ចិន​រង​ការចោទ​ប្រកាន់​ថ្មី​ថា បាន​ប្រើ​ពលកម្ម​ដោយ​បង្ខំ​នៅ​រោងចក្រ​ផលិត​បន្ទះ​ថាមពលព្រះអាទិត្យ

រូបឯកសារ៖ កម្មករ​ម្នាក់ សម្អាត​បន្ទះ​ថាមពលព្រះអាទិត្យ​នៅឯ​សួន​ឧស្សាហកម្ម​មួយ​នៅ​តំបន់ Xinjiang នៃ​ប្រទេស​ចិន កាលពី​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨។

របាយការណ៍​ថ្មី​មួយ​អំពី​ឧស្សាហកម្ម​ថាមពល​ព្រះអាទិត្យ​របស់​ប្រទេស​ចិន ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី ១៤ ខែ​ឧសភា​កន្លង​ទៅ​នេះ បាន​ចោទ​ប្រកាន់​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ប្រើប្រាស់​ពលកម្ម​ដោយ​បង្ខំ​នៅ​ក្នុង​រោងចក្រ​ដែល​នាំ​ចេញ​បន្ទះ​ថាមពល​ព្រះអាទិត្យ​ទៅកាន់​ពិភពលោក។

របាយការណ៍​នេះ​បាន​ចោទ​ប្រកាន់​ថា រដ្ឋាភិបាល​ចិន ​បាន​បង្ខំ​ជាតិ​សាសន៍​ភាគតិច​អ៊ុយហ្គ័រ (Uyghur) និង​ពលរដ្ឋ​កាហ្សាក់ស្ថាន​ឲ្យ​ធ្វើការ​នៅ​ក្នុង​រោងចក្រ​ដែល​ផលិត​បន្ទះ​ថាមពល​ព្រះអាទិត្យ និង​ផលិតផល​ផ្សេងៗ​ទៀត។

ដោយ​យោង​លើ​ស្ថិតិ​របស់​រដ្ឋាភិបាល​ចិន អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា មនុស្ស​ប្រហែល ២លាន ៦សែន​នាក់ ត្រូវ​បាន​ដាក់​ឲ្យ​ធ្វើការ​នៅ​ទូទាំង​តំបន់ Xinjiang ក្នុង​គម្រោង​មួយ​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ហៅ​ថា គម្រោង​ផ្តួចផ្តើម «ពលកម្ម​លើ​សតម្រូវការ»។

របាយការណ៍​របស់​ចក្រភព​អង់គ្លេស​នេះ​ បាន​បញ្ជាក់​ថា៖ «តម្រូវការ​របស់​ពិភពលោកនូវ​បន្ទះ​ថាមពល​ព្រះអាទិត្យ​ បាន​ជំរុញ​ក្រុមហ៊ុន​ចិន​ឲ្យ​ប្រឹងប្រែង​ធ្វើ​ឲ្យ​មាន​ការ​ចំណាយ​ទាប​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​សម្រាប់​ការ​ទទួល​ខុសត្រូវ​របស់​យើង​លើ​បញ្ហា​អាកាសធាតុ។ ប៉ុន្តែ ការ​ប្រឹងប្រែង​របស់​ចិន​នេះ ​បាន​បណ្ដាល​ឲ្យ​មាន​ផល​ប៉ះពាល់​ខ្លាំងក្លា​ចំពោះ​កម្មករ​ដែល​ធ្វើការ​ក្នុង​រោងចក្រ ដែល​ជា​ចំណុច​ចាប់ផ្ដើម​នៃ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​នេះ»។

អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា សូម្បីតែ​ក្រុមហ៊ុន​ដែល​ព្យាយាម​ចៀស​ឲ្យ​ផុត​ពី​ការ​ប្រើប្រាស់​សម្ភារៈ​ដែល​ផលិត​ដោយ​ពលកម្ម​ដោយ​បង្ខំ​ក៏ដោយ ក៏​ពួកគេ​ពិបាក​នឹង​ចៀស​ឲ្យ​ផុត​ដែរ។

