គ្រូបង្រៀន និងសិស្សានុសិស្សនៅវិទ្យាល័យជាស៊ីមឈូកវ៉ាជាង៣០០នាក់ ធ្វើការតវ៉ាទាមទារឱ្យមានការទម្លាក់នាយក និងនាយករងដែលរងការចោទប្រកាន់ថាបានប្រព្រឹត្តអំពើពុករលួយនៅក្នុងសាលាដែលស្ថិតនៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ការតវ៉ានេះបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ក្នុងបរិវេណសាលារៀន ដែលគេឃើញសិស្សជាច្រើននាក់បានកាន់បដា ដែលមានសារថ្លែងចោទប្រកាន់ថា លោក ប៊ុន មុនី ដែលជានាយកសាលាថា«ជាបុគ្គលផ្តាច់ការ...មានគំនិត អត្តទត្ថបុគ្គល... ប្រើប្រាស់សម្តីអសុរោះវាចាចំពោះបុគ្គលិកទូទៅនិងបុគ្គល ចាយវាយថវិកាក្នុងសាលាក្នុងអង្គភាពដោយសេរី» ហើយផ្ទាំងបដាខ្លះទៀតបានសរសេរថា លោកប៊ុន មុនីយកតារាងបាល់ទាត់រដ្ឋជួលឱ្យឯកជនដោយគ្មានការពិភាក្សា។ បង្ខំឱ្យអាណាព្យាបាលសិស្សឱ្យបង់ថ្លៃទឹកភ្លើង ១នាក់ ចំនួន៣ម៉ឺនរៀលក្នុងមួយឆ្នាំ ទទួលសំណូកពីបុគ្គលិកមួយចំនួនដោយឥតអៀនខ្មាស់»។
លោកប៉ោក សិទ្ធ អាយុ ៤១ឆ្នាំ គ្រូបង្រៀននៃវិទ្យាល័យជាស៊ីមឈូកវ៉ាប្រាប់វីអូអេកាលពីថ្ងៃចន្ទថា ករណីនេះបានកើតមានឡើងយូរឆ្នាំមកហើយ តាំងពីពេលដែលលោក ប៊ុន មុនីឡើងជានាយកសាលាកាលពីឆ្នាំ២០១១ ដែលមកទល់ពេលបច្ចុប្បន្នមានរយៈពេលជាង១៣ឆ្នាំហើយ។លោកថា សកម្មភាពនេះមិនមែនមានតែលោកប៊ុន មុនីជាអ្នកប្រព្រឹត្តទេគឺមានការចូលរួមពីនាយករងសាលានិងបុគ្គលិកមួយចំនួនទៀត។
បើតាមគ្រូបង្រៀនរូបនេះ សកម្មភាពដែលនាយកសាលា និងនាយករងបានធ្វើកន្លងមកនេះមានដូចជាការកេងចំណេញថវិការបស់សាលា ជួលតូបលក់ដូរក្នុងសាលាសម្រាប់បម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ជួលតារាងបាល់ក្នុងសាលាឱ្យទៅឯកជនដោយគ្មានការជជែកពីគ្រូៗទាំងអស់ និងបង្ខំឱ្យសិស្សានុសិស្សចំណាយថវិកាផ្ទាល់ខ្លួនដើម្បីបង់ថ្លៃភ្លើងទាំងដែលសាលាមានថវិកាសម្រាប់ចំណាយលើសេវាកម្មនេះរួចទៅហើយ។
លោកបន្ថែមថា បញ្ហាមួយទៀតនាយកសាលារូបនេះបានប្រព្រឹត្តគឺការប្រើប្រាស់ពាក្យមិនសមរម្យ ឬពាក្យអសុរោះជាញឹកញាប់ មកលើបុគ្គលិកដែលការណ៍នេះបង្ហាញពីភាពឥតក្រមសីលធម៌ និងមិនសាកសមក្នុងការធ្វើជានាយកសាលា។
លោកថា៖«ទាក់ទងនឹងសីលធម៌របស់គាត់[នាយកសាលា]គឺប្រើពាក្យមិនល្អទៅលើបុគ្គលិក គ្រូកាពិ គ្រូអន់ ពាក្យមិនសមជាអ្នកដឹកនាំ [leadership] មិនសមជាគណៈគ្រប់គ្រងទេ។ គាត់សីលធម៌គាត់ខ្សោយណាស់ គាត់អត់មានការលើកទឹកចិត្តតែម្តង វាពិបាកមែនទែនក្នុងហ្នឹង។ អាហ្នឹងជារឿងជាក់ស្តែងហើយទាំងអស់ហ្នឹងគឺមជ្ឈដ្ឋាននៅសហគមន៍ជុំវិញគេដឹងទាំងអស់»។
ក្នុងការតវ៉ាកាលពីថ្ងៃព្រហស្បតិ៍ គ្រូបង្រៀនដទៃទៀត ក៏ដូចជាសិស្សបាន ស្នើឱ្យក្រសួងអប់រំ យុវជន និងកីឡាជួយដោះស្រាយនិងចាត់វិធានការក្នុងការផ្លាស់ប្តូរនាយកនិងនាយករងសាលាទាំងពីររូបនេះ ជាបន្ទាន់ព្រោះពួកគេមិនសមធ្វើជាមេដឹកនាំនោះទេ ហើយក៏ជាគំរូមិនល្អសម្រាប់ថ្នាក់ដឹកនាំដទៀតដែរ។
