ការប៉ះទង្គិចតាមព្រំដែនរវាងកងទ័ពថៃនិងកម្ពុជាបានផ្ទុះជាថ្មីនាថ្ងៃអាទិត្យនៅជិតប្រាសាទព្រះវិហារដែលបានសាងសង់តាំងពីសតវត្សរ៍ទី១១ ដែលជាការបញ្ចប់នូវការយល់ព្រមឈប់បាញ់គ្នាក្រោយពីមានការប្រយុទ្ធកាលពីថ្ងៃសុក្រនិងថ្ងៃសៅរ៍កន្លងមកនេះនិងបានសម្លាប់មនុស្សអស់យ៉ាងហោចណាស់៥នាក់ដែរ។
ប្រទេសទាំងពីរបានបញ្ជាក់អះអាងថាមានការវាយប្រយុទ្ធគ្នាជាថ្មីនៅតំបន់ភ្នំទ្រព្យដែលជាតំបន់មួយនៅចម្ងាយប្រហែលបីគីឡូម៉ែត្រពីប្រាសាទព្រះវិហារដែលនៅជាប់ព្រំដែន។ ប្រាសាទព្រះវិហារជាទីតាំងដែលបានចុះបញ្ជីជាបេតិកភ័ណ្ឌពិភពលោករបស់អង្គការសហប្រជាជាតិហើយតុលាការអន្តរជាតិសម្រេចថាជាកម្មសិទ្ធិរបស់ប្រទេសកម្ពុជាបើទោះបីជាមានការជំទាស់ពីជនជាតិថៃជាច្រើនក៏ដោយ។
នៅមិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗអំពីចំនួនអ្នកដែលរងគ្រោះថ្នាក់នៅឡើយទេ។ ការវាយប្រហារនេះកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយពីនាយករដ្ឋមន្រ្តីថៃអាភីស៊ីតវិចាជីវ៉ា បានអំពាវនាវឱ្យមានដំណោះស្រាយជម្លោះនេះដោយសន្តិវិធី។ កាលពីថ្ងៃសៅរ៍មានសមាជិកនៃក្រុមសម្ព័ន្ធប្រជាពលរដ្ឋដើម្បីលទ្ធិប្រជាធិបតេយ្យរបស់ថៃចំនួនប្រហែល២.០០០នាក់បានជួបជុំនៅទីក្រុងបាងកកដើម្បីទាមទារឱ្យលោកនាយករដ្ឋមន្រ្តីប្រកាន់យកជំហរតឹងរ៉ឹងជាងមុន។
នៅប្រទេសកម្ពុជានាល្ងាចថ្ងៃអាទិត្យនេះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើលិខិតបន្ទាន់មួយទៅប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិដោយស្នើឱ្យកោះប្រជុំក្រុមប្រឹក្សានេះ។ លិខិតនេះជាការបន្ថែមទៅនឹងលិខិតកាលពីថ្ងៃសៅរ៍របស់លោក ហោ ណាំហុង រដ្ឋមន្រ្តីការបរទេសតវ៉ាទៅអង្គការសហប្រជាជាតិអំពីអ្វីដែលលោកហៅ ថាជា«ការឈ្លានពានម្តងហើយម្តងទៀត»ដោយកងទ័ពថៃ។
សាលក្រមតុលាការពិភពលោកឆ្នាំ១៩៦២បានប្រគល់ប្រាសាទព្រះវិហារឱ្យទៅប្រទេសកម្ពុជាបើទោះបីជាច្រកចូលធំស្ថិតនៅក្នុងទឹកដីថៃ។ សាលក្រមនោះមិនបានសម្រេចទៅលើកម្មសិទ្ធិនៃដីដែលនៅជុំវិញប្រាសាទនោះទេ។