ក្រោយពីខកខានវិលត្រឡប់មកប្រទេសកម្ពុជាវិញតាមការគ្រោងទុកនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១នេះ លោកស្រី មូរ សុខហួរ បានបង្ហាញច្បាស់ៗជាងមុនថាលោកស្រីនឹងដឹកនាំក្រុមប្រតិភូនៃគណបក្សសង្គ្រោះជាតិចាកចេញពីសហរដ្ឋអាមេរិកឆ្ពោះមកកាន់ប្រទេសកម្ពុជា នៅថ្ងៃទី១៥ ខែ មករា សប្តាហ៍នេះ។
ដោយបានបង្ហាញកាលបរិច្ឆេទនៃការចេញដំណើរលើសំបុត្រយន្តហោះ អនុប្រធាននៃអតីតគណបក្សប្រឆាំងដែលត្រូវតុលាការរំលាយចោលរូបនេះ អះអាងថាក្រុមអ្នកនយោបាយក្រៅរដ្ឋាភិបាលអាចនឹងមកដល់ប្រទេសកម្ពុជានៅល្ងាចថ្ងៃទី១៧ ខែមករា តាមជើងយន្តហោះ Singapore Airlines របស់ប្រទេសសិង្ហបុរី។
មូលហេតុចម្បងនៃមាតុភូមិនិវត្តន៍គឺដើម្បីតទល់នឹងការកាត់ក្តីនៅតុលាការក្រុងភ្នំពេញ។
សាលាដំបូងរាជធានីភ្នំពេញ បានកោះហៅអតីតមន្ត្រី និងសកម្មជនបក្សប្រឆាំងជិត១៤០នាក់ ឲ្យចូលសវនាការលើកទី១ នៅថ្ងៃទី១៤ ខែមករា និងលើកទី២ នៅថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២១។ ពួកគេរងការចោទប្រកាន់ពីបទ«ក្បត់ជាតិ» និង«រួមគំនិតក្បត់» ដើម្បីផ្ដួលរំលំរដ្ឋាភិបាល។
ក្នុងចំណោមអ្នកដែលត្រូវឡើងសវនាការរួមមានលោក សម រង្ស៊ី ប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិ និងភរិយារបស់លោកគឺលោកស្រី ជូឡុង សូមូរ៉ា និងអនុប្រធានគណបក្សនេះពីររូបគឺលោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង។
សម្រាប់លោកអ៊ូ វីរៈ ស្ថាបនិកវេទិកាអនាគត យល់ថាលោកស្រី មូរ សុខហួរ និងប្រតិភូរបស់លោកស្រី ទំនងជាមិនអាចវិលត្រឡប់មកកម្ពុជានោះទេ។
«រឿងដែលគាត់ចង់មកតទល់ជាមួយតុលាការមិនមែនជាមូលហេតុ(នៃការវិលត្រឡប់មកកម្ពុជា)ទេ។ ការណ៍ហ្នឹង យើងដឹងទាំងស្រុង។ ដោយសារខ្លួនគាត់ក៏ទទួលស្គាល់ដែរថាគាត់មិនអាចមកតវ៉ាតុលាការបានទេ ដោយគាត់ទទួលស្គាល់ថាតុលាការកម្ពុជាមិនឯករាជ្យ។ ហើយករណីគាត់គឺជាករណីនយោបាយមិនមែនជាករណីតុលាការទេ។ ដូច្នេះគាត់ចង់មកតទល់ជាមួយតុលាការគឺមិនមែនជាមូលហេតុទេ។»
ចង់ឬមិនចង់ ក្នុងខណៈនេះ រដ្ឋាភិបាលដែលកាន់កាប់ដោយគណបក្សប្រជាជនកម្ពុជាហាក់ដូចជាធ្វើរបងដោយប្រយោលដើម្បីព្យាយាមបិទផ្លូវការធ្វើមាតុភូមិនិវត្តន៍របស់ក្រុមមន្ត្រីទាំងនេះ។ ក្នុងនោះរួមមានការធ្វើមោឃភាពលិខិតឆ្លងដែន ដោយចាត់ទុកពួកគេជា«ក្រុមឧទ្ទាមក្រៅច្បាប់» ព្រមទាំងការមិនអើពើចំពោះការស្នើសុំនានាដើម្បីធានាលទ្ធភាពវិលត្រឡប់មកប្រទេសកម្ពុជាវិញក្នុងចេតនាចូលរួមដំណើរការនីតិវិធីតុលាការ។
