រយៈពេលជាង២សប្តាហ៍កន្លងទៅហើយបន្ទាប់ពីហេតុការណ៍នៅលើស្ពានកោះពេជ្រ មានអ្នករបួសយ៉ាងហោចណាស់ជាង៥០នាក់ទៀត កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យសាធារណៈ ក្នុងទីក្រុងភ្នំពេញនៅឡើយ។ អ្នកជំងឺមួយចំនួននៅតែស្ថិតក្នុងសភាពធ្ងន់ធ្ងរនៅឡើយ។
នៅមន្ទីរពេទ្យកាល់ម៉ែត្រដែលបានទទួលជនរងគ្រោះដោយសារការប្រជ្រៀតជាន់លើគ្នាលើស្ពានកោះពេជ្រមកព្យាបាលច្រើនជាងមន្ទីរពេទ្យសាធារណៈដទៃទៀតរហូតមកទល់ពេលនេះមាន ជនរងគ្រោះមួយចំនួននៅតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ។
ក្នុងបន្ទប់មួយនៃអាគារសង្គ្រោះ មានអ្នកជំងឺ៣នាក់ កំពុងសម្រាកលើគ្រែដែលមានកម្រាលពណ៌ស។ អ្នកជំងឺទាំងនេះសុទ្ធតែជាជនរងគ្រោះក្នុងហេតុការណ៍នៅលើស្ពានកោះពេជ្រកាលពីថ្ងៃទី២២ ខែវិច្ឆិកា។
យុវជន សោម គុជសាណូ អាយុ១៧ឆ្នាំ កំពុងសម្រាកលើគ្រែដោយយកដៃអោបខ្នើយយ៉ាង ណែនផ្អឹបជាប់នឹងដើមទ្រូង។ ជាសិស្សនៃវិទ្យាល័យមួយនៅក្រុងតាខ្មៅខេត្តកណ្តាល គុជ សាណូ បិទភ្នែក ក្បាលងាកចុះងាកឡើង លាយឡំជាមួយនឹងសំឡេងថ្ងូរតិចៗ ដែលបញ្ជាក់ពីការឈឺចាប់។
គ្រូពេទ្យ បានប្រាប់ថា សាច់ដុំកំភួនជើងខាងស្ដាំរបស់ គុជសាណូ បានបែកជាចម្រៀកយ៉ាងធ្ងន់ធ្ងរដោយសារការជាន់ពីលើគ្នាយ៉ាងកំណាចនោះ។ គ្រូពេទ្យបានធ្វើការវះកាត់របួសនេះរួចហើយប៉ុន្ដែយុវជនរូបនេះហាក់ដូចជានៅតែឈឺចាប់នៅឡើយថែមទាំងមិនអាចផ្តល់កិច្ចសម្ភាសដោយផ្ទាល់បានទេ។
អ្នកស្រីមាស សុផាណា ម្តាយរបស់យុវជន សោម គុជសាណូ មានប្រសាសន៍ថាគ្រូពេទ្យបានប្រាប់ថាជើងកូនរបស់គាត់គេចផុតពីភាពពិការ ហើយក៏អាចវិលទៅរកសភាពដូចដើមវិញបានដែរ។
លោកស្រីសុផាណាបានបញ្ជាក់បន្ថែមថា៖
«ពេទ្យស្ទាបទៅគេថាមានឈាមកកនៅក្នុងសាច់ដុំនោះ។ ពេទ្យថាត្រូវវះកាត់ភ្លាមបើមិនអញ្ចឹងទេវាត្រូវប៉ះពាល់បញ្ហាដល់តម្រងនោម។ ពេទ្យអត់ប្រាប់ថាចេញទៅផ្ទះយ៉ាងម្តេចៗទេ។ គាត់អត់សូវជាបញ្ជាក់ប្រាប់យើងដែរ។ គាត់គ្រាន់តែមកពិនិត្យប្រាប់យើងថាអត់អីទេៗ»។
ប្រជាពលរដ្ឋមកពីខេត្តកណ្តាលម្នាក់ទៀត គឺអ្នកស្រី អ៊ុត ណារី អាយុ៣៩ឆ្នាំ ក៏ស្ថិតនៅក្នុងបន្ទប់នោះដែរ។ ជើងឆ្វេងរបស់គាត់ពោរពេញដោយរបួសស្ទើរសុះសាច់ដោយសារការជាន់ប្រជ្រៀតគ្នា។ អ្នកស្រីមិនអាចប្រើជើងឆ្វេងនេះសម្រាប់ដើរបាននៅឡើយទេ។
អ្នកស្រី ណារី បានរៀបរាប់ថានៅពេលនេះអ្នកស្រីនៅឈឺក្នុងខ្លួននៅឡើយដោយសារអ្នកស្រីទទួលរងការជាន់ប្រជ្រៀតយ៉ាងខ្លាំងក្នុងព្រឹត្តិការណ៍លើស្ពាននៃមណ្ឌលកម្សាន្តនៅកោះពេជ្រនោះ។
