សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទទួល​ពាន​រង្វាន់​នៅ​ប្រទេស​ស៊ុយអែត ខណៈ​ប្រឈម​ពាក្យ​បណ្តឹង​នៅ​កម្ពុជា

ក្រុម​យុវជន​បរិស្ថាន​របស់​ចលនា​មាតា​ធម្មជាតិ​ទទួល​ពាន​រង្វាន់​នៅ​ប្រទេស​ស៊ុយអែត​កាលពីថ្ងៃទី២៩ វិច្ឆិកា​ឆ្នាំ២០២៣(Facebook/Right Livelihood)

ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​មួយ​ចំនួន​អះ​អាង​ថា​ពួកគេ​នឹង​បន្ត​សកម្មភាព​ការពារ​បរិស្ថាន​ក្នុង​ប្រទេស​កម្ពុជា ខណៈ​ពួកគេ​ទទួល​បាន​ពានរង្វាន់​អន្តរ​ជាតិ​មួយ​ឈ្មោះ Right Livelihood នៅ​ប្រទេស​ស៊ុយអែត សម្រាប់​ភាព​ក្លាហាន​ក្នុង​សកម្មភាព​ការពារ​បរិស្ថាន​នៅ​កម្ពុជា។

ការ​ទទួល​បាន​ពាន​រង្វាន់​នេះ​ត្រូវ​បាន​អបអរសាទរ​ដោយ​ក្រុម​ជន​បរទេស​នៅ​ទីក្រុង​ស្តុកខុល ​នៃ​ប្រទេស​ស៊ុយ​អែត និង​អ្នក​តាម​ដាន​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា។ ប៉ុន្តែ​សកម្មជន​ទាំង​នោះ​កំពុង​ប្រឈម​នឹង​ពាក្យ​បណ្តឹង​នៅ​តុលាការ​ចំពោះ​សកម្មភាព កាល​ពី​កន្លង​ទៅ ហើយ​រដ្ឋាភិបាល​បាន​ចាត់​ទុក​ពួកគេ​ជា​«ជន​ឱកាស​និយម» និង​មាន​«របៀប​វារៈ​នយោ​បាយ​ទុច្ចរិត»។

កាល​ពី​ថ្ងៃទី​២៩ ខែ​វិច្ឆិកា ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ចំនួន​៣​នាក់ រួម​មាន​កញ្ញា​ ស៊ុន រដ្ឋា លោក លី​ ចាន់ដារ៉ាវុត និង​កញ្ញា មាន លីសា មាន​វត្តមាន​នៅ​ក្នុង​ពិធីទទួល​ពាន​រង្វាន់​អន្តរ​ជាតិ Right Livelihood ក្នុង​ទីក្រុងស្តុកខុល​នៃ​ប្រទេស​ស៊ុយអែត ដោយ​មាន​ការ​អបអរ​សាទរ​នៅ​ទី​នោះ។ នេះ​បើ​តាម​វីដេ​អូ​ដែលបង្ហាញ​ពី​សកម្ម​ភាព​នៃ​ការ​ទទួល​បាន​ពាន​រង្វាន់​ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ចលនា​មាតា​ធម្មជាតិ​កម្ពុជា​ Mother of Nature Cambodia កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

កញ្ញា ស៊ុន រដ្ឋា អាយុ​២៧​ឆ្នាំ ដែល​កំពុង​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​របស់​តុលាការ និង​ធ្លាប់​ជាប់​ពន្ធនាគារ ថ្លែង​ក្នុង​ពិធី​នោះ​ថា​ការ​ទទួល​បាន​ពាន​រង្វាន់​នេះ​ពិត​ជា​មាន​តម្លៃ​ណាស់​សម្រាប់​ក្រុម​ចលនា​មាតា​ធម្មជាតិ​ និងអាច​បង្ហាញ​ប្រាប់​ប្រជា​ជន​កម្ពុជា​ថា​ការ​ការពារ​ធនធាន​ធម្មជាតិ និង​បរិស្ថាន មិន​មែន​ជា​សកម្មភាព​ខុស​ច្បាប់​ឡើយ។ កញ្ញាបញ្ជាក់​ថា​ក្រុម​ចលនា​មាតា​ធម្មជាតិ​នៅ​តែ​បន្ត​សកម្មភាព​ការពារ​បរិស្ថាន ដើម្បី​ក្ដី​សម្រៃ​របស់​ពួក​គេ។

