដាក់​ជូន​នាយក​រដ្ឋមន្ត្រី។​

អស់​២០​ខែ​កន្លង​ផុត​ទៅ ​ការងារ​របស់​ស្ថាប័ន​ថ្មី​នេះ​ ត្រូវ​បាន​លោក​ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ​វាយ​តម្លៃ​ថា បាន​ដំណើរ​ការ​ទៅ​ដោយ​មាន​ «ប្រសិទ្ធ​ភាព» ​ហើយ​បក្ស​ថ្មី​របស់​លោក​ ស្ថិត​ក្នុង​ចំណោម​បក្ស​ជា​សមាជិក​ដែល​សកម្ម​ជាង​គេ ​ក្នុង​ការ​ចុះ​មូល​ដ្ឋាន​កោះ​ហៅ​មន្ត្រី​រដ្ឋាភិបាល​មក​បំភ្លឺ​ និង​ការ​ធ្វើ​អន្តរាគមន៍​លើ​ទំនាស់ ​នៅ​មូលដ្ឋាន​ដែល​មាន​ដូច​ជា​បញ្ហា​ដី​ធ្លី។​

«យើង​មាន​សិទ្ធិ​ត្រឹម​តែ​ប្រាប់​នាំពាក្យ ​នាំ​បញ្ហា​នាំ​ការណ៍​ពិត​ បាន​ន័យ​ថា ​ឧត្តម​ក្រុម​ប្រឹក្សា​ជា​អូរ​មួយ​ដែល​កន្លង​មក​អូរ​ហ្នឹង ​វា​តែង​តែ​ស្ទះ​ដោយ​សារ​តែ​ក្នុង​បក្ស​តែ​មួយ​ មន្ត្រី​ចរិត​ដដែល។ ​អ៊ីចឹង​បញ្ហា​របស់​ប្រជាជន​មិន​បាន​ទៅ​ដល់​ថ្នាក់​ដឹក​នាំ​ឱ្យ​គាត់​បាន​ដឹង​ទេ»។

យ៉ាង​ណា​ក៏​ដោយ ​អ្នក​វិភាគ​នានា​បាន​បញ្ចេញ​ទស្សនៈ​ចម្រុះ​គ្នា​អំពី​វត្តមាន​នៃ​ស្ថាប័ន​នយោបាយ​ថ្មីៗ​នេះ។

អ្នកស្រី​បណ្ឌិត​ Astrid​Norén-Nilsson ​អ្នក​ជំនាញ​កិច្ចការ​កម្ពុជា​នៅ​សាកល​វិទ្យាល័យ​ Lund​ប្រទេស​ស៊ុយអែត​ បាន​យល់​ឃើញ​ថា ​ការ​បង្កើត​ឧត្តម​ក្រុម​ប្រឹក្សា​ថ្មី​នេះ​ជា​ជម្រើស​មួយ​របស់​លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ដើម្បី​បង្កើន​ធម្មានុរូប​ភាព​ ឬ​ភាព​ស្របច្បាប់​សម្រាប់​រដ្ឋបាល​ឯក​បក្ស​ក្រោយ​បោះ​ឆ្នោត​ឆ្នាំ​ ២០១៨ ​ដោយ​បង្កើត​ច្រក​ចេញ​ចូល​ជា​ផ្លូវ​ការ​មួយ​ សម្រាប់​បក្ស​ក្រៅ​រដ្ឋាភិបាល​បញ្ចេញ​មតិ​លើ​ការ​តាក់​តែង​ និង​អនុវត្ត​គោល​នយោបាយ​សាធារណៈ​របស់រដ្ឋ។​

«វា​បាន​នាំ​មក​នូវ​រូបមន្ត​ដែល​មិន​ថ្មី​មិន​ចាស់​មួយ​បែប​នៃ​នយោបាយ​មាន​ចរិត​ស្រុះ​ស្រួល​គ្នា​ ដើម្បី​ធ្វើ​បដិកម្ម​ត​ទល់​នឹង​ការ​ងើប​ឡើង​វិញ​ នៅ​គ្រា​ណា​មួយ​នៃ​នយោបាយ​មាន​ចរិត​ប្រទាំង​ប្រទើស​គ្នា។​យ៉ាង​ណា​ក៏​ដោយ ​វា​មិន​ទាន់​ទំនង​ជា​សម្រេច​បាន​នៅ​ឡើយ​ទេ​ ដោយ​[នយោបាយ​ប្រទាំង​ប្រទើស​គ្នា]​នេះ​ធ្លាប់​មាន ​ហើយ​នៅតែ​បន្ត​កើត​មាន»។

