សៀវភៅ ​«នៅក្រោមស្រមោលនាគ»​ បង្ហាញ​ពី​ការ​ពង្រីក​អំណាច​ចិន​នៅ​អាស៊ាន

រូបលោក Sebastian Strangio អតីតអ្នកសារព័ត៌មាន និងអ្នកនិពន្ធសៀវភៅ ជាមួយនឹងរូបគម្របសៀវភៅថ្មីរបស់លោកដែលមានចំណងជើងថា 'In the Dragon's Shadow' ឬបកប្រែជាភាសាខ្មែរថា «នៅក្រោមស្រមោលនាគ»។

រដ្ឋធានីវ៉ាស៊ីនតោន — កំណត់និពន្ធ៖ សៀវភៅ​ថ្មី​ដែល​មាន​ចំណង​ជើង​ថា​ In the Dragon's Shadow ឬបកប្រែជាភាសាខ្មែរថា «នៅក្រោម​ស្រមោល​នាគ» ​របស់​អ្នកសារព័ត៌មាន​ជើង​ចាស់​លោក Sebastian Strangio​ បាន​ពិនិត្យ​មើល​លើ​ការងើប​ឡើង​វិញ​នៃ​មហា​អំណាច​ចិន ​និង​ការខិតខំ​ពង្រីក​ឥទ្ធិពល​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ដែល​ជា​តំបន់​មួយ​មាន​ការប្រឆាំង​តិចតួច។​ បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​ ខិតខំ​ឆក់​យក​ឱកាស​ទទួល​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ពី​ការវិនិយោគ​ដ៏មហាសាល​របស់​ចិន​ ហើយ​ទន្ទឹម​គ្នា​នេះ​ដែរ ​ក៏ខិតខំ​ប្រឹងប្រែង​រក្សា​អធិបតេយ្យ​ភាព​របស់​ខ្លួន។ ពួកគេ​ក៏​មិន​ចង់​ធ្លាក់​ចូល​នៅ​ក្នុង​ប៉ូល​ណា​មួយ​នៃ​មហា​អំណាច​ចិន​ និង​សហរដ្ឋ​អាមេរិក​ផងដែរ។ សៀវភៅ «នៅក្រោម​ស្រមោល​នាគ»​ បាន​ចេញ​ផ្សាយ​នៅ​សហរដ្ឋ​អាមេរិក​ នៅថ្ងៃ​ទី២២ ​ខែកញ្ញា​នេះ។ លោក​ ម៉ែន គឹមសេង ​នៃវីអូអេ​ បាន​សម្ភាស​លោក​ Sebastian Strangio ​នៅ​មុន​សៀវភៅ​នេះ​ បាន​ចេញផ្សាយ​ ដែល​មាន​ខ្លឹមសារ​ដូចខាងក្រោម​នេះ។

Your browser doesn’t support HTML5

បទសម្ភាសន៍ VOA៖ សៀវភៅ​«នៅក្រោមស្រមោលនាគ»​បង្ហាញ​ពី​ការពង្រីក​អំណាច​ចិន​នៅ​អាស៊ាន


VOA: សៀវភៅ​ថ្មី​របស់​លោក​ដែល​មាន​ចំណងជើង ​ In the Dragon's Shadow ឬបកប្រែជាភាសាខ្មែរថា «នៅក្រោម​ស្រមោល​នាគ»។ សៀវភៅ​នេះ ​បង្ហាញ​ពី​ការ​ងើប​ឡើង​របស់​ចិន​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ​និង​របៀប​ដែល​ចិន​ទាក់ទង​ជាមួយ​នឹង​ប្រទេស​ផ្សេងៗ ដោយប្រើគោលនយោបាយ​សេដ្ឋកិច្ច​របស់​ខ្លួន។ ខ្ញុំ​បាន​អាន​អត្ថបទ​សង្ខេប និង​ពីរបី​ជំពូក ​ដែល​ពិត​ជា​គួរ​ឱ្យ​ចាប់អារម្មណ៍​ណាស់​ សម្រាប់​អ្នក​ជំនាញ អ្នក​វិទ្យាសាស្ត្រ​នយោបាយ និង​អ្នក​ស្រាវជ្រាវ។ តើ​លោក​អាច​ប្រាប់​បន្ថែម​បាន​ទេ​ថា តើ​ការ​ងើប​ឡើង​របស់​ចិន​មាន​ផលប៉ះពាល់​អ្វី​ខ្លះ​ទៅ​លើ​តំបន់​អាស៊ីអាគ្នេយ៍?

Sebastian: ផលប៉ះពាល់​របស់​ចិន​នៅ​ទូទាំង​តំបន់ ​គឺ​មាន​ច្រើន​ខ្លាំង​ណាស់ ដែល​មាន​នៅ​ក្នុង​គ្រប់​ផ្នែក​ទាំង​អស់។ ខ្ញុំ​ចង់​និយាយ​ថា អ្វីៗ​គ្រប់​យ៉ាង រាប់​ចាប់​ពី​ពាណិជ្ជកម្ម និង​ការ​វិនិយោគទុនពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ដឹកនាំ​ដោយ​រដ្ឋ រហូត​ដល់​ការ​ធ្វើ​អន្តោប្រវេសន៍​របស់​កម្មករ​ចិន​និង​ទេសចរណ៍ ​ដែល​ចិន​បាន​នាំ​មក​ក្នុង​តំបន់​នេះ។ នៅ​ក្នុង​គ្រប់​ផ្នែក​ទាំង​អស់ យើង​ឃើញ​ថា ចិន​កាលពី​ប៉ុន្មាន​ទសវត្សរ៍​មុន​ បាន​វិវត្ត​ខ្លួន​ពី​អ្នក​ដើរ​តួ​កម្រិត​កណ្តាល ​រហូត​ដល់​មាន​វត្តមាន​សេដ្ឋកិច្ច​គ្របដណ្តប់​ខ្លាំង​បំផុត​នៅ​ក្នុង​តំបន់​នេះ។


VOA: លោកបានបែងចែកសៀវភៅរបស់លោកទៅជាជំពូកអំពីប្រទេសនីមួយៗ ដូចជាវៀតណាម ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន កម្ពុជា និងឡាវ។ ការធ្វើបែបនេះធ្វើឱ្យមានភាពងាយស្រួលក្នុងការអាន និងកាន់តែគួរឱ្យចាប់អារម្មណ៍។ បើនិយាយពីកម្ពុជា តើកម្ពុជាដើរតួអ្វីខ្លះនៅក្នុងកិច្ចប្រឹងប្រែងរបស់ចិនក្នុងការគ្របដណ្តប់តំបន់នេះ?

Sebastian: ប្រទេស​កម្ពុជា​ជា​សម្ព័ន្ធមិត្ត​ដ៏​មាន​ប្រយោជន៍​មួយ​ សម្រាប់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ កម្ពុជា​រីករាយ​នឹង​គាំទ្រ​អំណាច​ចិន។ ​នេះ​ជា​ប្រយោជន៍​មួយ ដែល​យើង​ទាំង​អស់​បាន​ចងចាំ​ពី​កិច្ចប្រជុំ​អាស៊ាន​ នៅ​ក្នុង​ឆ្នាំ ២០១២​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ នៅ​ពេល​ដែល​គណៈប្រតិភូ​កម្ពុជា ​អាច​រារាំង​មិន​ឱ្យ​ចេញ​សេចក្តីថ្លែងការណ៍ ​ដែល​មាន​ពាក្យ​ពេចន៍​មិន​សូវ​ល្អ​អំពី​សមុទ្រ​ចិន​ខាង​ត្បូង និង​ជម្លោះ​ច្បាស់ៗ​រវាង​ចិន និង​ហ្វីលីពីន​ នៅ​ពេល​នោះ​ទៅ​លើ​កោះ Scarborough Shoal។

សម្រាប់​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍ ប្រទេស​ទាំង​នោះ​មាន​បញ្ហា​ប្រឈម​ដូច​គ្នា នោះ​គឺ​សាកល្បង​ទទួល​យក​ប្រយោជន៍​ពី​ការ​លេច​ឡើង​ជា​ថ្មី​នៃ​សេដ្ឋកិច្ច​ចិន និង​អ្វី​ដែល​ចិន​កំពុង​ផ្តល់​ឱ្យ​ដល់​តំបន់​នៅ​ក្នុង​ពិភពលោក​ ពាក់ព័ន្ធ​នឹង​គម្រោង BRI និង​មូលនិធិ​សម្រាប់​ការ​សាងសង់​ហេដ្ឋា​រចនាសម្ព័ន្ធ​ និង​អ្វី​ផ្សេងៗ​ទៀត»។

