វ៉ាស៊ីនតោន — កាលពីខែតុលាឆ្នាំ ១៩៩១ ភាគីចម្បាំងនានានៅកម្ពុជានិងតំណាងនៃប្រទេសផ្សេងៗដែលរួមមានសហរដ្ឋអាមេរិក បារាំង ចិន និងវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយសម្រាប់កម្ពុជា ដែលបានរៀបចំឡើងនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលជាច្រើនឆ្នាំ។ កិច្ចព្រមព្រៀងសន្តិភាពនោះ បានធានាឲ្យមានការគោរពអធិបតេយ្យរបស់កម្ពុជា និងការគោរពសិទ្ធិមនុស្សផងដែរ។
ខណៈពេលដែលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសជិតមានអាយុកាល ៣០ ឆ្នាំ ក្រុមសកម្មជនជើងចាស់នៃសហគមន៍ខ្មែរនៅក្រៅប្រទេសនៅតែសម្តែងការព្រួយបារម្ភនឹងបញ្ហាអធិបតេយ្យជាតិរបស់កម្ពុជា។
ក្នុងការពិភាក្សាតាមអនឡាញប្រចាំសប្តាហ៍ ដែលរៀបចំដោយមហាសន្និបាតកំពូលខ្មែរឯនាយសមុទ្រ កាលពីចុងខែមីនា ក្រុមសកម្មជនខ្មែរអាមេរិកាំងយល់ថា អធិបតេយ្យកម្ពុជានៅតែមិនទាន់បានមកពលរដ្ឋខ្មែរម្ចាស់ប្រទេសពេញលេញនៅឡើយទេ ចាប់តាំងពីឆ្នាំ ១៩៧៩ មក គឺក្រោយការចូលឈ្លានពានរបស់កងទ័ពកុម្មុយនីស្តវៀតណាម ដើម្បីផ្តួលរំលំក្រុមកុម្មុយនីស្តខ្មែរក្រហមដែលនិយមក្រុងប៉េកាំង។
លោកព្រឹទ្ធាចារ្យ ម៉ារិទ្ធ ឆង ដែលនៅរដ្ឋវ៉ាស៊ីនតោន និងជាប្រធានកិត្តិយសមហាសន្និបាតកំពូលខ្មែរឯនាយសមុទ្រ បានថ្លែងថា៖ «ខ្ញុំមានក្តីព្រួយបារម្ភខ្លាំងនូវអ្វីដែលបានកើតមានឡើងនៅភូមិកំណើតរបស់យើង គឺប្រទេសកម្ពុជា គឺខ្វះអធិបតេយ្យ។ ជាពិសេសចាប់ពីឆ្នាំ ១៩៧៩ មក»។
សកម្មជនយល់ថា ការខ្វែងគំនិតគ្នានៃមនោគមវិជ្ជារវាងប្លុកសេរីនិងកុម្មុយនីស្ត គឺជាដើមចមទាញទម្លាក់កម្ពុជាចូលក្នុងភ្នក់ភ្លើងសង្គ្រាមស៊ីវិល តាំងពីដើមទសវត្សរ៍ទី ៧០ ហើយវានៅតែបន្តតាមលងក្នុងឆាកនយោបាយកម្ពុជាដល់ពេលបច្ចុប្បន្ន។ បើទោះបីជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលភាគីជម្លោះនានាបានចុះហត្ថលេខាកាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ ជួយធានាអធិបតេយ្យជូនប្រទេសកម្ពុជាក៏ដោយក៏ពួកគេយល់ថា ការអនុវត្តមិនបានត្រឹមត្រូវទេ។
ជាពិសេសការបន្តរក្សាទុកកិច្ចព្រមព្រៀងនានា ដែលថ្នាក់ដឹកនាំកម្ពុជាបានចុះហត្ថលេខាក្នុងពេលនៅក្រោមការគ្រប់គ្រងរបស់របបក្រុងហាណូយ។ ក្នុងនោះមានសន្ធិសញ្ញាសន្តិភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងកម្ពុជា នៅឆ្នាំ ១៩៧៩ កិច្ចព្រមព្រៀងឆ្នាំ ១៩៨២ អំពីតំបន់ទឹកប្រវត្តិសាស្ត្រ សន្ធិសញ្ញាឆ្នាំ ១៩៨៣ ស្តីពីការកំណត់យកផែនទីដើម្បីជាមូលដ្ឋានក្នុងការចរចា និងសន្ធិសញ្ញាឆ្នាំ ១៩៨៥ ស្តីពីការកំណត់ព្រំដែន។
