ពិធី​រំឭក​ខួប​៤​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក ​កែម ឡី​ បន្ត​ញាំញី​ដោយ​ការ​រារាំង​ និង​រឹត​បន្តឹង​យ៉ាង​ខ្លាំង

កងកម្លាំងនគរបាលចូលមកសាកសួរសកម្មជនសង្គមស៊ីវិល ដែលនៅអង្គុយក្រេបកាហ្វេ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ក្នុងហាងលក់ទំនិញទីដែលលោក កែម ឡី ត្រូវបានគេបាញ់ស្លាប់ កាលពីឆ្នាំ២០១៦។ (អូន ឆេងប៉រ)

«កែម​ ឡី ...យុត្តិធម៌​... កែម ឡី ...​យុត្តិធម៌ ...កែម ឡី ...យុត្តិធម៌»​គឺជា​សំឡេង​ស្រែក​របស់​ក្រុម​យុវជន ​ដែល​ចូលរួម​បុណ្យសព​លោក​កែម ឡី។​

ក្រុម​យុវជន ​អ្នក​ធ្វើ​ការ​ផ្នែក​សង្គម​និង​អ្នក​រត់ម៉ូតូ​កង់បី​ បាន​មក​ដល់​កន្លែង​បុណ្យ​សព​លោក​កែម ឡី​ក្នុង​ខេត្ត​តាកែវ​ រៀង​យឺត​ពេល​បន្តិច​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ ដើម្បី​ចូលរួម​រំឭក​ខួប​គម្រប់​៤​ឆ្នាំ​នៃ​ឃាត​កម្ម​លើ​លោក​បណ្ឌិត ​កែម ឡី។ ​ពួកគេ​ត្រូវ​បាន​បង្អាក់​ដំណើរ​ដោយ​អាជ្ញាធរ​ខេត្ត​តាកែវ​ ដែល​ធ្វើ​ឲ្យ​ពួក​គេ​ខក​ខាន​មិន​បាន​ចូលរួម​ពិធី​បង្សុកូល។​

ខុស​ពី​ការ​រំឭក​ខួប​ឆ្នាំ​មុនៗ​នោះ​ ឆ្នាំ​នេះ​ការ​យាយី​និង​ការ​រំខាន​របស់​អាជ្ញាធរ​ក្នុង​ពិធី​បុណ្យ​រំឭក​ដល់​មរណ​ភាព​លោក​កែម ឡី​ ត្រូវ​អ្នក​ចូល​រួម​ពិធី​បុណ្យ​មើល​ឃើញ​ថា​កាន់​តែ​អាក្រក់​ទៅៗ។​

លោក​ ស ម៉ូរី ​ប្រធាន​កម្មវិធី​ស្រាវ​ជ្រាវ​និង​តស៊ូ​មតិ​នៃ​បណ្តាញ​យុវជន​កម្ពុជា​(CYN) ​បាន​មក​ចូល​រួម​ពិធី​បុណ្យ​នេះ​ជាមួយ​យុវជន​ជាង​២០​នាក់ ​តាម​រថយន្ត​ក្រុង​មួយ។ ​ លោក​និយាយ​នៅ​មុខ​រោង​បុណ្យ​ផ្ទះ​របស់​លោក​កែម ឡី ​កាល​ពី​ថ្ងៃ​ទី​១០​ ខែ​កក្កដា ​ថា​ការ​ឃាត់​ដំណើរ​នេះ​បង្ហាញ​ពី​ការ​រឹត​ត្បិត​សេរីភាព​របស់​ប្រជា​ពលរដ្ឋ។​

«ខ្ញុំ​មាន​ការ​សោក​ស្តាយ​ចំពោះ​អាជ្ញាធរ​ខេត្ត​តាកែវ​ ជាពិសេស​មន្ត្រី​ប៉ូលិស​នៅក្នុង​ខេត្ត​តាកែវ​តែម្តង​ដែល​ធ្វើ​ការ​ហាម​ឃាត់​ឡាន​របស់​យើង​ហើយ​គាត់​ មិន​បាន​បង្ហាញ​អំពី​មូល​ហេតុ​ច្បាស់​លាស់​នៃ​ការ​ហាម​ឃាត់​ទេ​ហើយ​ការ​ហាម​ឃាត់​របស់​គាត់​គឺ​ជា​ការ​រឹតត្បិត​សេរីភាព​ទាំង​ស្រុង​ ជា​ពិសេស​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ»។​