អ្នក​ស្រាវ​ជ្រាវ​រូប​នេះ​បាន​ប្រាប់​ VOA ​បន្ត​តាម​សារ​អេឡិចត្រូនិក​ក្នុង​ន័យ​ដើម​ យ៉ាង​ដូច្នេះ​ថា៖​

«វា​ហាក់​ដូច​នៅ​ឆាប់​ពេក​ដើម្បី​ទៅ​បរិយាយ​ថា​ ក្នុង​រយៈ​ពេល​វែង​[រូបមន្ត]​នេះ​ នឹង​ក្លាយ​ជា​ប្រភព​នៃ​ការ​ប្រមូល​ចង​ក្រង​បក្ស​ជំទាស់​នានា​ឱ្យ​ទៅ​ជា​ក្រុម​អ្នក​ឱ្យ​ទឹក​ជួយ​រដ្ឋាភិបាល»។​

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំកិច្ចប្រជុំមួយរបស់ ឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ នៅវិមានសន្តិភាព។ (រូបថត៖ អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស)

លោក​បណ្ឌិត ​អៀ សុផល​ អ្នក​ជំនាញ​វិជ្ជា​ការ​ទូត​និង​កិច្ចការ​សាកល​ក្នុង​មហា​វិទ្យាល័យ ​Occidental​សហរដ្ឋ​អាមេរិក ​បាន​ឱ្យ​ដឹង​ថា ​ក្នុង​រយៈ​ពេល​ខ្លី​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន ​បាន​និង​កំពុង​ប្រើប្រាស់​វត្តមាន​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នេះ​ ជា​មធ្យោបាយ​ពង្រឹង​ធម្មានុ​រូបភាព​នៃ​រដ្ឋាភិបាល​របស់​លោក​ និង​ជា​កញ្ចក់​ឆ្លុះ​ដំណើរ​ប្រព្រឹត្ត​នៃ​រដ្ឋាភិបាល។ ​ប៉ុន្តែ​ក្នុង​រយៈ​ពេល​វែង ​គឺ​អនាគត​ប្រជា​ធិបតេយ្យ​មួយ​នឹង​ត្រូវ​ប៉ះពាល់។​

លោក​សរសេរ​ថា៖​ «នៅ​ក្នុង​រយៈពេល​វែង​លោក ​[ហ៊ុន សែន] ​នឹង​អាច​យក​ពួក​គេ​ចេញ​មក​ ដើម្បី​បន្សាប​ធម្មានុរូប​ភាព​ (ឬ​តម្លៃ​នៃ​វត្តមាន​ជាក់​ស្ដែង)​ របស់​ក្រុម​ប្រឆាំង​ពិត​ប្រាកដ។​ នៅ​លើ​មុខ​ព្រួញ​នយោបាយអ្វី​ដែល​លោក​[នាយក​រដ្ឋ​មន្ត្រី]​ចង់​សម្រេច​បាន​នោះ​ គឺ​ការ​រក្សា​ឥទ្ធិពល​ដឹក​នាំ​ប្រទេស​កម្ពុជា​ដោយ​ឥត​មាន​គូ​ប្រជែង»។​

លោក​បណ្ឌិត​ អៀ សុផល​ មើល​មិន​ឃើញ​ពី​ប្រសិទ្ធ​ភាព​ និង​សារៈ​សំខាន់​នៃ​ស្ថាប័ន​នេះ​ទេ។​

«ខ្ញុំ​រក​មិន​ឃើញ​តឹក​តាង​ដែល​បង្ហាញ​នូវ​សារៈ​សំខាន់​នៃ​ស្ថាប័ន​នេះទេ​ តាំង​តែ​ឧត្តម​ក្រុម​ប្រឹក្សា​នេះ​ត្រូវ​បាន​បង្កើត​នៅ​ឆ្នាំ​២០១៨។​ ការណ៍នេះ​មើល​ទៅ​ហាក់​ដូច​ជា​រូប​ទីង​មោង​ ដេញ​ចាប​ដែល​ហាក់​ដូច​ជា​ចង់​ដេញ​ឱ្យ​ចាប​ខ្លប​ខ្លាច​ និង​ចេញ​ឆ្ងាយ។​ តែ​នៅ​ទីបំផុត​ទៅ​ មិន​អាច​បន្លាច​នរណា​ សូម្បី​តែ​ម្នាក់​ក្នុង​បក្ស​កាន់​អំណាច។ ​តើ​អាច​បន្លាច​បាន​យ៉ាង​ដូចម្ដេច​ទៅ​ បើ​ស្ថាប័ន​នេះ​ត្រូវ​បាន​បង្កើត​ដោយ​បក្ស​កាន់​អំណាច​ហ្នឹង»។