ប្រទេស​កម្ពុជា​ជា​ប្រទេស​មាន​ប្រយោជន៍​ក្នុង​ការ​គាំទ្រប្រទេស​ចិន​ នៅ​ក្នុង​អាស៊ាន និង​រារាំង​និន្នាការ​ប្រឆាំង​ចិន​ណា​មួយ ឬ​អ្វី​ដែល​ខ្លួន​យល់​ថា​ជា​សំឡេង​រួម​តែ​មួយ​ប្រឆាំង​នឹង​ចិន​ មិន​ឱ្យ​កើត​មាន​ឡើង។ ក៏​មាន​ពាក្យ​ចចាមអារ៉ាម​ផង​ដែរ​ថា នៅ​ថ្ងៃណាមួយ ប្រទេស​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​យក​វត្តមាន​យោធា និង​កងទ័ព​ជើង​ទឹក​ចិន ដែល​ការណ៍​នេះ​ក៏​មាន​ប្រយោជន៍​ជា​សក្តានុពល​សម្រាប់​ចិន​ផង​ដែរ ដោយសារ​តែ​វា​អាច​ធ្វើ​ជា​មូលដ្ឋាន​ផ្គត់ផ្គង់​មួយ​នៅ​ម្ខាង​ទៀត​នៃ​សមុទ្រ​ចិន​ខាង​ត្បូង​ ដែល​មាន​ជម្លោះ ទោះ​ជា​ព័ត៌មាន​លម្អិត​ជាច្រើន​អំពី​កិច្ចព្រមព្រៀង​នេះ​នៅ​តែ​ស្ថិត​ជា​អាថ៌កំបាំង​ក្តី។


VOA: ប្រទេសចិនកំពុងប្រើប្រាស់គម្រោងផ្លូវក្រវ៉ាត់ពាណិជ្ជកម្មរបស់ចិន ឬហៅកាត់ថា BRI ដែលត្រូវបានគេស្គាល់ជាទូទៅ ដើម្បីបើកច្រកទ្វារនៅក្នុងតំបន់និងផ្នែកផ្សេងទៀតនៃពិភពលោក។ តើគម្រោងនេះជួយជំរុញសេដ្ឋកិច្ចថ្នាក់តំបន់ និងការគ្របដណ្តប់ និងឥទ្ធិពលរបស់ចិនបានកម្រិតណា?

Sebastian៖ គម្រោង​អភិវឌ្ឍន៍​ហេដ្ឋរចនាសម្ព័ន្ធ​គ្រប់គ្រង​ដោយ​រដ្ឋ​ចិន ​អាច​យ៉ាង​ហោច​ណាស់​ជួយ​ដល់​សក្តានុពល​ សម្រាប់​ការ​ផ្លាស់ប្តូរ​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​ ដូច​នៅ​ក្នុង​ប្រទេស​ចិន​ដែរ។ ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​បង្កើត​បាន​ជា​ឆ្អឹង​ខ្នង​ចំពោះ​ប្រទេស​កំពុង​អភិវឌ្ឍន៍ ជាពិសេស​គឺ​ប្រទេស​ក្រីក្រ​នៅ​ក្នុង​តំបន់។

ជា​ការ​អនុវត្ត វា​មាន​ភាព​រញ៉េរញ៉ៃ​ខ្លាំង។ គម្រោង​ចិន​មាន​ផលប៉ះពាល់​អវិជ្ជមាន​ច្រើន រួម​ទាំង​ការ​បណ្តេញ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ចេញ​ពី​ផ្ទះ​ ដើម្បី​បើក​ផ្លូវ​ឱ្យ​គម្រោង​ទំនប់​វារីអគ្គិសនី​ផង​ដែរ។ ផល​ប៉ះពាល់​នៃ​គម្រោង​ ដូចជា​ទំនប់​វារីអគ្គិសនី​ទៅ​លើ​បរិស្ថាន លំហូរ​យ៉ាង​គំហុក​នៃ​កម្មករ​ចិន​ដែល​មក​ធ្វើ​ការ​ក្នុង​គម្រោង​ទាំង​នោះ ដែល​ជា​លក្ខខណ្ឌ​ដ៏​សំខាន់​មួយ ដែល​ចិន​តែងតែ​ភ្ជាប់​ជាមួយ​នឹង​គម្រោង BRI។ ក្តីបារម្ភ​អំពី​បំណុល​អំពី​ការ​ជំពាក់​បំណុល​ច្រើន​ហួសហេតុ​ជាមួយ​នឹង​ធនាគារ​រដ្ឋ​ចិន និង​ជា​លទ្ធផល វា​ក្លាយ​ទៅ​ជា​ពឹងផ្អែក​ហួសហេតុ​លើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

សម្រាប់​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍ ប្រទេស​ទាំង​នោះ​មាន​បញ្ហា​ប្រឈម​ដូច​គ្នា នោះ​គឺ​សាកល្បង​ទទួល​យក​ប្រយោជន៍​ពី​ការ​លេច​ឡើង​ជា​ថ្មី​នៃ​សេដ្ឋកិច្ច​ចិន និង​អ្វី​ដែល​ចិន​កំពុង​ផ្តល់​ឱ្យ​ដល់​តំបន់​នៅ​ក្នុង​ពិភពលោក​ ពាក់ព័ន្ធ​នឹង​គម្រោង BRI និង​មូលនិធិ​សម្រាប់​ការ​សាងសង់​ហេដ្ឋា​រចនាសម្ព័ន្ធ​ និង​អ្វី​ផ្សេងៗ​ទៀត។ ស្រប​ពេល​ជាមួយ​គ្នា​ធានា​ឱ្យ​បាន​ថា ពួកគេ​ការពារ​អធិបតេយ្យ​ភាព​របស់​ពួកគេ ​និង​មិន​ទទួល​យក​ការ​ទាមទារ​ជា​កម្មសិទ្ធិ​ណា​មួយ​របស់​ចិន ហើយ​វា​ជា​សកម្មភាព​ខ្លាំងក្លា​មួយ។

យើង​បាន​ឃើញ​ប្រទេស​ជាច្រើន​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​នៃ​គម្រោង BRI ឬ​ការ​ចរចា​ឡើង​វិញ។ ខ្ញុំ​គិត​ថា អ្វី​ដែល​យើង​បាន​ឃើញ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា និង​ម៉ាឡេស៊ី​ ទី​ដែល​កិច្ចព្រមព្រៀង​សំខាន់ៗ​ត្រូវ​បាន​លុបចោល ឬ​ចរចា​ឡើង​វិញ​ គឺ​ថា​រដ្ឋ​នៅ​អាស៊ីអាគ្នេយ៍​តាម​ពិត​ទៅ​មិន​មាន​កិច្ចព្រមព្រៀង​ និង​របៀប​ក្នុង​ការ​ចូលរួម​ជាមួយ​នឹង​គម្រោង BRI ដែល​ជា​គំនិត​ផ្តួចផ្តើម​មួយ​ទៀត​របស់​ចិន ដែល​មាន​ភាព​ស្មើ​គ្នានោះ​ទេ។

អ្វី​ម្យ៉ាង​ដែល​រដ្ឋាភិបាល​នៅ​អាស៊ីអាគ្នេយ៍​ទាំង​អស់​មាន​ដូច​គ្នា ​គឺ​ថា ពួកគេ​ទទួល​ស្គាល់​ថា ប្រទេស​ចិន​ គឺ​ជា​វត្តមាន​ពិត​ប្រាកដ​បែប​ភូមិសាស្ត្រ​នៅ​ក្នុង​តំបន់​របស់​ពួកគេ។ សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​មាន​ការ​ទាក់ទិន​គ្នា​យ៉ាង​ខ្លាំង»។

ក្នុង​ន័យ​មួយ​បែប ជា​ជាង​ធ្វើ​ជា​ជនរងគ្រោះ​នៃ​គម្រោង ​BRI អ្វី​ដែល​យើង​កំពុង​មើល​ឃើញ​គឺ​ថា ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​មួយ​ចំនួន​កំពុង​ចាប់ផ្តើម​ទទួល​យក​ក្នុង​កម្រិត​ជាក់លាក់​មួយ ដែល​ខ្ញុំ​គិត​ថា ភាគច្រើន​ គឺ​ផ្អែក​លើ​គុណភាព​នៃ​ការ​ដឹកនាំ​នៅ​ក្នុង​ប្រទេស​អាស៊ី​អាគ្នេយ៍​ ចំពោះ​អ្វី​ដែល​ស្ថិត​នៅ​លើ​ជញ្ជីង​តុល្យភាព​នៃ​ផលប៉ះពាល់​ចុង​ក្រោយ​នៃ​កំណើន​វិនិយោគ​របស់​ចិន​នេះ។​

VOA: តើ​យុទ្ធសាស្ត្រ​ឥណ្ឌូប៉ាស៊ីហ្វិក​របស់​រដ្ឋបាល​លោក ​ត្រាំ​ មាន​ប្រសិទ្ធភាព​កម្រិត​ណា ​ក្នុង​ការ​ធានា​ដល់​សម្ព័ន្ធមិត្ត​នៅ​ក្នុង​តំបន់ ក៏​ដូចជា​ទប់ទល់នឹង​គម្រោង BRI របស់​ចិន?