លោក ស ម៉ូរី​ អនុប្រធាន​បណ្តាញ​យុវជន​កម្ពុជា​ និយាយ​ពី​ការរារាំងរបស់​អាជ្ញាធរ​មូលដ្ឋាននៅ​ស្រុក​ត្រាំ​កក់​ ​ខេត្ត​តាកែវ​ ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ​២០២០។ (ហ៊ុល រស្មី​/វីអូអេ)​

ក្នុង​ពេល​លោក​កំពុង​ថ្លែង​ជាមួយ​អ្នក​យក​ព័ត៌មាន​សំឡេង​សហ​រដ្ឋ​អាមេរិក​វីអូអេ​នោះ​មនុស្ស​ស្លៀកពាក់​ស៊ីវិល​មួយ​ក្រុម​ដែល​ខ្លះ​មាន​ទាំង​វិទ្យុ​ទាក់​ទង​ផង​ បាន​ចេញ​មក​រារាំង​និង​ឃាត់​មិន​ឲ្យ​លោក​ ស ម៉ូរី ​បន្ត​ការ​ធ្វើ​បទ សម្ភាសន៍។​ក្រុម​ដែល​មក​បង្អាក់​ការ​សម្ភាសន៍​នោះ​ និយាយ​ថា​ពិធី​បុណ្យ​បាន​ចប់​ហើយ​នៅ​ម៉ោង​១២​ថ្ងៃ​ត្រង់។​

សំឡេង​ឧបករណ៍​ឧគ្ឃោ​សន​សព្ទ​រំខាន.....​

នៅ​ពេល​ពិធី​បុណ្យចាប់​ផ្តើម​នៅ​ព្រឹក​ព្រហាម​ថ្ងៃទី​១០ ខែ​កក្កដា​គេ​សង្កេត​ឃើញ​ការ​រំខាន​ជា​ច្រើន​ក្នុង​រោង​បុណ្យ​ដោយ​មាន​ការ​ចាក់​បំពង​សំឡេង​តាម​ឧបករណ៍​ឧគ្ឃោសនសព្ទ​ ដែល​ធ្វើ​ឲ្យ អ្នក​ចូលរួម​ពិធី​បុណ្យ​ពិបាក​និយាយ​សួរ​នាំ​គ្នា ​និង​រំខាន​អ្នក​សារ​ព័ត៌មាន​ផ្សាយ​បន្ត​ផ្ទាល់​តាម​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក​អំពី​ទិដ្ឋភាព​នៃ​ពិធី​បុណ្យ។

គេ​សង្កេត​ឃើញ​មាន​ក្រុម​អ្នក​ស្លៀកពាក់​ស៊ីវិល​ជាច្រើន​ក៏​បាន​ប្រើ​ទូរស័ព្ទ​ដៃ​ថត​ប្រជែង​ជាមួយ​ក្រុម​អ្នក​សារ​ព័ត៌​មាន​ផង​ដែរ។

សំឡេង​រំខាន​

លោកស្រី​ចក់​ សុភាព​ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ដែល​បាន​ចូលរួម​ពិធី​បុណ្យ​នេះ​ដែរ ​បាន​កត់​សម្គាល់​ការ​ចាក់​សំឡេង​លាន់​ឮ​ខ្លាំងៗ​បែប​នេះ​ គឺ​ខុស​ប្លែក​គ្នា​ពីពិធី​បុណ្យ​ផ្សេង​ទៀត។​លោកស្រី​និយាយ​ថា​ សូម្បី​តែ​គ្រួសារ​សាច់​ញាតិ​លោក​កែម ឡី​ក៏​គ្មាន​លទ្ធភាព​ទៅ​គ្រប់​គ្រង​ការ​ចាក់​សំឡេង​នោះ​ដែរ។

«អ្វី​ដែល​យើង​បាន​ដឹង​នោះ​ គឺ​ហាក់​ដូច​ជា​ក្រុម​គ្រួសារ​ហ្នឹង​លោក​មិន​អាច​គ្រប់​គ្រង​លើ​សំឡេង​នោះ​បាន​ទេ។ ​ អ៊ីចឹង​ខ្ញុំ​មិន​ដឹង​ថា​តើ​មាន​ការ​គ្រប់​គ្រង​ពី​ខាង​ណា​ទេ។​ ប៉ុន្តែ​វា​ជា​ការ​បង្ក​លក្ខណៈ​មួយ​រំខាន​ក្នុង​ការ​ជួប​ជុំ​ហើយ​និង​អ្នក​សារ​ព័ត៌មាន​ហ្នឹង​ លោក​មាន​ការ​លំបាក​ក្នុង​ការ​ធ្វើ​ព័ត៌មាន»។​