ផ្អែកតាមលោក អ៊ូ វីរៈ បញ្ហានយោបាយត្រូវតែដោះស្រាយតាមផ្លូវនយោបាយ។ ក៏ប៉ុន្តែ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ថាលោកនឹងមិនចរចាជាមួយអ្នកនយោបាយណាមួយនោះទេ។ ដោយទំនងជាចង់សំដៅទៅរកក្រុមមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ លោក ហ៊ុន សែន បញ្ជាក់ថាអ្នកនយោបាយទាំងនោះ«មានបញ្ហាជាមួយតុលាការ»។
រហូតមកទល់ពេលនេះអ្នកនាំពាក្យក្រសួងការបរទេសខ្មែរមិនបានឆ្លើយតបទៅនឹងសំណួររបស់ វីអូអេ ដែលបានចោទសួរចាប់តាំងពីចុងខែធ្នូ ឆ្នាំ២០២០មកម្ល៉េះថាតើរដ្ឋាភិបាលមានការកែសម្រួលឬដំណោះស្រាយបែបណាទាក់ទងនឹងការផ្តល់សុពលភាពលិខិតឆ្លងដែនឡើងវិញ ដល់អ្នកនយោបាយជំទាស់ និងការរៀបចំនីតិវិធីសម្រាប់មាតុភូមិនិវត្តន៍របស់ពួកគេ។
ដូច្នេះឧបសគ្គសម្រាប់គម្រោងនៃការធ្វើមាតុភូមិនិវត្តន៍របស់លោកស្រីមូរ សុខហួរ និងប្រតិភូបក្សប្រឆាំងហាក់ដូចជាមិនទាន់មានដំណោះស្រាយនៅឡើយ។
ចំពោះមុខបញ្ហានេះ លោក អ៊ូ វីរៈ យល់ថា ការប៉ុនប៉ងវិលមកចូលរួមដំណើរការកាត់ទោសក្នុងប្រទេសកម្ពុជារបស់ក្រុមមន្ត្រីនៃអតីតគណបក្សប្រឆាំងដ៏ធំនោះ អាចជាប្រយោជន៍បំផុសចំណាប់អារម្មណ៍ពីមហាជន ដើម្បីទប់ស្កាត់ការបែកបាក់ផ្ទៃក្នុងនិងសំឡឹងមើលលទ្ធភាពបើកបក្សសង្គ្រោះជាតិឡើងវិញ។
«ទី១ បំផុសការចាប់អារម្មណ៍ ទី២ ស្វែងរកការចារចាជាមួយបក្សកាន់អំណាចដើម្បីស្វែងរកការបើកបក្សឡើងវិញ ទី៣ បង្ហាញថាបក្សសង្គ្រោះជាតិនៅតែមានព្រលឹងនៅឡើយ ដោយខ្លាចមានការបែកបាក់គ្នារវាងលោក កឹម សុខា និងលោក សម រង្ស៊ី និងទី៤ រារាំងដើម្បីកុំឲ្យមានការបង្កើតបក្សថ្មី»។
គណបក្សសង្គ្រោះជាតិត្រូវរំលាយដោយអំណាចនៃសាលដីកាតុលាការកំពូលកាលពីខែ វិច្ឆិកា ឆ្នាំ២០១៧។ ក្រោយពីការរំលាយគណបក្សនេះ អ្នកដឹកនាំគណបក្សនិងសកម្មជននយោបាយជាច្រើនបាននិរទេសខ្លួនទៅក្រៅប្រទេសដើម្បីគេចពីការចាប់ខ្លួន។