Sebastian៖ គោលនយោបាយ​របស់​រដ្ឋបាល​លោក​ ត្រាំ ​ចំពោះ​ចិន ដែល​កំណត់​ដល់​គោល​នយោបាយ​របស់​ខ្លួន​ចំពោះ​តំបន់​អាស៊ីអាគ្នេយ៍​ គឺ​ជា​រឿង​ដែល​ពិបាក​នឹង​យល់។

នៅ​ផ្នែក​ម្ខាង លោក​រដ្ឋមន្ត្រី Pompeo និយាយ​ពី​ពាក្យពេចន៍​មនោគមវិជ្ជា​អាក្រក់​អំពី​សង្គ្រាម​ត្រជាក់​រវាង​ពិភពលោក​សេរី​និង​ចិន​កុម្មុយនិស្ត​ ហើយ​ច្បាស់​ណាស់​ថា នេះ​ជា​សមរភូមិ​នៃ​គុណ​តម្លៃ​ជាមួយ​នឹង​ចិន និង​ជា​អ្វី​ដែល​យើង​ត្រូវ​រួម​គ្នា​ជាមួយ​នឹង​សម្ព័ន្ធមិត្ត​របស់​យើង។

នៅ​ម្ខាង​ទៀត លោក​ប្រធានាធិបតី​ ត្រាំ ដែល​ជា​រឿយៗ​មិនត្រឹមតែធ្វើ​ការ​ជាមួយ​នឹង​ជន​ផ្តាច់ការទេប៉ុន្តែ​ថែមទាំង​បាន​សរសើរ​ដល់​វិធីសាស្ត្រ​របស់​ពួកគេ។ លោក​បាន​និយាយ​ថា លោក​គាំទ្រ​អ្វី​ដែល​រដ្ឋាភិបាល​ចិន​កំពុង​តែ​ធ្វើ​នៅ​ក្នុង​ខេត្ត Xinjiang ចំពោះ​ជនជាតិ​វីហ្គ័រ អ៊ីចឹង​វា​មាន​ភាព​មិន​ស៊ី​គ្នា​រវាង​វោហាសាស្ត្រ​ផ្នែក​មនោគមវិជ្ជា និង​នយោបាយ​ការទូត​ឥត​អៀនខ្មាស​របស់​លោក​ប្រធានាធិបតី និង​មន្ត្រី​មួយ​ចំនួន​ផ្សេង​ទៀត។ ដូច្នេះ វា​ពិបាក​នឹង​ដឹង​ឱ្យ​បាន​ច្បាស់​ណាស់។

ខ្ញុំ​គិត​ថា រដ្ឋាភិបាល​នៅ​អាស៊ី​អាគ្នេយ៍​ជាច្រើន​នៅ​តែ​មាន​ការ​ភ័ន្តច្រឡំ​ថា​ តើ​យុទ្ធសាស្ត្រ​ឥណ្ឌូប៉ាស៊ីហ្វិក​មាន​ន័យ​យ៉ាង​ដូចម្តេច។ ខ្ញុំ​គិត​ថា ពួកគេ​ច្បាស់​ណាស់​គាំទ្រ​ការ​វិនិយោគ​របស់​សហរដ្ឋអាមេរិក​ដែល​ខ្លាំងក្លា​ជាង​មុន ​នៅ​ក្នុង​តំបន់​ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង និង​ភាព​ជា​ដៃគូ​របស់​ខ្លួន។ ប៉ុន្តែ​ពួកគេ​ក៏​បារម្ភ​ពី​ការ​ទាញ​ចូល ​និង​មាន​ការ​ស្ទាក់ស្ទើរ​យ៉ាង​ខ្លាំង​ ចំពោះ​ការ​ទាញ​ចូល​ទៅ​ក្នុង​សម្ព័ន្ធ​ណា​មួយ​ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​ដែល​មាន​បំណង​ទប់ទល់​នឹង​អំណាច​ចិន​ មិន​ថា​បំណង​នោះ​ត្រូវ​បាន​បង្ហាញ​ច្បាស់ៗ ឬ​ក៏​អត់​នោះ​ទេ។

អ្វី​ម្យ៉ាង​ដែល​រដ្ឋាភិបាល​នៅ​អាស៊ីអាគ្នេយ៍​ទាំង​អស់​មាន​ដូច​គ្នា ​គឺ​ថា ពួកគេ​ទទួល​ស្គាល់​ថា ប្រទេស​ចិន​ គឺ​ជា​វត្តមាន​ពិត​ប្រាកដ​បែប​ភូមិសាស្ត្រ​នៅ​ក្នុង​តំបន់​របស់​ពួកគេ។ សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​មាន​ការ​ទាក់ទិន​គ្នា​យ៉ាង​ខ្លាំង។ មិន​មាន​ប្រទេស​ណា​នៅ​ក្នុង​តំបន់​ចង់​ស្ថិត​ក្នុង​ជំហរ​ដែល​ពួកគេ​ត្រូវ​បែរ​ខ្នង​ដាក់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នោះ​ទេ ដូច្នេះ​នេះ​ជា​ប្រភព​នៃ​ការ​បារម្ភ​អំពី​យុទ្ធសាស្ត្រ​ថ្មី​របស់​សហរដ្ឋអាមេរិក ដែល​មាន​គោលដៅ​យ៉ាង​ខ្លាំង​ទៅ​លើ​ប្រទេស​ចិន និង​ត្រូវ​បាន​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​យល់​ថា ជា​ការ​ទប់ទល់​នឹង​សម្ព័ន្ធមិត្ត។

នេះ​ជា​របៀប​ដែល​ក្រុម​មន្ត្រី​អាមេរិក​មួយ​ចំនួន​ពណ៌នា​គោលនយោបាយ​អាមេរិកាំង​ចំពោះ​ចិន​ដោយ​ចំហរ​ឥឡូវ​នេះ។ ដូច្នេះ​ម្តង​ទៀត​នេះ​ក៏​ធ្វើ​ឱ្យ​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​ជាច្រើន​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​ពិបាក​ដែរ។

រូបឯកសារ៖ រដ្ឋមន្ត្រីការបរទេសអាស៊ានថតរូបជាមួយរដ្ឋមន្ត្រីការបរទេសចិន ក្នុងកិច្ចប្រជុំកំពូលរវាងរដ្ឋមន្ត្រីអាស៊ាននិងចិន នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៩។

VOA: វា​គួរ​ឱ្យ​ចាប់​អារម្មណ៍​ដោយសារ​តែ​សៀវភៅ​របស់​លោក​និយាយ​ថា ប្រទេស​នានា​កំពុង​ព្យាយាម​រស់នៅ​ក្រោម​ស្រមោល​នាគ ឬ​ចិន ដែល​ជា​រូបភាព​ថ្មី​មួយ។ លោក​បាន​ចាប់​ផ្តើម​សៀវភៅ​របស់​លោក​ដោយ​ពិពណ៌នា​ថា ​ប្រទេស​ហ្វីលីពីន​ស្វាគមន៍​អ្នក​ទេសចរ​ចិន​ ដែលបានជិះ​នាវា​កម្សាន្ត MS World Dream និង​ឆន្ទៈ​របស់​ពួកគេ​ក្នុង​ការ​ចាយ​ប្រាក់។ តើទេសចរ​ចិន​បាន​ជួយ​លើក​កម្ពស់​អំណាច​ជនជាតិ​ចិន​ក្នុង​កម្រិត​ណា? ខ្ញុំ​ចង់​និយាយ​ពី​អំណាច​ទន់ ឬ​ទំនាក់ទំនង​រវាង​ពលរដ្ឋ និង​ពលរដ្ឋ។

