«អាប៉ះជើងឡើងលើហ្នឹង យើងច្រត់ដៃទាំងពីរខាងក្រោមហើយយើងទ្រទម្ងន់ នៅក្នុងម្រាមដៃយើង ហើយនឹងស្មា។ អញ្ចឹ្ងងនៅពេលយើងបានដៃពីរ មុនដំបូងខ្ញុំធ្វើដៃពីរដូចយើងឈរធម្មតាអញ្ចឹងប៉ុន្តែខ្ញុំ ប្រើដៃឈរ ដល់ហើយពេលយើងឈរបានមួយនាទីយើងអាចធ្វើដូចខ្យល់បក់ ដូចស្លឹកឈើអីអញ្ចឹងណាបង។ ដល់អញ្ចឹងវាយកអាយើងអេកាលីបនឹង ដល់យូរៗទៅយើង Practice យូរៗទៅ យើងបានដៃមួយ នៅពេលដៃមួយហ្នឹង យើងប្រើរយ:ពេលយូរ ប្រហែលយ៉ាប់បន្តិច អ្នក[មាន]ដុងទៅប្រហែល ៦ខែ ឬប្រាំខែអីទៅ ប្រសិនអ្នកអត់ដុង មួយឆ្នាំឬពីរនេះអញ្ចឹងទៅតាមការខំប្រឹងរបស់គេ»។
នេះជាសម្ដីរបស់សិល្បករសៀកអាជីព លោក ណែម សុផា រៀបរាប់ពីជំនាញសៀកដែលលោកពូកែបំផុតក្នុងចំណោមជំនាញសៀកដែលលោកចេះ។ លោក សុផា ដែលមាន អាយុ២៣ឆ្នាំ មកពីភូមិអញ្ចាញ ឃុំអូរចា ស្រុកបាត់ដំបង ខេត្តបាត់ដំបង ជាសិល្បករសៀកខ្មែរម្នាក់ ក្នុងចំណោមសិល្បករខ្មែរពីរនាក់ ដែលបានបញ្ចប់ការសិក្សានៅសាលាសៀកល្បីល្បាញ The National Circus School of Montreal ក្នុងទីក្រុង Montreal ប្រទេសកាណាដា។ សិល្បករសៀកអាជីពម្នាក់ទៀតមានឈ្មោះថា សុខ ឌីណា អាយុ ២៥ ឆ្នាំ មកស្រុកភូមិជាមួយគ្នានឹងលោក សុផា ដែរ។ មុនពេលទៅរៀនសៀកនៅប្រទេសកាណាដា អ្នកទាំងពីរបានហ្វឹកហាត់ជំនាញសៀកនេះ នៅអង្គការហ្វារពន្លឺសិល្បៈ ដែលស្ថិតនៅក្នុងខេត្តបាត់ដំបង។
ខ្សែជីវិតរបស់អ្នកទាំងពីរ ត្រូវបានផលិតករជនជាតិអាមេរិកាំង លោក Joel Gershon ផលិតជាខ្សែភាពយន្តឯកសាររយ:ពេល៩០នាទី ដែលមានចំណងជើងថា៖ «Cirque du Cambodia»។
ភាពយន្តឯកសារ «Cirque du Cambodia»
លោកGershon បានប្រាប់ VOA តាមទូរស័ព្ទថា៖ «ភាពយន្តឯកសារ «Cirque du Cambodia»ដំណាលពីដំណើរជីវិតរបស់យុវជន ណែម សុផា និង សុខ ឌីណា រយ:ពេល ៨ឆ្នាំ [មុន និងអំឡុងពេល] ដែលយុវជនមានទេពកោសល្យទាំងពីរនាក់នេះ ទទួលបានអាហារូបករណ៍ទៅរៀននៅសាលា The National Circus School of Montreal ដើម្បីហ្វឹកហាត់ និងសម្រេចក្ដីសុបិនក្នុងការក្លាយខ្លួនជាសមាជិកនៃក្រុម Cirque Du Soleil»។
