នៅថ្ងៃច័ន្ទនេះ មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជាបានចេញផ្សាយរបាយការណ៍សិក្សាមួយរកឃើញករណីជម្លោះដីធ្លីពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ចដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋច្រើនរាប់ម៉ឺនគ្រួសារគួរឲ្យព្រួយបារម្ភបំផុតក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះ។
របាយការណ៍សិក្សាអំពីករណីជម្លោះដីធ្លីនៅកម្ពុជាពីឆ្នាំ២០០៧ដល់ឆ្នាំ២០១១ បានរកឃើញថា មានករណីវិវាទដីធ្លី២២៣ករណីវិវាទដែលបានរាយការណ៍តាមបណ្តាញសាធារណៈនៅក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះ ហើយប៉ះពាល់ដល់ប្រជាពលរដ្ឋ៤៧៣៤២គ្រួសារ។
របាយការណ៍សិក្សានេះបានលើកឡើងថា ក្នុងចំណោម២២៣ករណីនេះ មាន៧៩ករណីពាក់ព័ន្ធនឹងជម្លោះដីធ្លី ពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ចដែលអាចប៉ះពាល់ដល់ប្រជាពលរដ្ឋ៣០១៦០ គ្រួសារ។
របាយការណ៍សិក្សានេះបានលើកឡើងថា ព័ត៌មានដែលផ្តល់ជូនមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា អាចបង្កើតជាករណីសិក្សាមួយទាក់ទិននឹងទិដ្ឋភាពផ្នែកច្បាប់ដែលមិនត្រូវបានអនុលោមតាម ដូចជាសំណងគ្រប់គ្រាន់ និងសមរម្យ ដើម្បីផ្តល់ជូនសហគមន៍ និងផលប៉ះពាល់មិនល្អជាទូទៅនៃដីសម្បទានសេដ្ឋកិច្ចចំពោះជីវភាពរស់នៅរបស់សហគមន៍ជាទូទៅ។
លោកស្រី ជរ ច័ន្ទធីតា អ្នកសម្របសម្រួលគម្រោងនៃមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា បានថ្លែងថា ជម្លោះដីធ្លីពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ចចំនួន៧៩ករណីនេះបានកើតមាននៅទូទាំងប្រទេស ប៉ុន្តែខេត្តដែលមានជម្លោះច្រើនជាងគេ គឺ
ខេត្តរតនគីរី ដែលមាន១១ករណី ខេត្តមណ្ឌលគីរី១០ករណី ខេត្តក្រចេះ៨ករណី ខេត្តកំពង់ស្ពឺ៧ករណី។
«យើងឃើញថា ផលប៉ះពាល់ប្រជាពលរដ្ឋប្រឈមនឹងការបាត់បង់ដីក្នុងការធើ្វស្រែចម្ការរបស់គាត់។ គាត់ប្រឈមនឹងបញ្ហាសន្តិសុខផ្ទាល់ខ្លួនរបស់គាត់ នៅពេលដែលគាត់ចេញមុខតវ៉ាជាញឹកញយក្នុងការការពារដីធ្លីរបស់ពួកគាត់។ ដូចជាការគំរាមកំហែង និងការកោះហៅឲ្យឡើងតុលាការជាដើម។ គាត់ប្រឈមនឹងបញ្ហាក្រីក្រ ដោយសារគាត់អត់មានដីប្រកបរបរដាំដំណាំ»។
លោកអ៊ូច ឡេង មន្រ្តីកម្មវិធីដីធ្លីនៃសមាគមអាដហុក បានបញ្ជាក់ថា គិតពីឆ្នាំ២០០៥ រដ្ឋាភិបាលបានផ្តល់ដីសម្បទានប្រមាណ៧លានហិចតាដល់ក្រុមហ៊ុនឯកជនចំនួន២២២ ហើយប្រជាពលរដ្ឋជាង១៥០០០០គ្រួសារបានទទួលរង
ផលប៉ះពាល់។
«ក្រុមហ៊ុនឯកជន ក៏ដូចជាខាងរដ្ឋាភិបាលមិនបានផ្តល់សំណងសមរម្យជូនគាត់។ មិនត្រឹមតែប៉ុណ្ណោះ មិនបានយកចិត្តទុកដាក់ដោះស្រាយជីវភាពរស់នៅរបស់ពួកគាត់។ ផ្ទុយទៅវិញ ធើ្វឲ្យប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ហ្នឹងកាន់តែក្រីក្រ ហើយចំណែកឯការចូលមកអភិវឌ្ឍរបស់ខាងក្រុមហ៊ុនឯកជនហ្នឹងមិនបានធើ្វឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរីកចម្រើនទេ»។
លោកឯក ថា អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សប្រចាំទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងថា រដ្ឋាភិបាលគិតផលប្រយោជន៍ប្រជាពលរដ្ឋ ហើយមិនដូចការបកស្រាយរបស់ក្រុមអ្នករិះគន់នោះទេ។
«យើងបាន និងកំពុងធើ្វការអភិវឌ្ឍប្រទេសដោយចីរភាព។ យើងអត់មាននយោបាយធើ្វបាបប្រជាពលរដ្ឋទេ។ ក៏ប៉ុន្តែ យើងមាននយោបាយជួយប្រជាពលរដ្ឋ ឲ្យប្រជាពលរដ្ឋរីកចម្រើន។ យើងគិតពីសុខុមាលភាព និងទុក្ខសោករបស់ប្រជាពលរដ្ឋ»។
របាយការណ៍សិក្សានេះបានផ្តល់យោបល់ថា យុទ្ធវិធីដែលមានការចូលរួម និងកិច្ចសហការ បានជំរុញឲ្យអង្គការសង្គមស៊ីវិល និងសកម្មជនសហគមន៍មូលដ្ឋានចែករំលែកព័ត៌មានដល់មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា ពង្រឹងសហគមន៍មូលដ្ឋានតាមរយៈការកសាងសមត្ថភាព៕