លោកស្រី មូរ សុខហួរ ដែលមានសញ្ញាតិខ្មែរផង និងអាមេរិកាំងផង ធ្លាប់បានប្រកាសតាមបណ្តាញសង្គមថាលោកស្រី និងក្រុមមន្ត្រីគណបក្សសង្គ្រោះជាតិគ្រោងនឹងវិលត្រឡប់មកកម្ពុជាវិញក្នុងអំឡុងខែសីហា និងខែកញ្ញា ឆ្នាំ ២០១៩ ដើម្បីតស៊ូមតិក្នុងវិស័យនយោបាយ និងដើម្បីព្យាយាមឲ្យមានការដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។ ស្របពេលនោះ លោក សម រង្ស៊ី ប្រធានស្តីទីនៃគណបក្សនេះ ក៏បានប្រកាសវិលមកកម្ពុជាវិញដែរនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំដដែល។
ប៉ុន្តែអ្នកនយោបាយប្រឆាំងទាំងពីររូបត្រូវប្រឈមនឹងការរារាំងដែលពួកគាត់មិនអាចត្រឡប់មកកម្ពុជាបាន។
លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយមួយរូបក្នុងទីក្រុងភ្នំពេញ មានប្រសាសន៍ថា រដ្ឋាភិបាលនឹងបន្តរារាំងក្រុមតំណាងបក្សប្រឆាំងមិនឲ្យចូលមកកម្ពុជាបាននៅពេលនេះ។
«គេមិនទាន់ឲ្យមកពេលនេះដែរ។ ជាហេតុផលគឺដើម្បីឲ្យបាត់ជំនឿទុកចិត្តពីប្រជាពលរដ្ឋដែលជាកត្តាសំខាន់។»
អ្នកវិភាគដដែល លើកឡើងថាការណ៍ដែលគណបក្សកាន់អំណាចព្យាយាមទាញពន្យារការវិលត្រឡប់ចូលស្រុកខ្មែរវិញរបស់មន្ត្រីទាំងនោះគឺដើម្បីបន្សាបឥទ្ធិពលគូប្រជែងនយោបាយរបស់ខ្លួនផង និងមួយវិញទៀតដើម្បីរៀបចំផ្ទៃក្នុងបក្សខ្លួនផង។
«ទី១អាចបន្ថយកម្លាំងគណបក្សប្រឆាំងដែលនៅផ្តុំគ្នា(ឲ្យ)បាត់បង់។ ទី២ស្ថានភាពមិនច្បាស់លាស់ដោយមិនមានការដាក់សម្ពាធពីសហគមន៍អន្តរជាតិជាលក្ខខណ្ឌអំណោយផលសម្រាប់គណបក្សកាន់អំណាចក្នុងការរៀបចំចាត់ចែងផ្ទេរភារកិច្ច កិច្ចការសម្រាប់អ្នកជំនាន់ក្រោយបានដោយពុំសូវមានឧបសគ្គឬការបុករុកពីខាងក្រៅបក្ស»។
គណបក្សសង្គ្រោះជាតិដែលកើតឡើងដោយការច្របាច់បញ្ចូលគ្នារវាងគណបក្ស សម រង្ស៊ី របស់លោក សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា គឺជាគណបក្សប្រជែងអំណាចដ៏គ្រោះថ្នាក់និងមានឥទ្ធិពលគួរឲ្យខ្លាចសម្រាប់គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ បើទោះជាគណបក្សនេះបានបរិហាអំពីភាពមិនប្រក្រតីក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គណបក្សនេះបានទទួលបានអាសនៈចំនួន៥៥ ក្នុងរដ្ឋសភាដែលមាន១២៣ អាសនៈ នៅឆ្នាំ២០១៣ មុននឹងត្រូវរំលាយចោលបួនឆ្នាំក្រោយមក។ ការរំលាយបក្សជំទាស់នេះធ្វើឡើង បន្ទាប់ពីគណបក្សនេះបង្ហាញសន្ទុះកំណើនប្រជាប្រិយ៍ភាពបន្ថែមទៀតនៅក្នុងការបោះឆ្នោតជ្រើសរើសឃុំសង្កាត់ឆ្នាំ២០១៧។