សិស្សនៃវិទ្យាល័យជាស៊ីមឈូកវ៉ាមួយរូបដែលសុំមិនបញ្ចេញឈ្មោះប្រាប់វីអូអេកាលពីពេលថ្មីៗនេះថា គោលបំណងដែលលោកនិងសិស្សានុសិស្សផ្សេងទៀតបានប្រមូលផ្តុំគ្នាតវ៉ានេះព្រោះបន្ទប់សិស្សមិនមានទឹកភ្លើងប្រើជាងមួយឆ្នាំហើយ។ ហើយបញ្ហាមួយទៀតនោះគឺសាលាជួលតារាងបាល់រួមឱ្យទៅឯកជនដែលក្នុងនោះសិស្សម្នាក់ៗត្រូវទាមទារឱ្យបង់លុយទើបចូលលេងបាន។
លោកបានឱ្យដឹងទៀតថា ក្រោយការតវ៉ាលោកត្រូវបានថ្នាក់ដឹកនាំសាលាអញ្ជើញទៅសាកសួរ ថាតើនរណាជាអ្នកឱ្យលោក និងសិស្សានុសិស្សផ្សេងទៀតទៅធ្វើការតវ៉ា។ លោកបានបកស្រាយថាការតវ៉ានោះធ្វើឡើងទៅតាមឆន្ទៈរបស់សិស្ស ដែលស្នើឱ្យនាយកសាលាគិតគូរឡើងវិញចំពោះបញ្ហាទឹកភ្លើង ដែលសិស្សមិនអាចប្រើបានជាងមួយឆ្នាំហើយ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ប៊ុន មុនីនាយកវិទ្យាល័យជាស៊ីមឈូកវ៉ា និងលោក យ៉ើ លាង នាយករងនៃវិទ្យាល័យនេះបានទេ។
អ្នកនាំពាក្យក្រសួងអបរំ យុវជននិងកីឡា អ្នកស្រី ឃួន វិច្ឆិកាប្រាប់វីអូអេតាមសារតេឡេក្រាមថា ក្រសួងអប់រំ យុវជន និងកីឡាបាននឹងកំពុងរៀបចំយន្តការដើម្បីតាមដាន និងដោះស្រាយបញ្ហានេះហើយគ្រូបង្រៀនក៏បានបញ្ឈប់ការតវ៉ាផងដែរ។
អ្នកស្រីថា៖ «មន្ទីរបានបង្កើតគណៈកម្មការមួយដើម្បីសិក្សាស្រាវជ្រាវពីបញ្ហានៅសាលា ហើយលោកគ្រូអ្នកគ្រូលែងបន្តការតវ៉ាហើយ»។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រីអ៊ុក ឆាយ៉ាវី ប្រាប់វីអូអេថា ថ្នាក់ដឹកនាំសាលាមិនគួរកេងប្រវ័ញ្ចថវិកា ឬទ្រព្យសម្បត្តិរួមរបស់សាលាយកប្រើជាប្រយោជន៍ផ្ទាល់ខ្លួននោះទេ ព្រោះការប្រព្រឹត្តិបែបនេះ ជាទង្វើពុករលួយ។
អ្នកស្រីថា៖«ចំពោះខ្ញុំ ខ្ញុំចង់ឱ្យក្រសួងអប់រំហ្នឹងធ្វើយ៉ាងណាដោះស្រាយវិវាទហ្នឹងកុំឱ្យមានបញ្ហាធ្ងន់ធ្ងរ គ្រាន់តែមានបញ្ហាដាក់ប្រតិកម្មប៉ុណ្ណេះគួរតែដោះស្រាយទៅណាស់។ បើសិនជាការដែលទុកយូរ ហើយមិនដោះស្រាយបានន័យថារឿងហ្នឹងកាន់តែធ្វើឱ្យលោកគ្រូ អ្នកគ្រូយើងគាត់មិនអាចទទួលយកបាន។ អញ្ចឹងកុំឱ្យខាតផលប្រយោជន៍ក្នុងការសិក្សារបស់សិស្សតទៅទៀត»។
បើតាមអ្នកស្រី អ៊ុក ឆាយ៉ាវី ជាធម្មតាគ្រូបង្រៀនម្នាក់ៗ គឺមានការអត់ធ្មត់ណាស់ ដូច្នេះហើយការណ៍ដែលនាំឱ្យកើតមានការតវ៉ានេះឡើងគឺមានន័យថា ថ្នាក់ដឹកនាំសាលានោះប្រាកដជាធ្វើសកម្មភាពណាមួយដែលធ្វើឱ្យប៉ះពាល់ ឬមិនស្មោះត្រង់ជាមួយបុគ្គលិកហើយ។
គ្រូបង្រៀនមួយចំនួននៅវិទ្យាល័យជាស៊ីមឈូកវ៉ាដែលវីអូអេបានសម្ភាសន៍បានឱ្យដឹងថា ទោះបីការតវ៉ាមិនទាន់មានទៀតក៏ដោយ ក៏ពួកគាត់កំពុងរៀបចំឯកសារដាក់ទៅក្រសួងដើម្បីបន្តរកចំណាត់ការលើវិវាទរវាងគ្រូ និងថ្នាក់ដឹកនាំវិទ្យាល័យមួយនេះបន្តទៀត៕