Sebastian: ខ្ញុំ​គិត​ថា ​វា​ជា​ដំណើរ​ដ៏​ពិបាក​មួយ។

រឿង​ទី១​ដែល​ត្រូវ​លើក​ឡើង​គឺ​ថា ទេសចរណ៍មិនមាន​ការ​វិវត្ត​ល្អនោះ​ទេ ដោយសារ​តែ​ជំងឺ​រាតត្បាត ប៉ុន្តែ​ដំណើរ​កម្សាន្ត​របស់​នាវា​ដែល​ខ្ញុំ​បាន​រៀបរាប់​នោះ​ បាន​ឈប់​មាន​សកម្មភាព​មួយ​រំពេច ដោយសារ​តែ​ជំងឺ​រាតត្បាត​នោះ។ នៅ​មុន​ពេល​មាន​ជំងឺ​រាតត្បាត​ទេសចរ​ចិន​ដែល​ធ្វើ​ដំណើរ​ទៅ​តំបន់​អាស៊ីអាគ្នេយ៍​ និង​ជនជាតិ​ចិន​នៅ​ក្រៅ​ប្រទេស​ ដែល​ធ្វើ​ដំណើរ​ជា​ទូទៅ​មាន​ចំនួន​មិន​ដែល​ធ្លាប់​មាន​ពី​មុន​មក។ ខ្ញុំ​ចង់​និយាយ​ថា នេះ​គ្រាន់​តែ​ចំនួន​អ្នក​ទេសចរ​ក្នុង​ប្រទេស​ថៃ​តែ​មួយ​ប៉ុណ្ណោះ កន្លែង​ដែល​ខ្ញុំ​ស្នាក់នៅ​ធ្វើ​ការ​ថ្មីៗ​នេះ ហើយ​ការណ៍​នេះ​គួរ​ឱ្យ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។

មាន​អ្នក​ទេសចរ​មក​ពី​ចិន​ចំនួន​ ១០ លាន​នាក់​នៅ​ក្នុង​ឆ្នាំ ២០១៨ ដែល​នេះ​ជា​ចំនួន​កើន​ពី​ប្រហែល​ជា​ ១ លាន​នាក់​ កាលពី ​៦ ​ឬ ៧ ឆ្នាំ​មុន។ ដូច្នេះ​ ចំនួន​ពលរដ្ឋ​ដែល​អាច​មាន​លទ្ធភាព​ធ្វើ​ដំណើរ​ក្នុង​សាកលលោក​ មាន​កំណើន​យ៉ាង​គំហុក។ តំបន់​អាស៊ីអាគ្នេយ៍​គឺ​ជា​តំបន់​ដែល​ទទួល​ស្វាគមន៍​ជនជាតិ​ចិន​យ៉ាង​កក់ក្តៅ​ ដូច​ទទួល​ស្វាគមន៍​ពួកយើង​ដែល​នៅ​លោក​ខាង​លិច​អ៊ីចឹង​ដែរ។

ពាក់ព័ន្ធ​នឹង​អំណាច​ទន់ ខ្ញុំ​គិត​ថា វិស័យ​ទេសចរណ៍​បង្កើត​ឱ្យ​មាន​បញ្ហា​ស្មុគស្មាញ​មួយ​ចំនួន។ ​ខ្ញុំ​គិត​ថា​ក្រុមទេសចរ​ចិន​យ៉ាង​ហោច​ណាស់​នៅ​ក្នុង​ដំណាក់កាល​ទេសចរណ៍​ក្រៅ​ប្រទេស​ដំបូង​បាន​ធ្វើ​ឱ្យ​មាន​ឈ្មោះ​មិន​ល្អ​ នៅ​ក្នុង​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​ជាច្រើន។ ខ្ញុំ​គិត​ថា មួយ​ផ្នែក​គឺ​ដោយសារ​តែ​អាកប្បកិរិយា​អាក្រក់​របស់​ពួកគេ។ មួយ​ផ្នែក​ទៀត​គឺ​ដោយសារ​តែ​បុរេវិនិច្ឆ័យ​ដ៏​ម៉ឺងម៉ាត់​របស់​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​មួយ​ចំនួន ដូច្នេះ​ខ្ញុំ​គិត​ថា​ វិស័យ​ទេសចរណ៍​បាន​បង្កើន​ទំនាក់ទំនង​រវាង​តំបន់​ទាំង​ពីរ ប៉ុន្តែ​ វា​មិន​មែន​ជា​រឿង​ល្អ​ពិតប្រាកដ​ក្នុង​ការ​លើក​កម្ពស់​អំណាច​ទន់​របស់​ចិន​ នៅ​ក្នុង​តំបន់​នោះ​ទេ។

ខណៈ​ដែល​កំណើន​សេដ្ឋកិច្ច​ចិន​បាន​ធ្វើ​ឱ្យ​ជនជាតិ​ភាគតិច​ចិន​ជាច្រើន​នៅ​អាស៊ីអាគ្នេយ៍​ទទួល​បាន​ផលប្រយោជន៍​ពី​ជំនួញ​ជាមួយ​នឹង​មាតុភូមិ​ខ្លួន​នោះ វា​ក៏​នាំ​ឱ្យ​មាន​បញ្ហា​ប្រឈម​នៅ​ក្នុង​ផ្នែក​វប្បធម៌​នេះ​ផង​ដែរ ដែល​ខ្លួន​ព្យាយាម​ធ្វើ​ឱ្យ​ពិបាក​មាន​ការ​បែងចែក ​ដូច​ដែល​ខ្ញុំ​បាន​រៀបរាប់​ខាង​លើ​ហើយ​វា​ធ្វើ​ឱ្យ​ជនជាតិ​ភាគតិច​នៅ​អាស៊ីអាគ្នេយ៍​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​ពិបាក​មួយ»។

ខ្ញុំ​គិត​ថា ការ​ណ៍​ដែល​ចំនួនទេសចរ​ចិន​នៅ​ក្នុង​តំបន់​កើន​ឡើង​មួយ​រំពេច​នេះ​បាន​បង្ក​ឱ្យ​មាន​ភាព​តានតឹង និង​ភាព​រកាំរកូស​ជាច្រើន។ នៅ​ពេល​ដែល​ជំងឺ​រាតត្បាត​ត្រូវ​បាន​បញ្ចប់ ហើយ​ចំនួន​នេះ​ចាប់​ផ្តើម​កើន​ឡើង​ម្តង​ទៀត ខ្ញុំ​គិត​ថា វា​ប្រហែល​ជា​មាន​ភាព​ធូរសា្រល​បន្តិច ហើយ​ខ្ញុំ​ក៏​គិត​ថា ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​នឹង​ចង់​ឱ្យ​ទេសចរ​ចិន​ត្រឡប់​មក​លេង​វិញ​ឆាប់ៗ​តាម​តែ​អាច​ធ្វើ​ទៅ​បាន​ ដើម្បី​ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​របស់​ពួកគេ​ត្រឡប់​មក​ភាព​ដើម​វិញ និង​ដំណើរការ​ឡើង​វិញ បន្ទាប់​ពីបិទ​សកម្មភាព​សង្គម​អស់​ជាច្រើន​ខែ។

VOA: សៀវភៅ​របស់​លោក​ក៏​និយាយ​អំពី​សហគមន៍​ចិន​នៅ​ក្រៅ​ប្រទេស និង​ចិន​កុម្មុយនិស្ត​ដែល​កំពុង​ព្យាយាម​ឱ្យ​ទទួល​បាន​ការ​គាំទ្រ​ពី​ពួកគេ ប៉ុន្តែ​ប្រឈម​មុខ​នឹង​ការ​ប្រឆាំងមួយ​ចំនួន។ តើ​លោក​អាច​ប្រាប់​ខ្ញុំ​បន្ថែម​ទៀត​អំពី​ចំណុច​នេះ​បាន​ទេ?

