បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​បន្ត​កូដកម្ម ខណៈ​ក្រុមហ៊ុន​ព្រមាន​កូដករ​ឲ្យចូល​ធ្វើការ​វិញ

ក្រុមអតីតបុគ្គលិកណាហ្គាវើសលដ៍កំពុងធ្វើកូដកម្មនៅខាងមុខកាស៊ីណូណាហ្គាវើលដ៍ទាមទារឲ្យក្រុមហ៊ុនផ្តល់ដំណោះស្រាយលើការបញ្ឈប់បុគ្គលិក នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។ (រូបថត៖ កាន់ វិច្ឆិកា/វីអូអេ)

ការ​សម្រប​សម្រួល​វិវាទ​រវាង​ភាគី​បុគ្គលិក​ក្រុម​ហ៊ុនណាហ្គាវើលដ៍ និងតំណាង​ក្រុម​ហ៊ុន ត្រូវ​បរាជ័យ​ជាបន្ត​បន្ទាប់ ដោយសារ​ភាគីបុគ្គលិក​នៅ​តែបន្តទាមទារ​ឲ្យក្រុមហ៊ុន​ទទួល​យក​ចូល​ធ្វើការ​វិញ ចំណែក​ភាគី​ក្រុមហ៊ុន​នៅ​តែរ​ក្សាជំហរត្រឹមទូទាត់​សំណងតាម​ច្បាប់។

កម្មករ​និយោជិត​រាប់​រយនាក់របស់​ក្រុមហ៊ុន​ណាហ្គាវើល​ដ៍​ដែល​ជាសាខារបស់​ក្រុម​ហ៊ុន NagaCorp បានធ្វើ​កូដកម្ម​អស់​រយៈពេល​១១​ថ្ងៃ​មក​ហើយ គិត​ត្រឹម​ថ្ងៃ​អង្គារ​នេះ​។​ពួកគេ​ទាមទារដំណោះ​ស្រាយ​ចំនួនប្រាំបួន​ចំណុច​សំខាន់​ៗរួម​មានការ​ទូទាត់​ប្រាក់​អតីត​ភាព​ការងារ​ការ​ប្រើប្រាស់​កិច្ច​សន្យា​កម្ម​សិក្សា​ខុស​ច្បាប់​ការ​ស្នើ​សុំ​ដក​ប្រធាន​ផ្នែក​ការ​ស្នើ​សុំ​ដំឡើង​ប្រាក់​ឈ្នួល​និង​ការ​គោរព​ច្បាប់​ការងារ​ជាដើម។

ខណៈ​ភាគី​តំណាង​កម្មករ​និង​និយោជក​មិន​ទាន់​រកដំណោះស្រាយ​ដើម្បី​បញ្ចប់​កូដកម្មនោះ​ប្រធាន​ផ្នែក​ធនធាន​មនុស្ស​របស់​ក្រុមហ៊ុន​ណាហ្គាវើលដ៍​បានអំពាវនាវ​ឲ្យ​បុគ្គលិក​ដែល​មិន​ចូលធ្វើ​ការ​ចាប់​ពី​តាំង​កូដកម្ម​ចាប់ផ្តើម​ឲ្យ​ត្រឡប់​មក​បំពេញ​ការងារ​វិញ​និង​បាន​ព្រមាន​ថា​ពួកគេ​នឹង​បាត់​បង់​ប្រាក់​ខែ​និងអត្ថ​ប្រយោជន៍​ផ្សេង​ទៀត​បើ​បន្ត​អវត្តមាន​នៅ​កន្លែងធ្វើការ​។