អ្នក​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល Helena Kennedy សម្រាប់​យុត្តិធម៌​អន្តរជាតិ (Helena Kennedy Center for International Justice) នៃ​សាកលវិទ្យាល័យ Sheffield Hallam បាន​សរសេរ​ថា៖ «ដោយសារ​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​នឹង​កិច្ច​ប្រឹងប្រែង​ដែល​ជា​អាទិភាព​សំខាន់ៗ​របស់​រដ្ឋាភិបាល ក្រុមហ៊ុន​នានា​និង​កម្មករ​ដែល​បង្ខំ​ឲ្យ​ធ្វើការ​ជាមួយ​នឹង​ក្រុមហ៊ុន​ទាំង​នោះ​ស្ទើរតែ​ពិបាក​នឹង​ចៀស​ឲ្យ​ផុត​ណាស់»។

ប្រទេស​ចិន​អះអាង​ថា កម្មករ​នៅ​ក្នុង​កម្មវិធី​នេះ ​គឺ​ធ្វើការ​ដោយ​ស្ម័គ្រចិត្ត។ កាលពី​ពេលថ្មីៗ​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​ បាន​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​ដែល​ថា ពលកម្ម​ដោយ​បង្ខំ​ត្រូវ​បាន​ប្រើ​នៅ​ក្នុង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​បន្ទះ​ថាមពល​ព្រះអាទិត្យ ដោយ​បាន​ហៅ​ការ​ចោទប្រកាន់​នោះ​ថា ​ជា​ការ​បង្ខូច​កេរ្តិ៍ឈ្មោះ​ដែល​ប្រព្រឹត្តិ​ឡើង​ដោយ​អ្នក​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​ចិន។

ប៉ុន្តែ គេ​ឃើញ​មាន​ការ​តាមដាន​ពិនិត្យ​ពី​ខាង​ក្រៅ​លើ​ឧស្សាហកម្ម​បន្ទះ​ថាមពល​ព្រះអាទិត្យ​របស់​ប្រទេស​ចិន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ។

កាលពី​ឆ្នាំ២០១៤ អង្គការ​សម្ព័ន្ធភាព​សម្រាប់​ផលិតកម្ម​អាមេរិក (Alliance for American Manufacturing (AAM)) បាន​ចេញ​ផ្សាយ​របាយការណ៍​ចំនួន ៤ភាគ ដែល​ថា បន្ទះ​ថាមពល​ព្រះអាទិត្យ​ដែល​មាន​តម្លៃ​ទាប​និង​ផលិត​នៅ​ប្រទេស​ចិន «មិន​ផ្តល់​ប្រយោជន៍​ដល់​អ្នក​ប្រើប្រាស់ ឬ​បរិស្ថាន​នោះ​ទេ។ ការ​អនុវត្ត​ពាណិជ្ជកម្ម​បែប​ជញ្ជាក់​ឈាម​របស់​ចិន រួម​ជាមួយ​នឹង​ស្តង់ដារ​បរិស្ថាន​ដែល​មិន​មាន​ការ​យក​ចិត្ត​ទុក​ដាក់ និង​លក្ខខណ្ឌ​ធ្វើការ​ដ៏​អាក្រក់ មាន​ន័យ​ថា បន្ទះ​ថាមពល​ព្រះអាទិត្យ​នេះ ​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ច្រើន​ជាង​ផល​ប្រយោជន៍»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី Elizabeth Brotherton-Bunch ដែល​ជា​អ្នក​សរសេរ​ប្លុក​របស់​អង្គការ AAM។

បន្ទះ​ថាមពល​ព្រះអាទិត្យ​របស់​ចិន និង​ទីផ្សារ​សហរដ្ឋអាមេរិក

ការ​ប្រើប្រាស់​ពលកម្ម​ដោយ​បង្ខំ​នៅ​ក្នុង​ឧស្សាហកម្ម​បន្ទះ​ថាមពល​ព្រះអាទិត្យ​របស់​ចិន​ បង្ក​ឲ្យ​មាន​បញ្ហា​ប្រឈម​សម្រាប់​សហរដ្ឋ​អាមេរិក ដោយ​ហេតុ​ថា រដ្ឋបាល​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden កំពុង​ដឹកនាំ​កិច្ច​ប្រឹងប្រែង​ដើម្បី​លើក​ទឹកចិត្ត​ឲ្យ​មាន​ការ​ប្រើប្រាស់​ថាមពល​កកើត​ឡើង​វិញ​ឲ្យ​បាន​ច្រើន ក្នុង​គោល​បំណង​សម្រេច​ឲ្យ​បាន​នូវ​ថាមពល​អគ្គិសនី​ដែល​មិន​មាន​កាបូន​ឲ្យ​បាន ១០០% នៅ​ត្រឹម​ឆ្នាំ ២០៣៥។