បន្ថែម​ពី​ការ​រំខាន​នៅ​ក្នុង​រោង​បុណ្យ ​ក៏​មាន​ការ​រំខាន​នៅ​ខាង​ក្រៅ​រោង​បុណ្យ​ គឺ​ការ​ដាក់​ពង្រាយ​កម្លាំង​អាជ្ញាធរ​មូលដ្ឋាន ​ក្នុង​នោះ​មាន​ទាំង​ប៉ូលិស​បង្ក្រាប​បាតុកម្ម​ចំនួន​ពីរឡាន ​ដែល​ល្បាត​ចុះ​ឡើង​នៅ​មុខ​រោង​បុណ្យ។ ​ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​លោកស្រី​ចក់​ សុភាព។​

«ខ្ញុំ​មិន​ដឹង​ថាតើ​អាជ្ញាធរ​មូលដ្ឋាន​ លោក​បាន​ទទួល​ព័ត៌មាន​យ៉ាង​ម៉េច​ឬ​ក៏​គាត់​ចូលរួម​ដើម្បី​ធ្វើ​ការ​ធានា​ដល់​សន្តិសុខ​របស់​ពិធី​បុណ្យ​នេះ​តែ​ខ្ញុំ​មិន​ដឹង។​ ខ្ញុំ​យល់​ថា​ ការ​រៀបចំ​ពិធី​បុណ្យ​នេះ​ មិន​គួរ​មាន​អ្វី​ដែល​ត្រូវ​ព្រួយ​បារម្ភ​ចំពោះ​ការ​ប៉ះពាល់​សន្តិសុខ​ឬ​ក៏​សណ្តាប់​ធ្នាប់​ទេ​ ព្រោះ​ថា​ម្នាក់ៗ​សុទ្ធតែ​គោរព​ស្រឡាញ់​ដល់​លោក​បណ្ឌិត​កែម ឡី ​ចង់​ចូលរួម​ជ្រោម​ជ្រែង​ជាមួយ​គ្រួសារ​ក្នុង​ការ​ប្រារព្ធ​ទិវា​ខួប​បួន​ឆ្នាំ​របស់​មរណភាព​របស់​លោក​បណ្ឌិត​កែម ឡី​ហ្នឹង»។​

អ្នកស្រី​ចក់ សុភាព​ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា​ នៅ​ក្នុងពិធីបុណ្យ រំឭកខួបបួន​ឆ្នាំនៃ​ការ​សម្លាប់លោក​កែម ឡី។ ពិធីបុណ្យ​នេះធ្វើ​ឡើង​នៅស្រុក​ត្រាំកក់​ ខេត្តតាកែវ ថ្ងៃទី​១០​ ខែ​កក្កដា​ ឆ្នាំ​២០២០។​ (ហ៊ុល រស្មី​/វីអូអេ)​

វីអូអេ​មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថា​ធិប្បាយ​ពីលោក​អ៊ូច​ ភា ​អភិបាល​ខេត្ត​តាកែវ​ និង​លោក​ សុខ សំណង​ ស្នងការ​នគរបាល​ខេត្ត​តាកែវ​បាន​ទេ​ នៅ​ក្រោយ​ពិធី​បុណ្យ​ខួប​គម្រប់​៤​ឆ្នាំ​នៃ​ឃាតកម្ម​លើ​លោក​កែម ឡី។​

២​ថ្ងៃ​មុន​ពិធី​រំឭក​ខួប​ក្រុម​យុវជន​និង​ព្រះ​សង្ឃ​បាន​ព្យាយាម​ប្រមូល​ផ្តុំ​នៅ​កន្លែង​លោក​កែម ឡីត្រូវ​បាន​បាញ់​សម្លាប់​នៅ​ភ្នំពេញ។​ ពួក​គេ​បន្ត​ការ​ដើរ​ក្នុង​ខេត្ត​តាកែវ​ ក្រោម​ហេតុផល​ថា​ ដើម្បី​ផ្សព្វ​ផ្សាយ​អំពី​វីរភាព​របស់​លោក​កែម ឡី​ប៉ុន្តែ​ការ​ដើរ​នេះ​ត្រូវ​បាន​ឃ្លាំ​មើល​និង​ព្យាយាម​រារាំង​ពី​ប៉ូលិស​ជា​បន្ត​បន្ទាប់។​

