បេសកជន​មីយ៉ាន់ម៉ា​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ជួយ​ការពារ​ពលរដ្ឋ​មីយ៉ាន់ម៉ា​ពីការ​បង្ក្រាប​របស់​យោធា

រូបឯកសារ៖ បាតុករ​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​កាន់​ផ្ទាំង​បដា​មួយ​ដែល​សរសេរ​ថា៖ «ចូលរួម​ជាមួយ​នឹង​ចលនា​ប្រឆាំង​» ក្នុង​អំឡុងពេល​ធ្វើ​បាតុកម្ម​នៅ​ក្បែរ​ស្ថានីយ៍​រថភ្លើង​ក្នុង​ក្រុង Mandalay ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១។

កាលពី​ថ្ងៃ​សុក្រ​ទី ៩ ខែ​មេសា បេសកជន​មីយ៉ាន់ម៉ា​ប្រចាំ​អង្គការ​សហប្រជាជាតិ ដែល​ត្រូវ​បាន​តែងតាំង​ដោយ​រដ្ឋាភិបាល​ជាប់​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​ឲ្យ​ការពារ​ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា​ពី​ការ​បង្ក្រាប​របស់​យោធា ដោយ​ការ​កំណត់​ឲ្យ​មាន​តំបន់​គ្មាន​ការ​ហោះហើរ ទណ្ឌកម្ម​អាវុធ និង​ទណ្ឌកម្ម​ផ្សេងៗ​ទៀត។

លោក Kyaw Moe Tun បាន​បញ្ជាក់​ក្នុង​កិច្ច​ប្រជុំ​មិន​ផ្លូវការ​មួយ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ថា៖ «វា​ជា​ការ​ចាំបាច់​ដែល​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ត្រូវ​ចាត់​វិធានការ​ខ្លាំងក្លា​និង​បន្ទាន់​ដើម្បី​សង្គ្រោះ​ជីវិត​ប្រជាពលរដ្ឋ​ស្លូតត្រង់​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ វិធានការ​រួម​ខ្លាំងក្លា​គឺ​ត្រូវការ​បន្ទាន់។ ពេលវេលា​គឺ​ពិតជា​សំខាន់​ណាស់​សម្រាប់​ពួក​យើង។ សូម​ចាត់​វិធានការ​នៅ​ពេល​ឥឡូវ​នេះ»។

បេសកជន​រូប​នេះ​លេច​មុខ​ច្រើន​នៅ​ក្នុង​ព័ត៌មាន​កាលពី​ខែ​កុម្ភៈ ដោយសារតែ​លោក​ប្រឆាំង​រដ្ឋប្រហារ​យោធា​ជា​សាធារណៈ។

លោក​បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ជំនួញ​ណា​ដែល​មាន​ទំនាក់ទំនង​ជាមួយ​នឹង​យោធា​មីយ៉ាន់ម៉ា​និង​ក្រុម​គ្រួសារ​របស់​ពួកគេ។ លោក​ក៏​បាន​ជំរុញ​ឲ្យ​ផងដែរ​ឲ្យ​មាន​ការ​ផ្អាក​ការ​វិនិយោគ​បរទេស​រហូត​ទាល់តែ​ដល់​ពេល​ដែល​រដ្ឋាភិបាល​ជាប់​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​ត្រូវ​បាន​ស្ដារ​ឡើង​វិញ។

លោក​បាន​និយាយ​ដូច្នេះ​ថា៖ «ខ្ញុំ​ចង់​សង្កត់​ធ្ងន់​ថា សហគមន៍​អន្តរជាតិ​និង​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​មាន​កាតព្វកិច្ច​នៅ​ក្នុង​ការ​ប្រើ​គ្រប់​មធ្យោបាយ​ចាំបាច់​ទាំង​អស់​ដើម្បី​ជួយ​ការពារ​ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា​ពី​អំពើ​សាហាវ​យង់ឃ្នង ទង្វើ​ឃោរឃៅ​និង​អមនុស្សធម៌​ដែល​ប្រព្រឹត្តិ​ឡើង​ដោយ​យោធា តាម​រយៈ​វិធានការ​រួម​និង​ច្បាស់លាស់​ឲ្យ​បាន​ទាន់​ពេលវេលា​ដោយ​គ្មាន​ការ​រារែក»។

