ពួក​អ្នកស្រុក​​និង​ជន​បរទេស​នៅ​ភូមា ​​​សម្តែង​ការស្រងាក​ចិត្ត​​នឹង​រដ្ឋប្រហារ

ពលរដ្ឋមីយ៉ាន់ម៉ាធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហារយោធានៅទីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១។

អ្នកស្រី​ Shona Cannon ​ជា​ជនជាតិ​អង់គ្លេស​បង្រៀននៅ​ក្នុង​ក្រុង Yangon ​ជិត​ពីរ​ឆ្នាំ​មក​ហើយ។

អ្នកស្រីបាននិយាយ​ថា៖ «ថ្ងៃ​ទី១ ​ខែកុម្ភៈ​ ជា​ថ្ងៃ​កំណើត​ខ្ញុំ​ ហើយ​ដៃ​គូ​ខ្ញុំ​ ដាស់​ខ្ញុំ ហើយ​និយាយ​ថាលោកស្រី ​Aung San Suu Kyi ​បានត្រូវ​ចាប់ឃុំឃាំង​ហើយ​ ហើយ​ពួក​យោធាបាន​ក្តាប់អំណាច។​ខ្ញុំ​បាន​យំ»។

កាលពី​ព្រឹក​ថ្ងៃទី១​ ខែកុម្ភៈ ​ពួកមេដឹកនាំ​យោធា​ភូមា​បាន​ចាប់​ឃុំឃាំងលោកស្រី​ Aung San Suu Kyi ​មេដឹកនាំ​តាមព្រឹត្តន័យនៃ​ប្រទេស​ភូមា​ សមាជិក​ច្រើននាក់​នៃ​គណៈ​រដ្ឋមន្ត្រី​របស់​លោកស្រី​ ព្រះសង្ឃ ​អ្នកសរសេរ​ប្លក់ ​ពួកអ្នក​និពន្ធ​និង​ក្រុម​ប្រឆាំង​ក្រោយពី​ចោទប្រកាន់​ថា ​មាន​ការគៃ​បន្លំ​ក្នុង​ការបោះឆ្នោត​ កាល​ពី​ខែវិច្ឆិកា​ឆ្នាំ​ទៅ​មិញ ​ដែលគណបក្សសម្ព័ន្ធជាតិដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ ហៅ​កាត់​ NLD​ បាន​ឈ្នះ។

ពួកយោធា​មិនទទួល​ស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ​ទេ។

ពួក​ជន​បរទេស​មួយ​ចំនួន​រស់នៅ​ក្នុង​ប្រទេស​នេះ ​និង​អ្នកស្រុក​ភូមា​នៅ​ក្នុង​ក្រុង Yangon​ បាន​និយាយ​ជាមួយ​វីអូអេ​អំពី​ប្រតិកម្ម​ពួកគេដល់​រដ្ឋប្រហារ​នេះ។ ​អ្នក​ខ្លះបាន​ប្រើ​រហស្សនាម​ ដោយសារ​បារម្ភ​អំពី​ការសងសឹកដោយ​រដ្ឋាភិបាល។

អ្នកស្រី ​Shona Cannon ​បាន​និយាយ​ថា៖ «យើង​មិន​ទាន់​ទទួល​យក​បាន​នូវ​ស្ថាន​ភាព ​ដែល​បាន​កើត​មាន​នេះ​ទេ។ ខ្ញុំ​ស្គាល់​ពួក​មនុស្សនៅ​ទី​នេះ។ ​ខ្ញុំមាន​មិត្តភ័ក្តិភូមា​ច្រើន​នាក់ ​ហើយ​ខ្ញុំឈឺ​ចាប់​ក្នុង​ចិត្ត»។

អ្នកស្រី​បានថ្លែង​ថា ពួក​មិត្តភ័ក្តិ​អ្នកស្រី​ក្នុង​មូលដ្ឋាន​គាំទ្រ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បីលទ្ធិប្រ​ជាធិបតេយ្យរបស់​លោកស្រី​ Suu Kyi​ ហើយ​ថា ​អ្នកស្រីបាន​ឃើញប្រជារាស្ត្រ​ឃោសនា​បោះឆ្នោតដោយគ្មាន​នឿយ​ហត់ ដើម្បីធ្វើ​ឱ្យ​ប្រាកដថា ​គណបក្ស​នេះឈ្នះ​ឆ្នោត កាលពី​ខែ​វិច្ឆិកា​មុន។