​បើតាម​លិខិត​ជូនដំណឹង​មួយ​ចុះ​នៅ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២១​ប្រធាន​ផ្នែក​ធនធាន​មនុស្ស​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​លោក ​Hein Dames បញ្ជាក់ថា បុគ្គលិក​ដែល​អវត្តមាន​ពីការងារ​ចាប់​តាំងពី​ថ្ងៃ​ដែល​មាន «ការ​ធ្វើ​កូដកម្មខុសច្បាប់»​នៅ​មុខ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍ គឺ​ពុំ​មាន​សិទ្ធិ​ក្នុងការ​ទទួល​បាន​ប្រាក់​ខែ និង​អត្ថ​ប្រយោជន៍​ផ្សេងៗ​ក្នុង​អំឡុង​ពេល​អវត្តមាន​ឡើយ»។ លោក Hein Dames បាន​ស្នើ​ឲ្យ​បុគ្គលិកត្រឡប់​ចូល​ធ្វើ​ការងារ​វិញ​ភ្លាមៗ។

លិខិត​ជូន​ដំណឹង​នោះ​បាន​លើក​ឡើង​ក្នុងន័យ​ដើមថា​៖ «ក្នុង​ករណី​ដែល​បង​ប្អូន​នៅ​តែ​មិនព្រម​ត្រឡប់​ចូល​មក​ធ្វើ​ការងារ​វិញនោះ បង​ប្អូន​នឹង​ទទួល​រង​នូវ​វិធានការ​វិន័យ​ស្រប​តាម​បទបញ្ជា​ផ្ទៃ​ក្នុង​របស់​ក្រុម​ហ៊ុន ហើយ​ក្រុម​ហ៊ុន​មាន​សិទ្ធិ​ក្នុង​ការ​បញ្ឈប់​ការងារ​របស់​បងប្អូន​ផង​ដែរ»។

ការ​អំពាវនាវរបស់​ប្រធានផ្នែក​ធនធាន​មនុស្ស​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ឲ្យ​បុគ្គលិក​វិលត្រឡប់មក​ធ្វើ​ការ​វិញ​ធ្វើឡើង​ក្នុង​ថ្ងៃ​តែមួយ ដែល​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កាលពី​យប់​ថ្ងៃទី២៧ ខែធ្នូ​ឆ្នាំ​២០២១នេះ​បានចេញសេចក្តី​ប្រកាស​បញ្ជាក់​អំពី​ការ​មិន​ព្រមព្រៀងគ្នា​ក្រោយ​ការ​ចរចារវាង​ភាគី​ជម្លោះ​ការងារ​នៅ​ក្រុមហ៊ុន​ណា​ហ្គា​វើលដ៍​ដោយ​ភាគី​អតីតកម្មករ​និយោជិត​ដែល​នៅ​សេសសល់​ពី​ការព្រ​ម​ទទួល​យក​សំណង​ទូទាត់​បញ្ចប់​កិច្ចសន្យា​តាម​ច្បាប់ នៅ​តែបន្តទាមទារ​ឱ្យក្រុមហ៊ុន​ទទួល​យក​ចូល​ធ្វើការ​វិញ ចំណែក​ឯ​ភាគី​ក្រុម​ហ៊ុន​នៅ​តែរក្សា​ជំហរ​មិនទទួល​យកចូល​ធ្វើការ​វិញទេ ដោយ​ឯកភាព​ទូទាត់​សំណង​ត្រឹមត្រូវ​តាម​ច្បាប់។​

ការចរចា​កាលពី​ថ្ងៃចន្ទ ធ្វើ​ឡើង​ដោយ​មាន​វត្តមាន​របស់​អគ្គលេខាធិការ​នៃ​អគ្គលេខា​ធិការ​ដ្ឋាន​គណៈ​កម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅតាម​គ្រប់​មុខសញ្ញា​លោក​ទេស រុក្ខាផល ​កញ្ញា ឈឹម ស៊ីថរ និង លោក​មេធាវី ហម ស៊ុនរិទ្ធិ ដែលតំណាង​អតីត​កម្មករ​និយោជិត​ទាំង​៣៥៧នាក់ និង​លោក Mike Ngai ជា​តំណាង​ភាគី​ក្រុមហ៊ុន។ នេះ​ជា​ការ​ចរចាលើកទី​៥ ក្រោយ​បុគ្គលិកណាហ្គា​វើលដ៍​ធ្វើ​កូដកម្ម​តាំង​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២១​មកនោះ​។

