មន្ត្រីឃ្លាំមើលការរំលោភសិទិ្ធមនុស្សក្នុងស្រុកចំនួនពីររូប បានទទូចដល់មន្ត្រីអាជ្ញាធររដ្ឋាភិបាល ខ្មែរឱ្យស៊ើបអង្កេតបន្ថែមទៀតទាក់ទិនទៅនឹងការចាប់ខ្លួនជនបរទេសពីររូប ពីបទប្រឆាំងភេរវកម្ម បន្ទាប់ពីបានផ្ញើសារគំរាមកំហែងប្រឆាំងស្ថានទូតអាមេរិក អង់គ្លេស និង អូស្ត្រាលី។
លោក ហេង រស្មី រាយការណ៏ជូនដូចតទៅ ។
មន្រ្តីឃ្លាំមើលការរំលោភសិទ្ធិមនុស្សចំនួនពីររូប ដែលរួមមានសមាគមសិទ្ធិមនុស្ស ADHOC និង អង្គការសិទ្ធិមនុស្ស LICADHO នៅ ថ្ងៃចន្ទនេះ បានទទួចដល់រដ្ឋាភិបាលកម្ពុជាឲ្យធ្វើការស៊ើបអង្គេតបន្ថែមទៀត មុននឹងឈានទៅរកការចាប់ខ្លួនជនជាតិបរទេសពីររូបពីបទភេរវកម្ម ។
កាលពីសប្តាហ៍មុន តុលាការក្រុងភ្នំពេញបានចេញដីកាឃុំខ្លួនលោក DT Taudyal ហៅ DIP អាយុ៤៤ឆ្នាំ ជនជាតិនេប៉ាល់ និងលោក Rafqul Islam ហៅ KALAM អាយុ៤២ឆ្នាំ ជនជាតិបង់ក្លាដេសពីបទភេរវកម្មដោយប្រើអំពើហឹង្សា និងចូលមកកាន់ប្រទេសកម្ពុជា ដោយគ្មានការអនុញ្ញាត។
លោក ចាន់ សុវ៉េត មន្រ្តីផ្នែកស៊ើបអង្គេតរបស់សមាគមសិទ្ធិមនុស្ស ADHOC បានលើកឡើងថា ការចាប់ខ្លួនជនជាតិបរទេសទាំងពីររូបពីបទភេរវកម្ម គឺជាទង្វើល្អមួយដែលបង្ហាញថាប្រទេសកម្ពុជាបានចូលរួមប្រយុទ្ឋ ប្រឆាំងនិងអំពើភេរវកម្ម ។
ក៏ប៉ុន្តែលោក ចាន់ សូវ៉េត បានមានប្រសាសន៍ថា អាជ្ញាធរគួរតែធ្វើការស៊ើបអង្កេតបន្ថែមទៀត មិនត្រូវពឹងផ្អែកទៅលើភស្តុតាងបន្តិចបន្តូចនោះទេ ។
"ទាក់ទងនឹងការឃុំខ្លួនចាប់សួរនៃក្តីនេះ គួរតែអនុវត្តឲ្យទៅតាមនីតិវិធីច្បាប់ ថាតើភស្ថុតាង នឹងអាចចង្អុលបង្ហាញថា អ្នកហ្នឹង ពិតជាបានធ្វើអញ្ចឹងមែន ឬក៏យ៉ាងម៉េច ឬក៏ការចាប់ខ្លួននេះ គ្រាន់ តែថាសំដែងអំពីមហិទ្ធិឫទ្ធិ"។
លោក អំ សំអាត មន្រ្តីផ្នែកស៊ើបអង្គេតរបស់អង្គការសិទ្ធិមនុស្ស LICADHO វិញ បានមាន ប្រសាសន៍ថា ការចាប់ខ្លួនជនជាតិបរទេសទាំងពីររូបនេះ គឺជាបញ្ហាដ៏ស្មុគស្មាញមួយ ។
លោកបានលើកឡើងទៀតថា ការចាប់ខ្លួនជនសង្ស័យណាមួយ លុះត្រាតែយើងរកភស្ថុតាង ឲ្យបាន៥០% នៃធាតុផ្សំរបស់បទល្មើសនីមួយៗដែលបានកើតឡើង ។
"អានេះវាពាក់ព័ន្ធដល់ជនបរទេស ជនអីផង បាទអញ្ចឹងទៅ គឺទាមទារដាច់ខាតនូវតម្លាភាព ដែលយើងត្រូវរកឲ្យឃើញភស្ថុតាងទាំងឡាយដែលស៊ីសង្វាក់ ថាអ្នកហ្នឹងបានប្រព្រឹត្តនូវបទលើ្មស ទាំងអស់ហ្នឹង"។
លោក ឧត្តមសេនីយឯក គាត ចន្ទ័ឋារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានមាន ប្រសាសន៍ថា ករណីនេះប៉ូលីសបានបញ្ជូនទៅតុលាការហើយ។ ហើយរាល់ធ្វើការស៊ើបអង្គេត អាស្រ័យ ទៅលើតុលាការតែប៉ុណ្ណោះ ។
លោក កែ សាខន ចៅក្រមស៊ើបអង្គេតនៃតុលាការក្រុងភ្នំពេញ បានមានប្រសាសន៍ថា សំណុំ រឿងនេះ ទើបតែមកដល់តុលាការកាលពីសប្តាហ៍មុនតែប៉ុណ្ណោះ ។
លោកបានមានប្រសាសន៍ថា យើងនិងហៅសមត្ថកិច្ចមកសាកសួរបន្ថែមទៀតជុំវិញការចាប់ខ្លួននេះ ។
កាលពីថ្ងៃទី២កន្លងទៅនេះអាជ្ញាធររដ្ឋាភិបាលខ្មែរបានចាប់ខ្លួនលោក DT Taudyal ជនជាតិនេប៉ាល់នៅផ្ទះរបស់លោក ដែលមានទីតាំងនៅក្នុងខណ្ឌចំការមន និងលោក Rafqul Islam ជនជាតិបង់ក្លាដេស នៅភោជនីយដ្ឋានឥណ្ឌាមួយ ដែលមានទីតាំងនៅក្នុងសង្កាត់ផ្សារកណ្តាល ខណ្ឌ ដូនពេញ ។
ការចាប់ខ្លួនជនជាតិបរទេសទាំងពីររូបនេះ បានកើតមានឡើង ដោយសារតែពួកគេបានសរសេរលិខិតមួយទៅស្ថានទូតសហរដ្ឋអាមេរិក អូស្រ្តាលី និងអង់គ្លេស ដោយបាននិយាយនៅក្នុងខ្លឹមសារថា មានជនជាតិបស្ចឹមប្រទេសចំនួន៤រូប កំពុងរៀបចំផែនការសកម្មភាពបំផ្លិចបំផ្លាញប្រឆាំងនិង ស្ថានទូតទាំង៣នេះ ។ ក៏ប៉ុន្តែបើតាមការបញ្ជាក់របស់សមត្ថកិច្ច ដែលបានហៅជនបរទេសទាំង៤រូប នេះមកសាកសួរ បានអះអាងថា ជាព័ត៌មានមិនពិតទេ ។