អ្នកស្រី​ Shona Cannon ​បានពោល​ថា៖« និស្សិត​ខ្ញុំ​ច្រើន​នាក់​ចូលរួម​ក្នុងចលនា​ស៊ីវិល ​មិនធ្វើ​តាម​បទប្បញ្ញត្តិ​» ដោយ​និយាយ​យោង​ដល់យុទ្ធនាការលម្អៀង​ទៅ​ខាង​ប្រជាធិបតេយ្យ​ ទាក់ទិន​នឹងបាតុកម្មដោយ​មាន​គម្លាតសង្គម​ កូដកម្ម​ និងការធ្វើ​ពហិការ ជា​ការឆ្លើយតប​នឹងរដ្ឋប្រហារ​នេះ។

អ្នកស្រី​បាន​និយាយ​ថា៖ «ខ្ញុំ​មាន​និស្សិត​ជាវេជ្ជបណ្ឌិត ​គិលានុប្បដ្ឋាយិកា ​និង​វិស្វករ។ យើងបាន​ឮ​សំឡេង​គោះឆ្នាំង​ និង​ខ្ទះ​នៅ​ពេល​យប់។ ទាំងអស់គ្នាទង្គុក​ចិត្ត»។

រូបឯកសារ៖ បុគ្គលិកសុខាភិបាលមីយ៉ាន់ម៉ាចូលរួមធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារយោធា នៅរដ្ឋធានីណៃពិដោ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១។

រូបឯកសារ៖ បុរសពីរនាក់គោះថាសដែកជាសញ្ញាចូលរួមប្រឆាំងរដ្ឋប្រហារយោធា នៅទីក្រុងរ៉ង់ហ្គូន មីយ៉ាន់ម៉ា កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១។

មធ្យោបាយ​ថ្មីៗ

ពួកប្រឆាំងនិងពួកសកម្មជន​បាន​ចាប់​ផ្តើម​ចលនាស៊ីវិល​មិនធ្វើ​តាម​បទ​ប្បញ្ញត្តិ ជា​វិធី​មួយ​សម្រាប់​ឱ្យ​ពលរដ្ឋ​សម្តែងការច្រានចោល​ការក្តាប់​អំណាច​ដោយ​យោធា។

ជំរុញ​ទឹក​ចិត្តដោយក្រុមពេទ្យដែល​ធ្វើកូដកម្ម​តវ៉ា​នឹង​រដ្ឋប្រហារ​នេះ ​និង​សុំឱ្យ​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ NLD​ ធ្វើ​ដូច្នេះ​ដែរ​នោះ​ យុទ្ធនាការ​នេះ​ជាទម្រង់​ថ្មី​មួយ​នៃ​ភាពសកម្ម​និយមខាង​នយោបាយសម្រាប់​ប្រទេស​ភូមា។

ជាជាង​ធ្វើការ​តវ៉ាក្នុង​ហ្វូង​មនុស្ស​ធំៗនៅ​តាម​ផ្លូវ ​ដែល​ជា​ការឆ្លើយ​តបដល់​រដ្ឋប្រហារ​មុនៗ ​ដែល​សឹង​ត្រូវ​បញ្ចប់ដោយ​ការបង្ហូរ​ឈាម​ ប្រជារាស្ត្រធ្វើ​តាម​វិធានការសុវត្ថិភាព​ទប់ទល់​នឹង​ជំងឺ​កូវីដ​១៩ ដោយ​ស្ថិត​នៅ​ក្នុង​ផ្ទះ​ ធ្វើ​យុទ្ធនាការ​តាមបណ្តាញ​សង្គម​ និង​គោះ​ឆ្នាំង​និង​ខ្ទះ នៅ​ក្នុង​តំបន់ពួកគេ​រស់នៅ។

អ្នកស្រី​ Laura Maiah ​ជា​វេជ្ជបណ្ឌិតនៅ​ក្នុង​មន្ទីរពេទ្យ​ទូទៅ​មួយនៃ​ក្រុង Yangon ដែលរៀន​ភាសា​អង់គ្លេស​មិនពេញម៉ោង។