VOA មិនអាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ទេស រុក្ខាផល អគ្គលេខាធិការ​នៃ​អគ្គលេខា​ធិការ​ដ្ឋាន​គណៈក​ម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅតាម​គ្រប់​មុខ​សញ្ញាបាន​ទេ ដោយលោកថា​ជាប់​ប្រជុំ។

កូដកម្ម​ដែល​កំពុង​បន្តនៅ​មុខ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍ដែល​ចុះបញ្ជី​នៅផ្សារ​ភាគហ៊ុន​ក្នុងទីក្រុងហុង​កុង​បាន​ផ្ទុះឡើង​បន្ទាប់ពី​មាន​កម្មករ​និយោជិត​ប្រមាណជា​១,៣២៩​នាក់​ត្រូវបាន​បញ្ឈប់​ដោយ​បង្ខំ​អំឡុងខែ​មេសា​ ឆ្នាំ​២០២១។ កម្មករ​និយោជិត​ចំនួន​៣៦៥នាក់​ក្នុង​ចំណោម​កម្មករនិយោជិត​ដែលត្រូវ​បញ្ឈប់​នោះ​បាន​បដិសេធ​មិន​ទទួល​ការ​បញ្ឈប់​និង​បាន​តវ៉ា​អស់​រយៈពេល​ជាង​៨ខែ​តែ​គ្មាន​ដំណោះស្រាយ។

បើតាម​សហជីព​ការពារ​ប្រយោជន៍​កម្មករ​និយោជិត​នៅក្រុមហ៊ុន​ណាហ្គាវើលដ៍​ចំនួន​កម្មករ​តវ៉ាទាមទារ​ឲ្យបាន​ចូលធ្វើ​ការ​វិញ​បាន​ថយ​មកនៅត្រឹម​ចំនួន​២៧៦នាក់​ដែល​ក្នុង​នោះ​មាន​ថ្នាក់​ដឹកនាំ​សហជីព​និង​សកម្មជនរបស់​សហជីព។​

កញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កំពុងនិយាយទៅកាន់កូដករដែលកំពុងធ្វើកូដកម្មនៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។ (រូបថត៖ កាន់ វិច្ឆិកា/វីអូអេ)

មេ​ដឹក​នាំសហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​កញ្ញា​ ឈឹម ស៊ីថរប្រកាស​នៅ​ខាង​មុខ​ក្រុមហ៊ុន​ណាហ្គាវើលដ៍នា​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា ការ​ចរចា​រវាង​ក្រុមហ៊ុន និង​បុគ្គលិក​ដែល​ធ្វើ​ឡើង​ចំនួន​៥​ដង​កន្លង​ទៅនេះ មិនមាន​ការ​បង្ហាញ​ពីឆន្ទៈរបស់​ក្រុម​ហ៊ុន​ក្នុង​ការ​ដោះ​ស្រាយ​នោះ​ទេ។ កញ្ញា​ ស៊ីថរ បន្ថែម​ថា ការ​ចរចា​នោះគឺ​ពោរពេញ​ដោយ​ភាព​អយុត្តិធម៌​សម្រាប់​សហជីព និង​បុគ្គលិក​។​

«ណាហ្គាវើលដ៍​គ្មាន​ចេតនា​នៅ​ក្នុង​ការ​បញ្ចប់​វិវាទ​នេះ​ទេ។ បងប្អូន​ប្រជុំ​ជិត​១០​ប្រជុំ តាំង​ពី​ពេលដែលយើង​ជូន​ដំណឹង​ធ្វើ​កូដ​កម្ម​ដោយ​សន្តិវិធីនេះ​ប្រជុំ​ជិត​១០​ប្រជុំ​គាត់ទៅ​និយាយ​តែពាក្យ​មួយម៉ាត់ៗ​ដដែលៗ​ថា គាត់មិនអាច​ទទួល​យក​បុគ្គលិក​ទ​៣៦៥​នាក់​ហ្នឹង​ចូល​ធ្វើ​ការ​វិញ​ទេ»។