រូបឯកសារ៖ អ្នកតវ៉ាប្រឆាំងរដ្ឋប្រហារយោធាម្នាក់បានរងរបួសត្រង់ក្បាល បន្ទាប់ពីប៉ូលិសមីយ៉ាន់ម៉ាបានបាញ់គ្រាប់កាំភ្លើងជ័រដាក់ក្រុមអ្នកតវ៉ាដែលបានប្រមូលផ្តុំគ្នានៅសួនឧទ្យានមួយ ក្នុងទីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។

នៅ​ក្នុង​ការ​ថ្លែង​បែប​ការទូត «មធ្យោបាយ​ចាំបាច់​ទាំង​អស់» ជា​ទូទៅ​ចង់​សំដៅ​លើ​វិធានការ​បែប​យោធា។

ប្រទេស​មីយ៉ាន់ម៉ា​បាន​ជាប់​ផុង​ក្នុង​ភាព​ចលាចល​និង​អំពើ​ហិង្សា ចាប់​តាំងពី​ពេល​ដែល​យោធា​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​របស់​អ្នកស្រី Aung San Suu Kyi កាលពី​ថ្ងៃ​ទី ១ ខែ​កុម្ភៈ និង​ចាប់​ខ្លួន​អ្នកស្រី Suu Kyi និង​មន្ត្រី​ជាន់​ខ្ពស់​ផ្សេង​ទៀត​នៃ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ (NLD) ដាក់​ឃុំ​មក។

យោធា​បាន​អះអាង​ថា មាន​ការ​លួច​បន្លំ​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុងការ​បោះឆ្នោត​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​មុន ដែល​នៅ​ក្នុង​ការ​បោះឆ្នោត​នោះ គណបក្ស NLD បាន​ឈ្នះ​ភ្លូកទឹក​ភ្លូកដី។ គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​របស់​ប្រទេស​មីយ៉ាន់ម៉ា​បាន​ច្រានចោល​ការ​អះអាង​នេះ។

ចាប់​តាំងពី​ពេល​នោះ​មក គេ​ឃើញ​មាន​ការ​តវ៉ា​ដោយ​សន្តិវិធី​ជា​រៀងរាល់​ថ្ងៃ​នៅ​ទូទាំង​ប្រទេស ដែល​យោធា​បាន​ព្យាយាម​បង្ក្រាប​យ៉ាង​ឃោរឃៅ។ ជន​ស៊ីវិល​ជាង ៦០០ នាក់ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​កុមារ​មួយ​ចំនួន​ផងដែរ ត្រូវ​បាន​សម្លាប់។ មនុស្ស​ជិត ៣.០០០ នាក់​ទៀត ត្រូវ​បាន​ចាប់​ខ្លួន។ នេះ​បើ​យោង​តាម​សមាគម​ជំនួយ​សម្រាប់​អ្នក​ទោស​នយោបាយ​មីយ៉ាន់ម៉ា (Assistance Association for Political Prisoners (Burma))។

កិច្ច​ប្រជុំ​របស់​អង្គការ​សហប្រជាជាតិ​ខាង​លើ​នេះ​ត្រូវបាន​រៀបចំ​ដោយ​ចក្រភព​អង់គ្លេស ដោយ​មាន​ការ​គាំទ្រ​ពី​សហរដ្ឋ​អាមេរិក និង​បណ្ដា​ប្រទេស​អឺរ៉ុប​ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។

ឯក​អគ្គរដ្ឋទូត​ចក្រភព​អង់គ្លេស​អ្នកស្រី Barbara Woodward បាន​និយាយ​ថា កិច្ច​ប្រជុំ​នេះ​មាន​គោល​បំណង​ស្ដាប់ «ទស្សនៈ​របស់​ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា ដែល​សំឡេង​របស់​ពួកគេ​ត្រូវ​បាន​យោធា​ព្យាយាម​បំបិទ»។