អ្នក​ជំនាញ​ដើម​កំណើត​ខ្មែរ​រស់​នៅ​សហ​រដ្ឋ​អាមេរិក​រូប​នេះ​ បាន​បន្ត​ថា ​បើ​ទោះ​ជា​មាន​ការ​រក​ឃើញ​របស់​ «ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ​យោបល់» ​អំពី​ភាព​អសកម្ម​ ឬ​មិន​ប្រក្រតី​មួយ​ចំនួន​ ក្នុង​ដំណើរ​ប្រព្រឹត្ត​នៃ​រដ្ឋបាល​ជាតិ​ ក៏​ការ​រក​ឃើញ​ទាំង​នោះ​មាន​ម្ដងៗ​ ត្រូវ​បាន​ស្ថាប័ន​រដ្ឋ​ចេញ​មុខ​ការពារ។

លោក​បណ្ឌិត ​អៀ សុផល​ លើក​ឡើង​ជា​ឧទាហរណ៍​អំពី​ការណ៍​ដែល​លោក ​សុខ ​សុវណ្ណវឌ្ឍនាសាប៊ុង ​ចេញ​អន្តរាគមន៍​ចោទ​សួរ​អំពី​បញ្ហា​និស្សិត ​វ័យ​២០​ឆ្នាំ​ម្នាក់ ​ប្រឡង​ជាប់​សាលា​ចៅក្រម​តែ​ត្រូវ​បាន​លោក​ទេស​រដ្ឋមន្ត្រី​ ឱម យ៉ិនទៀង ​នៃ​អង្គភាព​ប្រឆាំង​អំពី​ពុករលួយ​ចេញ​មុខ​ការពារ។

រូបឯកសារ៖ តំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា ទាំង១២៥រូប ថតរូបអនុស្សាវរីយ៍ជាមួយ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ នរោត្តម សីហមុនី នៅក្នុងសម័យប្រជុំពេញអង្គលើកទី១ នីតិកាលទី៦ នៅព្រឹកថ្ងៃពុធទី០៥ កញ្ញា ឆ្នាំ២០១៨។ (ទុំ ម្លិះ/VOA)

តួនាទី​មុខ​ងារ​ភារ​កិច្ច​របស់​ «ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់»​ បាន​នាំ​ឱ្យ​មាន​ភាព​ស្រដៀង​គ្នា​ទៅ​នឹង​រដ្ឋសភា​ ដែលត្រូវ​គ្រប​ដណ្ដប់​និង​ត្រួត​ពិនិត្យ​ការ​អនុវត្ត​ការ​ដឹកនាំ​រដ្ឋ​របស់​រដ្ឋាភិបាល។​

ប៉ុន្តែ ​រដ្ឋសភា​បច្ចុប្បន្ន​ដែល​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ ហាក់​មាន​ក្ដី​ពិបាក​ក្នុង​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​រដ្ឋាភិបាល​នៃ​គណបក្ស​ដូច​គ្នា​ ដែល​នាំ​ឱ្យ​ «ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់» ​ក្លាយ​ជា​ស្ថាប័ន​មួយ ​ដែល​មក​បំពេញ​បន្ថែម។ ​នេះ​ជា​ការ​លើក​ឡើង​របស់​លោក ​គង់ ​ម៉ូនីកា ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ​ដែល​ជា​បក្ស​សមាជិក​មួយ​ទៀត។​

ប្រធាន​បក្ស​រូប​នេះ​ជា​កូន​ប្រុស​ពៅ​របស់​លោក ​គង់ គាំ ​អតីត​មន្ត្រី​ជាន់​ខ្ពស់​បក្ស​សង្គ្រោះ​ជាតិ ​ហើយ​បក្ស​របស់​លោក​ ត្រូវ​បាន​បង្កើត​មុន​ពេល​បោះ​ឆ្នោត​បន្តិច​ប៉ុណ្ណោះ​ និង​ទទួល​បាន​សម្លេង​គាំទ្រ​ ២១​ម៉ឺន​សំឡេង​ស្ថិត​ក្នុង​លំដាប់​បក្ ស​ដែល​មាន​សម្លេង​គាំទ្រ​ច្រើន​ជាង​គេ​ បន្ទាប់​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា​ក្នុង​ចំណោម​បក្ស​សមាជិក​ទាំង​ ១៦​ក្នុង​ស្ថាប័ន​នេះ។

