សង្គម​ស៊ីវិល​ជាតិនិង​អន្តរជាតិ ស្នើ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​បង្កើត​គណៈកម្មការ​ឯករាជ្យ​ស៊ើប​អង្កេត​បន្ត​ករណី​ឃាតកម្ម​លើ​លោក កែម ឡី

រូបឯកសារ៖ ប្រជា​ពលរដ្ឋ​កម្ពុជា​ មក​ពី​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ​ មក​ចូលរួម​ពិធីបុណ្យ​សព​របស់​លោក ​កែម ឡី ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ ក្នុង​វត្តក្តីចាស់ នៅ​ជាយ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១១ ​ខែកក្កដា​ ឆ្នាំ​២០១៦។ (ហ៊ាន​ សុជាតា/VOA)

ក្រុម​អង្គការ​ទាំង​នោះ​បាន​បញ្ជាក់​ក្នុង​លិខិត​ថា៖ «ដោយសារតែ​ការ​ស៊ើប​អង្កេត [ករណី​ឃាតកម្ម​លើ​លោក កែម ឡី] នៅ​មិន​ទាន់​គ្រប់គ្រាន់ យើង​ខ្ញុំ​សូម​ស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ឯករាជ្យ និង​ឥត​លម្អៀង​មួយ​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ ដើម្បី​បន្ត​បើក​ការ​ស៊ើប​អង្កេត​បន្ថែម​ទៀ‍ត‍»។

អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ជាង ១០០ បាន​ស្នើ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​បន្ត​លើ​ករណី​ឃាតកម្ម​លើ​លោក កែម ឡី។ នេះ​បើ​យោង​តាម​លិខិត​ចំហ​រួម​មួយ​ចុះ​ថ្ងៃ​ទី ៧ ខែ​កក្កដា ឆ្នាំ ២០១៧ របស់​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ ដែល VOA ទទួល​បាន។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ ដែល​មាន​ដូចជា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អង្គការ​លីកាដូ អង្គការ Human Rights Watch អង្គការ Global Witness ជា​ដើម បាន​ផ្ញើ​លិខិត​ចំហ​រួម​គ្នា​មួយ​ទៅ​លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ឲ្យ​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​ធ្វើការ​ស៊ើប​អង្កេត​ដោយ​ឥត​លម្អៀង​បន្ថែម​ទៀត​លើ​ករណី​ឃាតកម្ម​លើ​លោក កែម ឡី ក្នុង​គោល​បំណង​ស្វែង​រក​យុត្តិធម៌​ពិត​ប្រាកដ​ជូន​ក្រុម​គ្រួសារ​របស់​ជន​រងគ្រោះ។

ក្រុម​អង្គការ​ទាំង​នោះ​បាន​បញ្ជាក់​ក្នុង​សំណេរ​ដើម​នៅ​ក្នុង​លិខិត​នោះ​ថា៖ «ដោយសារតែ​ការ​ស៊ើប​អង្កេត [ករណី​ឃាតកម្ម​លើ​លោក កែម ឡី] នៅ​មិន​ទាន់​គ្រប់គ្រាន់ យើង​ខ្ញុំ​សូម​ស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ឯករាជ្យ និង​ឥត​លម្អៀង​មួយ​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ ដើម្បី​បន្ត​បើក​ការ​ស៊ើប​អង្កេត​បន្ថែម​ទៀ‍ត‍»។

លិខិត​ចំហ​នេះ​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​ក្រុម​អង្គការ​ជាតិ និង​អន្តរជាតិ​ទាំង​នេះ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បន្ត​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​នេះ គឺ​ដោយសារតែ​ក្រោយ​ពី​ការ​កាត់ទោស​ជន​ជាប់​ចោទ​ឈ្មោះ អឿត អាង កាល​ពី​ខែ​មិនា​រួច​មក មេធាវី​របស់​ជន​ជាប់​ចោទ​នេះ និង​តំណាង​អយ្យការ​លោក លី សុផាណា បាន​និយាយ​ថា ការ​ស៊ើប​អង្កេត​លើ​ជន​សង្ស័យ​ផ្សេង​ទៀត​ត្រូវ​បន្ត​ធ្វើ​ទៅ​មុខ​ទៀត។

អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ បាន​ថ្លែង​បន្ត​រួម​គ្នា​ក្នុង​សំណេរ​ដើម​ថា៖ «ដើម្បី​ឲ្យ​គណៈកម្មការ​ស៊ើប​អង្កេត​មាន​គុណ​សម្បត្តិ​គ្រប់គ្រាន់ និង​បំពេញ​តាម​លក្ខខណ្ឌ​តម្រូវ​ដែល​កំណត់​ដោយ​គោលការណ៍​របស់​អង្គការ​សហប្រជាជាតិ សមាជិក​នៃ​គណៈកម្មការ​បែប​នេះ ត្រូវតែ​ជ្រើសរើស​ដោយ​ផ្អែក​លើ​ភាព​ឥត​លម្អៀង សមត្ថភាព និង​ឯករាជ្យ​ភាព​ដែល​មាន​ការ​ទទួល​ស្គាល់ ក្នុង​នាម​ជា​រូបវន្ត​បុគ្គល។ ជាពិសេស សមាជិក​ទាំង​នេះ​ត្រូវតែ​ឯករាជ្យ​ពី​ស្ថាប័ន ភ្នាក់ងារ ឬ​បុគ្គល​ណា​ដែល​អាច​ជាប់​ពាក់ព័ន្ធ​នឹង​កម្មវត្ថុ​ដែល​ត្រូវ​ស៊ើប​អង្កេត‍»៕