ពលរដ្ឋ​មីយ៉ាន់ម៉ា​ទាំង​នោះ​រួម​មាន​ទាំង​អ្នកស្រី Zin Mar Aung ផងដែរ។ អ្នកស្រី​គឺ​ជា​រដ្ឋមន្ត្រី​ការបរទេស​ស្ដីទី​ដែល​តែងតាំង​ដោយ​ក្រុម​តំណាង​សមាជិក​សភា​នៃ​គណបក្ស NLD ដែល​ត្រូវ​បាន​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ពី​តំណែង។ ក្រុម​តំណាង​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា «គណៈកម្មាធិការ​តំណាង​សភា​មីយ៉ាន់ម៉ា (CRPH)»។

អ្នកស្រី​បាន​និយាយ​ថា ការ​ប្រើ​កម្លាំង​ខ្លាំងក្លា​មិន​បង្អង់​ដៃ​របស់​យោធា បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ពួកគេ​មិន​មាន​សិទ្ធិ​គ្រប់គ្រង​លើ​ប្រទេស​មីយ៉ាន់ម៉ា​នោះ​ទេ។

អ្នកស្រី Zin Mar Aung បាន​បន្ថែម​ថា៖ «ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​នៅ​ក្នុង​ការ​លះបង់​អ្វីៗ​ទាំង​អស់​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ទទួល​បាន​សិទ្ធិ​និង​សេរីភាព​របស់​ពួកគេ​វិញ»។

លោក Sai Sam Kham មេដឹកនាំ​សង្គម​ស៊ីវិល បាន​និយាយ​ថា៖ «ដង​ផ្លូវ​នានា​នៅ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន និង​នៅ​តាម​តំបន់​ផ្សេង​ទៀត​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ឥឡូវ​នេះ​ពោរពេញ​ទៅ​ដោយ​ផ្កា​ធ្នង់​ពណ៌​លឿង ដែល​ជា​និមិត្តរូប​ឆ្នាំ​ថ្មី​សម្រាប់​ពុទ្ធសាសនិកជន​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ វា​ប្រៀប​ដូចជា​គ្មាន​នរណា​ម្នាក់​អាច​រារាំង​ផ្កា​ធ្នង់​មិន​ឲ្យ​រីក​ដូច្នេះ​ដែរ គឺ​គ្មាន​នរណា​ម្នាក់​អាច​បញ្ឈប់​សេចក្ដី​ប្រាថ្នា​របស់​យុវជន​ដែល​ជឿ​ថា សេរីភាព​និង​លទ្ធិ​ប្រជាធិបតេយ្យ​គឺ​សំខាន់​លើស​អ្វីៗ​ទាំង​អស់»។

លោក​បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​មិន​អាច​អត់ទ្រាំ​បាន​ជាមួយ​នឹង​ការ​ដឹកនាំ​ផ្ដាច់ការ ឬ​ក៏​លទ្ធិ​ប្រជាធិបតេយ្យ​ក្លែងក្លាយ​នោះ​ទេ គឺ «ពួកគេ​ជម្នះ និង​ការពារ​សិទ្ធិ​របស់​ខ្លួន​ដោយ​ភាព​ក្លាហាន»។

លោក Richard Horsey អ្នក​ជំនាញ​ផ្នែក​ប្រទេស​មីយ៉ាន់ម៉ា​នៃ​អង្គការ International Crisis Group បាន​ផ្ដល់​ការ​វាយ​តម្លៃ​ក្នុង​លក្ខណៈ​ក្រៀមក្រោះ​លើ​គន្លង​របស់​ប្រទេស​មីយ៉ាន់ម៉ា ប្រសិនបើ​ស្ថានការណ៍​នៅ​បន្ត​ដោយ​គ្មាន​ដំណោះស្រាយ​ដូច​នេះ។