លោក Gershon ថា ដំបូងឡើយលោក គ្រោងថត និងបញ្ចប់រឿងនេះដោយប្រើពេលតែមួយឆ្នាំប៉ុណ្ណោះ ប៉ុន្តែនៅពេលលោកដឹងពីអង្គការហ្វារពន្លឺសិល្ប:កាន់តែច្រើន ហើយបានចំណាយពេលវេលាជាមួយ សុផា និងឌីណា លោកកាន់តែចាប់អារម្មណ៍ខ្លាំងឡើងៗនូវកិច្ចការរបស់អង្គការនេះ ក៏ដូចជាទេពកោសល្យ និងបុគ្គលិកលក្ខណ:របស់សុផា និងឌីណា។
លើសពីនេះដោយសារតែ សុផា និងឌីណា បានទៅរៀននៅសាលា The National Circus School of Montreal លោក Gershon សម្លឹងឃើញថា អ្នកទំាងពីរមានសក្ដានុពលក្នុងការក្លាយខ្លួនជាជនជាតិខ្មែរដំបូងបំផុតដែលអាចធ្វើការឲ្យក្រុមហ៊ុនសៀកដ៏ល្បីល្បាញ Cirque Du Soleil ក្រោយបញ្ចប់ការសិក្សាបាន។ ម្លោះហើយទើបលោកសម្រេចចិត្តតាមផ្ដិតយកវីដេអូស្ដីពីខ្សែជីវិតអ្នកទាំងពីរអស់រយ:ពេលប្រមាណ ៨ ឆ្នាំ បើទោះជាពេលខ្លះអ្នកផលិតភាពយន្តឯករាជ្យរូបនេះផ្អាកការថតផងដែរ ដោយសារបញ្ហាហិរញ្ញវត្ថុ។
លោក Gerhson ដែលសព្វថ្ងៃមានអាយុ ៤៨ឆ្នាំ និងជាសាស្រ្តាចារ្យផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងការទំនាក់ទំនង នៅសាលកវិទ្យាល័យ American University នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានឲ្យដឹងទៀតថា លោកផលិតភាពយន្តឯកសារនេះឡើងព្រោះលោកចង់បង្ហាញប្រទេសកម្ពុជាក្នុងពេលបច្ចុប្បន្ន ទៅកាន់ពិភពលោក ហើយលោកក៏ចង់បង្ហាញពីកិច្ចការរបស់អង្គការហ្វារពន្លឺសិល្ប: និង បង្ហាញថាការអប់រំ និងសិល្ប:ពិតជាអាចផ្លាស់ប្ដូរជីវិតរបស់កុមារដែលមានជីវភាពខ្សត់ខ្សោយ និងជាពិសេសចង់បង្ហាញពីរបៀបដែលសង្គមសៀក ជួយដល់កុមារដែលមានប្រវត្តិលំបាកឲ្យទុកចិត្តគ្នា កសាងសហគមន៍ ពង្រឹងខ្លួន និងទទួលបានជំនាញដែលអាចរកប្រាក់ចិញ្ចឹមជីវិត។
លោក ហួត តារា នាយកប្រតិបត្តិនៃសហគ្រាសសង្គមហ្វារ សង្ឃឹមថាភាពយន្តឯកសារនេះ នឹងបង្កើន ការយល់ដឹងអំពីសហគ្រាសសង្គមសៀក និងការដែលពួកគេអាចផ្តល់ឱកាសឲ្យកុមារមានជីវិតប្រសើរ បង្កើតភាពជាសហគមន៍និងការអោយតម្លៃ ស្រលាញ់ខ្លួនឯង តាមរយៈការអប់រំសិល្បៈ។