កាលពី​ខែ​មីនា មេដឹកនាំ​នៃ​អង្គការ AFL-CIO ដែល​ជា​សហព័ន្ធ​ការងារ​ដ៏​ធំ​បំផុត​របស់​សហរដ្ឋ​អាមេរិក បាន​អំពាវនាវ​ដល់​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Biden និង​សភា​សហរដ្ឋ​អាមេរិក​ឲ្យ​បញ្ឈប់​ការ​នាំចូល​ផលិតផល​បន្ទះ​ថាមពល​ព្រះអាទិត្យ​ពី​តំបន់ Xinjiang ប្រទេស​ចិន ដោយសារ​មាន​ក្តីបារម្ភ​លើ​បញ្ហា​សិទ្ធិ​មនុស្ស។

លោក William Reinsch អ្នក​ជំនាញ​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ​និង​កិច្ចការ​អន្តរជាតិ (CSIS) បាន​ថ្លែង​ថា៖ «លោក​ប្រធានាធិបតី Biden បារម្ភ​អំពី​បញ្ហា​សិទ្ធិ​មនុស្ស។ ខ្ញុំ​គិត​ថា គោលជំហរ​របស់​លោក​នឹង​មិន​ផ្លាស់ប្តូរ​នោះ​ទេ ប៉ុន្តែ​ករណី​នេះ ​អាច​នឹង​ប៉ះពាល់​ដល់​ឧស្សាហកម្ម​បន្ទះ​ថាមពល​ព្រះអាទិត្យ»។

លោក Reinsch បាន​ប្រាប់ VOA ដូច្នេះ​ថា៖ «ផលិតផល​បន្ទះ​ថាមពល​ព្រះអាទិត្យ​នេះ​នឹង​កាន់តែ​ថ្លៃ ហើយ​វា​ក៏​នឹង​ធ្វើ​ឲ្យ​យឺត​ដល់​ដំណើរការ​ដំឡើង​បន្ទះ​ថាមពល​ព្រះអាទិត្យ​នៅ​ក្នុង​សហរដ្ឋអាមេរិក​ផងដែរ។ ចំណុច​នេះ​ គឺ​ផ្ទុយ​ពី​គោល​នយោបាយ​របស់​លោក Biden នៅ​ក្នុង​ការ​គាំទ្រ​ដល់​ថាមពល​កកើត​ឡើង​វិញ»។

អ្នកស្រី Suzanne Leta គឺជា​ប្រធាន​ផ្នែក​គោល​នយោបាយ​ និង​យុទ្ធសាស្ត្រ​នៃ​ក្រុមហ៊ុន SunPower Corporation ដែល​ជា​ក្រុមហ៊ុន​បន្ទះ​ថាមពល​ព្រះអាទិត្យ​ និង​បច្ចេកវិទ្យា​ស្តុក​ថាមពល។ អ្នកស្រី​បាន​ប្រាប់ VOA ថា ទោះបីជា​ការ​ហាមឃាត់​ការ​នាំចូល​ផលិតផល​បន្ទះ​ថាមពល​ព្រះអាទិត្យ​ពី​តំបន់ Xinjiang នឹង​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ជា​បណ្តោះអាសន្ន​នៅ​ក្នុង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ក៏ដោយ ក៏​បញ្ហា​សិទ្ធិ​មនុស្ស​គួរតែ​ជា​ចំណុច​សំខាន់​បំផុត​ដែល​ត្រូវ​យក​ចិត្ត​ទុកដាក់​នៅ​ក្នុង​ឧស្សាហកម្ម​នេះ។

អ្នកស្រី​ថ្លែង​ដូច្នេះ​ថា៖ «នេះ​មិន​មែន​ធ្វើ​ឡើង​ដោយ​សំដៅ​លើ​ប្រទេស​ចិន​នោះ​ទេ ប៉ុន្តែ​សំដៅ​លើ​តំបន់​ជាក់លាក់​មួយ​នៅ​ក្នុង​ប្រទេស​ចិន ពោល​ គឺ​តំបន់ Xinjiang ដែល​ជា​កន្លែង​ដែល​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​កំពុង​កើតឡើង។ មិន​ថា​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​មាន​ប្រភព​មក​ពី​ណា​នោះ​ទេ យើង​មិន​អាច​អនុញ្ញាត​ឲ្យ​មាន​ពលកម្ម​ដោយ​បង្ខំ​នោះ​ឡើយ»។

