សភា​អនុម័ត​ច្បាប់​គ្រប់គ្រង​ពន្ធនាគារ

លោក​ម៉ែន​ សុថាវរិន​ តំណាងរាស្ត្រ​គណបក្ស​សម​ រង្ស៊ី​ បានថ្លែង​នៅក្នុង​សម័យ​ប្រជុំ​សភា​ថា ​ប្រព័ន្ធ​គ្រប់គ្រង​ពន្ធនាគារ​ត្រូវការ​ច្បាប់​ និង​នីតិវិធី​សម្រាប់​ការ​អនុវត្ត។​

រដ្ឋ​សភា​កម្ពុជា​បាន​អនុម័ត​ច្បាប់​មួយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ សំដៅ​ធានា​សន្តិសុខ​ និង​សុវត្ថិភាព​ដល់​អ្នកទោស​ជាង​១៥​០០០​នាក់​នៅ​ក្នុង​ពន្ធនាគារ​ចំនួន​២៨​ទូទាំង​ប្រទេស​កម្ពុជា។

ក្រុម​អ្នក​រិះគន់​ច្បាប់​នេះ​ដែល​បាន​អនុម័ត​ បាននិយាយ​ថា​ ច្បាប់​នេះ​មាន​ចរិត​លក្ខណៈ​មិន​ច្បាស់លាស់​ ឬ​ ភាពស្រពិចស្រពិល​ ការព្រួយបារម្ភ​អំពី​ភាព​ចង្អៀតណែន​ខ្លាំង​ក្នុង​ពន្ធនាគារ​ កង្វល់​អំពី​ការ​ប្រើ​កម្លាំង​ដោះស្រាយ​ភាព​ចលាចល​នៅក្នុង​ពន្ធនាគារ​ ការ​ព្រួយបារម្ភ​អំពី​ការ​បន្ធូរបន្ថយ​ទោស​ និង​ការ​លើកលែង​ទោស​ដល់​អ្នកទោស​ដោយ​គ្មាន​តម្លាភាព​ និង​យុត្តិធម៌​ ព្រមទាំង​កង្វល់​ចំពោះ​មន្ត្រី​ពន្ធនាគារ​ និង​មន្ត្រី​តុលាការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​អំពី​បទល្មើស​អ្វី​មួយ។

លោក​យឹម​ សុវណ្ណ​ តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី ​បានថ្លែង​នៅក្នុង​សម័យ​ប្រជុំ​សភា​ថា​មាត្រា​ចំនួន​៨​ក្នុង​ជំពូក​ទី​៧​មិន​គួរ​មាន​នៅក្នុង​សេចក្តីព្រាង​ច្បាប់​នេះ​ទេ​ ហើយ​បើ​មាន​ជំពូក​ទី​៧​នេះ​ ប្រទេស​កម្ពុជា​នឹង​មាន​ការ​ខាតបង់​ច្រើន​ជាង​ចំណេញ។

«ក្នុង​ជំពូក​ទី​៧​ ខ្ញុំ​យល់ឃើញ​ថា​ មាត្រា​មួយ​ចំនួន​គួរឲ្យ​ព្រួយបារម្ភ​មែនទែន​ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅដល់​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា។ ​យើង​ចែង​អំពី​ការ​ផ្តល់​សិទ្ធិ​អំណាច​ទៅ​ឱ្យ​ក្រសួង​មហាផ្ទៃ​ និង​អគ្គ​នាយក​ដ្ឋាន​ពន្ធនាគារ​មាន​សិទ្ធិ​ចុះ​កិច្ច​សន្យា​ជាមួយ​ក្រុមហ៊ុន​ឯកជន​សម្រាប់​ការ​បង្កើត​ការងារ​ កម្មវិធី​ឧស្សាហកម្ម​ សិប្បកម្ម​ និង​កសិកម្ម​នៅក្នុង​ពន្ធនាគារ​ ហើយ​នឹង​មាន​សិទ្ធិ​ចុះ​កិច្ច​សន្យា​លក់​ផលិតផល​ដែល​ផលិត​ដោយ​អ្នកទោស​នៅ​ក្នុង​ពន្ធនាគារ​ ដើម្បី​យក​ទៅ​លក់​នៅ​ក្នុង​ទីផ្សារ​ និង​លក់​ឱ្យ​ក្រុមហ៊ុន​ឯនជន។ ​មាត្រា​ទាំង​ប៉ុន្មាន​នេះ​ផ្ទុយ​ទៅ​នឹង​អនុសញ្ញា​អន្តរជាតិ​មួយ​ចំនួន​ដែល​ហាមឃាត់​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​នៅ​ក្នុង​ពន្ធនាគារ​សម្រាប់​ជា​ប្រយោជន៍​ទៅដល់​បុគ្គល​ឯកជន»។

