របប​យោធា​មីយ៉ាន់ម៉ា​ព្រលះ​ដាក់​អាស៊ាន​ថា​មិន​បញ្ចូល​ខ្លួន​នៅ​ក្នុង​កិច្ច​ប្រជុំ​កន្លង​មក

  • Reuters

រូបឯកសារ៖ អ្នក​នាំពាក្យ​របប​យោធា​មីយ៉ាន់ម៉ា​លោក Zaw Min Tun ​ថ្លែង​ក្នុង​អំឡុងពេល​នៃ​សន្និសីទ​កាសែត​ផ្សាយ​ផ្ទាល់​មួយ​ក្នុង​ទីក្រុង​ណៃពិដោរ ប្រទេស​មីយ៉ាន់ម់ា ថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២១។ (Photo by Handout / various sources / AFP)

នៅ​ថ្ងៃ​ពុធ​នេះ របប​យោធា​មីយ៉ាន់ម៉ា​បាន​ព្រលះ​ដាក់​សមាគម​អាស៊ាន (ASEAN) ថា​មិន​បាន​បញ្ចូល​ថ្នាក់​ដឹកនាំ​យោធា​របស់​ខ្លួន​នៅ​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​កាលពី​ពេល​ថ្មីៗ​នេះ ដោយ​បាន​ចោទ​ប្រកាន់​អាស៊ាន​ថា​បាន​រង «សម្ពាធ​ពី​ខាង​ក្រៅ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​បាន​ថ្កោលទោស​ជា​បន្តបន្ទាប់​លើ​របប​យោធា​មីយ៉ាន់ម៉ា ដោយ​ពួកគេ​បាន​បញ្ជាក់​ថា របប​យោធា​នេះ​បាន​បរាជ័យ​នៅ​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​ការ​វិវឌ្ឍ​ទៅ​មុខ​នៃ​ផែនការ​សន្តិភាព​ដែល​បាន​ឯកភាព​ជាមួយ​នឹង​អាស៊ាន​កាលពី​ឆ្នាំ​មុន។ ចំណុច​មួយ​ចំនួន​នៅ​ក្នុង​ផែនការ​សន្តិភាព​នោះ​តម្រូវ​ឱ្យ​របប​យោធា​មីយ៉ាន់ម៉ា​ប្រឡូក​ជាមួយ​នឹង​គូ​ប្រជែង​និង​បញ្ឈប់​អរិភាព។

កន្លង​មក អាស៊ាន​បាន​រារាំង​ថ្នាក់​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា​មិន​ឱ្យ​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​នានា​របស់​ខ្លួន ហើយ​របប​យោធា​មីយ៉ាន់ម៉ា​បាន​បដិសេធ​នូវ​សំណើ​របស់​អាស៊ាន​ដែល​ចង់​ឱ្យ​ខ្លួន​បញ្ជូន​អ្នក​តំណាង​មិន​មែន​យោធា​ទៅ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន។

អ្នក​នាំពាក្យ​របប​យោធា​មីយ៉ាន់ម៉ា​លោក Zaw Min Tun បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​ជា​ប្រចាំ​នៅ​ថ្ងៃ​ពុធ​នេះ​ថា៖ «ប្រសិនបើ​កៅអី​តំណាង​ឱ្យ​ប្រទេស​មួយ​នៅ​ទំនេរ នោះ​គេ​មិន​គួរ​ហៅ​កិច្ច​ប្រជុំ​នោះ​ថា​ជា​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នោះ​ទេ»។ លោក​បាន​បន្ថែម​ថា មីយ៉ាន់ម៉ា​កំពុង​ធ្វើការ​លើ​ការ​អនុវត្ត​ផែនការ​សន្តិភាព​នេះ។

លោក​បាន​លើកឡើង​ថា៖ «អ្វី​ដែល​អាស៊ាន​ចង់​បាន​គឺ​ឱ្យ​យើង​ជួប​និង​និយាយ​ជាមួយ​នឹង​ពួក​ភេរវករ»។ របប​យោធា​មីយ៉ាន់ម៉ា​ប្រើ​ពាក្យ «ភេរវករ» នេះ​ចង់​សំដៅ​លើ​ចលនា​គាំទ្រ​ប្រជាធិបតេយ្យ​ដែល​បាន​ងើប​ប្រឆាំង​នឹង​ខ្លួន។

លោក Zaw Min Tun បាន​បញ្ជាក់​បន្ថែម​ថា អាស៊ាន​បាន​រំលោភ​លើ​គោល​នយោបាយ​របស់​ខ្លួន​នៃ​ការ​មិន​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ណា​មួយ និង​ថា​អាស៊ាន​កំពុង​ប្រឈម​នឹង «សម្ពាធ​ពី​ខាង​ក្រៅ»។

យោធា​មីយ៉ាន់ម៉ា​បាន​ធ្វើ​រដ្ឋប្រហារ​ដណ្ដើម​អំណាច​ពី​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​អ្នកស្រី Aung San Suu Kyi កាលពី​ឆ្នាំ​មុន ហើយ​តាំង​ពី​ពេល​នោះ​មក​បាន​បង្ក្រាប​យ៉ាង​ចាស់ដៃ​លើ​ក្រុម​អ្នក​ប្រឆាំង។ នៅ​ពេល​ថ្មីៗ​នេះ របប​យោធា​នេះ​បាន​រង​ការ​រិះគន់​ខ្លាំងក្លា​ដោយសារតែ​ខ្លួន​បាន​ប្រហារ​ជីវិត​សកម្មជន​ប្រជាធិបតេយ្យ ៤ នាក់ និង​កាត់ទោស​អ្នកស្រី Aung San Suu Kyi ដាក់​ពន្ធនាគារ​បន្ថែម​ទៀត៕