អ្នកស្រីចឹក បូភី អាយុ៤០ឆ្នាំបានស្រមៃឃើញកូនស្រីឌុក ស្រីមុំ របស់គាត់ដែលបានស្លាប់នៅក្នុងគ្រោះមហន្តរាយនៅលើស្ពានកោះពេជ្រនោះ ថានៅតែមានជីវិតរស់ជាមួយគាត់និងក្រុមគ្រួសារ ខណៈដែលគាត់បានឃើញកូនស្រីអ្នកជិតខាងដើរកាត់មុខផ្ទះ។
អ្នកស្រីបានបញ្ជាក់ថាឥឡូវនេះ អ្នកស្រីមានការសោកស្តាយនិងសោកសង្រេងយ៉ាងខ្លាំងចំពោះការបាត់បង់កូនស្រីសំណប់ហើយហាក់ដូចជាបានបាត់បង់អ្វីៗទាំងអស់នៅក្នុងឆាកជីវិត។
កញ្ញាឌុក ស្រីមុំ អាយុ២០ឆ្នាំ បានប្រសូត្រនៅក្នុងគ្រួសារកសិករក្រីក្រនៅក្នុងភូមិមួយនៃឃុំកំពង់ អំពិល ស្រុកពារាំង ខេត្តព្រៃវែង។ ប៉ុន្តែនាងបានខំប្រឹងជំនះនឹងភាពក្រលំបាកនេះ រហូតដល់ពេល នាងបានស្លាប់នៅក្នុងឧបទ្ទវហេតុរត់ជាន់គ្នាស្លាប់នៅលើស្ពានកោះពេជ្រកាលពីថ្ងៃទី២២ ខែវិច្ឆិកា។
ចាប់ពីពេលនេះទៅ អ្នកស្រីចឹក បូភី មិនអាចមើលឃើញកូនស្រីសំណប់តទៅទៀតបានទេ។ អ្នកស្រីបាននិយាយថាគាត់នឹកនាងនិងចង់ជួបនាងប៉ុន្តែគាត់អាចបានត្រឹមរក្សាទុករូបកូនស្រីនេះនៅក្នុងបេះដូងនិងការចងចាំរបស់គាត់ជារៀងរហូត។
អ្នកស្រីបានបន្ថែមថាម្តាយនិងកូនមិនអាចជួបគ្នា មិនអាចស្តាប់គ្នា និងមិនអាចប៉ះពាល់សាច់គ្នាទៅវិញទៅមកបានទៀតទេ ពីព្រោះយើងកំពុងរស់នៅក្នុងភពផ្សេងគ្នា ប៉ុន្តែអារម្មណ៍នៅតែរស់ជាលក្ខណៈម្តាយ និងកូនស្រីជាដរាប។
ម្តាយសពកញ្ញាឌុក ស្រីមុំ បានបួងសួងដល់វិញ្ញាណក្ខន្ធរបស់កូនស្រីឱ្យទៅកាន់សុគតិភព និងបួងសួងឱ្យនាងបានទៅចាប់ជាតិក្នុងត្រកូលអ្នកមាននិងសប្បុរសធម៌និងកុំឱ្យជួបភាពក្រលំបាកដូចជាតិនេះ ទៀតព្រមទាំងរៀនបានខ្ពង់ខ្ពស់ដល់សាកលវិទ្យាល័យប្រកបដោយចំណេះវិជ្ជា ការយល់ដឹង និងបញ្ញាវាងវៃ ហើយជាពិសេស សុំបន់ស្រន់ឱ្យនាងប្រព្រឹត្តតែអំពើល្អមានអាយុវែងជាងជាតិនេះ និងកុំឱ្យជួបប្រទះឧបទ្ទវហេតុដ៏អាក្រក់នេះទៀត។
ឌុក ស្រីមុំ បានបោះបង់ចោលការសិក្សារបស់នាងនៅត្រឹមថ្នាក់ទី៨ និងបន្ទាប់មកបានសុំម្តាយឪពុកមកភ្នំពេញដើម្បីរកការងារធ្វើយកប្រាក់ទៅជួយជីវភាពគ្រួសារនិងផ្គត់ផ្គង់ការសិក្សារបស់បងប្អូនប្រុសស្រី ខណៈដែលស្ថានភាពជីវភាពគ្រួសារបានប្រឈមនឹងភាពក្រីក្រនិងការធ្វើស្រែមិនសូវបានផលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។
អ្នកស្រីចឹក បូភីបានបញ្ជាក់ថា៖