លោក​កន សាវាង្ស​ មន្ត្រី​អង្កេត​ការ​បោះ​ឆ្នោត​របស់​អង្គការ ​Comfrel​ ដែល​បាន​ចូល​រួម​ក្នុង​ពិធី​បុណ្យ​នេះ ​បង្ហាញ​មន្ទិល​ជុំវិញ​ការ​រំខាន​របស់​អាជ្ញាធរ​ ដែល​បាន​កើត​ឡើង​ស្ទើរ​តែ​រាល់​ឆ្នាំ។

«អ៊ីចឹងវា​ជា​មោទន​ភាព​មួយ​ ដែល​គិត​ថា​ គាត់​[លោក ​កែម ឡី]​ជា​តំណាង​នូវ​បុគ្គល​ដែល​ហ៊ាន​បញ្ចេញ​មតិ។អ៊ីចឹង​ជា​ការ​ស្រឡាញ់​របស់​បង​ប្អូន​ប្រជា​ពលរដ្ឋ​។ ​ អ៊ីចឹង​បើ​សិន​ជា​អាជ្ញាធរ​រៀបចំ​ឲ្យ​បាន​កន្លែង​នេះ​ទៅ​ឲ្យ​មាន​ការ​អនុញ្ញាត​ ហើយ​មាន​ការ​បើក​ផ្លូវ​ វា​រឹត​តែជា​មុខ​មាត់​ដល់​អាជ្ញាធរ​ថែម​ទៀត»។​

ចំណែក​លោក ​យ៉េង វិរៈ ​ប្រធាន​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន ​ដែល​បាន​ចូលរួម​ពិធី​នេះ​ដែរ​ បាន​ថ្កោល​ទោស​អំពើ​យាយី​របស់​អាជ្ញាធរ​មក​លើ​ការ​ធ្វើ​ពិធីបុណ្យ​ខួប​រំឭក​ដល់​មរណ​ភាព​លោក​កែម ឡី។ លោក​ក៏​ចោទ​សួរ​ថា​ តើ​អាជ្ញាធរ​មូលដ្ឋាន​និង​រដ្ឋាភិបាល​ មាន​ការ​បារម្ភ​ក្នុង​ចំណុច​ណា​មួយ ​ទើប​បាន​ជា​រារាំង​មិន​ចេះ​ចប់ ​រាល់​ពេល​ធ្វើ​ខួប​រំឭក​ដល់​សព​លោក​កែម ឡី។​

«យើង​អត់​យល់​ដែរ។​ យើង​ឆ្ងល់។​ យើង​សួរ​សំណួរ​ហ្នឹង​ដែរ។​ ហេតុអី​បាន​អ៊ីចឹង?​ហើយ​ប្រជា​ពលរដ្ឋ​កាន់​តែ​ច្រើន​ហើយ​ចាប់​ផ្តើម​សួរ​ ម៉េច​អ៊ីចឹង? ​ អ៊ីចឹង?​វា​គួរ​តែ​លោក ​កែម ឡី​ មាន​ទំនាស់​អី​នឹង​គាត់​ បាន​ជា​រដ្ឋាភិបាល​អត់​ផ្តល់​លក្ខណៈ​ ឃើញ​រូប​គាត់​ ឮ​សូរ​តែ​គេ​ធ្វើ​បុណ្យ​រូប​គាត់​ ដូច​ជា​នេះ​ ដូច​ជា​ខ្លាច​ម៉្លេះ!»​

ថ្វី​ត្បិត​ថា​ មាន​ការ​រំខាន​យ៉ាង​ណាក្តី​ ក៏ពិធី​បុណ្យខួប​គម្រប់​បួន​ឆ្នាំ​នៃ​មរណភាព​លោក​កែម ឡី​បាន​ប្រព្រឹត្ត​ទៅ​តាម​ការ​គ្រោង​ទុក។ ​ អ្នក​ចូលរួម​បាន​ប្រគេន​ព្រះសង្ឃ​នូវ​ចង្ហាន់​និង​ទេយ្យទាន​ផ្សេង​ទៀត។​ ពិធី​សូត្រ​មន្ត​ក៏​បាន​ធ្វើ​ឡើង​ ដោយ​គ្មាន​ការ​រំខាន។​ អ្នក​ចូលរួម​បុណ្យ​រាប់​សិប​នាក់​ ដែល​ក្នុង​នោះ​មាន​ពលរដ្ឋ​នៅ​មូលដ្ឋាន​ផង​នោះ​ បាន​ទទួល​ទាន​អាហារ​ ក្រោយ​ពិធី​សូត្រ​មន្ត។​