«នៅក្នុងខ្លួនខ្ញុំឥឡូវវានៅចុកទ្រូងហើយវានៅចុកចាប់ស្ពឹកជើងពីនេះទៅរហូតដល់ចុងជើង។ ជើងអត់ទាន់កម្រើករួចទេហើយនៅទន់កជើងនេះ។ ពេលដើរខើចជើងមួយចំហៀង។ វាអត់ដូចដើម។ ពេទ្យគេថាសម្ពាធសរសៃឈាមកជើង។ ពេទ្យគេថា ថ្ងៃក្រោយទៅអាចកម្រើករួចតែខ្ញុំមិនអស់ចិត្ត។ ខ្ញុំខ្លាចកម្រើកមិនរួចដូចដើម»។
នៅក្នុងមន្ទីរពេទ្យកាល់ម៉ែតដដែលអ្នករងរបួសក្នុងព្រឹត្តិការណ៍នៅមណ្ឌលកម្សាន្តកោះពេជ្រមួយចំនួនត្រូវគេដាក់ឲ្យស្ថិតនៅក្រៅបន្ទប់ រីឯខ្លះទៀតស្ថិតនៅក្នុងបន្ទប់។ អ្នកជំងឺខ្លះកំពុងព្យួរសេរ៉ូមនៅឡើយ។ ហើយក៏នៅមានអ្នកជំងឺខ្លះទៀតកំពុងស្ថិតនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ផងដែរ។
គ្រូពេទ្យបានឲ្យអ្នកជំងឺធ្វើចលនាអវៈយវៈដោយសារអ្នកជំងឺដែលកំពុងសម្រាកព្យាបាលភាគច្រើនប៉ះពាល់លើជើងនិងបណ្ដាលឲ្យមានសភាពស្ពឹកមិនអាចកម្រើកបាន។ អ្នកជំងឺមួយចំនួនទៀតត្រូវធ្វើការដូរឈាមដោយសារក្នុងឈាមរបស់គាត់មានជាតិពុលច្រើន។
រដ្ឋាភិបាលប្រទេសកម្ពុជា ធា្លប់បានប្រកាសថា អ្នកជំងឺដែលមានសភាពធ្ងន់ធ្ងរអាចទៅព្យាបាលនៅក្រៅប្រទេសជិតខាងបានក៏ប៉ុន្តែនៅពេលនេះគេពុំទាន់ឃើញមានអ្នកជំងឺត្រូវបានបញ្ជូនទៅព្យាបាលនៅក្រៅប្រទេសនៅឡើយទេ។ អ្នកជំងឺមួយចំនួនបានស្លាប់ក្នុងពេលដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅក្នុងស្រុក។ ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតរហូតមកទល់ពេលនេះបានកើនដល់ចំនួន៣៥៣នាក់។
លោក ញឹម វ៉ាន់ដា អនុប្រធានគណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា រហូតមកដល់ពេលនេះអ្នករងរបួសដោយសារហេតុការណ៍នៅលើស្ពានកោះពេជ្រកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួន៥៩នាក់ ហើយអ្នកជំងឺមួយចំនួនត្រូវការពេលវាលា ដើម្បីធ្វើការ ព្យាបាលដោយសារមានការប៉ះពាល់ដល់តម្រងនោម សួត និងខួរក្បាល។
លោកបានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺទាំងនោះមានអ្នកខ្លះមានសភាពធ្ងន់ធ្ងរដែរតែកំពុងធ្វើការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យ។
«ជំងឺជាទូទៅបានល្អដែរ ប៉ុន្តែវាមិនស្មើគ្នាទេ។ វាមានខ្លះទៅវាព្យាបាលយូរតិចទៅ។ ខ្លះក៏ចេញបណ្តើរៗទៅផ្ទះ។ ជំងឺវាមានធ្ងន់មានស្រាលគ្រាន់ថាវាមានគ្រោះថា្នក់អ្វីផ្សេងៗ យើងមិនបានដឹងទេ ប៉ុន្តែពេទ្យគេបានខំព្យាបាលឱ្យអស់លទ្ធភាពហើយ»។
វីអូអេ សំឡេងសហរដ្ឋអាមេរិក មិនអាចសុំការអត្ថាធិប្បាយបន្ថែមជុំវិញបញ្ហាទាំងអស់នេះពីលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលនិងលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចបានទេ ដោយលោកទាំងពីរបានឆ្លើយថាជាប់រវល់ប្រជុំ៕