កាលពី​ពាក់​កណ្តាល​ខែ​មេសា សហរដ្ឋ​អាមេរិក​និង​ប្រទេស​ចិន ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ដោយ​បញ្ជាក់​ថា ប្រទេស​ទាំង​ពីរ​នឹង «ប្តេជ្ញា​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក» ដើម្បី​ដោះស្រាយ​វិបត្តិ​អាកាសធាតុ​រួម​គ្នា។

ជាង​នេះ​ទៀត ទោះបីជា​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​តំបន់ Xinjiang ជា​ឧបសគ្គ​ដែល​ទំនងជា​មិន​អាច​ចៀស​បាន​រវាង​ប្រទេស​ទាំង​ពីរ​ក៏ដោយ ក៏​យ៉ាង​ហោច​ណាស់ មន្ត្រី​សហរដ្ឋ​អាមេរិក​មួយ​រូប​ជឿ​លើ​ច្បាប់​អន្តរជាតិ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ប្រាប់ VOA កាលពី​ថ្ងៃ​ទី១៤ ខែ​ឧសភា​ថា៖ «នៅ​ពេល​និយាយ​អំពី​ពាណិជ្ជកម្ម យើង​ចង់​ធ្វើ​ឲ្យ​ប្រាកដ​ថា គ្រប់​ភាគី​ទាំង​អស់​អនុវត្ត​តាម​ក្បួន​ច្បាប់ ហើយ​នេះ ​រួម​បញ្ចូល​ទាំង​ប្រទេស​ចិន​ផងដែរ។ នៅ​ពេល​គេ​មិន​អនុវត្ត​តាម​ច្បាប់ យើង​នឹង​ធ្វើការ​ជាមួយ​គ្នា​តាមរយៈ​យន្តការ​ច្បាប់​ដែល​យើង​មាន តាម​រយៈ​វិធាន​នានា​ដែល​យើង​បាន​យល់ស្រប​ជាមួយ​គ្នា និង​តាម​រយៈ​អង្គការ​ដែល​ជួយ​អនុវត្ត​វិធាន​ទាំង​នេះ ដើម្បី​ធ្វើ​ឲ្យ​ច្បាស់​ថា ប្រទេស​ចិន​គោរព​តាម​វិធាន​ទាំង​នេះ»។

លោក Reinsch ជឿ​ថា ដរាប​ណា​សហរដ្ឋអាមេរិក​នៅ​បន្ត​រិះគន់​ប្រទេស​ចិន​លើ​បញ្ហា​មួយ​ចំនួន​ដូចជា បញ្ហា​នៅ​ទីក្រុង​ហុងកុង កោះ​តៃវ៉ាន់ តំបន់ Xinjiang និង​តំបន់​ទីបេ​ជាដើម កិច្ច​សហប្រតិបត្តិការ​ដោយ​ផ្ទាល់​រវាង​ប្រទេស​ទាំង​ពីរ​ទំនងជា​នឹង​មិន​អាច​កើត​មាន​ឡើង​នោះ​ទេ។

លោក Reinsch ថ្លែង​ដូច្នេះ​ថា៖ «ខ្ញុំ​គិត​ថា ចំពោះ​បញ្ហា​អាកាសធាតុ ពួកគេ​នឹង​បន្ត​ដំណើរ​តាម​ទិសដៅ​របស់​ពួកគេ។ យើង​នឹង​បន្ត​ដំណើរ​តាម​ទិសដៅ​របស់​យើង។ ប៉ុន្តែ​ទិសដៅ​របស់​យើង​និង​ទិសដៅ​របស់​ពួកគេ​ គឺ​ដូច​គ្នា។ ខ្ញុំ​មិន​ច្បាស់​ទេ​ថា​តើ​យើង​អាច​សហការ​គ្នា​បាន​ឬ​ក៏​អត់ ប៉ុន្តែ​យើង​មាន​ទិសដៅ​ស្រប​គ្នា។ ទោះជាយ៉ាង​ណា​ក៏ដោយ វា​នៅតែ​ផ្តល់​ប្រយោជន៍​ដល់​គោលដៅ​អាកាសធាតុ​របស់​យើង​ដដែល»៕