Sebastian: នេះ​ជា​បញ្ហា​ដ៏​ស្មុគស្មាញ​មួយ។ ខ្ញុំ​ចង់​និយាយ​ថា ជនជាតិ​ភាគតិច​ចិន​មាន​វត្តមាន​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​អស់​រយៈពេល​ជាច្រើន​សតវត្សរ៍​ហើយ។ ចលនា​នៃ​ការ​ធ្វើ​អន្តោប្រវេសន៍​ដ៏​សំខាន់​មួយ​មក​ពី​ចិន​ភាគ​ខាង​ត្បូង ​កើត​ឡើង​នៅ​ក្នុង​សតវត្សរ៍​ទី ១៩ នៅ​ពេល​ដែល​មនុស្ស​វ័យ​ក្មេង​រាប់​ពាន់​នាក់ ភាគច្រើន​គឺ​ជា​បុរស​វ័យ​ក្មេង ធ្វើ​ដំណើរ​ពី​ខេត្ត​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ចិន​ ដើម្បី​មក​ធ្វើ​ការ​នៅ​ចម្ការ​នានា​ក្នុង​ខេត្តជ្វា និងឥណ្ឌូចិន​ ក៏ដូចជា​ប្រទេស​ថៃ ដែល​ជា​ប្រទេស​ឯករាជ្យ​មួយ​ផង​ដែរ​នៅ​ពេល​នោះ។ ហើយ​ពួកគេ​ក៏​តាំង​ទីលំនៅ​នៅ​ទីនោះ។ ពួកគេ​ស្ថិត​នៅ​ក្នុង​កន្លែង​ផ្សេងៗ​គ្នា ហើយ​តែងតែ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អ្នក​ក្រៅ។

នៅ​ពេល​ចលនា​ជាតិ​និយម​ចិន​កើត​ឡើង​នៅ​ចុង​សតវត្សរ៍​ទី ១៩ និង​ដើម​សតវត្សរ៍​ទី ២០ ជន​អន្តោប្រវេសន៍​ចិន​ជាច្រើន​នៅ​អាស៊ីអាគ្នេយ៍​ បង្ហាញ​អត្តសញ្ញាណ​របស់​ពួកគេ​ភ្ជាប់​ជាមួយ​នឹង​មាតុភូមិ​របស់​ពួកគេ។ ពួកគេ​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធនៅ​ទីនោះ។ អ្នក​ខ្លះ​បាន​ចូលរួម​ក្នុង​ចលនា​នយោបាយ​ ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ចិន​នៅ​ពេល​នោះ ហើយ​អ្នក​ជាតិ​និយម​នៅ​អាស៊ីអាគ្នេយ៍​ជាច្រើន​ដែល​មាន​គំនិត​ជាតិ​និយម​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ​ក៏​បាន​កើន​ឡើង​ដែរ ហើយ​នៅ​ចំណុច​នេះ ពួកគេ​ចាប់​ផ្តើម​យល់​ថា ជនជាតិ​ចិន​មិន​មែន​ជា​ផ្នែក​មួយ​នៃ​សហគមន៍​របស់​ពួកគេ​ទៀត​នោះ​ទេ។ ពួកគេ​មិន​មាន​ភាព​ស្មោះត្រង់​ចំពោះ​រដ្ឋ​ថ្មី​នៃ​ប្រទេស​ឥណ្ឌូណេស៊ី ឬ​រដ្ឋ​ថ្មី​នៃ​ប្រទេស​ម៉ាឡេស៊ី ឬ​ថៃ​នោះ​ទេ ហើយ​ការ​ដែល​ត្រូវ​បាន​គេ​ទទួល​យក​ជា​សមាជិក​នៃ​សហគមន៍​ទាំង​នេះ ​គឺ​ជា​ដំណើរការ​ដ៏​ពិបាក និង​យូរ​យ៉ាង​ខ្លាំង។

នៅ​ក្នុង​សង្គ្រាម​ត្រជាក់ សហគមន៍​ទាំង​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​សសរ​ស្តម្ភ​ទី ៥​ សម្រាប់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដែល​ចិន​ព្យាយាម​ប្រើប្រាស់​ដើម្បី​សម្រេច​នូវ​គោលដៅ​បដិវត្តន៍​របស់​ខ្លួន​នៅ​អាស៊ី​អាគ្នេយ៍ ហើយ​ទើប​តែ​នៅ​ក្នុង​ទសវត្សរ៍​ ១៩៨០ និង ​១៩៩០​ តែ​ប៉ុណ្ណោះ​ដែល​សហគមន៍​ទាំង​នេះ​អាច​ដោះស្រាយ​បញ្ហា​នៃ​ការ​ភ័យ​ខ្លាច​នេះ ដោយសារ​តែ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​រវាង​ចិន និង​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍។

បញ្ហា​ដែល​ពិបាក​ឥឡូវ​នេះ​គឺ​ថា ការ​ទទួល​យក​សហគមន៍​ទាំង​នេះ​ទៅ​ក្នុង​សង្គម​មួយ​ក្នុង​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​ គឺ​ពឹងផ្អែក​លើ​ការ​បែងចែក​យ៉ាង​ម៉ឺងម៉ាត់​រវាង​ការ​ជាប់​ពាក់ព័ន្ធ​ផ្នែក​វប្បធម៌​ជាមួយ​នឹង​ចិន និង​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​នឹង​ប្រទេស​ចិន​ដែល​ពួកគេ​មាន និង​ភាព​ស្មោះត្រង់​ផ្នែក​នយោបាយ​ចំពោះ​ចិន។ ចំណុច​ទាំង​នេះ​ត្រូវ​តែ​ធ្វើ​ការ​បែងចែក​ឱ្យ​បាន​ច្បាស់​លាស់។ បញ្ហា​នៅ​ពេល​នេះ​ជាមួយ​នឹង​អ្វី​ដែល​រដ្ឋាភិបាល​ចិន​កំពុង​តែ​ធ្វើ​នោះ​គឺ​ថា ចិន​កំពុង​បង្កើន​ទំនាក់ទំនង​របស់​ខ្លួន​ទៅ​កាន់​សហគមន៍​ទាំង​នេះ។ រដ្ឋាភិបាល​ចិន​បាន​ពណ៌នា​ពួកគេ​ថា​ ជា​សមាជិក​នៃ​គ្រួសារ​ចិន​ដ៏​អស្ចារ្យ​មួយ។

ខ្ញុំ​គិត​ថា ខណៈ​ដែល​កំណើន​សេដ្ឋកិច្ច​ចិន​បាន​ធ្វើ​ឱ្យ​ជនជាតិ​ភាគតិច​ចិន​ជាច្រើន​នៅ​អាស៊ីអាគ្នេយ៍​ទទួល​បាន​ផលប្រយោជន៍​ពី​ជំនួញ​ជាមួយ​នឹង​មាតុភូមិ​ខ្លួន​នោះ វា​ក៏​នាំ​ឱ្យ​មាន​បញ្ហា​ប្រឈម​នៅ​ក្នុង​ផ្នែក​វប្បធម៌​នេះ​ផង​ដែរ ដែល​ខ្លួន​ព្យាយាម​ធ្វើ​ឱ្យ​ពិបាក​មាន​ការ​បែងចែក ​ដូច​ដែល​ខ្ញុំ​បាន​រៀបរាប់​ខាង​លើ​ហើយ​វា​ធ្វើ​ឱ្យ​ជនជាតិ​ភាគតិច​នៅ​អាស៊ីអាគ្នេយ៍​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​ពិបាក​មួយ»។

រដ្ឋាភិបាល​ចិន​ស្វាគមន៍​ពួកគេ​ឱ្យ​ចូលរួម​នៅ​ក្នុង​គម្រោង​ស្តារជាតិ​ឡើងវិញ ​ដែល​លោក​ប្រធានាធិបតី​ស៊ី ជីនពីង​ បាន​ធ្វើ​ជា​អាទិភាព​ចំពោះ​ការ​ដឹកនាំ​របស់​លោ ក​ចាប់តាំង​ពី​ពេល​លោក​កាន់​អំណាច​មក​នៅ​ក្នុង​ឆ្នាំ ២០១២ ហើយ​ចិន​កំពុង​តែ​ពង្រីក​ទំនាក់ទំនង​ជាមួយ​នឹង​សហគមន៍​ទាំង​នេះ។ ខ្ញុំ​គិត​ថា អ្វី​ដែល​គេ​កំពុង​ធ្វើ​ គឺ​ដើម្បី​លុប​ចោល​ការ​បែងចែក​ដ៏​សំខាន់​មួយ​រវាង​ការ​ជាប់​ទាក់ទង​ផ្នែក​ជាតិពន្ធុ និង​វប្បធម៌ និង​ភាព​ស្មោះត្រង់​ផ្នែក​នយោបាយ។