លោក​គង់ ម៉ូនីកា​បន្ថែម​ថា៖​ «បើ​ទោះ​ជា​យន្តការ​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង ​ក្នុង​រូប​ភាព​ជា​នយោបាយ​របស់​គណបក្ស​កាន់​អំណាច​ក៏​ពិត​មែន​ ក៏​ប៉ុន្តែ​ យើង​មិន​ទោមនស្ស​មិន​ទុទិដ្ឋិ​និយម​ថា​ ការ​ចូល​រួម​ក្នុង​យន្តការ​ក្រៅ​សភា​ហ្នឹង ​វា​ជា​ការ​ចូល​ទៅ​បំពេញ​ភាព​ស្រប​ច្បាប់ ​ឬ​ក៏​ចូល​ទៅ​លម្អ​ប្រជា​ធិបតេយ្យ​តាម​ការ​ចង់​បាន​របស់​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន ​នោះ​ទេ»។​

លោក​ប្រធាន​បក្ស ​គង់ ម៉ូនីកា ​បាន​បន្ថែម​ប្រាប់ ​VOA​ យ៉ាង​ដូច្នេះ​ទៀត​ថា៖​ «យន្តការ​ឧត្តម​ក្រុម​ប្រឹក្សា​ហ្នឹង​យ៉ាង​ហោច​ណាស់ ​វា​បាន​ជួយ​ជា​ប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ​ខ្លះ​ដែរ។ វា​មិន​អត់​ទាំង​ស្រុង​នោះ​ទេ។​ បាទ​ វា​គ្រាន់​បើ​ជាង​អត់​តែ​ម្ដង»។​

កាល​ពី​ខែ​មិថុនា​ ឆ្នាំ​២០១៩​ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ម្ដង​រួច​មក​ហើយ​ចំពោះ​ «ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់»​ ដោយ​សារ​សមាជិក​ខ្លះ​នៃ​ស្ថាប័ន​នេះ​ហាក់​ដើរ​ហួស​តួនាទី​ក្នុង​ការ​កោះ​ហៅ​រដ្ឋ​មន្ត្រី​ និង​ការ​ជ្រៀត​ជ្រែក​ចូល​កិច្ច​ការ​នគរបាល​ និង​យោធា​ជា​ដើម។​ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI​ នា​គ្រា​នោះ​ដែល​បាន​ដក​ស្រង់​សម្ដី​លោក ​ផៃ ស៊ីផាន​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល។​

វិទ្យុ​បារាំង​ដែល​ផ្សាយ​ជា​ខេមរ​ភាសា​នេះ​ ក៏​បាន​រាយ​ការណ៍​បន្ថែម​ទៀត​ថា​ លោក​នាយក​រដ្ឋ​មន្ត្រី​នា​គ្រា​នោះ​ បាន​បង្ហាញ​ចេតនា​មិន​ចង់​បន្ត​អាណត្តិ​នៃ ​«ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់»​ ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ ​២០២៣​នោះ​ទេ។​

ប៉ុន្ដែ​ គោល​ជំហរ​របស់​លោក ​ហ៊ុន ​សែន ​ហាក់​ប្រែប្រួល​ ៦ខែ​ក្រោយ​មក​ពេល​ដែល​លោក​ចូល​រួម​សន្និបាត​មួយ​ កាល​ពី​ដំណាច់​ខែ​ធ្នូ​ ឆ្នាំ​២០១៩​ របស់​ឧត្តម​ក្រុម​ប្រឹក្សា​នេះ​ ដោយ​លោក​បានសរសើរ​ស្ថាប័ន​នេះ​ថា​បំពេញ​តួនាទី​ល្អ​ជាង​រដ្ឋ​សភា ​ដែល​មាន​បក្ស​ជំទាស់​ទៅ​ទៀត​ ហើយ​លោក​ថា​ចង់​បន្ត​អាណត្តិ​ស្ថាប័ន​នេះ​ ក្រោយ​ឆ្នាំ​២០២៣​ តទៅ​មុខ​ទៀត។​

«ខ្ញុំ​សុខ​ចិត្ត​ទទួល​យក​យោបល់​នៃ​គណបក្ស​នយោបាយ ​ដែល​មាន​យោបល់​ខុស​គ្នា​ មាន​ចំណុច​ខុស​គ្នា​ប្រសើរ​ ជា​ជាង​ទទួល​បទ​បញ្ជា​ពី​បរទេស​ឲ្យ​យើង​ធ្វើ​នេះ ​ឬ​ធ្វើ​នោះ»។​