«ភាពយន្តឯកសារ «Cirque du Cambodia» បានបញ្ចំាងដំបូងបំផុតកាលពីថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២០ នៅមហោស្រពភាពយន្តនៃសមាគមអង្គការសហប្រជាជាតិ ឬ United Nations Association Film Festival ហើយ លោក Gershon បានឲ្យដឹងថាភាពយន្តនេះនឹងបញ្ចាំងតាមអ៊ីនធឺណិតនៅថ្ងៃទី ២០ និង២១ ខែវិច្ឆិកា ក្នុងកម្មវិធីរៃអង្គាសប្រាក់ដើម្បីជួយដល់អង្គការហ្វារពន្លឺសិល្ប: និងជួយដល់លោក សុផា និងលោកឌីណា ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩។
ខ្សែជីវិតជីវិតត្រួសៗរបស់លោក ណែម សុផា
លោក សុផា ដែលតួអង្គម្នាក់នៅក្នុងភាពយន្តឯកសារនេះ ជាកូនទី៧ ក្នុងចំណោមបងប្អូន១២ នាក់។ សព្វថ្ងៃបុរសមានមាឌល្អិត កម្ពស់ ១,៦៤ ម៉ែត្រ ទម្ងន់៦៣គីឡូក្រាម និងសាច់ដុំពោះកង់ៗ មិនទាន់មានគូស្រករនៅឡើយទេ។ លោក សុផា រៀបរាប់ពីប្រវត្តិនៃការចូលហាត់សៀកប្រាប់ VOA តាមទូរស័ព្ទថា លោកចូលហាត់សៀក ដោយសារអង្គការហ្វារពន្លឺសិល្ប:នៅក្បែរផ្ទះ ហើយកាលនៅតូចមានពេលច្រើនមិនដឹងទៅណា លោកក៏ទៅមើលគេរាំ គេហាត់សៀក ហើយពេលឃើញគេហាត់សប្បាយលោកចង់ចូលហាត់ដែរ។ លើសពីនេះ កត្តាដែលជំរុញទឹកចិត្ត លោកបំផុតគឺ ពេលឃើញបងប្រុសលោក ទទួលបានឱកាសទៅហាត់ និងសម្ដែងសៀកនៅប្រទេសប្រទេសបារាំង។
លោក សុផា បាននិយាយថា៖
«ហើយមួយទៀត ជំរុញខ្លាំងជាងគេនោះ ខ្ញុំសួរគាត់ គាត់បានទៅប្រទេសបារាំង ដល់ពេលគាត់ទៅប្រទេសបារាំងអញ្ចឹងទៅខ្ញុំសួរគាត់ ម៉េចបងបានទៅប្រទេសបារាំងបាន ហើយគាត់ឆ្លើយវិញថា ទាល់តែអូនហាត់សៀកដូចបងទៅ អូនព្យាយាមទៅ អូនអាចទៅបានហើយនៅថ្ងៃក្រោយ»។
លោក សុផា បានបន្ដថា ការស្រឡាញ់សិល្ប:សៀក សេចក្ដីក្លាហាន និងការជួយជ្រោមជ្រែងពីអង្គការហ្វារពន្លឺសិល្ប: អាណាព្យាបាលធម៌ និងសម្បុរសជនផ្សេងៗ ជាកត្ដាចម្បងដែលបានធ្វើឲ្យលោកជោគជ័យក្នុងវិស័យសៀក លើឆាកអន្តរជាតិ។
លោក សុផាបាននិយាយថា៖ «ទីមួយជា យើងមានក្ដីស្រឡាញ់របស់យើងជាផ្នែកសិល្ប: មួយទៀតដោយសារខ្ញុំ កាលខ្ញុំនៅក្មេងជើងដៃខ្ញុំរាងទន់ ដល់អញ្ចឹងទៅ ខ្ញុំអាចបត់បែនបានផ្នែកខាងសៀក។ ណាមួយខ្ញុំមានភាពក្លាហាន ពេលធ្វើអ្វីមួយខ្ញុំអត់ចេះ[ខ្លាច] ថាខ្លាចដែរតែពេលយើងឃើញគេធ្វើអ្វីមួយ យើងចង់ធ្វើតាមគេភ្លាមៗ ដល់អញ្ចឹងទៅនៅពេលដែលខ្ញុំធ្វើវាចេះតែបានរហូត អញ្ចឹងទៅមានអារម្មណ៍មួយថាមិត្តភក្តិជួយលើកស្ទួយទៀត គ្រូៗចេះតែជួយទៀត ធ្វើឲ្យអារម្មណ៍ខ្ញុំចេះតែខំរហូត»។