ប៉ុន្តែ​ដោយ​ឡែក​ លោក ​វន់​ ពៅ​ ប្រធាន​សមាគម​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ហៅ​កាត់​ថា​IDEA​មិន​បាន​មក​ទាន់​ពិធី​បង្សុកូល​ទេ។ ​ លោក​បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ជាមួយ​លោក​ស ម៉ូរី​ ក្រោយ​កម្លាំង​ចម្រុះ​ដែល​មាន​មន្ត្រី​នគរបាល​និង​កង​អន្តរាគមន៍​នៅ​ស្រុក​ត្រាំកក់​បាន​រារាំង​ឃាំង​ដំណើរ​ក្បួន​ម៉ូតូ​កង់​៣​របស់​លោក​ដែល​មាន​ជិត​២០​ម៉ូតូ។ ​

លោក​វន់ ពៅ ​និយាយ​ថា​ការ​ឃាំង​ដំណើរ​នេះ​ ជា​បែប​ផែន​នៃ​ការ​គំរាម​កំហែង​បំបាក់​ស្មារតី​នៃ​អ្នក​ដែល​នៅ​បន្ត​គាំទ្រ​ការ​លះ​បង់​លោក​កែម ឡី។​

«វា​ហាក់​ដូច​ជា​ការ​មក​រំខាន​យើង​មិន​ឲ្យ​ចូលរួម​បុណ្យ​លោក​បណ្ឌិត​កែម ឡី​ ឲ្យ​មាន​ភាព​ងាយ​ស្រួល​ហើយ​ វា​ជា​ការ​ធ្វើ​ឲ្យ​យើង​ឆ្នាំ​ក្រោយ​អាច​ ធ្វើ​ឲ្យ​យើង​រាងចាល​ មិន​ចង់ ​មិន​ហ៊ាន​ចូលរួម​អ៊ីចឹង​ទៅ​ណ៎ា»។​

កាល​ពី​ថ្ងៃ​ទី​១០​ ខែ​កក្កដា ​ឆ្នាំ​២០១៦ ​ លោក​បណ្ឌិត ​កែម ឡី​ អ្នក​សិក្សា​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម ​និង​ជា​អ្នក​វិភាគ​នយោបាយ​ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ស្លាប់​ក្នុង​កន្លែង​លក់​ទំនិញ​មួយ​របស់​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច​ នៅ​ចំណុច​ភ្លើង​ស្តុប​បូកគោ ​ទីក្រុង​ភ្នំពេញ។

ការ​បាញ់​សម្លាប់​លោក​កែម ឡី​កើត​ឡើង​ក្រោយ​ពី​លោក​បាន​ធ្វើ​សេចក្តី​អធិប្បាយ​ក្នុង​ការ​ចេញ​ផ្សាយ​របាយ​ការណ៍​មួយ​របស់​អង្គការ​ការពារ​បរិស្ថាន​ឈ្មោះ​ Global Witness​ ដែល​រិះគន់​អំពើ​ពុក​រលួយ​ទាក់ទង​នឹង​សមាជិក​គ្រួសារ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។​

លើស​ពី​នេះ​ លោក​កែម ឡី​ បាន​ចូល​រួម​ធ្វើ​បទ​វិភាគ​លើ​បញ្ហា​ជា​ច្រើន​នៅ​ក្នុង​សង្គម​តាម ​វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​បណ្តាញ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ដែល​មិន​ចំណុះ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ។ ​ លោក​បាន​វិភាគ​បញ្ហា​រសើបៗ ​ដែល​មាន​ដូច​ជា​បញ្ហា​ព្រំដែន ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ បរិស្ថាន​បក្ខពួក​និយម​ និង​អំពើ​ពុក​រលួយ​ក្នុង​សង្គម​ខ្មែរ។