លោក​ ហ៊ុន សែន ​បាន​បន្ថែម​នៅ​អង្គ​សន្និសីទ​ដដែល​ ដោយ​បញ្ជាក់​ពី​ឯករាជ្យ​ភាព​របស់​បក្ស​ជា​សមាជិក​ទាំង​អស់។​ លោក​ថា៖​ «បើ​ទោះ​បី​ថា​ស្ថាន​ភាព​ពហុបក្ស​មិន​មាន​នៅ​ក្នុង​សភា​ក៏​ប៉ុន្តែ​ស្ថានភាព​ពហុបក្ស​នេះ​បែរ​ជា​មក​កៀក​នឹង​ក្បាល​ម៉ាស៊ីន​នៃ​អង្គការ​និតី​ប្រតិបត្តិ​តែ​ម្តង។​ចំណុច​នេះ​បាន​ក្លាយ​ទៅ​ជា​វប្បធម៌​នៃ​កិច្ច​សហ​ប្រតិបត្តិការ​នៃ​បណ្តា​បក្ស​នយោបាយ​ដែល​វា​មិន​ចាំ​បាច់ ទាល់​តែ​ជេរ​ប្រទេច​ផ្តាសា​គ្នា​បាន​ហៅ​ថា​ជា​បក្ស​ប្រឆាំង​នោះ​ទេ»។​

គណបក្ស​សង្គ្រោះជាតិ បាន​អវត្តមានពីប្រទេស​កម្ពុជា​ក្រោយពីតុលាការ​រំលាយ​នៅ​ចុងឆ្នាំ ​២០១៧​ តាម​បណ្តឹង​របស់​គណបក្ស​ពីរ​ដែល​បច្ចុប្បន្ន​មាន​តួនាទី​នៅ​ក្នុង​ក្រុមប្រឹក្សា​នេះដែរ​នោះ ​គឺ​គណបក្ស​យុវជន​កម្ពុជា​ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ អតីត​គណ​បក្ស​ប្រឆាំង​នោះ​តែង​តែ​ផ្តោត​លើ​បញ្ហា​ពុក​រលួយ​ និង​បក្ស​ពួក​និយម​ក្នុង​ជួរ​រដ្ឋាភិបាល ​និង​តុលាការ​បញ្ហា​ជន​អន្តោ​ប្រវេសន៍ បញ្ហា​ព្រំដែន​ និង​ពលករ​ចំណាកស្រុក​ជាដើម។

រូបឯកសារ៖ ឯកឧត្តម សុន ឆ័យ ប្រធានក្រុមតំណាងរាស្រ្តគណបក្សជំទាស់ កំពុងថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គពិភាក្សានិងអនុម័តលើសេចក្តីស្នើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាកាលពីថ្ងៃអង្គារ ទី២០ មិថុនា ២០១៧ វិមានរដ្ឋសភា ទីក្រុងភ្នំពេញ។ (កាន់ វិច្ឆិកា/VOA)

លោក​ សុន ឆ័យ​ អតីត​សមាជិក​រដ្ឋសភា​ខាង​បក្ស​ជំទាស់​អស់​ ២៤​ឆ្នាំ ​មក​ទល់​នឹង​ឆ្នាំ​ ២០១៧​ បាន​លើក​ឡើង​ថា​ បើ​ចង់​បាន​ធាតុ​ចូល​ពិត​មែន​ រដ្ឋាភិបាល​គួរ​តែ​ប្រមែ​ប្រមូល​អ្នក​ជំនាញ​លើ​វិស័យ​នីមួយៗ​ពី​ស្ថាប័នរដ្ឋ ​ឯកជន​ និង​សង្គម​ស៊ីវិល​ មក​ធ្វើការ​ជាមួយ​ខ្លួន​ ដោយ​ឯករាជ្យ​ ជា​ជាង​បង្កើត​ស្ថាប័ន​នយោបាយ​ថ្មី​មួយ​នេះ។​

លោក​បាន​ប្រាប់​ VOA ​ថា៖​ «ការ​បង្កើត​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់​នេះ ​ខ្ញុំ​មិន​ដឹង​បង្កើត​ធ្វើ​អ្វី​ផង​ និយាយ​មែន​ទែន​ទៅ។​ នេះ​គ្រាន់​តែ​ជា​ការងារ​នយោបាយ​មួយ​ ដើម្បី​បន្លប់​ភាព​ពិត​ថា​ប្រទេស​កម្ពុជា​មិន​មាន​បក្ស​ប្រឆាំង និង​មាន​បក្ស​តែ​មួយ​នោះ​បាទ»។​