លោក​ម៉ែន​ សុថាវរិន​ តំណាងរាស្ត្រ​គណបក្ស​សម​ រង្ស៊ី​ បានថ្លែង​នៅក្នុង​សម័យ​ប្រជុំ​សភា​ថា ​ប្រព័ន្ធ​គ្រប់គ្រង​ពន្ធនាគារ​ត្រូវការ​ច្បាប់​ និង​នីតិវិធី​សម្រាប់​ការ​អនុវត្ត។

«ច្បាប់​ពន្ធនាគារ​ទាំងមូល​ ខ្ញុំ​មើល​ទាំងអស់​ទៅ​ឃើញ​ថា​ មាន​ភាព​ស្រពិចស្រពិល​ច្រើន។​ ច្បាប់​នេះ​មិន​បញ្ជាក់​ច្បាស់​ពី​គោល​ការណ៍​សំខាន់​នៃ​បទបញ្ជា​ផ្ទៃក្នុង​ និង​មិន​មាន​តម្រូវការ​ណា​មួយ​ឱ្យ​នាយក​ពន្ធនាគារ​ ឬ​ ក្រសួង​មហាផ្ទៃ​បង្កើត​នីតិវិធី​លម្អិត​អំពី​បទ​បញ្ជា​ផ្ទៃក្នុង​ទេ»។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ស​ ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ បានថ្លែង​អំណរ​គុណ​ដល់​រដ្ឋសភា​ទាំង​មូល​ចំពោះ​ការផ្តល់​អនុសាសន៍​ និង​ការ​អនុម័ត​សេចក្តីព្រាង​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​ពន្ធនាគារ។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ស​ ខេង​បានចាត់ទុក​ថា​ លទ្ធផល​ដែល​បានមក​ពី​ការ​អនុម័ត​ច្បាប់​នេះ​ពិត​ជា​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ថ្មី​មួយ​ទៀត​ក្នុង​ការ​គ្រប់គ្រង​សង្គម​កម្ពុជា​ ដើម្បី​ធានា​បាន​នូវ​សុខ​សន្តិភាព​ ស្ថិរភាព​ និង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា។

«យើង​ខ្ញុំ​សូម​ទទួល​យក​នូវ​ច្បាប់​នេះ​ ដើម្បី​យក​ទៅ​ចាត់ចែង​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធិភាព​ ដើម្បី​រួម​ចំណែក​ក្នុង​ការ​ពង្រឹង​ ការគ្រប់គ្រង​សង្គម​កម្ពុជា​របស់​យើង​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត»។

លោក​អំ សំអាត​ ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​«យើង​ស្វាគមន៍​ការ​អនុម័ត​ច្បាប់​ស្តីពី​ពន្ធនាគារ​នេះ​ ពីព្រោះ​ប្រទេស​កម្ពុជា​យើង​ជា​លើកទី​មួយ​ហើយ​មាន​ច្បាប់​ពន្ធនាគារ។ ​កន្លងមក​ ដោយសារ​មិន​មាន​ច្បាប់​ពន្ធនាគារ​នេះ​ការ​គ្រប់គ្រង​ពន្ធនាគារ​មាន​រឿង​ មាន​បញ្ហា​ភាព​មិនប្រក្រតី​មួយ​ចំនួន​កើត​ឡើង»។

លោក​អំ​ សំអាត​បានបញ្ជាក់​ថា ​រដ្ឋាភិបាល​ត្រូវតែ​អនុវត្ត​ច្បាប់​ពន្ធនាគារ​ដែល​មាន​៨៥​មាត្រា​នេះ​ ឱ្យមាន​ប្រសិទ្ធិភាព៕