អង្គការ​សហប្រជាជាតិ​ប្រកាស​ផែនការ​ថ្មី​សម្រាប់​ភូមា

អំពើ​​ឃោរឃៅ​​រវាង​​ពុទ្ធបរិស័ទ និងអ៊ីស្លាម​បរិស័ទ​នៅ​​រដ្ឋរ៉ាក់ហ៊ីន បាន​កើត​​មានលើក​ទី​១​​​កាល​ពី​ខែ​​មិថុនា​​​ដែល​នាំ​ឲ្យ​​អាជ្ញាធរ​​ប្រកាស​​ភាព​​អាសន្ន​​។

សរសេរ​សម្រួលដោយ​ កង ស៊ីវន
រ៉ង់ហ្គូន៖ កាល​ពីថ្ងៃ​ពុធ​អង្គការ​សហប្រជាជាតិបាន​ប្រកាសផែនការ​ដែល​ត្រូវ​បាន​ពិនិត្យ​ឡើង​វិញសម្រាប់​ដោះស្រាយ​វិបត្ដិមនុស្សធ៌មនៅក្នុងរដ្ឋ​រ៉ាក់ហ៊ីន​(Rakhine) ដែលស្ថិត​នៅ​ភាគ​ខាង​លិច​នៃ​ប្រទេសភូមា​ ក្រោយពី​ប្រធានាធិបតី​ភូមាបាន​សន្យា​កាល​ពីអាទិត្យកន្លង​មក​ថា​នឹងចាត់វិធានការជំនួសជនរងគ្រោះ​នៃ​ជម្លោះជាតិពន្ធ​សាសនានៅតំបន់នោះ​។​
អង្គការ​សហប្រជាជាតិ​ប្រកាសបង្កើនប្រាក់ជំនួយ​សម្រាប់​ជួយ​ដល់​រដ្ឋ​រ៉ាក់ហ៊ីន ក្រោយ​ពី​មាន​អំពើ​ឃោរឃៅកើតឡើងជា​ថ្មី​នៅរដ្ឋនោះកាលពីខែមុន​ រវាងពុទ្ធបរិស័ទ​រ៉ាក់ហ៊ីន និង​អ៊ីស្លាម​បរិស័ទ​រ៉ូហ៊ីងយ៉ា។ ផែនការ​ថ្មីត្រូវ​ការប្រាក់​៦៧,​៦លាន​ដុល្លារ​ដើម្បីផ្ដល់ជំនួយ​ចាំបាច់សម្រាប់មួយឆ្នាំទៅឲ្យ​មនុស្ស​១១៥.០០០​នាក់​ដែលគ្មាន​លំនៅឋាន​ដោយ​សារការប្រយុទ្ធគ្នានោះ។ អង្គការ​សហប្រជាជាតិ​ឲ្យដឹងថា​ ខ្លួន​បានទទួល​ប្រាក់​តែ​២៧​លានដុល្លារប៉ុណ្ណោះរហូតមក​ដល់ពេលនេះ។
មក​ទល់​ពេល​នេះ រដ្ឋាភិបាលដឹក​នាំ​ការ​ឆ្លើយ​តបតនឹងសេចក្ដីត្រូវ​ការផ្នែក​មនុស្សធ៌ម។ លោក ថេន ហ្តាយ (Thein Htay) រដ្ឋ​មន្ដ្រីកិច្ចការព្រំដែន​ទទួលខុសត្រូវផ្នែកសន្ដិសុខ​នៅ​រដ្ឋរ៉ាក់​ហ៊ីន បានប្រកាស​ផែនការ​នៅ​ទីក្រុង​រ៉ង់​ហ្គូន កាល​ពី​ថ្ងៃពុធ។ លោក​និយាយ​ថា កង​កម្លាំង​សន្ដិសុខបានខិត​ខំ​ប្រឹង​ប្រែង​ពង្រឹង​ច្បាប់​។
«​យើងក៏មានអង្គភាពខ្លះ​សម្រាប់ធ្វើ​ការស៊ើបអង្កេតពិសេសដើម្បីរក​ឲ្យ​ឃើញភាគីដែលញុះញង់​ ដែលបន្ត​ធ្វើឲ្យមានអំពើឃោរឃៅ​។ ក្នុង​ពេល​ជាមួយ​គ្នា​នោះ លោក​អ្នក​មានសកម្មភាពស្វែង​រក និង​រឹប​អូស​អាវុធ»។
អំពើឃោរឃៅរវាងពុទ្ធបរិស័ទ និងអ៊ីស្លាម​បរិស័ទ​នៅរដ្ឋរ៉ាក់ហ៊ីន បាន​កើតមានលើក​ទី​១​កាល​ពី​ខែមិថុនា​ដែល​នាំ​ឲ្យអាជ្ញាធរប្រកាសភាពអាសន្ន។ ការ​រំជើប​រំជួល​នេះបានបណ្ដាល​ឲ្យមនុស្សយ៉ាង​តិច១៧០នាក់ស្លាប់។
មនុស្សដែលគ្មាន​លំនៅឋាន​ច្រើនជាងគេគឺជនជាតិរ៉ូហ៊ីងយ៉ា ដែលជា​អ៊ីស្លាម​បរិស័ទ​គ្មានរដ្ឋ និងត្រូវ​បាន​ចាត់​ទុកថាជាមនុស្ស​ត្រូវបានគេ​ធ្វើ​ទុក្ខ​បុក​ម្នេញជាង​គេក្នុងពិភពលោក។ ជនជាតិរ៉ូហ៊ីងយ៉ា​ជា​ច្រើន​នាក់បាន​រត់​ចេញពីភូមាតាមនាវា ដោយគ្មានទិស​ដៅពិត​ប្រាកដ។
អង្គការ​មនុស្សធម៌ដូច​ជាវេជ្ជបណ្ឌិត​គ្មាន​ព្រំដែនត្រូវបិទ​ប្រតិបត្ដិការរបស់​ខ្លួននៅ​ក្នុងតំបន់​ទទួលរង​ដោយ​សារ​តែបារម្ភ​អំពីសុវត្ដិភាពរបស់បុគ្គលិករបស់គេ។ លោក អាសុក នីហ្កាម (Ashok Nigam) អ្នក​សម្របសម្រួលអង្គការ​សហ​ប្រជាជាតិ​ កាល​ពីពេលថ្មីៗនេះ​បានអញ្ជើញទៅមើល​រដ្ឋរ៉ាក់ហ៊ីន ដើម្បី​វាយតម្លៃសេចក្ដី​ត្រូវ​ការ​ជា​បន្ទាន់​ ហើយបានបញ្ជាក់ថា​ រហូតមកទល់​ពេលនេះ​ អង្គការ​សហប្រជាជាតិមិនប្រកាន់​បក្ខពួកទេក្នុងការដោះស្រាយសេចក្ដី​ត្រូវ​ការរបស់​ជនរងគ្រោះ​ពីការប៉ះទង្គិចនេះ៕