បើទោះជាស្ថិតក្រោមក្រសែភ្នែកអវិជ្ជមានចំពោះមាតុភូមិនិវត្តន៍របស់លោកស្រី ពីសំណាក់ក្រុមអ្នកឃ្លាំមើលនយោបាយកម្ពុជា លោកស្រី មូរ សុខហួរ នៅតែអះអាងថាលោកស្រី ព្រមទាំងក្រុមអ្នកដឹកនាំអតីតគណបក្សសង្គ្រោះជាតិនឹងព្យាយាមស្វែងរកលទ្ធភាពមកកាន់ប្រទេសកម្ពុជានៅថ្ងៃទី១៥ ខែមករានេះ។
លោកស្រី មូរ សុខហួរ មិនឆ្លើយនឹងសំណួរថាតើលទ្ធភាពបែបណាអាចអនុញ្ញាតឲ្យលោកស្រីនិងក្រុមរបស់លោកស្រីអាចវិលត្រឡប់ចូលប្រទេសកម្ពុជាវិញនោះទេ។ ប៉ុន្តែលោកស្រី លើកឡើងថាលោកស្រីនឹងប្រឹងប្រែងអស់លទ្ធភាព។
«ចន្លោះណាទៀតខ្ញុំមិនដឹងទេ ប៉ុន្តែខ្ញុំនឹងខិតខំដើម្បីឲ្យទៅដល់ទីនោះ។»
មន្ត្រីបក្សប្រឆាំងដដែល បានហៅការលុបសុពលភាពលិខិតឆ្លងដែនរបស់មន្ត្រីគណបក្សជំទាស់ពីសំណាក់រដ្ឋាភិបាលថា ជា«ការរំលោភរដ្ឋធម្មនុញ្ញ»។
លោក សុខ ឥសាន តំណាងរាស្ត្រនិងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា លទ្ធភាពដែលក្រុមមន្ត្រីបក្សជំទាស់វិលមកកម្ពុជាបានឬមិនបានមិនអាស្រ័យនឹងបក្សកាន់អំណាចឬរដ្ឋាភិបាលនោះទេ។
«សូមបញ្ជាក់ថារឿងនេះមិនពាក់ព័ន្ធនឹងគណបក្សប្រជាជនកម្ពុជា ហើយក៏មិនពាក់ព័ន្ធជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ននេះដែរ ពីព្រោះរឿងនេះជារឿងពាក់ព័ន្ធទ្វេភាគីរវាងតុលាការនិងជនជាប់ចោទ។»
ក្រុមអ្នកវិភាគកម្ពុជាជឿជាក់ថាប្រសិនបើលោកស្រី មូរ សុខហួរ ទម្លាក់ជើងដល់ប្រទេសកម្ពុជា លោកស្រីអាចប្រឈមនឹងការចាប់ខ្លួន ដោយហេតុថាបក្សកាន់អំណាចនឹងមិនបណ្តោយឲ្យលោកស្រី ស្ថិតនៅក្នុងលំហមួយដែលអាចបង្កឱកាសក្នុងការប្រមូលផ្តុំបែបនយោបាយនោះទេ។ ប៉ុន្តែអ្វីដែលជាបញ្ហានោះគឺថា ការចាប់ខ្លួននេះអាចក្លាយជាជន្លួញទៅចាក់ឆ្កឹះសហគមន៍អន្តរជាតិឲ្យក្រឡេកមើលកម្ពុជាឡើងវិញ។ ការដាក់សម្ពាធបន្ថែមនឹងចាប់ផ្តើម បន្ទាប់ពីសម្ពាធដក EBA របស់សហភាពអឺរ៉ុប។ ក្នុងពេលនោះ គឺអតីតគណបក្សសង្គ្រោះជាតិ នឹងទទួលផលចំណេញច្រើន។
ប៉ុន្តែរហូតមកទល់ពេលនេះ នៅមិនទាន់មានសញ្ញាគួរឲ្យជឿជាក់បាននៅឡើយស្តីពីការនិវត្តន៍មកកាន់ប្រទេសកម្ពុជា របស់លោកស្រី មូរ សុខហួរ និងក្រុមមន្ត្រីគណបក្សសង្គ្រោះជាតិ។ វត្តមានលោកស្រី មូរ សុខហួរ និងក្រុមមន្ត្រីនៅកម្ពុជា ទំនងជាត្រូវរង់ចាំរហូតដល់មានការចរចានយោបាយណាមួយកើតឡើងជាមួយនឹងគណបក្សប្រជាជនកម្ពុជា៕