អ្នកស្រី Laura Maiah ​បាននិយាយ​ប្រាប់​វីអូអេ​ថា៖ «ក្នុង​ឋានៈជាពលរដ្ឋ​ភូមា​ម្នាក់ ​យើង​ចង់ឱ្យ​មានសន្តិភាព​យុត្តិធម៌ ​លទ្ធិ​ប្រជាធិបតេយ្យនិង​មេដឹកនាំ ​NLD ​ម្នាក់ ដែល​អាច​អភិវឌ្ឍប្រទេស​យើងតាម​វិធី​ដូច​ដែល​ប្រទេស​ឯទៀតៗ​ធ្វើ»។

កាលពី​ពេល​ថ្មីៗ​នេះ​ គណបក្ស ​NLD​ បាន​ទទួល​ការគាំទ្រច្រើន មិនមែន​តែ​ពីសហគមន៍​ក្រុម​ពេទ្យ​ប៉ុណ្ណោះ​ទេ តែ​ក៏​ពីស្រទាប់ទូលំទូលាយ​នៃ​សង្គម​ភូមា​ដែរ​ នៅ​ពេល​មាន​ការរាតត្បាត​ជំងឺ​កូវីដ១៩ ដែល​គណបក្ស​ NLD​ បានទទួល​ការសរសើរ​ ដោយ​បានប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​នេះ។

គណបក្ស​ NLD​ បាន​កែ​លម្អ​ទំនាក់​ទំនងអន្តរជាតិសេដ្ឋកិច្ច និង​វិស័យ​សិក្សា​អប់រំ ដែល​មានផលប៉ះពាល់​វិជ្ជមាន​លើ​ប្រទេស​ ហើយ​ជា​ហេតុផល​ធំៗនាំ​ឱ្យ​គណបក្ស​នេះ​មាន​ជ័យជម្នះ​ភ្លូក​ទឹក​ភ្លូក​ដី នៅ​ក្នុង​ការបោះឆ្នោត​ កាលពី​ខែវិច្ឆិកា​ឆ្នាំ​ទៅ​មិញ។​

តែ​យ៉ាង​ណា​ក៏ដោយ ​ក៏​គណបក្ស​នេះ​បាន​រង​ការរិះគន់​ជាអន្តរជាតិ​អំពី​បរាជ័យរបស់​រដ្ឋាភិបាល ក្នុង​ការដោះស្រាយការរំលោភ​លើ​សិទ្ធិ​មនុស្ស ដោយកង​យោធាប្រឆាំង​នឹងក្រុម​ជនភាគ​តិច​ Rohingya​ នៅ​ក្នុង​រដ្ឋ Rakhine។

​ការរាំង​ខ្ទប់​គមនាគមន៍​និង​បណ្តាញព័ត៌មាន

ការតស៊ូ​ប្រឆាំង​នឹង​រដ្ឋប្រហារនេះ​កើន​ឡើង​ច្រើន​ជាង​មុន ទោះណា​ជា​រដ្ឋាភិបាលយោធា​សម្រេចចិត្ត​រាំង​ខ្ទប់​ការ​ប្រើ ​Facebook​ ដែល​មនុស្ស​ភាគច្រើន​ប្រើអ៊ីនធឺណិតនៅក្នុង​ប្រទេស​ភូមា។

ក្រសួងគមនាគមន៍​និង​ព័ត៌មាន បាននិយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា ​មហា​ក្រុមហ៊ុនបណ្តាញ​ព័ត៌មាន​សង្គម​នេះនឹង​ត្រូវ​រាំង​ខ្ទប់ រហូត​ដល់​ថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ​ ដើម្បីធ្វើ​ឱ្យ​មាន «ស្ថិរភាព» ក្នុងប្រទេស។

មិនដូចការរាំង​ខ្ទប់​បណ្តាញ​ផ្សាយ​ព័ត៌មាន​និង​គមនាគមន៍ក្នុង​រដ្ឋប្រហារ​ កាលពី​ពេល​មុនៗ ​ពលរដ្ឋ​ភូមាដែល​មាន​ប្រាក់កាស​សមរម្យបានប្រញ៉ាប់​ប្រញ៉ាល់​ទិញ​បណ្តាញ​ផ្សាយ​ផ្ទាល់ខ្លួន​ (VPNs)​ កាលពី​ពេលប៉ុន្មាន​ថ្ងៃ​មុន​នេះ​ ដើម្បី​ចៀសពី​ការរាំង​ខ្ទប់​នេះ។

