ក្រសួងការ​បរទេស​កម្ពុជា​ប្តឹង​ឯកអគ្គរាជទូត​របស់​ខ្លួន​ប្រចាំ​ប្រ៊ុយណេ​ពីបទ​ពុករលួយ

លោក​ឧបនាយក​រដ្ឋ​មន្រ្តី​ហោ ណាំហុង

ក្នុង​ពេល​ផ្តល់​បទ​សម្ភាស៍​ជាមួយ​នឹង​វី​អូ​អេ​សំឡេង​សហរដ្ឋ​អាមេរិក​ជា​ខេមរៈភាសា​តាមរយៈ​ប្រព័ន្ធ ​អ៊ីនធឺណិត​ កាលពី​ដើម​សប្តាហ៍​នេះ​អស់​រយៈពេល​ជាង​មួយ​ម៉ោង ​លោក​ណាន់ស៊ី អតីត​ឯកអគ្គ​រដ្ឋទូត​កម្ពុជា​ប្រចាំ​ប្រទេស​ប្រ៊ុយណេ​ បាន​បដិសេធ​ថា ​លោក​មិន​ជាប់​ពាក់ព័ន្ធ​ការ​ធ្វើឲ្យ​បាត់បង់​ថវិកា​ជាតិ​ទេ។ ​ការលើក​ឡើង​របស់​លោក​ណាន់ស៊ី ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​តុលាការ​ក្រុងភ្នំពេញ ​បាន​កាត់​ទោស​កំបាំង​មុខ​លោក​ពី​បទ​ប្រព្រឹត្តិ​អំពើ​ពុករលួយ​ដែល​បាន​ធ្វើ​ឲ្យ​បាត់បង់​ថវិកា​ក្រសួង​ការ​បរទេស​ពាក់ព័ន្ធ​នឹង​ការ​សាងសង់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រ៊ុយណេ​នូវ​ទឹក​ប្រាក់​ចំនួន​ជាង​៤៣​ម៉ឺន​ដុល្លារ​អាមេរិក។

លោក​ណាន់ស៊ី ​បាន​មាន​ប្រសាសន៍​ថា លោក​បានទូទាត់​ថវិកា​សម្រាប់​សាងសង់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រ៊ុយណេ​ឲ្យ​ក្រុមហ៊ុន​ចិន​ទាំង​ប្រាំ​ដំណាក់កាល​រួច​មក​ហើយ​ ព្រមទាំង​មាន​វិក័យបត្រ​ត្រឹម​ត្រូវ។ ​លោក​បាន​មាន​ប្រសាសន៍​ថា ​ការ​ចោទប្រកាន់​ថា លោក​បានធ្វើ​ឲ្យ​បាត់បង់​ថវិកា​របស់​ក្រសួង​ការបរទេស​នេះ​គឺ​មិន​ត្រឹមត្រូវ​ទេ ​ហើយ​លោក​បាន​អះអាង​ថា ការ​ចោទប្រកាន់​នេះ​ធ្វើ​ឡើង​ជា​ការ​សង​សឹក​ពី​មន្ត្រី​មួយ​រូប​នៅ​ក្រសួង​ការ​បរទេស។

«​សរុប​ទាំងអស់​ប្រាំ​ដំណាក់កាល​ ឈ្នួល​នៃ​ការសាងសង់​អស់​ទឹកប្រាក់​ ១.៧៩៦.២០៧,៣០​ដុលា្លរ​សហរដ្ឋអាមេរិក។ ​ឯកសារ​នៃ​ទូទាត់​ទាំង​ប្រាំសន្លឹក​ នៅ​ក្នុង​ដំណាក់​កាល​នេះ​នៅ​នឹង​ខ្ញុំ។ ​តើ​តុលាការ​បាន​ទទួល​ឯកសារ​ពី​ខ្ញុំ​ទេ? ​មានយក​ឯកសារ​ខ្ញុំ​ទៅ​ពិនិត្យ​មើល​ទេ ដែល​ក្រុមហ៊ុន​សំណង់​ លោក​បាន​បិទ​ទទួល​ប្រាក់​នេះ។ ​ចុះ​ហត្ថលេខា ​នឹង​វាយត្រា​ក្រុមហ៊ុន»។

មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស ​គឺ​លោក​កុយ ​គួង ​នៅ​ពេល​ដែល​ព្យាយាម​ទាក់ទង​ទូរស័ព្ទ​ជា​ច្រើន​លើក​មិនអាច​សុំ​សេចក្តីអត្ថាធិប្បាយ​បំភ្លឺ​បាន។