«សម្រេចចិត្តទៅធ្វើការរោងចក្រហ្នឹង ម្តាយឪពុកក្រ ទៅជួយឲ្យថវិកា បងប្អូនរៀន ហើយជួយដល់ ម្តាយ ឪពុកផង បានសម្រេចចាកចេញទៅធ្វើការរោងចក្រ ដោយបោះបង់ការងាររៀនសូត្រ។ កិច្ចការងារក្នុងផ្ទះធ្វើសព្វបែបយ៉ាងមិនដែលឲ្យខ្ញុំពិបាកទេតាំងពីតូចមក។ កូនខ្ញុំមានចរិតស្លូតបូត»។
មុនពេលស្រីមុំ បានសម្រេចបោះបង់ចោលការសិក្សានៅក្នុងឆ្នាំ២០០៥នោះ អ្នកស្រីចឹក បូភី បាន ប្រាប់កូនស្រីថា គាត់មិនចង់ឱ្យកូនបោះបង់ចោលការសិក្សាទេ។ គាត់ចង់ឱ្យកូនបន្តការសិក្សាទៀត បើទោះបីជាគ្រួសារបានជួបប្រទះនឹងភាពក្រីក្រក៏ដោយ។ ប៉ុន្តែសពស្រីមុំ បានឆ្លើយតបថា នាងត្រូវតែចេញទៅរកប្រាក់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារនិងការសិក្សារបស់បងប្អូនទាំងអស់។
អ្នកស្រីចឹក បូភី បានរំលឹកដោយបង្ហាញទឹកមុខក្រៀមក្រំចំពោះស្រីមុំថា គាត់មិនអាចបំភ្លេចនូវអ្វីដែលកូនស្រីបាននិយាយនិងបានធ្វើជាផលប្រយោជន៍សម្រាប់គ្រួសារហើយគាត់ចង់ធ្វើជាម្តាយនិងកូននៅជាតិក្រោយទៀត។
កញ្ញាឌុក ស្រីមុំ គឺជាមរណជនម្នាក់ក្នុងចំណោមមរណជន៣៥៣នាក់នៅក្នុងឧបទ្ទវហេតុរត់ជាន់គ្នាស្លាប់នៅលើស្ពានកោះពេជ្រកាលពីថ្ងៃទី២២ ខែវិច្ឆិកា ដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បាន ពិពណ៌នាថាជាសោកនាដកម្មដ៏ធំធេងសម្រាប់ប្រទេសកម្ពុជា ចាប់តាំងពីការកាប់សម្លាប់របស់របប ខ្មែរក្រហមនៅក្នុងទសវត្សរ៍១៩៧០។
គ្រួសារសពកញ្ញាឌុក ស្រីមុំ បានទទួលប្រាក់ជាង១០.០០០ដុល្លារអាមេរិកពី រដ្ឋាភិបាល សប្បុរសជន និងក្រុមហ៊ុនមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ។
កញ្ញាឌុក ស្រីមុំ មានការងារធ្វើនៅរោងចក្រកាត់ដេរ Chou Shing នៅក្នុងខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញអស់ រយៈពេលពីរឆ្នាំ មុននឹងនាងបានទទួលមរណភាព។
ម្តាយសពស្រីមុំ បានបន្ថែមថា កូនស្រីរបស់អ្នកស្រីមិនដែលថ្ងូរពីការលំបាកក្នុងការងារទេ ពីព្រោះ នាងត្រូវការប្រាក់ជួយផ្គត់ផ្គង់ជីវភាពគ្រួសារ។ អ្នកស្រីមានការរន្ធត់យ៉ាងខ្លាំងចំពោះមរណភាពរបស់ កូនស្រីនេះដែលជាសសរទ្រូងដ៏រឹងមាំសម្រាប់គ្រួសារ។