អតីត​អ្នក​តំណាង​រាស្ត្រ​រូប​នេះ​បាន​លើក​ឡើង​បន្ថែម​ថា ការ​អនុញ្ញាត​ឱ្យ​មាន​ «ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​យោបល់» ​ត្រួត​ពិនិត្យ​កិច្ចការ​រដ្ឋាភិបាល​នេះ ​កាន់​តែ​បន្ថយ​និង​បន្សាប​ប្រសិទ្ធ​ភាព​ និង​សកម្មភាព​ការងារ​របស់​រដ្ឋសភា​របស់​ជាតិដែល​មាន​ស្រាប់​ តែ​បច្ចុប្បន្ន​មាន​តែ​មួយ​គណបក្ ស​និង​មិន​ដែល​ឃើញ​ហ៊ាន​រិះ​គន់​រដ្ឋាភិបាល​មក​ពី​គណបក្ស​របស់​ខ្លួន​ទេ។

«ដើម្បី​ឱ្យ​វា​មាន​ការ​អនុវត្ត​លទ្ធិ​ប្រជា​ធិបតេយ្យ​ឱ្យ​បាន​ត្រឹម​ត្រូវ​ហ្នឹង ​គឺ​ត្រូវ​មាន​ Check​and​ Balance​ តុល្យភាព​នៃ​អំណាច ​គឺ​ទាល់​តែ​មាន​ការ​ព្រួយ​បារម្ភ​ ការ​កោត​ខ្លាច[សភា]ខ្លះ​ពី​នីតិ​ប្រតិបត្តិ។​ ដល់​តែ​រដ្ឋាភិបាល​ធ្វើអ្វី​តាម​តែ​ចិត្ត​ ដោយ​គ្មាន​បារម្ភ​ពី​នរណា ​ទោះ​បី​មាន​ក្រុម​តូច​មួយ​គ្រាន់​តែ​សួរ​នាំ​អី​បន្តិច​បន្តួច​ហ្នឹង​ ថា​ជា​ការ​បង្ហាញ​ពី​តម្លាភាព​ ពី​ការ​ទាមទារ​ឱ្យ​អនុវត្ត​ភាព​ត្រឹម​ត្រូវ​ ក្នុង​ការ​គ្រប់​គ្រង​ប្រទេស ​ដូច​ជា​មិន​ទាន់​ឃើញ​មាន​តាម​ក្រុម​ប្រឹក្សា​ពិគ្រោះ​យោបល់​នេះ​ទេ ​បាទ»។​

ម៉ូដែល​គំរូ​ស្រដៀង​គ្នា​នឹង «ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់» ​នេះ​ ធ្លាប់​មាន​ស្រដៀងៗ​គ្នា​ពី​មុន​មក​រួច​មក​ហើយ​ទាំង​នៅ​ក្រៅ​ស្រុក ​និង​នៅ​ក្នុង​ស្រុក។

ជាក់​ស្ដែង​ នៅ​ប្រទេស​ចិន​ សន្និសីទ​ពិគ្រោះ​យោបល់​នយោបាយ​ប្រជាជន​ចិន ​(CPPCC) ​ដែល​ជា​បណ្ដុំ​នៃ​បក្ស​នយោបាយ​ដែល​នៅ​បន្ត​មាន​វត្តមាន ​តែ​មិន​កាន់​អំណាច​បាន​ចង​បាច់​គ្នា​នៅ​ជុំវិញ​បក្ស​កុម្មុយនីស្ដ​ចិន​ ដែល​ជា​បក្ស​កាន់​អំណាច​តែ​មួយ​គត់​នៅ​ចិន​ដីគោក​ និង​បាន​ជួប​ប្រជុំ​រាល់​មួយ​ឆ្នាំ​ម្ដង​ក្នុង​វេទិកា​ទ្វេ​អង្គ​ (Two Sessions)​ ដ៏​ល្បី​ល្បាញ។​

អ្នកស្រី​បណ្ឌិត​ Astrid​Norén-Nilsson​ បាន​លើក​ឡើង​ថា ​រូប​មន្ត​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់​នេះ​ស្រដៀង​គ្នា ​នឹង​ចលនា​សង្គមរាស្ត្រ​និយម​ដឹកនាំ​ដោយ​អង្គ​ព្រះ​មហា​វីរ​ក្សត្រ​ នរោត្តម​ សីហនុ ​ដែល​បាន​ប្រមូល​បក្ស​នានា ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​ ១៩៥៥​ នឹង​ក្លាយ​ជា​ចលនា​នយោបាយ​រួម​មួយ ​ដឹកនាំ​ប្រទេស​និង​មាន​បក្ស​ស្នូល​មួយ​ នៅ​ចំ​កណ្ដាល​ជា​អ្នក​ដឹក​នាំ​អចិន្ត្រៃយ៍​លើ​មាគ៌ា​ប្រទេស។​