កញ្ញា ស៊ុន រដ្ឋា ថ្លែង​ជា​ភាសាអង់គ្លេស ដោយ​មាន​ការ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា៖

«សារ​របស់​ពួក​យើង​ទៅ​កាន់​រដ្ឋា​ភិ​បាលនៃ​ប្រទេស​កម្ពុជា​គឺ​ថា​យុវជន​ជំនាន់​នេះ​ដែល​ខ្ញុំ​និង​មិត្ត​រួម​ការងារ​របស់​ខ្ញុំ ក៏​ជា​ផ្នែក​មួយ​ដែល​នោះ​ គឺមិន​មាន​ភាព​ខ្មាស​អៀន​ និង​មិន​មាន​វិប្បដិសារី​ទេ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​របស់​ខ្លួន​ចាប់​យក​ទៅ​ដាក់​ពន្ធនាគារ ដោយ​សារ​ការ​ការពារ​បរិស្ថាន។ វិធី​សាស្រ្ដ​បែប​នេះ​គឺ​មិន​អាច​បន្ទុច​បង្អាក់​ពួក​យើង​មិន​ឱ្យ​ឈាន​ទៅ​រក​ក្ដី​ស្រមៃ​របស់​ពួក​យើង​បាន​ឡើយ»។

កញ្ញា ស៊ុន រដ្ឋា សកម្មជន​បរិស្ថាន​របស់​មាតា​ធម្មជាតិ​ថ្លែង​សារ​ក្នុង​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​១០ឆ្នូ លើក​ទី៧៣ នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។ (លាស់ លីបលីប/វីអូអេ)

កញ្ញា ស៊ុន រដ្ឋា ប្រាប់​វីអេអូ​តាម​ទូរសព្ទ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ការ​ទទួល​បាន​ពាន​រង្វាន់​នេះ​ គឺ​ជា​ការ​លើក​ទឹក​សម្រាប់​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ និង​យុវជន​កម្ពុជា​ពី​បណ្ដា​ប្រទេស​អឺរ៉ុប។ កញ្ញា​ស្នើ​ដល់​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​ទម្លាក់​បទ​ចោទ​ប្រកាន់​លើ​ក្រុម​សកម្មជន និង​ស្នើឱ្យ​រដ្ឋាភិបាល​ពិចារណា​សហការ​ជាមួយ​យុវជន​ក្នុង​ការការពារ​បរិស្ថាន។

កញ្ញា​បញ្ជាក់​ថា៖ «គាត់​(រដ្ឋាភិបាល)​គួរ​តែ​ពិចារណា​នៅ​ក្នុង​ការ​លើក​ទឹក​ចិត្ត​យុវជន​ជៀស​ជាង​ការ​ដែល​គំរាម​គំហែង​យុវជន​នៅ​ក្នុង​ការ​ធ្វើ​ការងារ ដើម្បី​ធនធាន​ធម្មជាតិ។ គាត់​(រដ្ឋាភិបាល)​គួរ​តែ​ងាក​មក​សហការ​ជាមួយ​ពួក​យើង ព្រោះ​ពួក​យើង​គឺ​ជា​ដៃ​គូរ​សហការ​ដ៏ល្អ​បំផុត​របស់​ពួក​គាត់ បើ​ពួក​គាត់​ចង់​ដឹង​ពី​កង្វះ​ខាត​នានា គាត់​គួរ​តែ​សហការ​ជា​មួយ​ពួក​យើង ព្រោះ​យើង​មែន​ចង់ឱ្យ​ប្រទេស​វា​អត់​មាន​ការ​អភិវឌ្ឍ​ទេ។ យើង​ចង់​ឱ្យ​ប្រទេស​មាន​ការ​អភិវឌ្ឍ ប៉ុន្តែគិត​គូរ​ដល់​បរិស្ថាន និង​ប្រជាជន»។

