កាលពីថ្ងៃទី២៧ ខែមីនា ឧត្ដមសេនីយ៍គ្រប់គ្រងប្រទេសមីយ៉ាន់ម៉ាបាននិយាយថា របបយោធាគ្រាន់តែកាន់អំណាចជាបណ្ដោះអាសន្ន ដោយមានគោលដៅពង្រឹងលទ្ធិប្រជាធិបតេយ្យ ហើយលោកបានអំពាវនាវឱ្យមានឯកភាពរវាងប្រជារាស្ត្រនិងកងយោធា ដើម្បីប្រយុទ្ធប្រឆាំងក្រុមប្រដាប់អាវុធដែលប្រឹងប្រែងបំផ្លាញផែនការបោះឆ្នោត។
នៅពេលថ្លែងសុន្ទរកថា ទៅកាន់ក្បួនព្យុហយាត្រាប្រចាំឆ្នាំនៅទិវាកងយោធពល ឧត្ដមសេនីយ៍ជាន់ខ្ពស់លោក Min Aung Hlaing ដែលបានដឹកនាំរដ្ឋប្រហារមួយកាលពីឆ្នាំ ២០២១ បាននិយាយថា ពួកប្រឆាំងនឹងលោកបានទទួលការគាំទ្រពីបរទេសហើយបានប្រឹងប្រែងបំផ្លាញប្រទេសនិងផែនការនាំឱ្យមានការគ្រប់គ្រងបែបប្រជាធិបតេយ្យឡើងវិញនៅប្រទេសមីយ៉ាន់ម៉ា។
លោកបានថ្លែងប្រាប់ទាហានរាប់រយនាក់នៅក្នុងរដ្ឋធានីណៃពិដោថា៖ «កងយោធា កងកម្លាំងប៉ូលិស និងកងជីវពលប្រជារាស្ត្រ កំពុងធ្វើការដើម្បីធ្វើឱ្យមានសន្តិភាពនិងស្ថិរភាពឡើងវិញ។ យើងត្រូវការឱ្យមានឯកភាពរវាងកងយោធានិងប្រជារាស្ត្រ»។
កងយោធាមីយ៉ាន់ម៉ាកំពុងប្រឈមនឹងឧបសគ្គធំបំផុតចាប់តាំងពីពួកគេបានក្តាប់អំណាចលើកដំបូងនៅក្នុងប្រទេសជាអតីតអាណានិគមអង់គ្លេសនេះកាលពីឆ្នាំ១ ៩៦២ មក ដោយប្រយុទ្ធនឹងរណសិរ្សជាច្រើនដើម្បីទប់ទល់នឹងការបះបោរក្នុងផ្នែកជាច្រើនរបស់ប្រទេសនិងដើម្បីធ្វើឱ្យសេដ្ឋកិច្ចមានស្ថិរភាពតាំងពីវាធ្លាក់ចុះខ្លាំងចាប់ពីមានរដ្ឋប្រហារមក។
ប្រទេសមីយ៉ាន់ម៉ាបានជាប់ផុងក្នុងសង្គ្រាមស៊ីវិលរវាងកងយោធានិងសម្ពន្ធភាពមិនរឹងមាំមួយនៃក្រុមឧទ្ទាមជនអំបូរភាគតិចនិងចលនាតស៊ូប្រដាប់អាវុធកើតចេញពីការបង្ក្រាបដ៏បង្ហូរឈាមរបស់ក្រុមប្រឹក្សាយោធាលើបាតុកម្មប្រឆាំងរដ្ឋប្រហារ។
ក្រុមសកម្មជននិងប្រទេសលោកខាងលិចខ្លះបានចោទប្រកាន់ក្រុមយោធាថា បានប្រព្រឹត្តអំពើឃោរឃៅជាប្រព័ន្ធក្នុងការប្រឹងប្រែងបង្ក្រាបការបះបោរ ដោយធ្វើការវាយប្រហារតាមអាកាសយ៉ាងទូលំទូលាយនិងបាញ់កាំភ្លើងធំដាក់តំបន់ស៊ីវិល ហើយក៏មានការចោទប្រកាន់អំពីការចាប់ខ្លួនដោយបំពាន ការធ្វើទារុណកម្មនិងការប្រហារជីវិតផងដែរ។
ក្រុមប្រឹក្សាយោធាបានបដិសេធការចោទប្រកាន់ទាំងនោះថា មិនពិតទេ។