លោក ​គី ​ទិច​ មេធាវី​ការពារក្តី​របស់​រដ្ឋាភិបាល​បាន​និយាយ​ថា ​ប្រាក់​ចុងក្រោយ​សម្រាប់​ទូទាត់​សាងសង់​ស្ថានទូត​កម្ពុជា ​ប្រចាំ​ប្រ៊ុយណេ​នោះ​ លោក​ណាន់ស៊ី ​មិន​បាន​ទូទាត់​ដល់​ក្រុមហ៊ុន​សំណង់​ទេ។​ លោក​បាន​មាន​ប្រសាសន៍​ថា ​ក្រុមហ៊ុន​បាន​មក​ទាមទារ​ប្រាក់​សំណង​ចុង​ក្រោយ​នេះ ​នៅ​ក្រសួង​ការបរទេស​ ទើប​ក្រសួងការបរទេស ​សម្រេច​ប្តឹង​លោក​ណាន់ស៊ី​តែ​ម្តង។

«ក្រសួង​ការបរទេស​ហ្នឹង​ក៏​បាន​ឲ្យ​ចុះ​ធ្វើ​អធិការកិច្ច​ជា​បន្ទាន់។ ​ដោយ​ចុះ​ទៅ​ឃើញ​ថា ​លោក​ណាន់ស៊ី​បាន​យកថវិកាដែល​ត្រូវ​ប្រគល់​ឲ្យ​ក្រុម​ហ៊ុន​សាងសង់​ហ្នឹង​ត្រៀមទុក​ឲ្យ​ក្រុមហ៊ុន​សំណង់

ហ្នឹង ​ហើយ​គាត់​យក​ទៅ​ចាយវាយ​ក្រៅ​ផ្លូវការ​ជា​លក្ខណៈ​ឯកជន​ផ្ទាល់​ខ្លួន​ហ្នឹង ​ហើយ​អត់​មានប្រាក់​ទូទាត់​ឲ្យ​គេ»។

លោក ​គី ​ទិច ​បាន​មាន​ប្រសាសន៍​ថា​ ក្រសួង​ការបរទេស ​បាន​ទាមទារ​ឲ្យ​លោក​ណាន់ស៊ី ​សង​ប្រាក់​ជាង​សែសិបបី​ម៉ឺន​ដុល្លារ​អាមេរិក ​និង​ផ្តល់​សំណង​ជា​ការ​ខាតបង់​និង​ពិន័យ​ទាំងអស់​ជាងមួយរយ​លាន​រៀល​គឺ​ស្មើ​ជាង​ពីរ​ម៉ីន​ដុល្លារ។

តុលាការ​ក្រុងភ្នំពេញ ​គ្រោង​នឹង​ប្រកាស​សាលក្រម​សំណុំរឿង​នេះ​ នៅ​ថ្ងៃ​ទី​២៥​ខាង​មុខ​នេះ។ ក្រសួង​ការបរទេស​បាន​ផ្តឹង​លោក​ណាន់ស៊ី​ចំនួនពីរ​ករណី​ផ្សេង​គ្នា។ ​ករណី​ទី​១​ពី​បទព្រហ្មទណ្ឌ ​ពាក់ព័ន្ធ​នឹង​ការ​កេង​បំបាត់​ថវិកា​រដ្ឋ​ និង​បណ្តឹង​រដ្ឋប្បវេណី​ដោយ​ទាមទារ​សំណង​ជាង​មួយរយ​លាន រៀល។

លោក​ គី​ ទិច​ មេធាវី​របស់​រដ្ឋាភិបាល ​បាន​មាន​ប្រសាសន៍​ថា ​លោក​បាន​ជូនដំណឹង​ ចំពោះ​សវនាការ​នេះ​ដែរ​ ប៉ុន្តែ​លោក​ណាន់ស៊ី​ បាន​គេច​ខ្លួន​ហើយ​ចុង​ក្រោយ​នេះ ​តុលាការ​បាន​ចេញ​ដីកា បង្គាប់​ឲ្យ​ចាប់​ខ្លួ។

លោក ​ណាន់ស៊ី ​អតីត​ឯកអគ្គរដ្ឋទូត​កម្ពុជា​ប្រចាំ​ប្រ៊ុយណេ​បាន​មាន​ប្រសាសន៍​ថា ​តុលាការ​ក្រុង​ភ្នំពេញ​បាន​បើក​សវនាការ​កន្លង​មក​នេះ ​លោក​មិន​បាន​ដឹង​អ្វី​ទាំង​អស់។ ​លោក​បាន​មាន​ប្រសាសន៍​ថា ​នៅ​ពេល​ដែល​លោក​ធ្វើ​ដំណើរ​មក​កាន់​មាតុ​ប្រទេស​វិញ ​បាន​ពាក់​កណ្តាល​ផ្លូវ​ត្រូវ​ក្រសួង​ការបរទេស ​ចេញ​លិខិត​នារាការណ៍​លិខិត​ឆ្លង​ដែន​របស់​លោក៕