កញ្ញា ឈឹម ស៊ីថរ បន្ថែម​ថា​កម្មករ​និយោជិត​នឹង​នៅ​រក្សា​ជំហរ​ធ្វើ​កូដកម្ម​រហូត​ដល់និយោជក​ទទួលយក​បុគ្គលិក​ដែលទាមទារ​ឲ្យបាន​ចូល​បម្រើ​ការងារ​វិញ​នៅ​ក្នុង​ក្រុមហ៊ុន។

ក្រុម​កូដករ​ដែល​ធ្វើកូដកម្មនៅ​ខាង​មុខ​កាស៊ីណូ​ណាហ្គាវើលដ៍នា​រសៀល​ថ្ងៃ​អង្គារ​នេះ នាំ​គ្នា​អង្គុយ​មួយ​ចំហៀង​ថ្នល់ ដោយ​ដៃ​មាន​កាន់​បដា​ទាម​ទារ​ឲ្យ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍ដោះស្រាយទំនាស់​ដែល​កើត​មាន​។

អ្នកស្រី ម៉េង កន្និកា អតីតបុគ្គលិកណាហ្គាវើសលដ៍ដែលត្រូវបានក្រុមហ៊ុនបញ្ឈប់ ឆ្លើយសំណួររបស់ VOA ខណៈកំពុងចូលរួមកូដកម្មនៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។ (រូបថត៖ កាន់ វិច្ឆិកា/វីអូអេ)

កូដករ​មួយរូបដែល​ឈរធ្វើ​កូដកម្ម​នៅ​ខាង​មុខ​កាស៊ីណូ​ណាហ្គាវើលដ៍​អ្នកស្រី ​ម៉េង កន្និកា ​ប្រាប់​វីអូអេ​ថា ក្រុម​បុគ្គលិក​មិន​អាច​ទទួល​យក​ការ​កាត់​បុគ្គលិក​ជា​ច្រើន​រយ​នាក់​របស់​ក្រុម​ហ៊ុន​បាន​ទេ។ អ្នកស្រី​ថា ក្រុម​ហ៊ុន​តែង​រំលោភ​បំពាន​ច្បាប់និង​បញ្ឈប់​សហជីព​ដែល​ការពារ​បុគ្គលិក​ជា​ហេតុ​ធ្វើឲ្យ​ក្រុម​បុគ្គលិក​នាំ​គ្នា​ចេញ​ធ្វើ​កូដកម្ម​ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹម​ត្រូវ​។

«បើ​យើង​អត់​មាន​សហជីពទេ​គឺ​យើង​ពិបាក​យ៉ាង​ខ្លាំង ព្រោះ​អី​ក្រុម​ហ៊ុន​រំលោភ​បំពាន​ច្បាប់​គ្រប់​បែបយ៉ាង។ ពួកខ្ញុំ​អ្នក​ធ្វើ​ការ គឺខ្ញុំ​យល់​ដឹង អ៊ីចឹង​បាន​ពួកខ្ញុំ​យល់​ដឹង​គ្រប់គ្នា ពួកខ្ញុំ​ចេញ​មក​គ្រប់​គ្នា​ដោយ​អត់​មានការ​បង្ខិត​បង្ខំ។ គឺ​ដោយ​ម្នាក់ៗសុទ្ធ​តែ​ចិត្ត​តែ​ម្តង»។

ប្រធាន​ផ្នែក​ធនធាន​មនុស្ស​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​លោក ​Hein Dames មិន​ទាន់​ឆ្លើយ​តប​សំណួរ​របស់​សំឡេង​សហរដ្ឋអាមេរិក​ផ្ញើ​តាម​សារអ៊ី​មែលនៅឡើយ​ទេ គិត​ត្រឹម​ល្ងាច​ថ្ងៃ​អង្គារនេះ៕