«វា​មាន​លទ្ធភាព​ដែរ​ថា​លោក​ ហ៊ុន សែន​ ដូច​គ្នា​នេះ​ផង​ដែរ ​មាន​ចក្ខុ​វិស័យ​ចង់​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ពេល​ណា​មួយ​គ្រប់​គ្រង​តំណែង​ជា​មហា​ចលនា​ធំ​មួយ​ ដែល​ឈរ​នៅ​ពី​លើ​នយោបាយ​ប្រកួត​ប្រជែង​[ច្រើន]​រវាង​គណ​បក្ស​នានា»។​

មាន​គណបក្ស​ចំនួន​បួន​ ដែល​ក្រោយ​មក​ប្រកាស​មិន​ចូល​រួម​ក្នុង ​«ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់» ​ក្នុង​នោះ​មាន​គណបក្សសម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​ គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​គណបក្ស​មាតុភូមិ​យើង​ និង​គណបក្ស​ខ្មែរ​ឈប់​ក្រ។​

លោក​ ឡឹក សុធា ​អគ្គ​លេខា​ធិការ​រង​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​ បាន​លើក​ឡើង​ថា​ បក្ស​របស់​លោក​មិន​ចូល​រួម​ក្នុង ​«ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់»​ ដោយ​សារ​តែ​ស្ថាប័ន​នេះ​ខ្វះ​ឯក​រាជ្យភាព​ ផ្នែក​ហិរញ្ញវត្ថុ​ និង​ផ្នែក​នយោបាយ​ ដោយ​សារ​តែ​ការ​ចាយ​វាយ​លុយ​កាក់​ត្រូវ​ចាត់​ចែង​ដោយ​ស្ថាប័ន​រដ្ឋាភិបាល​ គឺ​ទីស្ដី​ការ​គណៈ​រដ្ឋមន្ត្រី។​

«គ្រាន់​តែ​ការ​ធ្វើ​ការ​របស់​ឧត្តម​ក្រុម​ប្រឹក្សា​ហ្នឹង ​វា​ហាក់​មិន​ឯក​រាជ្ យ​គឺ​ត្រូវ​ធ្វើ​តាម​បន្ទាត់​នយោបាយ​របស់​រដ្ឋាភិបាល​ ដែល​មាន​គណបក្ស​ប្រជាជន​ជា​អ្នក​ដឹកនាំ​ ហើយ​ដែល​ទី​បំផុត​ទៅ ឧត្តម​ក្រុម​ប្រឹក្សា​អាច​ត្រូវ​បាន​មើល​ឃើញ​ថា ​គ្រាន់​តែ​ជា​យន្តការ​មួយ​ដើម្បី​ជួយ​ការពារ​អ្វី​ដែល​រដ្ឋា​ភិបាល​អនុវត្ត​កន្លង​មក​តែ​ប៉ុណ្ណោះ»។​

អគ្គលេខាធិការ​រង​និង​ជា​អ្នក​នាំ​ពាក្យ​នៃ​បក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​រូបនេះ​ បាន​លើក​ឡើង​អំពី​ការ​លំបាក​ផ្ដល់​ធាតុ​ចូល​ដល់​រដ្ឋាភិបាល​ ក្នុង​នាម​ជា​បក្ស​នៅ​ក្រៅ​ឧត្តម​ក្រុម​ប្រឹក្សា​ ដោយ​លោក​លើក​ឧទាហរណ៍​នៃ​ការណ៍​ដែល​បក្ស​របស់​លោក​ដាក់​ញ្ញត្តិ​ទៅ​កាន់​សភា​ជាតិ​ សុំ​ស្នើ​ការពារ​វត្តមាន​បឹង​តាមោក​ ជា​បឹង​ធម្មជាតិ​ នៅ​ប៉ែក​ពាយ័ព្យ​រាជធានី​ភ្នំពេញ ​តែ​ត្រូវ​បាន​បដិសេធ ​និង​ត្រូវ​បាន​ប្រាប់​ឱ្យ​បញ្ជូន​ធាតុ​ចូល​តាម​មធ្យោបាយ​នៃ ​«ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោបល់»។​

លោក គង់ ម៉ូនីកា ប្រធានគណបក្សឆន្ទៈខ្មែរ អំឡុងពេលផ្ដល់បទសម្ភាស នៅទីស្នាក់ការកណ្ដាលគណបក្ស ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ។ (អូន ឆេងប៉រ/VOA)