នេះ​នឹង​មាន​ផលប៉ះពាល់​សំខាន់​ចំនួន​ពីរ។ ផលប៉ះពាល់​ទី១​គឺ​ថា វា​នឹង​បង្កើត​ឱ្យ​មាន​ភាព​ស្មុគស្មាញ​យ៉ាង​ខ្លាំង​សម្រាប់​ចិន​ នៅ​ក្នុង​កិច្ចប្រឹងប្រែង​របស់​ខ្លួន​ដើម្បី​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅ​អាស៊ី​អាគ្នេយ៍។ នេះ​ជា​បញ្ហា​រសើប​ខ្លាំង​មួយ​សម្រាប់​រដ្ឋាភិបាល​នៅ​អាស៊ីអាគ្នេយ៍​ជាច្រើន​ ជាពិសេស​គឺ​ឥណ្ឌូណេស៊ី។ វា​ក៏​ជា​បញ្ហា​រសើប​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី និង​មីយ៉ាន់ម៉ា​ផង​ដែរ។

ទី២​គឺ​ថា វា​អាច​ធ្វើ​ឱ្យ​មាន​ការ​ភ័យ​ខ្លាច​ដល់​ជនជាតិ​ភាគតិច​ចិន​នៅ​ក្នុង​ប្រទេស​ទាំង​នេះ ដែល​ជារឿយៗប្រឈម​មុខ​នឹង​ការ​រើសអើង បុរេវិនិច្ឆ័យ និង​ជួនកាល​អំពើ​ហិង្សា។ នេះ​មិន​មែន​ជា​ការ​វិវត្ត​ដ៏​ល្អ​សម្រាប់​ពួកគេ​នោះ​ទេ។

ខ្ញុំ​គិត​ថា ខណៈ​ដែល​កំណើន​សេដ្ឋកិច្ច​ចិន​បាន​ធ្វើ​ឱ្យ​ជនជាតិ​ភាគតិច​ចិន​ជាច្រើន​នៅ​អាស៊ីអាគ្នេយ៍​ទទួល​បាន​ផលប្រយោជន៍​ពី​ជំនួញ​ជាមួយ​នឹង​មាតុភូមិ​ខ្លួន​នោះ វា​ក៏​នាំ​ឱ្យ​មាន​បញ្ហា​ប្រឈម​នៅ​ក្នុង​ផ្នែក​វប្បធម៌​នេះ​ផង​ដែរ ដែល​ខ្លួន​ព្យាយាម​ធ្វើ​ឱ្យ​ពិបាក​មាន​ការ​បែងចែក ​ដូច​ដែល​ខ្ញុំ​បាន​រៀបរាប់​ខាង​លើ​ហើយ​វា​ធ្វើ​ឱ្យ​ជនជាតិ​ភាគតិច​នៅ​អាស៊ីអាគ្នេយ៍​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​ពិបាក​មួយ។

រូបឯកសារ៖ ទេសចរចិនកំពុងឈរនិងអង្គុយនៅលើដងវិថីមួយក្នុងតំបន់ពាណិជ្ជកម្ម Ginza នៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៥។

VOA: ផ្នែក​មួយ​ទៀត​នៃ​ឥទ្ធិពល​ចិន​ដែល​ព្យាយាម​គ្របដណ្តប់​តំបន់​នេះ និង​ផ្នែក​ផ្សេង​ទៀត​នៅ​ក្នុង​ពិភពលោក​ គឺ​តាមរយៈ​អំណាច​ទន់​របស់​ខ្លួន ដោយ​ការ​ផ្តល់​អាហារូបករណ៍ ការ​ផ្តល់​ជំនួយ ដែល​សៀវភៅ​របស់​លោក​ក៏​បាន​និយាយ​អំពី​បញ្ហា​នេះ​ដែរ។ តើប្រតិកម្ម​របស់​សហគមន៍​ក្នុង​ស្រុក​នៅ​ទីនោះមានយ៉ាងណាខ្លះនៅ​ពេល​នេះ ដោយសារ​តែ​នៅ​សហរដ្ឋអាមេរិក យើង​ចាប់ផ្តើម​គិត​ឡើង​វិញ នៅ​ពេល​យើង​និយាយ​ពី​ស្ថាប័ន ឬ​មជ្ឈមណ្ឌល​វប្បធម៌​មួយ​ចំនួន​ដែល​ចិន​បាន​បង្កើត​ឡើង?

Sebastian: ខ្ញុំ​គិត​ថា សាធារណរដ្ឋ​ប្រជាមានិត​ចិន​និង​គណបក្ស​កុម្មុយនិស្ត​កាន់​អំណាច ​មិន​ដែល​យល់​អំពី​អំណាច​ទន់​នោះ​ទេ។ ខ្ញុំ​គិត​ថា ពួកគេ​បរាជ័យ​ក្នុង​ការ​ទទួល​ស្គាល់​ថា អំណាច​ទន់​មិន​មែន​ជា​អ្វី​ដែល​អាច​រៀប​ចំ​ទុក និង​អាច​បញ្ជា​ពី​ថ្នាក់​មជ្ឈិមមក​បាន​នោះ​ទេ។ វា​ជា​អ្វី​ម្យ៉ាង​ដែល​លេច​ឡើង​ចេញ​ពី​ក្នុង​សង្គម​មួយ ហើយ​ខ្ញុំ​គិត​ថា នេះ​គឺ​ជា​ចំណុច​ខ្លាំង​មួយ​របស់​សហរដ្ឋអាមេរិក។

អ្វី​ដែល​ទាក់ទាញ​មនុស្ស​វ័យ​ក្មេង​ជាច្រើន​នៅ​អឺរ៉ុប​ខាង​កើត ​ចូល​មកក្នុង​វប្បធម៌​អាមេរិកាំង និង​ជួយ​កម្ចាត់​អំណាច​សូវៀត ​គឺ​ជា​អ្វី​ដែល​មិន​បាន​រៀបចំ​ទុក​ដោយ​សហរដ្ឋអាមេរិក។ យើង​និយាយ​អំពី​អ្វីៗ​ដូចជា​តន្ត្រី Rock and Roll តន្ត្រី Jazz និង​សិល្បៈសម័យ​ទំនើប​ជាច្រើន​ទៀត។ នេះ​ជា​រូបភាព​សហរដ្ឋអាមេរិក​ជា​សង្គម​មួយ ​ដែល​អ្វីៗ​ក៏​អាច​កើត​មាន​ដែរ ហើយ​បុគ្គល និង​ចំណង់ចំណូល​ចិត្ត​របស់​ពួកគេ​ ត្រូវ​បាន​រដ្ឋ​គោរព។ ខ្ញុំ​គិត​ថា អ្វីៗ​ទាំង​នេះ​លេច​ឡើង​ផ្ទុយ​គ្នា​ពី​សហរដ្ឋអាមេរិក​ទាំង​ស្រុង។

ប្រសិន​បើ​អ្នក​គិត​អំពី​តន្ត្រី និង​អក្សរសាស្ត្រ​ដែល​លេច​ឡើង​នៅ​ក្នុង​សហរដ្ឋអាមេរិក ស្នាដៃ​ជាច្រើន​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង​ដល់​សហរដ្ឋអាមេរិក ដូច្នេះ​ការ​ណ៍ដែល​សហរដ្ឋអាមេរិក​អាច​បញ្ចូល​ការ​រិះគន់​ខ្លួន​ឯង​ទៅ​ក្នុង​វប្បធម៌​ទន់​របស់​ខ្លួន ​គឺ​ជា​ចំណុច​ខ្លាំង​មួយ​ដ៏​អាស្ចារ្យ។

នៅ​ពេល​នេះ គណបក្ស​កុម្មុយនិស្ត​ចិន​មិន​មាន​ជំហរ​អនុញ្ញាត​ឱ្យ​មាន​ការ​រិះគន់​បែប​នោះ​ទេ។ គណបក្ស​នេះ​ចង់​បង្កើត​អំណាច​ទន់​ដែល​ខ្លួន​គ្រប់គ្រង​អ្វីៗ​ទាំង​អស់​ពី​ថ្នាក់​លើ​មក​ក្រោម ហើយ​ធានា​ថា អំណាច​ទន់​នេះ​មិន​គេច​ចេញ​ពី​ការ​គ្រប់គ្រង​នេះ ហើយ​ខ្ញុំ​គិត​ថា នៅ​ក្នុង​អាស៊ីអាគ្នេយ៍ យើង​ឃើញ​ថា នេះ​ទទួល​បរាជ័យ​ម្តង​ហើយ​ម្តង​ទៀត។

