ក្រុម​ប្រដាប់​អាវុធ​ជនជាតិ​ភាគតិច​មីយ៉ាន់ម៉ា​អះអាង​ថា ​ពួកគេ​បាន​កាន់កាប់​ទីក្រុងមួយ​នៅលើ​ផ្លូវជាតិ​ពាណិជ្ជកម្ម​សំខាន់​មួយ

រូបឯកសារ៖ រូបថតនេះថតនៅថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៤ បង្ហាញសមាជិកនៃក្រុមប្រដាប់អាវុធជនជាតិភាគតិច Ta'ang National Liberation Army (TNLA) ដើរល្បាតនៅតំបន់ Kyaukme ក្នុងរដ្ឋ Shan ភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា។

ក្រុម​ប្រដាប់​អាវុធ​ជនជាតិ​ភាគតិច​នៃ​ប្រទេស​មីយ៉ាន់ម៉ា ​បាន​និយាយ​កាលពី​ថ្ងៃពុធ​ថា ​ពួកគេ​ដណ្តើម​យក​បាន​ទីក្រុង​មួយ ​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​ពាណិជ្ជកម្ម​យ៉ាង​សំខាន់​មួយ​ ឆ្ពោះ​ទៅកាន់​ប្រទេស​ចិន ​បន្ទាប់ពី​ការប៉ះទង្គិចគ្នា​អស់​ពេល​ប៉ុន្មាន​ថ្ងៃ ​ជាមួយ​កងទ័ព​របស់​រដ្ឋាភិបាល​យោធា។

លោក​ឧត្តមសេនីយ៍​ Tar Bhone Kyaw ​នៃ​កងទ័ព​រំដោះ​ជាតិ​ Ta'ang ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​ AFP ​ថា ​ទីក្រុង​Naungcho ​«ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​របស់​យើង​ទាំងស្រុង​ហើយ‍»។

កាលពី​ព្រឹក​ថ្ងៃពុធ ​ប្រភព​យោធា​មួយ​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​ AFP ​ថា ​ពួក​អ្នកប្រយុទ្ធ​ជនជាតិ​ភាគតិច​ បាន​កាន់កាប់​ទីក្រុង​ Naungcho ​ភាគច្រើន។

រដ្ឋ Shan ​ដែល​ស្ថិត​នៅ​ភាគខាងជើង​នៃ​ប្រទេស​មីយ៉ាន់ម៉ា ​បាន​ប្រឈមនឹង​ការប៉ះទង្គិចគ្នា​ជាច្រើន ​ចាប់តាំងពី​ចុង​ខែមុន ​នៅពេល​ដែល​ក្រុមប្រដាប់​អាវុធ​ជនជាតិ​ភាគតិច ​បាន​ចាប់ផ្តើម​ធ្វើការ​វាយលុក​ តាម​បណ្តោយ​ផ្លូវ​ជាតិ​ដែល​ភ្ជាប់​ទីក្រុង ​Mandalay ​ទៅ​កាន់​ខេត្ត Yunnan ​នៃ​ប្រទេស​ចិន៕