លោក​ គង់​ ម៉ូនីកា​ ប្រធាន​គណបក្ស​ឆន្ទៈខ្មែរ​ បាន​បន្ថែម​ថា​ លោក​ត្រូវ​រំឭក​ប្រាប់​អ្នក​គាំទ្រ​ជា​ប្រចាំ​ ថា​សមាជិក​ភាព​របស់​បក្ស​ឆន្ទៈ​ខ្មែរ​ក្នុង​ «ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់» ​មិន​មែន​ជាការ​ទៅ​រណែប​រណប​បក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ ហើយ​លោក​បរិយាយ​វេទិកា​ចម្រុះ​បក្ស​នេះ​ថា​ ហាក់​ដូច​ជា​ទីលាន​ហ្វឹក​ហាត់​សម្រាប់​បក្ស​ថ្មី​ថ្មោង​ ដូច​ជា​បក្ស​លោក​ ដើម្បី​ត្រៀម​លក្ខណៈ​អភិវឌ្ឍ​ពង្រីក​ខ្លួន​ទៅ​ថ្ងៃ​ក្រោយ។​

«យើង​ដូច​អ្នក​ធ្វើការ​ទូទៅ​អ៊ីចឹង។ ​ពេល​ដែល​យើង​ទៅ​ស្នើ​សុំ​ដាក់​ពាក្យ​ សុំ​ធ្វើ​ការងារ​គេ​ត្រូវ​ការ​ឱ្យ​យើង​មាន​បទ​ពិសោធន៍ ​ដើម្បី​គេ​អាច​ទទួល​យើង​ទៅ​ធ្វើ​ការងារ​បាន​ដូច្នេះ​ក្ នុង​ន័យ​នេះ​គណបក្ស​ឆន្ទៈខ្មែរ​ក៏​អត់​ខុស​គ្នា​ដែរ​ យើង​ជា​អ្នក​នយោបាយ​បន្ត​វេន​ ជា​អ្នក​នយោបាយ​វ័យ​ក្មេង​ស្រករ​ក្រោយ។ ចំណេះ​ដឹង​យើង​មាន​ ហើយ​តែ​ត្រូវ​ការ​បទ​ពិសោធន៍»។

ងាក​ទៅ​លោក​ សុខ សុវណ្ណវឌ្ឍនា​សាប៊ុង​ ដែល​បាន​អះអាង​អំពី​ឯករាជ្យ​ភាព​នៃ​បក្ស​ខ្មែរ​ក្រោក​ បាន​បញ្ជាក់​ពីការ​ធ្វើការ​យ៉ាង​សកម្ម​ក្នុង​ «ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់»។​

«ឧត្តម​ក្រុម​ប្រឹក្សា​គិត​ថា​ យើង​ធ្វើការ​ដើម្បី​បម្រើ​ប្រជាជាតិ​ដូច​គ្នា​ ហើយ​ប្រជាជន​យើង​ទាំង​អស់​គ្នា​គ្រាន់​តែ​ឈរ​នៅលើ​ជ្រុង​មួយ​ខុសៗ​គ្នា។​ ហើយ​ស្មារតី​ក្នុង​ការ​ដែល​ខ្ញុំ​សម្រេច​ចេញ​មក​ធ្វើ​នយោបាយ​ គឺ​ដោយ​សារ​តែ​ខ្ញុំ​ចង់​បង្កើត​ភាព​ជាគម្រូ​មួយ​ថ្មី​ប្រឆាំង ​បើ​សិន​ជា​អ្នក​ខុស​ តែ​ឱ្យ​ខ្ញុំ​ប្រឆាំង​យ៉ាង​ម៉េច ​បើ​សិន​ជា​គេ​ត្រូវ»។

តើ​បណ្ដា​បក្ស​ជា​សមាជិក​ «ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់»​ មាន​ប្រសិទ្ធ​ភាព​ ឬ​ក៏​មាន​សន្ទុះ​យ៉ាងណា ក្នុង​ការ​ប្រមូល​យក​សំឡេង​អ្នក​គាំទ្រ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​រំលាយ​ទៅ​បាត់​នោះ​ ​ លោក ​សុន​ ឆ័យ ​ដែល​ស្ថិត​ក្នុង​ចំណោម​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​ជាប់​បម្រាម​ធ្វើ​នយោបាយ​រយៈ​ពេល​ប្រាំ​ឆ្នាំ​រ ហូត​ទៅ​ចប់​នៅ​ឆ្នាំ​ ២០២២​ ខាង​មុខ​ បានលើក​ឡើង​ថា៖​«ពេល​វេលា​នឹង​បង្ហាញ»៕