មន្ត្រី​ចិន​ជា​ទូទៅ​មិន​សូវ​យកចិត្ត​ទុក​ចិត្ត​ចំពោះ​ការ​បារម្ភ​ជា​សាធារណៈ​អំពី​ការ​វិនិយោគ​ ឬ​សកម្មភាព​របស់​ចិន​នោះ​ទេ។ ខ្ញុំ​គិត​ថា ការ​លេច​ឡើង​ជា​ថ្មី​របស់​ចិន​ក្នុង​នាម​ជា​មហាអំណាច​នៅ​អាស៊ីអាគ្នេយ៍​កើត​ឡើង​ដោយ​អំណាច​ផ្តាច់ការ​ ដែល​មិន​ខ្វាយខ្វល់​ពី​ប្រយោជន៍ ឬ​ស្ថានភាព​របស់​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​នោះ​ទេ។ ខ្ញុំ​គិត​ថា នេះ​ជា​អ្វី​ម្យ៉ាង​ដែល​សហរដ្ឋអាមេរិក​យល់​ថា ខ្លួន​មាន​កំហុស​ក្នុង​កម្រិត​មួយ ប៉ុន្តែ​នៅ​ក្នុង​ករណី​របស់​ចិន ​ខ្ញុំ​គិត​ថា យើង​មើល​ឃើញ​ការ​បិទ​ភ្នែក​របស់​មន្ត្រី ដែល​កើត​ឡើង​និង​ធ្វើ​ឱ្យ​កាន់​តែ​អាក្រក់​ ដោយ​សារ​តែ​ចិន​ជា​រដ្ឋ​ផ្តាច់ការ​ឯកបក្ស។

ពួកគេ​ពូកែ​ដោះស្រាយ​ក្នុង​កម្រិត​រដ្ឋ និង​រដ្ឋ រដ្ឋាភិបាល និង​រដ្ឋាភិបាល និង​ក្រាលកម្រាលព្រំ​ក្រហម​សម្រាប់​មេដឹកនាំ​នានា​ នៅ​ពេល​ពួកគេ​មក​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុង​ប៉េកាំង ប៉ុន្តែ​ពួកគេ​មាន​ភាព​ឆ្គាំឆ្គង​នៅ​ពេល​ដោះស្រាយ​ជាមួយ​នឹង​អង្គការ និង​សង្គម​ស៊ីវិល ដែល​ស្ថិត​នៅ​ខាង​ក្រៅ​ដែន​កំណត់​របស់​រដ្ឋ ហើយ​ខ្ញុំ​គិត​ថា ក្នុង​ផ្នែក​ជាច្រើន ចិន​គឺជាសត្រូវដ៏​អាក្រក់​មួយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ឱ្យ​សម្រេច​បាន​នូវ​ប្រយោជន៍​របស់​ខ្លួន​នៅ​ក្នុង​តំបន់។

រូបឯកសារ៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ចាប់ដៃស្វាគមន៍គ្នានៅក្នុងដំណើរទស្សនកិច្ចរបស់លោក ត្រាំ ទៅកាន់ប្រទេសចិន នៅវិមានរដ្ឋាភិបាលចិន ក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧។

VOA: បញ្ហាមួយដែលខ្ញុំតែងតែឆ្ងល់និងចង់ដឹង​ គឺ​ដោយសារ​តែ​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ប្រសិន​បើ​គេមើល​ឱ្យ​កាន់​តែ​ស៊ីជម្រៅ ប្រទេស​នីមួយៗ​ប្រឈម​មុខ​នឹង​បញ្ហា​ផ្ទាល់​ខ្លួន និង​មាន​ការ​ប្រឈម​រាប់​ចាប់​ពី​បញ្ហា​នយោបាយ​ក្នុង​ស្រុក រហូត​ដល់​បញ្ហា​ថ្នាក់​តំបន់​ដូចជា ការ​ជួញដូរ​មនុស្ស ការ​ជួញដូរ​គ្រឿង​ញៀន និង​ភេរវកម្ម។ តើ​ប្រទេស​ចិន​អាច​ជួយ​ប្រទេស​ទាំង​នោះ​ដោះស្រាយ​បញ្ហា​ទាំង​នេះ​ដោយ​របៀប​ណា?

Sebastian: ប្រទេស​ចិន​កំពុង​ពង្រីក​ការ​ចូលរួម​របស់​ខ្លួន​នៅ​ក្នុង​ផ្នែក​ទាំង​អស់​នេះ​ ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ។ ខ្ញុំ​ចង់​និយាយ​ថា ចិន​កំពុង​ដើរ​តួ​កាន់​តែ​សកម្ម​ នៅ​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ នៅ​ក្នុង​តំបន់​ត្រីកោណ​មាស និង​លំហូរ​ទំនិញ​ខុស​ច្បាប់​ នៅ​តាម​ព្រំដែន​ក្នុង​តំបន់។ ថា​តើ​វា​ជោគជ័យ​ក្នុង​កម្រិត​ណា​នោះ​ជា​សំណួរ​មួយ​ផ្សេង​ទៀត ប៉ុន្តែ​វា​នាំ​ឱ្យ​មាន​ទីផ្សារ​មួយ​ដែល​ប៉ះពាល់​ដល់​វត្តមាន​សន្តិសុខ​នៅ​ទន្លេ​មេគង្គ​ខាង​លើ។

ខ្ញុំ​គិត​ថា ចំណុច​ដែល​មាន​ភាព​ទាក់ទាញ​បំផុត​មួយ​នៃ​ការ​គាំទ្រ​របស់​ចិន ​គឺ​ថា ចិន​មិន​បង្រៀន​រដ្ឋាភិបាល​នានា​អំពី​អភិបាលកិច្ច​ល្អ ឬ​សិទ្ធិ​មនុស្ស​នោះ​ទេ។ រដ្ឋាភិបាល​ចិន​មិន​ដាក់​លក្ខខណ្ឌ​លើ​ការ​ចូលរួម​របស់​ខ្លួន​ នៅ​ក្នុង​កិច្ចការ​ក្នុង​ស្រុក ចរិតលក្ខណៈ​នៃ​អភិបាលកិច្ច​ក្នុង​ស្រុក​របស់​ប្រទេស​មួយ​នោះ​ទេ ដូច្នេះ​យើង​មើល​ឃើញ​លំនាំ​នេះ​នៅ​ទូទាំង​តំបន់​ នៅ​ពេល​ដែល​ប្រទេស​មួយ​រង​ការ​រិះគន់​ពី​រដ្ឋាភិបាល​លោក​ខាង​លិច​ សម្រាប់​ការ​ដើរ​ថយក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ ឬ​ការ​រំលោភ​សិទ្ធិ​មនុស្ស រដ្ឋាភិបាល​ចិន​ជា​ទូទៅ​អាច​ទទួល​បាន​ប្រយោជន៍​ពី​ចំណុច​នេះ។ នេះ​ជា​អ្វី​ដែល​យើង​មើល​ឃើញ​យ៉ាង​ច្បាស់​ នៅ​ក្នុង​ប្រទេស​កម្ពុជា។ យើង​ដឹង​រឿង​នេះ​យ៉ាង​ច្បាស់។

ខ្ញុំ​គិត​ថា នេះ​ប្រហែល​ជា​ឧទាហរណ៍​ច្បាស់​បំផុត​មួយ។ ប៉ុន្តែ​យើង​ក៏​ឃើញ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ដែរ នៅ​ពេល​យោធា​មីយ៉ាន់ម៉ា​ធ្វើ​អំពើ​ឃោរឃៅ​ទៅ​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា។ យើង​ឃើញ​នៅ​ក្នុង​ប្រទេស​ថៃ​ក្នុង​កម្រិត​មួយ​ផង​ដែរ នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​យើង​ឃើញ​យ៉ាង​ច្បាស់​ នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី Duterte និង​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ផង​ដែរ ​ក្រោម​ការ​ដឹកនាំ​របស់​លោក Najib នៅ​ពេល​ដែល​ប្រទេស​លោក​ខាង​លិច​ផ្តាច់​ខ្លួន​ពី​រដ្ឋាភិបាល​របស់​លោក Najib ដែល​មាន​រឿង​អាស្រូវ​នោះ រដ្ឋាភិបាល​ចិន​បាន​ចូល​មក​ជិត​ដោយ​ផ្តល់​ការ​គាំទ្រ និង​ការ​យល់​ចំពោះ​ភាព​លំបាក​ដែល​លោក​មាន ដូច្នេះ​ខ្ញុំ​គិត​ថា នេះ​នៅ​តែ​ជា​គុណសម្បត្តិ​មួយ​ដ៏​សំខាន់​បំផុត​របស់​ចិន​នៅ​ក្នុង​តំបន់។