បើ​តាម​សកម្មជន​រូប​នោះ ទឹក​ប្រាក់​ដែល​ទទួល​បាន​ពី​ពាន​រង្វាន់​នេះ​ដែល​កញ្ញា​បដិសេធ​មិន​បញ្ជាក់​ចំនួន នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់បន្ត​ការងារ​ការពារ​បរិស្ថាន​នៅ​កម្ពុជា។

កញ្ញា មាន លីសា អាយុ ២០​ ឆ្នាំ សមាជិក​របស់​ក្រុម​ចលនា​មាតាធម្មជាតិ ផ្តល់​កិច្ចសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន ក្នុង​ពេល​ដាក់​ញតិ្ត​នៅ​មុខ​ក្រសួង​បរិស្ថាន ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

ជា​មួយ​គ្នា​នេះ កញ្ញា មាន លីសា ដែល​ទៅ​ចូលរួម​ក្នុង​ពិធី​ទទួល​ពាន​រង្វាន់​នោះ​ដែរ ​លើក​ឡើង​ថា គម្រោង​បន្ទាប់​របស់​ចលនា​មាតា​ធម្មជាតិ​គឺ​ការ​ការ​ពារ​កោះ​កុង​ក្រៅ នៅ​ខេត្ត​កោះកុង។

កញ្ញា​បញ្ជាក់ជា​ភាសា​អង់គ្លេស​ដោយ​មាន​ការ​ប្រែ​សម្រួល​ថា​៖ «គម្រោង​ដ៏ធំ​ចម្បង​របស់​ពួក​យើង​ ទីមួយ​ការ​ការពារ​កោះ​កុ​ងក្រៅ​ ហើយ​ពួក​យើង​ក៏​មាន​សកម្ម​ភាព​ផ្សេងៗ​ទៀត​ដែរ ដូច​ជា​ការ​ផលិតវីដេអូ​ រូបត្លុក រូបភាព​សិល្បៈ ដើម្បី​លាត​ត្រដាង​អំពី​បទ​ល្មើស​នៅ​ក្នុង​វិស័យ​បរិស្ថាន​ដែល​កើត​មាន​ឡើង​គ្រប់​ទម្រង់»។

ចំណែក​លោក លី ចាន់ដារ៉ាវុត ដែល​ចូលរួម​កម្មវិធី​ទទួល​ពាន​រង្វាន់​នោះ​ដែរ ថ្លែង​ថា​សកម្មជន​ដែល​ការពារ​បរិស្ថាន​នៅ​ក្នុង​ពិភព​លោក​ និង​ប្រជា​ពលរដ្ឋ​ទាំង​អស់​គ្នា​មាន​កាតព្វកិច្ច​ធ្វើ​ឱ្យ​បរិស្ថាន​មាន​ភាព​ល្អ​ប្រសើរ។

លោក​ថ្លែង​ជា​ភាសា​អង់គ្លេស​ដោយ​មាន​ការ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា៖ «ហើយ​នេះគឺ​ជា​កាតព្វកិច្ច​របស់​ពួក​យើង​ទាំង​អស់​គ្នា​នៅ​ក្នុង​ការ​បង្ហាញ​ឱ្យ​អ្នក​ដែល​ចូល​ចិត្ត​ជិះ​ជាន់​គេ​ហ្នឹង​នឹង​ឃើញ​ថា​ ពួក​យើង​ត្រូវ​ការ​បរិស្ថាន​ដែល​មាន​ភាព​ល្អ​ប្រសើរ​ជាង​នេះ»។

បច្ចុប្បន្ន​នេះ សកម្មជន​មាតា​ធម្មជាតិ​ចំនួន​៦​នាក់​ រួម​មានលោក ថុន រដ្ឋា កញ្ញា ភួន កែវ​រស្មី​ លោក យីម លាង​ហ៊ី​ កញ្ញា ឡុង គន្ធា​ លោក លី ចាន់​ដារ៉ាវុត និង​កញ្ញា ស៊ុន រដ្ឋា ត្រូវ​បាន​តុ​លា​ការ​ចោទ​ពី​បទ​«រួម​គំនិត​ក្បត់» និង​«ប្រមាថ​ព្រះ​មហាក្សត្រ» ពាក់ព័ន្ធ​នឹង​ការ​ថ្លែង​របស់​ពួក​គេ​នៅ​ក្នុង​វីដេអូ​មួយ​នៅ​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​កន្លង​ទៅ។ នេះ​ជា​បទ​ចោទ​ដាច់​ដោយ​ឡែក​ផ្សេង​ទៀត​លើ​សកម្មជន​មាតា​ធម្មជាតិ​មួយ​ចំនួន ដែល​ធ្លាប់​ត្រូវ​បាន​ចោទ​ប្រកាន់​ក្នុង​សំណុំ​រឿង​ញុះ​ញង់ ហើយ​ពួកគេ​ត្រូវ​បាន​តុលា​ការ​កាត់​ទោស​រួច​មក​ហើយ។