លោក នាថបណ្ឌិត តាកែវ ឫទ្ធិពល ប្រធានមហាសន្និបាតកំពូលខ្មែរឯនាយសមុទ្រ ដែលមានមូលដ្ឋាននៅតំបន់រដ្ឋធានីវ៉ាស៊ីនតោន បានថ្លែងថា៖ «កិច្ចព្រមព្រៀងក្រុងប៉ារីសតម្រូវទាមទារឲ្យលុបកិច្ចព្រមព្រៀងជាតិជាមួយនឹងបរទេសជិតឆ្ងាយ ដែលធ្វើឡើងក្រៅក្របខណ្ឌប្រយោជន៍ប្រទេសជាតិ ដែលត្រូវមានឯករាជ្យមិនត្រូវមានសម្ពាធពីប្រទេសណា ដែលព្រមព្រៀងក្រៅប្រយោជន៍ជាតិ គេសំដៅទៅលើកងទ័ពវៀតណាមក្នុងពេលដែលកងទ័ពវៀតណាមជិត ២០ ម៉ឺននាក់ ដែលនៅកាន់កាប់ហើយអស់លោកមិនព្រមលុបទេ ដោយសារវៀតណាមមិនឲ្យលុប ហើយលោកថា កុំឲ្យខូចមិត្តភាពខ្មែរវៀតណាម»។
លោក ម៉ារិទ្ធ ឆង ក៏បានបន្ថែមថា៖ «កាលនោះយើងបាត់អស់បូរណភាពទឹកដីក៏អត់អធិបតេយ្យ ក៏អត់ដោយសារតែគេមកជ្រៀតជ្រែក។ ពេលគេប្រកាសជោគជ័យរឹតតែច្បាស់លាស់ គឺតាំងពីខែមករា ឆ្នាំ ១៩៧៩»។
រូបឯកសារ៖ អ្នកគាំទ្រលោក រ៉ុង ឈុន នាំគ្នាតវ៉ានៅមុខសាលាឧទ្ធរណ៍ក្នុងរាជធានីភ្នំពេញ ឲ្យដោះលែងលោក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)
រូបឯកសារ៖ ព្រំ ចាន់ថា ភរិយាលោក កាក់ កុម្ភារ អតីតសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និយាយជាមួយអ្នកសារព័ត៌មាននៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ មករា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)
រីឯការរំលោភសិទ្ធិមនុស្សជាបន្តបន្ទាប់ក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលជាង ៣ ឆ្នាំចុងក្រោយនេះបានធ្វើឲ្យសកម្មជនខ្មែរអាមេរិកាំងយល់ថា មានតែយន្តការអន្តរជាតិទេអាចជួយដោះស្រាយបាន។
ការព្រួយបារម្ភនេះបានបន្ថែមទម្ងន់ទៀត នៅពេលដែលស្ថានភាពសិទ្ធិមនុស្សដែលពួកគេយល់ថាជាបញ្ហាដ៏សំខាន់ ប៉ុន្តែបែរជាមិនសម្រេចបានត្រឹមត្រូវតាមស្មារតីនៃកិច្ចព្រមព្រៀងនេះ ខណៈមេដឹកនាំកម្ពុជាបន្តពង្រឹងមិត្តភាពជាមួយនឹងប្រទេសចិនកុម្មុយនីស្តកាន់តែខ្លាំងជាងមុន។
មានការរំលោភសិទ្ធិមនុស្សជាច្រើនទម្រង់នៅកម្ពុជា ដែលរួមមានការចាប់ឃុំខ្លួនតាមតែអំពើចិត្តការរឹតត្បិតសំឡេងគណបក្សជំទាស់និងប្រព័ន្ធតុលាការកម្ពុជាស្ថិតក្រោមឥទ្ធិពលនយោបាយ។ នេះបើតាមរបាយការណ៍តាមដានសិទ្ធិមនុស្សឆ្នាំ ២០២០ របស់ក្រសួងការបរទេសអាមេរិក ដែលចេញផ្សាយកាលពីចុងខែមីនា។
របាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកក៏បានកត់ត្រាការជ្រៀតជ្រែកជីវិតឯកជនរបស់ពលរដ្ឋតាមតែអំពើចិត្ត រាប់ទាំងការឈ្លបយកការណ៍តាមប្រព័ន្ធផ្សព្វផ្សាយអេឡិកត្រូនិក ការរឹតត្បិតធ្ងន់ធ្ងរលើសេរីភាពបញ្ចេញមតិ សារព័ត៌មានអ៊ីនធឺណិត ការប្រើហិង្សា គំរាមកំហែងប្រើហិង្សា និងការរំលោភយកដីធ្លីពលរដ្ឋជាដើម។
