មីយ៉ាន់ម៉ា​ប្រឆាំង​សម្ពាធ​អន្តរជាតិ និង​បដិសេធ​ដំណើរ​ទស្សនកិច្ច​ជួប​​អ្នកស្រី Suu Kyi

  • ​Reuters

រូបឯកសារ៖ មេដឹកនាំ​របប​យោធា​មីយ៉ាន់ម៉ា​លោក Min Aung Hlaing (ទីពីររាប់ពីស្តាំ) និង​នាយ​ឧត្តម​សេនីយ៍​រង​លោក Soe Win (ស្តាំ) ចូលរួម​ពិធី​បើកសន្និសីទ​សន្តិភាព​សហភាព​លើក​ទី៤​នៅ​មជ្ឈមណ្ឌល​សន្និបាត​អន្តរជាតិ​មីយ៉ាន់ម៉ា​ក្នុង​រដ្ឋធានី​ណៃពិដោរ កាលពី​ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០។

របប​យោធា​ដែល​កំពុង​កាន់​អំណាច​នៅ​ប្រទេស​មីយ៉ាន់ម៉ា​នៅ​ថ្ងៃពុធ​ រក្សាការ​សម្រេច​ចិត្ត​របស់​ខ្លួន​មិន​ឱ្យ​បេសកជន​សម្រាប់​តំបន់​អាស៊ី​អាគ្នេយ៍​ម្នាក់​ចូលជួប​អតីត​មេដឹក​នាំ​ គឺ​អ្នកស្រី​ Aung San Suu Kyi ដែលត្រូវ​បានឃុំខ្លួន ដែល​ជា​ការ​ប្រឆាំង​នឹង​សម្ពាធ​អន្តរជាតិ​ខ្លាំងឡើងៗ​ដើម្បី​ឱ្យ​របប​នេះ​អនុវត្តតាម​ផែនការ​សន្តិភាព​ក្នុង​តំបន់​ដែល​បាន​ព្រមព្រៀង​គ្នា​កាលពី​ខែ​មេសា។ ​នេះបើតាម​ទីភ្នាក់ងារ​ព័ត៌មាន ​Reuters។​

នាយ​ឧត្តម​សេនីយ៍​រង​លោក​ Soe Win ​មេដឹកនាំ​លំដាប់ថ្នាក់​ទី​២​ របស់​របប​យោធា​ដែល​ដណ្តើម​អំណាច​ពី​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​អ្នកស្រី Suu Kyi កាលពី​ខែកុម្ភៈ​បាន​និយាយ​ថា​ ការ​អនុញ្ញាត​ឱ្យ​ជន​បរទេស​ចូល​ជួប​អ្នក​ដែល​ត្រូវបាន​ចោទ​ប្រកាន់​ ពីបទ​ឧក្រិដ្ឋ គឺជា​ការបំពាន​លើ​ច្បាប់​ក្នុង​ស្រុក។​

លោក​និយាយថា​ «ខ្ញុំ​ជឿ​ថា គ្មាន​ប្រទេស​ណា​ អនុញ្ញាត​ឱ្យ​នរណា​ម្នាក់បំពានច្បាប់​ដែល​មាន​ស្រាប់​បែប​នេះ​ទេ»។ ​លោក​ថ្លែង​ដូច្នេះ​ក្នុង​សុន្ទរកថា​ផ្សាយ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ។​

ការ​លើក​ឡើង​របស់​លោក​ធ្វើ​ឡើង​ក្រោយ​កិច្ច​ប្រជុំ​កំពូល​របស់​មេ​ដឹកនាំ​អាស៊ី​តាម​អនឡាញ​កាលពី​សប្តាហ៍​មុនដែល​រៀបចំ​ដោយ​អាស៊ាន​ ដែល​ប្រទេស​មីយ៉ាន់ម៉ា​មិនបាន​ចូលរួម​ដើម្បី​ប្រឆាំង​នឹង​ការ​មិន​ឱ្យ​លោក ​Min Aung Hlaing ចូលរួម​ ព្រោះ​លោក​មិន​គោរព​កិច្ច​ព្រមព្រៀង​សន្តិភាព។​

ប្រទេស​មីយ៉ាន់ម៉ា​ថា​ ​វា​ជា​ការ​រំលោភ​លើ​ក្រម​សីលធម៌​នៃ​ការ​ឯកភាព​របស់​អាស៊ាន​ និង​ការ​មិន​ជ្រៀត​ជ្រែក ​ហើយ​ប្រទេស​នេះ ​មិន​បញ្ជូន​អ្នក​តំណាង​ថ្នាក់​ក្រោម​មក​ចូលរួម។ ​លោក ​Soe Win ​បាន​ច្រាន​ចោល​ការ​ចោទ​ដែល​ថា ប្រទេស​លោក​ មិន​គោរព​តាម​កិច្ចព្រមព្រៀង​នោះ​ ហើយ​បាន​និយាយថា​ កិច្ច​ព្រមព្រៀង​នៅ​ខែ​មេសា​ជាមួយ​អាស៊ាន​ជាប់​ពាក់​ព័ន្ធ​នឹង​«កិច្ចការ​ផ្ទៃ​ក្នុង​បច្ចុប្បន្ន​របស់​មីយ៉ាន់ម៉ា»​ ហើយ​ទស្សនកិច្ច​របស់​បេសកជន​ «ផ្អែក​លើស្ថិរភាព​ផ្ទៃ​ក្នុង»។​

ការ​បដិសេធ​របស់​លោក​ Soe Win​ ត្រូវ​បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​តាម​អនឡាញ​របស់​ សវនករ​អាស៊ាន​កាលពី​ថ្ងៃអង្គារ។ លោក​បាន​និយាយ​ថា ការ​បញ្ជា​លើ​ប្រទេស​មីយ៉ាន់ម៉ា​នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​កាលពី​សប្តាហ៍​មុន​ «ត្រូវ​បាន​គេ​សង្ស័យថា ​បំពាន​លើ​រូបភាព​សាមគ្គីភាព​របស់​អាស៊ាន»។​

ប្រទេស​មីយ៉ាន់ម៉ា​ បាន​ជាប់គាំង​ដោយ​ការ​តវ៉ា ​ កូដកម្ម ​និង​អំពើ​ហិង្សា ​តាំង​ពី​មាន​រដ្ឋ​ប្រហារ ហើយ​របប​យោធា​ តស៊ូ​គ្រប់​គ្រង​ ហើយ​ប្រឈម​នឹង​ការ​តស៊ូ​ប្រដាប់​អាវុធ​ពី​កងជីវពល ​និង​ក្រុម​បះបោរ​ជនជាតិ​ភាគតិច​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​រដ្ឋាភិបាល​ស្រមោលដែល​របប​យោធា​ហៅ​ថា ​«ភេរវករ»។​ ជនស៊ីវិល​ជាង ១,២០០​ នាក់​ ត្រូវ​បាន​កម្លាំង​សន្តិសុខ​សម្លាប់។​ នេះ​ បើ​យោង​តាម​ក្រុម​ឃ្លាំ​មើល​ក្នុង​តំបន់​ដែល​អង្គការ​សហ​ប្រជាជាតិ​ បាន​ដកស្រង់។ របប​យោធា​ បាន​ចោទ​ប្រកាន់​ថា ​ក្រុមឃ្លាំ​មើលនេះ​លម្អៀង៕