លោក​បាន​ព្រមាន​ដូច្នេះ​ថា៖ «និយាយ​ដោយ​សាមញ្ញ ប្រទេស​មីយ៉ាន់ម៉ា​ជិត​ធ្លាក់​ចូល​ក្នុង​វិបត្តិ​ដួល​រលំ​រដ្ឋ​ហើយ»។

លោក​បាន​និយាយ​ថា ដំណើរការ​អាជីវកម្ម​នានា​នៅ​មីយ៉ាន់ម៉ា​បាន​ជាប់​គាំង ហើយ​វា​មាន​ផល​ប៉ះពាល់​លើ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​របស់​ប្រទេស ដែល​អាច​បណ្ដាល​ឲ្យ​ឈាន​ទៅ​ដល់​វិបត្តិ​កង្វះ​ស្បៀង​អាហារ។

លោក​បាន​បន្ថែម​ថា ប្រព័ន្ធ​សុខាភិបាល​ស្ថិត​ក្នុង​ស្ថានការណ៍​ជិត​ដួល​រលំ ហើយ​អ្វី​ដែល​គួរឲ្យ​បារម្ភ​ខ្លាំង​បំផុត​គឺ​ថា អំពើ​ហិង្សា​ដោយ​អាវុធ​របស់​ជនជាតិ​ភាគ​តិច​កំពុង​កើនឡើង។

បណ្ដា​ប្រទេស​ជា​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​អនុញ្ញាត​ឲ្យ​បេសកជន​អង្គការ​សហប្រជាជាតិ​អ្នកស្រី Christine Schraner Burgener ធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា។

អ្នកស្រី Schraner Burgener បាន​ព្យាយាម​អស់​រយៈពេល​ជា​ច្រើន​សប្ដាហ៍​មក​ហើយ​ដើម្បី​បាន​ការ​អនុញ្ញាត​ពី​យោធា​មីយ៉ាន់ម៉ា ប៉ុន្តែ​កាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ អ្នកស្រី​បាន​សរសេរ​នៅ​លើ Twitter ថា យោធា​បាន​បដិសេធ​សំណើ​របស់​អ្នកស្រី។

សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​សារជា​ថ្មី​កាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ​ផងដែរ អំពី​សាមគ្គីភាព​របស់​ខ្លួន​ជាមួយ​នឹង​ប្រជាពលរដ្ឋ​នៃ​ប្រទេស​មីយ៉ាន់ម៉ា។

ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​អ្នកស្រី Linda Thomas-Greenfield បាន​និយាយ​ថា៖ «ជូន​ចំពោះ​ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា ប្រសិនបើ​អ្នក​អាច​ឃើញ​ឬ​ឮ​ការ​ប្រជុំ​នេះ ខ្ញុំ​ចង់​ឲ្យ​អ្នក​ដឹង​ថា សហរដ្ឋ​អាមេរិក​នៅ​ឈរ​ជាមួយ​អ្នក។ ក្រោម​កិច្ច​សម្របសម្រួល​ជាមួយ​នឹង​សម្ព័ន្ធមិត្ត​និង​ដៃគូ​របស់​យើង សហរដ្ឋ​អាមេរិក​នឹង​ធ្វើ​អ្វី​គ្រប់​បែប​យ៉ាង​ទាំង​អស់​ដែល​អាច​ធ្វើ​បាន​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ក៏​ដូចជា​នៅ​កន្លែង​ផ្សេង​ទៀត​ផងដែរ ដើម្បី​ជួយ​អ្នក​ដោះស្រាយ​ស្ថានការណ៍​ដ៏​អាក្រក់​នេះ»។

រូបឯកសារ៖ បាតុករ​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​នៅ​មីយ៉ាន់ម៉ានាំ​គ្នា​លើក​ម្រាម​ដៃ​បី​ឡើង ដែល​ជា​និមិត្តសញ្ញា​នៃ​ការ​តស៊ូ ក្នុង​អំឡុងពេល​ធ្វើ​បាតុកម្ម ដែល​រង​ការ​បង្ក្រាប​ពី​ប៉ូលិស​នៅទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។