តំបន់​នេះ​នៅ​តែ​អាច​ទទួល​បាន​ប្រយោជន៍​យ៉ាង​ច្រើន ​ប្រសិន​បើ​ខ្លួន​អាច​សម្រប​ខ្លួន​បាន​លឿន​គ្រប់គ្រាន់​ ដើម្បី​ទាញ​យក​ប្រយោជន៍​ពី​ភាព​តានតឹង​រវាង​សហរដ្ឋអាមេរិក និង​ចិន ប៉ុន្តែ​វា​ក៏​អាច​ជា​គ្រោះថ្នាក់​សម្រាប់​ប្រទេស​ជាតិ​នៅ​ក្នុង​តំបន់​ផង​ដែរ ហើយ​ពួកគេ​អាច​នឹង​ត្រូវ​បាន​ទាញ​ឱ្យ​ចូល​ក្នុង​គន្លង​ណា​មួយ និង​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​ពិបាក​មួយ​រវាង​មហាអំណាច​ទាំង​ពីរ»។

វា​មិន​មែន​ជា​គុណសម្បត្តិ​អចិន្ត្រៃយ៍​នោះ​ទេ ដោយសារ​តែ​មាន​ការ​សង្ស័យ និង​ក្តីបារម្ភ​អំពី​ប្រទេស​ចិន ប៉ុន្តែ​វា​ជា​អ្វី​ម្យ៉ាង​ដែល​ចិន​បាន​ប្រើប្រាស់​ដើម្បី​ធ្វើ​ជា​ប្រយោជន៍​របស់​ខ្លួន​ នៅ​ក្នុង​ករណីជាច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ ហើយ​ចិន​ប្រហែលជានឹង​បន្ត​ទទួល​ប្រយោជន៍​ពី​ទម្រង់​ការទូត​នេះ។

VOA: សំណួរ​ចុង​ក្រោយ​ គឺ​អំពី​ជំងឺ​កូវីដ១៩ ដែល​មាន​ប្រភព​មក​ពី​ប្រទេស​ចិន។ តើ​ចិន​នឹង​មាន​រូបភាព​បែប​ណា​នៅ​ក្រោយ​វិបត្តិ​កូវីដ១៩?

Sebastian: ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​ គឺ​គ្រាន់​តែ​ធ្វើ​ឱ្យ​គំនិត​មិន​ល្អ​អំពី​ប្រទេស​ចិន ​ដែល​មាន​ស្រាប់​នោះ​មាន​កម្រិត​ខ្លាំង​ជាង​មុន​តែ​ប៉ុណ្ណោះ។ នោះ​គឺ​ថា ប្រព័ន្ធ​នោះ​អាច​ជា​កំហុស​ដ៏​អាក្រក់​មួយ ដូច​យើង​បាន​ឃើញ​នៅ​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការ​រាតត្បាត​អ៊ីចឹង​ គឺ​ការ​បរាជ័យ​ក្នុង​ការ​គ្រប់គ្រង​និង​ទប់ស្កាត់​ជំងឺ​ដ៏​កាចសាហាវ​មួយ​នេះ។

ប៉ុន្តែ​វា​ក៏​អាច​ជា​ប្រសិទ្ធភាព​ដ៏​ខ្លាំងក្លា ដែល​យើង​បាន​ឃើញ​ចំពោះ​ការ​បិទ​សកម្មភាព​សង្គម​ ដែល​មិន​គួរ​ឱ្យ​ជឿ​របស់​រដ្ឋាភិបាល​ចិន ​ដែល​ទំនង​ជា​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​នេះ​ នៅ​ក្នុង​ប្រទេស​ចិន ក្នុង​កម្រិត​មួយ​ដែល​ទីក្រុង Wuhan ឥឡូវ​នេះ​អាច​បើក​ឡើង​វិញ​បាន និង​អាច​បន្ត​ដំណើរការ​យ៉ាង​ហោច​ណាស់​បាន​ធម្មតា​វិញ​បាន។

ខ្ញុំ​គិត​ថា នៅ​អាស៊ី​អាគ្នេយ៍​មាន​ការ​គោរព និង​សរសើរ​ជាច្រើន​ចំពោះ​សមត្ថភាព​របស់​ចិន ​ក្នុង​ការ​គ្រប់គ្រង​ការ​រាតត្បាត​នេះ។ ហើយ​ក៏​មាន​ការ​ដឹងគុណ​មួយ​ចំនួន​ដែរ​ ចំពោះ​ជំនួយ​ដែល​ចិន​បាន​ផ្តល់​ឱ្យ​សម្រាប់​ប្រទេស​ទាំង​នោះ​ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការ​រាតត្បាត​នេះ ប៉ុន្តែ​នេះ​នឹង​មិន​លុបចោល​នូវ​ការ​ភ័យ​ខ្លាច និង​ការ​សង្ស័យ​ដែល​មាន​ចំពោះ​ចិន​និង​សកម្មភាព​របស់​ខ្លួន​នៅ​ក្នុង​តំបន់​នោះ​ទេ។

ខ្ញុំ​គិត​ថា បញ្ហា​មួយ​គឺ​ថា សហរដ្ឋអាមេរិក​ព្យាយាម​ស្តីបន្ទោស​ការ​រាតត្បាត​នេះ​ទៅ​លើ​ចិន និង​សន្យា​ថា នឹង​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ចិន។ វា​ច្បាស់​ណាស់​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ មានការព្រួយបារម្ភពីវេហាសាស្ត្រនេះ។ នេះ​ជា​វិធី​ដែល​រដ្ឋបាល​លោក ​ត្រាំ ​បង្វែរ​ការ​ចាប់​អារម្មណ៍​ពី​ការ​ដោះស្រាយ​មិន​ល្អ​របស់​ខ្លួន​ចំពោះ​វិបត្តិ​នេះ និង​ធ្វើ​ឡើង​ដើម្បី​គាំទ្រ​ដល់​ជាប់បោះឆ្នោត​ឡើង​វិញ​របស់​លោក​ នៅ​ក្នុង​ខែ​វិច្ឆិកា។

ដូច្នេះ ខ្ញុំ​គិត​ថា មាន​ក្តី​បារម្ភ​មួយ​ចំនួន​អំពី​សង្គ្រាម​ពាក្យ​សម្តី​នេះ​ នៅ​តំបន់​អាស៊ី​អាគ្នេយ៍ និង​ការ​យល់​ដឹង​ដែល​ថា ការ​បោះឆ្នោត​នៅ​ខែ​វិច្ឆិកា ​អាច​នឹង​ផ្លាស់ប្តូរ ប្រសិនបើ​លោក​ត្រាំ​មិន​ជាប់​ឆ្នោត។ ខ្ញុំ​ចង់​និយាយ​ថា យើង​ស្ថិត​នៅ​ដំណាក់កាល​ចាប់ផ្តើម​នៃ​ការ​ប្រកួត​ដ៏​យូរ​មួយ​ ពាក់ព័ន្ធ​នឹង​ការ​ផលិត​វ៉ាក់សាំង។ ខ្ញុំ​គិត​ថា ដូច​នៅ​ក្នុង​ផ្នែក​ផ្សេង​ទៀត​ដែរ តំបន់​អាស៊ី​អាគ្នេយ៍​នឹង​ក្លាយ​ជា​តំបន់​ប្រកួត​ប្រជែង​មួយ​សម្រាប់​ផលិតផលវ៉ាក់សាំងរបស់មហាអំណាចទាំងពីរ ​ហើយ​វា​ដូចជា​សហគមន៍​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ទាំង​មូល​អ៊ីចឹង​ដែរ។

តំបន់​នេះ​នៅ​តែ​អាច​ទទួល​បាន​ប្រយោជន៍​យ៉ាង​ច្រើន ​ប្រសិន​បើ​ខ្លួន​អាច​សម្រប​ខ្លួន​បាន​លឿន​គ្រប់គ្រាន់​ ដើម្បី​ទាញ​យក​ប្រយោជន៍​ពី​ភាព​តានតឹង​រវាង​សហរដ្ឋអាមេរិក និង​ចិន ប៉ុន្តែ​វា​ក៏​អាច​ជា​គ្រោះថ្នាក់​សម្រាប់​ប្រទេស​ជាតិ​នៅ​ក្នុង​តំបន់​ផង​ដែរ ហើយ​ពួកគេ​អាច​នឹង​ត្រូវ​បាន​ទាញ​ឱ្យ​ចូល​ក្នុង​គន្លង​ណា​មួយ និង​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​ពិបាក​មួយ​រវាង​មហាអំណាច​ទាំង​ពីរ៕