លោក សុផា ថា លោកពិតជារំភើបណាស់ដែលភាពយន្តឯកសារនេះ ទីបំផុតត្រូវបានដាក់បញ្ចាំងកាលពីថ្ងៃទី ២១ ខែតុលាកន្លងទៅ។ លោកបានទស្សនា និងសរសើរពីការការតស៊ូរាប់ឆ្នាំរបស់ផលិតករ ដើម្បីផលិតភាពយន្តឯកសារនេះឡើង។ លោកថា បើអាចបន្ថែមឈុតខ្លះបាន លោកចង់បង្ហាញទស្សនិកជនពីដំណើរជីវិតរបស់សិល្បករសៀក ក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ១៩។
ផលប៉ះពាល់នៃជំងឺកូវីដ១៩ ការងារបច្ចុប្បន្ន និងបំណងរបស់លោកសុផា
មុនពេលមានវិបត្តិកូវីដលោក សុផា បម្រើការងារជាសមាជិកសិល្បករសៀក ឲ្យក្រុមហ៊ុន IADA ដែលជាក្រុមហ៊ុនរបស់ប្រទេសអ៊ីតាលី ប៉ុន្តែលោកបំពេញការងារនៅក្នុងប្រទេសអាល្លឺម៉ង់។ ការងាររបស់លោកគឺសម្ដែងសៀក នៅក្នុងកប៉ាល់ទេសចរណ៍ ប៉ុន្តែដោយសារតែវិបត្តិកូវីដ១៩ លោកត្រូវបានក្រុមហ៊ុនបញ្ឈរជើងមួយរយ:ពេលធំមកហើយ។
សព្វថ្ងៃលោក សុផា កំពុងរស់នៅជាមួយក្រុមគ្រួសារនៅក្នុងខេត្តបាត់ដំបង ហើយលោកមិនមានការងារធ្វើទេ។ ការចំណាយចាយវាយលើជីវភាពប្រចាំថ្ងៃ ត្រូវពឹងផ្អែកទាំងស្រុងលើប្រាក់សន្សំដែលទទួលបានពីការងារនៅក្នុងប្រទេសអាល្លឺម៉ង់។
ក្រៅពីការសម្ដែងសៀក លោក សុផា មានបំណងចង់ក្លាយជាអ្នកដឹកនាំការសម្ដែងសិល្ប:សៀក ដោយសារតែលោកមានធនធានមនុស្សស្រាប់ ព្រោះក្នុងចំណោមបងប្អូនបង្កើតទាំង ១២នាក់ មាន ៧នាក់ ឆ្លងកាត់ការហ្វឹកហាត់ជំនាញសៀក។ ទៅថ្ងៃអនាគតលោកក៏មានបំណងបើកភោជនីយដ្ឋានផង បើសិនជាលោកអាចសន្សំបានដើមទុនគ្រប់គ្រាន់។
ដោយសារលោក សុផា ទទួលគុណបំណាច់ពីអង្គការហ្វារពន្លឺសិល្ប: ឪពុកម្ដាយធម៌នៅប្រទេសកាណាដា និងសប្បុរសជនផ្សេងៗទៀត ក្នុងការទំនុកបម្រុងឲ្យលោកបានរៀនចប់ពីសាលា The National Circus School of Montreal លោកមានបំណងតបស្នងសងគុណអ្នកទាំងនោះតាមរយ:ការចូលរួមក្នុងការងារសង្គម ក៏ដូចជាជួយបណ្ដុះបណ្ដាលក្មេងជំនាន់ក្រោយ ដែលចង់ហាត់រៀនជំនាញសៀក។
លើសពីនេះ លោក សុផា ក៏បានលើកឡើងថា បើមានកូនលោកក៏ចង់ឲ្យកូនៗធ្វើអ្វីដែលពួកចូលចិត្ត និងរីករាយ ប៉ុន្តែលោកក៏មានបំណងឲ្យកូនៗរបស់លោករៀនជំនាញសៀកដូចលោកដែរ។
VOA បានទាក់ទងទៅកាន់លោក សុខ ឌីណា ដែរ ប៉ុន្តែ លោកឌីណាមានធុរ:មិនទាន់អាចផ្ដល់បទសម្ភាសន៍បាន៕