«កូនខ្ញុំមិនដែលធ្លាប់ថ្ងូរទុក្ខលំបាក និងការងារទេ ពីព្រោះកូនខ្ញុំចង់បានលុយមកចិញ្ចឹមម៉ែ ឪ បងប្អូន មិនដែលថ្ងូរពីទុកលំបាកការងារយប់ថ្ងៃអ្វីទេ។ កូនខ្ញុំជាគ្រឹះដ៏ធំមួយសម្រាប់ផ្គង់ផ្គង់ជីវភាពនៅក្នុងគ្រួសារ។ ខ្ញុំអាងកូនហ្នឹង»។
អ្នកស្រីជា ចន្ធូ អាយុ៣១ឆ្នាំ ប្រធានក្រុមរបស់សពឌុក ស្រីមុំនៅរោងចក្រកាត់ដេរ Chou Shing បាន និយាយថា នាងមានចរិតស្លូតបូត សុភាពរាបសា ចេះស្តាប់បង្គាប់ ឧស្សាហ៍ព្យាយាមក្នុងការងារ និងចេះជួយយកអាសាមិត្តរួមការងារ។
«ក្មេងហ្នឹង មនុស្សវាស្លូត សុភាពរាបសា។ មនុស្សយកចិត្តទុកដាក់ និងការងារ ដូចថា ថែមម៉ោង ថែមអ្វីអញ្ចឹង ឲ្យតែគេឲ្យថែមចង់បានលុយចេះតែខិតខំថែមអញ្ចឹងណាស់។ ចរិតវា ស្លួតបូត ចេះជួយគេ ហើយចេះស្តាប់បង្គាប់។ ដួចថា យើងជាមេអញ្ចឹង យើងប្រើឲ្យទៅណាអញ្ចឹង វាទៅ វាឥតប្រកែក ប្រឆាំងជាមួយយើង តពាក្យតសម្តី។ និយាយរួមកូនហ្នឹងល្អតែម្តងចរិត។ និយាយមួយម៉ាត់ឲ្យចំ»។
លោកព្រឿង ទូច អាយុ២៣ឆ្នាំ ជាអ្នកជិតខាងរបស់សពឌុក ស្រីមុំ បានបញ្ជាក់ថា នាងឧស្សាហ៍ ព្យាយាមជួយកិច្ចការផ្ទះគ្រប់បែបយ៉ាងហើយនៅរោងចក្រនាងបានខំធ្វើការតាំងពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៨យប់ជារៀងរាល់ថ្ងៃដោយធ្វើការថែមម៉ោង។
លោកព្រឿង ទូច បានបន្ថែមថា ប្រាក់ខែរបស់នាង៧០ភាគត្រូវបានផ្ញើមកផ្ទះសម្រាប់ជួយជីវភាព គ្រួសារ ហើយបានទុកប្រាក់បន្តិចបន្តួចសម្រាប់ចំណាយក្នុងមួយខែៗតែប៉ុណ្ណោះ។
អ្នកស្រីចឹក បូភី បានថ្លែងថាកូនគាត់រកប្រាក់បានរវាងពី៨០ទៅ១២០ដុល្លារអាមេរិក ក្នុងមួយខែពីការងារ៨ម៉ោងនិងការងារថែមម៉ោង។ កូនស្រីរបស់គាត់បានផ្ញើប្រាក់ពី៤០ទៅ៨០ដុល្លារអាមេរិកក្នុងមួយខែទៅផ្ទះដើម្បីជួយផ្គត់ផ្គង់ជីវភាពគ្រួសារ និងមានចរិកល្អ សីលធម៌ល្អ ទំនាក់ទំនងល្អ និងឧស្សាហ៍ព្យាយាមធ្វើការងារ ព្រមទាំងចេះជួយយកអាសាមិត្តភក្តិ និងអ្នកជិតខាង នៅពេលមានជម្ងឺពិធីបុណ្យ និងពិធីអាពាហ៍ពិពាហ៍នៅក្នុងភូមិ។
អ្នកស្រីចឹក បូភី បានបញ្ជាក់ថា គាត់បានបាត់បង់ប្រាក់ចំណូលដែលកូនស្រីបានខំធ្វើជារៀងរាល់ ថ្ងៃ និងរាល់ខែ។
អ្នកស្រីបានពឹងលើសពកូនស្រីនេះទាំងស្រុងក្នុងការជួយរកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារហើយការ បាត់បង់កូនស្រីនេះគឺជាការបាត់បង់ផ្នែកស្មារតីនិងជីវភាពដ៏ធំធេងពីព្រោះគ្រួសារមានជីវភាពក្រីក្រ៕