ភ្លាមៗ​ក្រោយ​ការ​បាញ់​សម្លាប់​លោក​កែម ឡី លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ចាត់​ទុក​ការ​ធ្វើ​ឃាត​លោក​កែម ឡី ​ធ្វើ​ឲ្យ​«ប៉ះពាល់​មុខ​មាត់​រដ្ឋាភិបាល​និង​ជា​ការ​ផ្ចាញ់​ផ្ចាល់​រដ្ឋាភិបាល»។​ លោក​អំពាវនាវ​កុំ​ឲ្យ​យក​ការ​បាញ់​សម្លាប់​នេះ​«ធ្វើ​ជា​រឿង​នយោបាយ»។

លោក​ ហ៊ុន សែន ​ថ្លែង​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១៦​ថា៖​ «សង្ឃឹម​ថា​រឿង​ទាំង​នេះ ​អ្នក​នយោបាយ​ផ្សេង​ទៀត​នឹង​មិន​ប្រើប្រាស់​បញ្ហា​ទាំង​នេះ​ធ្វើ​ជា​បញ្ហា​នយោបាយ​អុច​អាល ​ដែល​នាំ​ឲ្យ​ជាតិ​ចលាចល​នោះ​ទេ»។​

ក្រោយ​ការ​បាញ់​សម្លាប់​ភ្លាមៗ ​បុរស​ម្នាក់​ឈ្មោះ​អឿត អាង​ ហៅ​ជួប សម្លាប់​ ត្រូវ​បាន​ចាប់​ខ្លួន​ ហើយ​លោក​ត្រូវ​បាន​កាត់​ទោស​ឲ្យជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។ ​ប៉ុន្តែ​ក្រុម​គ្រួសារ​មិន​ជឿ​ការ​អះអាង​របស់​បុរស​នោះ​ដែលថា មូល​ហេតុ​នៃ​ការ​ធ្វើ​ឃាតការ​ជំពាក់​ប្រាក់​នោះ​ទេ។ ​ក្រុម​គ្រួសារ​បន្ត​ទាមទារ​ឲ្យ​រក​ជន​ពាក់ព័ន្ធ​ និង​អ្នក​បញ្ជា​ពី​ក្រោយ​ខ្នង។

នៅ​មុន​ថ្ងៃ​បុណ្យ​ខួប​អង្គការ​សមាគម​ជាតិ​និង​អន្តរ​ជាតិ​ចំនួន​៣០​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​បង្កើត​គណៈ​កម្មការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​និង​ឥត​លម្អៀង​ដើម្បី​ បន្ត​ការ​ស៊ើប​អង្កេត​ឃាតកម្ម​លើ​លោក​ កែម ឡី ​និង​ស្នើ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​និង​ការ​យាយី​ទៅ​លើ​បុគ្គល​នានា​ដែល​គោរព​វិញ្ញាណ​ក្ខន្ធ​របស់​លោក​កែម ឡី។​

លោក​ ស ម៉ូរី​ ប្រធាន​កម្មវិធី​ស្រាវ​ជ្រាវ​និង​តស៊ូ​មតិ​នៃ​បណ្តាញ​យុវជន​កម្ពុជា​(CYN)​និយាយ​ថានៅ​ឆ្នាំ​ក្រោយ​ លោក​នៅ​តែ​បន្ត​ចូលរួម​ពិធី​បុណ្យ​រំឭក​ដល់​ការ​ស្លាប់​លោក​កែម ឡី ​ដដែល ​បើ​ទោះ​ជា​រង​ការ​រារាំង​ពី​អាជ្ញាធរ​យ៉ាង​ណា​ក្តី។​

«ព្រោះ​អ្វី​ដែល​យើង​ចង់​បាន​ ទីមួយ​គឺ​យើង​បន្ត​រំឭក​វីរភាព​របស់​លោក​បណ្ឌិត​កែម ឡី​ ដើម្បី​ឲ្យ​យុវជន​ខ្មែរ​ ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​គាំទ្រ​លោក​បណ្ឌិត ​កែម ឡី​ នៅ​តែ​ចង​ចាំ​វីរភាព​របស់​លោក។​ ទីពីរ​ យើង​នៅ​តែ​ទទូច​ និង​ស្វែង​រក​យុត្តិធម៌​សម្រាប់​លោក​បណ្ឌិត​ កែម ឡី​ ព្រោះ​យើង​ជឿ​ជាក់​ថា​ លោក​បណ្ឌិត ​កែម ឡី ​មិន​ទាន់​បាន​ទទួល​យុត្តិធម៌»៕