រដ្ឋាភិបាល​ឯកភាព​ជាតិ​មីយ៉ាន់ម៉ា​ប្រាប់​អាស៊ាន​ថា ខ្លួន​នឹង​មិន​ចរចា​ទេ បើ​អ្នក​ទោស​នយោបាយ​មិន​ត្រូវ​បាន​ដោះលែង

  • ​Reuters

នៅក្នុង​រូបថតដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​វិមាន​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​​នេះ បណ្ដាមេដឹកនាំ​អាស៊ាន​កំពុង​ចូលរួម​កិច្ចប្រជុំ​អាស៊ានស្ដី​ពី​ស្ថានភាព​នៅ​ប្រទេស​មីយ៉ាន់៉ម៉ា ​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។

រដ្ឋាភិបាល​ឯកភាព​ជាតិ​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​ប្រទេស​មីយ៉ាន់ម៉ា ដែល​បាន​បង្កើត​ឡើង​នៅ​ក្នុង​ខែ​នេះ​ដោយ​សមាជិក​សភា​ដែល​យោធា​បាន​ធ្វើ​រដ្ឋប្រហារ​បណ្តេញ​ចេញ​ពី​តំណែង បាន​ប្រាប់​សមាគម​អាស៊ាន​ថា ខ្លួន​នឹង​មិន​ចូលរួម​ក្នុង​ការ​ចរចា​នោះ​ទេ លុះត្រាតែ​របប​យោធា​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំង​អស់។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

សមាគម​អាស៊ាន​បាន​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​សម្រាប់​វិបត្តិ​បង្ហូរ​ឈាម​នៅ​មីយ៉ាន់ម៉ា ហើយ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​បញ្ចប់​អំពើ​ហិង្សា​និង​ការ​ចរចា​រវាង​ភាគី​ទាំង​អស់។

រដ្ឋាភិបាល​ឯកភាព​ជាតិ​មីយ៉ាន់ម៉ា ដែល​ជា​ក្រុម​ប្រឆាំង​នឹង​យោធា​មីយ៉ាន់ម៉ា បាន​បញ្ជាក់​ថា អាស៊ាន​គួរតែ​ធ្វើ​ការ​ទាក់ទង​ជាមួយ​ខ្លួន​ដោយ​ចាត់ទុក​ខ្លួន​ជា​តំណាង​ស្រប​ច្បាប់​របស់​ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា។

លោក Mahn Winn Khaing Thann ដែល​ជា​នាយក​រដ្ឋមន្ត្រី​របស់​រដ្ឋាភិបាល​ឯកភាព​ជាតិ​នេះ បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «មុន​ពេល​មាន​ការ​ចរចា​ប្រកប​ដោយ​ផ្លែផ្កា​ណា​មួយ​អាច​ធ្វើ​ឡើង​បាន ចាំបាច់​ត្រូវតែ​មាន​ការ​ដោះលែង​ដោយ​គ្មាន​លក្ខខណ្ឌ​នូវ​អ្នក​ទោស​នយោបាយ​នានា ដោយ​ក្នុង​នោះ​រួម​មាន​ទាំង​លោក​ប្រធានាធិបតី U Win Myint និង​ទីប្រឹក្សា​រដ្ឋ​អ្នកស្រី Aung San Suu Kyi ផងដែរ»។

គេ​នៅ​មិន​ទាន់​ឃើញ​មាន​ការ​ឆ្លើយតប​ណា​មួយ​ភ្លាមៗ​ពី​មន្ត្រី​ជាន់​ខ្ពស់​ណា​ម្នាក់​នៅ​ក្នុង​សមាគម​អាស៊ាន​នៅ​ឡើយ​ទេ៕