លោក យ័ប គឹមទឹង ប្រធានសមាគមខ្មែរអាមេរិកាំងដើម្បីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ ថ្លែងប្រាប់ដល់កិច្ចពិភាក្សាថា សិទ្ធិមនុស្សនៅកម្ពុជាមានតែនៅលើក្រដាស រីឯការអនុវត្តមិនបានល្អឡើយ។ លោកថា ថ្វីបើរដ្ឋាភិបាលកម្ពុជាបានចុះកិច្ចព្រមព្រៀងនិងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារសិទ្ធិមនុស្សជាច្រើន ប៉ុន្តែការធ្វើទុក្ខបុកម្នេញពលរដ្ឋកើតមានជាប្រចាំ។
លោក យ័ប គឹមទឹង បានបន្ថែមថា៖ «យើងមើលទៅវាហួសហេតុ។ វាធ្វើឲ្យប្រទេសខ្មែរយើងរំលោភពាក្យសម្តីខ្លួនឯង ហើយធ្វើឲ្យប្រទេសផ្សេងៗទៀតមិនអាចរាប់ប្រទេសខ្មែរជាមិត្តភក្តិបានល្អូកល្អឺន។ នេះជាការគ្រោះថ្នាក់ទៅថ្ងៃមុខ។ ឥឡូវនេះក៏គ្រោះថ្នាក់ដែរ ដោយសារការមិនគោរពសិទ្ធិមនុស្សនេះ»។
ប៉ុន្តែរដ្ឋាភិបាលកម្ពុជាបានហៅរបាយការណ៍សិទ្ធិមនុស្សរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកថា ខ្វះភាពសត្យានុម័តនិងមានការខ្វះខាតធ្ងន់ធ្ងរលើភាពត្រឹមត្រូវនៃកត្តាទិន្នន័យ និងបច្ចុប្បន្នភាពព័ត៌មាន។ ក្រសួងការបរទេសកម្ពុជាក៏បានលើកឡើងថា គ្មានអាណត្តិជាក់ស្តែងណាមួយដែលផ្តល់ដោយអង្គការសហប្រជាជាតិឲ្យសហរដ្ឋអាមេរិកប្រកាន់យកតួនាទីគ្របដណ្តប់លើគេ ដើម្បីរិះគន់ជាឯកតោភាគី និងតាមអំពើចិត្តអំពីស្ថានភាពសិទ្ធិមនុស្សរបស់ប្រទេសដទៃឡើយ។
គណបក្សប្រជាជនកម្ពុជា ដែលជាភាគីមួយដ៏ធំជាងគេក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស អះអាងថាកម្ពុជាមិនបានបាត់បង់អធិបតេយ្យទេ ដោយឡែកកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាក្រោមការគ្រប់គ្រងរបស់វៀតណាមនៅកម្ពុជា គឺមិនបានធ្វើឲ្យខូចផលប្រយោជន៍កម្ពុជា ហើយត្រូវធ្វើមោឃភាពដូចកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសតម្រូវទេ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថា ផ្ទុយទៅវិញកិច្ចព្រមព្រៀងទ្វេភាគីកម្ពុជាវៀតណាមនោះបានក្លាយជាមូលដ្ឋានក្នុងការកំណត់ព្រំដែនឲ្យច្បាស់ជាងមុនរវាងប្រទេសទាំងពីរដោយមានការបោះបង្គោលព្រំដែនជិតរួចរាល់និងរក្សាទឹកដីបាន។
លោក សុខ ឥសាន បានប្រាប់វីអូអេកាលពីថ្ងៃសុក្រសប្តាហ៍មុនថា៖ «ហើយការបោះបង្គោលដែលមានជាង ៣០០ ដែលបូកសរុបទៅវាជិត ៥០០ បង្គោលទាំងបណ្តោយ ១.២៧៣ គីឡូម៉ែត្រនេះ វាធ្វើឲ្យខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជានិងវៀតណាម កាន់តែធានាបាននូវភាពគង់វង់រក្សាបាននូវទឹកដីកម្ពុជារបស់យើង ក្នុងរង្វង់ ១៨១.០៣៥ គីឡូម៉ែត្រការ៉េ»។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទះដៃជាមួយនឹងនាយករដ្ឋមន្ត្រីចិន លោក Li Keqiang ក្នុងអំឡុងពេលនៃពិធីចុះហត្ថលេខាមួយនៅឯមហាសាលប្រជាជនក្នុងទីក្រុងប៉េកាំង ប្រទេសចិន ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩។