អ្នកស្រី​បាន​ជំរុញ​សមាជិក​ផ្សេង​ទៀត​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ឲ្យ​ចាត់​វិធានការ​ជាក់​ច្បាស់ ដោយ​បាន​បញ្ជាក់​ថា យោធា​មីយ៉ាន់ម៉ា​បាន​ធ្វើ​ព្រងើយ​កន្ដើយ​ចំពោះ​ការ​ថ្កោលទោស​របស់​ពួកគេ។

ប្រទេស​អេស្ដូនី​ដែល​ជា​សមាជិក​មួយ​រូប​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​បញ្ជាក់​ថា ឥឡូវ​នេះ​គឺ​ជា​ពេល​ដែល​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ព្រាង​សេចក្ដី​សម្រេច​ដ៏​ខ្លាំងក្លា​មួយ។

ឯក​អគ្គរដ្ឋទូត​អេស្តូនី​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោក Sven Jurgenson បាន​និយាយ​ថា៖ «ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​គឺ​ជា​អង្គភាព​តែ​មួយ​គត់​នៅ​ក្នុង​ពិភពលោក​ដែល​មាន​អំណាច​ត្រឹមត្រូវ​តាម​ច្បាប់​នៅ​ក្នុង​ការ​ការពារ​ប្រទេស​នានា​ដែល​ជួប​ហានិភ័យ និង​ត្រូវតែ​រិះរក​គ្រប់​មធ្យោបាយ​ទាំង​អស់​ដើម្បី​បញ្ចប់​ស្ថានការណ៍​ដ៏​អាក្រក់​នេះ»។

លោក​បាន​បន្ថែម​ថា៖ «ដើម្បី​សម្រេច​គោលដៅ​នេះ យើង​គួរតែ​ព្រាង​សេចក្ដី​សម្រេច​មួយ​ដែល​អាច​នឹង​មាន​ការ​ដាក់​ទណ្ឌកម្ម ជាពិសេស​ទណ្ឌកម្ម​អាវុធ​ដ៏​ទូលំទូលាយ​មួយ ដើម្បី​បញ្ឈប់​អំពើ​សាហាវ​យង់ឃ្នង​ទាំង​នេះ។ ប្រទេស​ទាំង​អស់​ត្រូវតែ​ដក​ខ្លួន​ចេញ​ពី​ការ​ផ្គត់ផ្គង់​អាវុធ​ដល់​ឧក្រិដ្ឋជន»។

កន្លង​មក ប្រទេស​រាប់​សិប​បាន​អនុវត្ត​វិធានការ​ដាក់​ទណ្ឌកម្ម​អាវុធ​ទ្វេភាគី​លើ​របប​យោធា​មីយ៉ាន់ម៉ា ប៉ុន្តែ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​មិន​ទាន់​នៅ​ឡើយ​ទេ ដោយ​ភាគ​ច្រើន​ទំនងជា​បណ្ដាល​មកពី​ប្រទេស​ចិន​នឹង​រារាំង​វិធានការ​ដូច​នេះ។

អ្នក​តំណាង​របស់​រដ្ឋាភិបាល​ចិន​បាន​និយាយ​ថា រដ្ឋាភិបាល​ចិន​មាន​ការ​ព្រួយ​បារម្ភ​អំពី​អំពើ​ហិង្សា​និង​ការ​បង្ហូរ​ឈាម​នៅ​មីយ៉ាន់ម៉ា ដែល «មិន​ផ្ដល់​ប្រយោជន៍​ដល់​នរណា​ម្នាក់​នោះ​ទេ»។

អ្នក​តំណាង​របស់​រដ្ឋាភិបាល​ចិន​បាន​បន្ថែម​ថា ប្រទេស​ចិន​នឹង​បន្ត​រក្សា​ទំនាក់ទំនង​ជាមួយ​នឹង​ដៃគូ​នានា «តាម​វិធី​ផ្ទាល់​ខ្លួន​ដើម្បី​ធ្វើ​ឲ្យ​ស្ថានការណ៍​ធូរស្រាល​វិញ»៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