លោក Min Aung Hlaing បាននិយាយកាលពីថ្ងៃពុធ ទី២៧ ខែមីនា ថា ក្រុមប្រឆាំងបានប្រព្រឹត្តអំពើហិង្សា លួចប្លន់និងផ្សព្វផ្សាយសម្អប់ ហើយថា ក្រុមយោធាត្រូវបានយកធ្វើជាទីដៅដោយព័ត៌មានក្លែងក្លាយពីពួកអ្នកកាសែតអន្តរជាតិនិងក្រុមអ្នកប្រើបណ្តាញព័ត៌មានសង្គម។
លោកបានបន្ថែមថា «ប្រទេសមានអំណាចខ្លាំងខ្លះ»បានប្រឹងប្រែងជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងនៃប្រទេសមីយ៉ាន់ម៉ាដោយជួយក្រុមជនប្រដាប់អាវុធឱ្យប្រយុទ្ធប្រឆាំងនឹងក្រុមយោធា។ លោកមិនបានបង្ហាញភស្តុតាងទេ។
លោកក៏បានសុំដល់ក្រុមទាហានជើងចាស់ឱ្យចុះឈ្មោះចូលធ្វើទាហានជាថ្មី ជាផ្នែកមួយនៃការប្រឹងប្រែងកេណ្ឌទាហានថ្មី។
លោកបានថ្លែងថា៖ «ពួកគេបានផ្តល់ជំនួយដល់អង្គការទាំងនោះតាមវិធីផ្សេងៗ។ ពួកគេប្រឹងប្រែងបំផ្លាញនិងធ្វើឱ្យខ្សោយដល់អង្គការនានាដែលការពារផលប្រយោជន៍ប្រជាជន...ដូច្នេះ កងកម្លាំងសន្តិសុខត្រូវតែរួបរួមគ្នា»។
លោក Min Aung Hlaing បាននិយាយជាថ្មីថា ក្រុមយោធាបានក្តាប់អំណាចពីព្រោះការបោះឆ្នោតកាលពីឆ្នាំ២០២០មានការលួចបន្លំ ដោយមានសន្លឹកឆ្នោតជិត៣០%យកជាការមិនកើត។ គណបក្សរបស់លោកស្រី Aung San Suu Kyi ដែលបានឈ្នះការបោះឆ្នោតនោះភ្លូកទឹកភ្លូកដី បានបដិសេធការចោទប្រកាន់នោះ។ បច្ចុប្បន្ននេះលោកស្រី Suu Kyi កំពុងជាប់ឃុំក្នុងពន្ធនាគារ ដោយត្រូវកាត់ក្តីឱ្យមានទោស២៧ឆ្នាំពីបទចោទប្រកាន់ច្រើនករណី។
លោក Min Aung Hlaing បានពោលថា ការបោះឆ្នោតលើកក្រោយ ដែលលោកមិនបានប្រាប់អំពីពេលវេលា នឹងមានធ្វើតាមប្រព័ន្ធភាពតំណាងជាសមាមាត្រនៃសមាជិកចម្រុះដែលមានបរិយាប័ន្នជាងមុន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដើម្បីកត់សម្គាល់ទិវាកងយោធពល រដ្ឋមន្ត្រីចក្រភពអង់គ្លេសទទួលបន្ទុកកិច្ចការតំបន់ឥណ្ឌូប៉ាស៊ីហ្វិកលោកស្រី Anne-Marie Trevelyan បានមានប្រសាសន៍ថា ប្រជារាស្ត្ររងទុក្ខវេទនាដោយសារ«សកម្មភាពឃោរឃៅសែនអាក្រក់ក្នុងកណ្តាប់ដៃនៃរបបគ្រប់គ្រងយោធា»។ ស្ថានទូតកាណាដាបាននិយាយថាខ្លួន«ថ្កោលទោសខ្លាំងក្លាបំផុតដល់អំពើឃោរឃៅ»ដែលកំពុងធ្វើដោយកងយោធា៕
ប្រែសម្រួលដោយ លោក ឈឹម សុមេធ