ការធ្លាក់ចុះការគោរពសិទ្ធិមនុស្សនៅកម្ពុជាស្របពេលដែលឥទ្ធិពលបស្ចិមប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យលើរដ្ឋាភិបាលកម្ពុជាបានធ្លាក់ចុះខ្សោយបន្តិចម្តងៗ។ ក្នុងពេលជាមួយគ្នានេះគណបក្សប្រជាជនកម្ពុជាបានងាកមកចាប់ដៃជាមួយនឹងគណបក្សកុម្មុយនីស្តចិន ដែលជាអតីតគូសត្រូវមនោគមវិជ្ជាចាស់ និងបានដំឡើងចំណងមិត្តភាពដល់កម្រិតយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនាពេលថ្មីៗនេះ។ ការណ៍នេះនាំឲ្យមានការវិភាគថា ប្រហែលជាថ្នាក់ដឹកនាំកម្ពុជាចង់ងាកចេញខ្លះពីឥទ្ធិពលរបស់វៀតណាម ដែលប្រកាន់មនោគមវិជ្ជាកុម្មុយនីស្តតាមបែបអតីតសហភាពសូវៀត។
ប៉ុន្តែគណបក្សកាន់អំណាចបានបដិសេធចោល។ លោក សុខ ឥសាន បានចាត់ទុកថាការលើកឡើងណាមួយពីការចោលមួយនិងចាប់យកមួយគឺ «គ្រាន់តែជាឧបាយកលដើម្បីបំបែកបំបាក់» ទំនាក់ទំនងត្រីកោណនេះប៉ុណ្ណោះ៖
«ជាក្រិត្យក្រមសត្យានុម័តហើយព្រំដែន ១.២៧៣ គីឡូម៉ែត្រជាមួយគ្នាយើងទៅបោះចោលម៉េចនឹងកើត។ កម្ពុជាវៀតណាមវាប្រៀបដូចជាអណ្តាតនិងធ្មេញ ដែលនៅជាមួយគ្នារហូត គឺមិនអាចយកធ្មេញចេញ ឬយកមាត់ចេញបានទេ គឺនៅជានិច្ចកាល គឺនៅរាប់ពាន់ឆ្នាំតទៅអនាគតទៀត»។
ក្តីរំពឹងរបស់សកម្មជនខ្មែរអាមេរិកាំង គឺការសើរើឡើងវិញនូវការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដោយប្រទេសហត្ថលេខី ដើម្បីទាមទារឲ្យរដ្ឋាភិបាលកម្ពុជាគោរពសិទ្ធិមនុស្សដោយសារពួកគេយល់ថា វានៅតែមានសុពលភាព។
ក៏ប៉ុន្តែពួកគេយល់ថាក៏មានយន្តការដទៃទៀតដែលប្រទេសម្ចាស់ជំនួយនិងដៃគូពាណិជ្ជកម្មនៅបស្ចិមប្រទេសរបស់កម្ពុជា អាចប្រើប្រាស់បានដែលក្នុងនោះមានច្បាប់ម៉ានិតស្គី របស់សហរដ្ឋអាមេរិកដែលដាក់ទណ្ឌកម្មដោយផ្ទាល់លើបុគ្គល ដែលរំលោភសិទ្ធិមនុស្សមិនថាបុគ្គលនោះជាមន្ត្រីរាជការ ឬពាណិជ្ជករទេ។ ពួកគេក៏បានធ្វើញត្តិដែលបានដាក់ទៅអ្នកតាក់តែងច្បាប់អាមេរិកាំង និងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិជាដើម។
សកម្មជនសហគមន៍ក៏បានទទូចឲ្យពលរដ្ឋខ្មែរនៅក្នុងប្រទេសនិងក្រៅប្រទេសសិក្សាស្វែងយល់និងចងចំាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងកតិកាសញ្ញានានាពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ក៏ដូចជាយន្តការអន្តរជាតិនានា ដើម្បីទទួលបានសិទ្ធិពេញលេញតាមស្មារតីនៃកិច្ចព្រមព្រៀងនេះ និងរក្សាបានអធិបតេយ្យជាតិពិតប្រាកដមួយដោយឯករាជ្យត្រឹមត្រូវ៕