ទោះ​ណា​ជាក្រុមហ៊ុន​ Facebook​ បាន​ដក​ចេញ​នូវ​គណនី​មួយ​ចំនួន ទាក់ទិន​នឹង​កង​យោធា​កាលពី​ឆ្នាំ ២០១៨ ដោយ​មាន​រួម​បញ្ចូល​ទាំង​គណនី​របស់ឧត្តមសេនីយ៍​ជាន់​ខ្ពស់​ Min Aung Hlaing ​ផង​នោះ​ មាន​ពាក្យ​ចចាមអារ៉ាម​ថា ពួក​មន្ត្រី​រដ្ឋាភិបាល​យោធា​នៅ​តែ​អាចពឹង​ពាក់លើកម្មវិធីតាមទូរស័ព្ទទំនើប Messenger ​របស់​ Facebook ​ជា​វិធីសំខាន់​មួយ​សម្រាប់​ទាក់ទង​គ្នា។

ការបង្អាក់​សេវា ​Facebook​ នៅតែ​មាន ​ចាប់​តាំង​ពីយប់​ថ្ងៃ​ពុធ ​ទី៣ ​ខែកុម្ភៈ​មក។

ក្រុមហ៊ុន ​Faceboo k​បាននិយាយ​នៅ​ក្នុងសេចក្តីថ្លែងការណ៍មួយ ​កាលពី​ថ្ងៃ​ពុធ​នោះ​ថា៖ «អ្នកផ្តល់​សេវា​គមនាគមន៍​នៅ​ក្នុងប្រទេស​ភូមា​ត្រូវ​បាន​បញ្ជាឱ្យ​រាំង​ខ្ទប់សេវា​យើង​ជា​បណ្តោះ​អាសន្ន​។ យើង​សុំ​ដល់​អាជ្ញាធរធ្វើ​ឱ្យ​មាន​ឡើង​វិញ នូវ​ការ​ភ្ជាប់​ការទាក់ទងដើម្បី​ឱ្យ​ប្រជារាស្ត្រ​ភូមា ​អាច​ទាក់ទង​គ្នាជាមួយ​គ្រួសារ​និង​មិត្តភ័ក្តិ និង​អាច​ទទួលព័ត៌មានសំខាន់ៗ​បាន»។

លោក Maung Aung​ ជា​អ្នកកាសែត​ម្នាក់​ក្នុង​មូលដ្ឋាននិង​ជា​និពន្ធធ្វើការ​ឱ្យ​សារព័ត៌មាន​ល្បី​ឈ្មោះ​មួយនៅ​ក្នុង​ក្រុង Yangon។

លោក Aung​ ដែលបាន​សុំ​វីអូអេ​កុំ​ឱ្យបញ្ចេញ​ឈ្មោះពិតប្រាកដ​របស់លោក​ ដើម្បី​និយាយ​បញ្ចេញ​មតិដោយ​មិន​ភ័យខ្លាច​អំពី​ការសងសឹក​ បានថ្លែង​ថា៖ ​«ខ្ញុំព្រួយទៀត​ដោយ​ឃើញកេរ្តិ៍ដំណែលខ្មៅ​ងងឹតនៃ​ប្រទេស​នេះ​ បណ្តាល​ឱ្យ​មាន​ទៀតដោយ​ការក្តាប់​អំណាច​ផ្អែកលើ​ការចោទ​ប្រកាន់គ្មាន​ភស្តុតាង​ថា ​មាន​ការគៃ​បន្លំ​សន្លឹក​ឆ្នោត។​ រដ្ឋប្រហារ​នេះត្រូវ​ជំរុញ​ឱ្យ​មាន​ដោយ​ការល្មោភ​អំណាច​របស់​អគ្គ​មេបញ្ជាការ​កងទ័ព​ Min Aung Hlaing»។

លោក Aung​ បានពោល​ប្រាប់​វីអូអេ​ថា ​រដ្ឋប្រហារ​នេះនាំ​ឱ្យ​មានហេតុការណ៍​កើត​ពី​មុន​មួយ​មាន​ភាពអវិជ្ជមាន​សម្រាប់​ប្រទេស​ភូមា ដែលបង្ហាញ​ថាកងយោធា​អាច​ធ្វើអន្តរាគមន៍ក្នុ​ងដំណើរការ​បោះឆ្នោតរបស់​ប្រទេស​ ទោះណា​ជាមានការចំណេញ​ខាង​ប្រជាធិបតេយ្យ​ កាលពី​ពេល​ថ្មីៗ​នេះក៏​ដោយ។