កាល​ពី​កន្លង​ទៅ តុលាការ​បាន​បដិ​សេធ​សំណើ​សុំ​ចេញ​ទៅ​ទទួល​ពាន​រង្វាន់​របស់​សកម្មជន​មួយ​ចំនួន។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ផៃ ប៊ុន​ឈឿន អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​បាន​នៅ​ឡើយ​ទេ។

កាល​ពី​ចុង​ឆ្នាំ​២០២២ អតីត​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន និង​បច្ចុប្បន្ន​ជា​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន លោក នេត្រ ភត្រ្តា ធ្លាប់​លើក​ឡើង​ថា​ក្រុម​សកម្ម​ជន​បរិស្ថាន​ចលនា​មាតា​ធម្មជាតិ គ្រាន់​តែ​ជា​«ជន​ឱកាស​និយម​យក​ការ​សម្តែង​ជា​ការ​ស្រឡាញ់​ធនធាន​ធម្មជាតិ ដើម្បី​ផល​ប្រយោជន៍​បក្ខ​ពួក​ខ្លួន​ប៉ុណ្ណោះ»។

រូប​ឯកសារ៖ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ផ្តល់បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មានជាតិ​និង​អន្តរជាតិនៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។ (ហ្វេសប៊ុក/ក្រសួងព័ត៌មាន/AKP/ហ៊ុន យុទ្ធគុណ)

លោក​ប្រាប់​វីអូអេ​ថា​៖ « សកម្មភាព​ដែល​ក្រុម​សកម្មជន​នយោបាយ​មួយ​ក្តាប់តូច​ដែលស្ថិត​ក្រោម​ការ​បញ្ជា​ដោយ​ជនបរទេសជ្រក​ក្រោម​ស្លាក​ស្រឡាញ់​បរិស្ថាន និង​ធនធាន​ធម្មជាតិ ដែល​បាន​និង​កំពុង​ធ្វើ​សកម្មភាព​ក្រោម​ទម្រង់​រូបភាព​ផ្សេងៗ វា​គ្រាន់​តែ​ជា​ការ​សម្តែង​ឱ្យ​ល្អ​មើល ដើម្បី​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​តាម​ខ្សែ​ញាក់​របស់​ជន​បរទេស​ខ្លះ និង​បំពេញ​ចិត្ត​ម្ចាស់​ជំនួយ​ខ្លួន ហើយ​ធ្វើ​ឡើង​ក្នុង​គោល​ដៅ​របៀប​វារៈ​នយោ​បាយ​ទុច្ចរិត​មួយ​ពិត​ប្រាកដ​ក្នុង​ចេតនា​បំផ្លាញ​មុខ​មា​ត់កម្ពុជា»។

គួរ​បញ្ជាក់​ថា​ការ​ផ្តល់​ពាន​រង្វាន់​ដល់​ក្រុម​សកម្មជន​នេះ ដោយសារភាព​ក្លា​ហាន​របស់​ពួកគេ​នៅ​ក្នុង​ការ​ការពារ​ធន​ធាន​ធម្ម​ជាតិ​របស់​កម្ពុជា ​និង​ការ​ក្រោក​ឈរ​ឡើង​ដើម្បី​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ ដោយ​ប្រឈម​នឹង​ការ​បង្រ្កាប​របស់​រដ្ឋា​ភិបាល​ជា​បន្ត​បន្ទាប់។ នេះ​បើ​តា​ម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​អង្គការ ​Right Livelihood ចេញ​ផ្សាយ​កាល​ពី​ចុង​ខែ​កញ្ញា៕