រូបឯកសារ៖ មនុស្ស​ម្នាក់​កាន់​រូបថត​របស់​អគ្គមេបញ្ជាការ​យោធា​មីយ៉ាន់ម៉ា​លោក Min Aung Hlaing ដោយ​គូស​សញ្ញា​ខ្វែង​លើ​មុខ​របស់​លោក បន្ទាប់​ពី​យោធា​បាន​កាន់​អំណាច​ដោយ​ធ្វើ​រដ្ឋប្រហារ នៅ​ខាង​ក្រៅ​អគារ​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី២​ ខែកុម្ភៈ ឆ្នាំ ២០២១។

កេរ្តិ៍ដំណែល​នៃ​ការដាក់​ទណ្ឌកម្ម

ទោះណា​ជា​លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden​ បានគំរាមកំហែង​ថា​ នឹងដាក់​ទណ្ឌកម្មលើ​ពួក​សមាជិក​មាន​ធនធាន​ច្រើន​នៃ​ក្រុមប្រឹក្សា​យោធា​ភូមា​ក៏​ដោយ ​ក៏​ពលរដ្ឋ​ភូមា​ច្រើន​នាក់ សង្ឃឹម​ថា ​រដ្ឋាភិបាល​ពួក​បស្ចិម​ប្រទេស ​នឹង​មានរបៀប​ដោះស្រាយប្លែក​ពី​មុន​មួយ។

ការដាក់​ទណ្ឌកម្ម​របស់ស.រ.អ.​ លើ​ពួក​មេដឹកនាំ​យោធា​ភូមា​ ត្រូវ​បាន​ពង្រឹង​ជា​លំដាប់នៅក្រោយរដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន ​បាន​ដាក់លើក​ដំបូង​លើពួកជនទាំង​នេះ កាលពី​ឆ្នាំ ១៩៩៨ ​ជា​ការឆ្លើយ​តប​នឹងការបង្ក្រាប​ឃោរឃៅដោយ​កង​យោធា​លើក្រុមបាតុករតាមផ្លូវ។

ការដាក់​ទណ្ឌកម្ម​របស់ស.រ.អ.​ ត្រូវ​បានបន្ធូរនៅ​ក្រោយ​មាន​កំណែ​ទម្រង់ដោយ​ប្រធានាធិបតី​ភូមា​ Thein Sein ​និង​មាន​ការដោះលែង​លោកស្រី​ Aung San Suu kyi ពី​ការឃុំឃាំងតែ​អតីត​ប្រធានាធិបតី​លោក Donald Trump​ បាន​ដាក់ទណ្ឌកម្មថ្មីៗ​ កាលពី​ឆ្នាំ ២០១៩​ ដោយសារ​មាន​ការសម្លាប់ក្រៅ​ប្រព័ន្ធ​តុលាការ​នៃ​ពួក​ជន​អំបូរ​ Rohingya កាន់សាសនា​ឥស្លាម។

អ្នកសង្កេតការណ៍ខ្លះ​និយាយ​ថា ​ពួកឧត្តមសេនីយ៍​នៃ​ក្រុមប្រឹក្សា​យោធា​មានធនធានច្រើន អាចគេចផុត​ពី​សម្ពាធអន្តរជាតិ។

អ្នកសង្កេតការណ៍ទាំង​នេះថ្លែងថា ការដាក់​ទណ្ឌកម្ម​កាលពី​ពេល​មុនៗបាននាំ​ឱ្យ​មាន​ការ​លំបាក​ដល់​ក្រុមជន​ស៊ីវិល​ ដែលនៅ​ពេល​នេះតស៊ូ​ប្រឆាំងនឹង​ការរាតត្បាត​នៃវីរុស​កូរ៉ូណា និងវិបត្តិ​សេដ្ឋកិច្ច។

ទោះណា​ជា​គ្មាននរណា​ម្នាក់អាចទស្សន៍​ទាយ​អំពី​អ្វី​ដែល​នឹង​កើត​មាន​ដល់​ប្រជារាស្ត្រ​ភូមា ​ក្នុង​ពេលប៉ុន្មាន​សប្តាហ៍​ខាង​មុខ​ក៏​ដោយ ​ក៏ការទង្គុកចិត្តរបស់​ពួកគេហាក់​ដូចជាចុះ​ថមថយ ហើយ​មាន​កំហឹង​យ៉ាងរហ័សទៅ​វិញ៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