ពលរដ្ឋចំនួន ៧១១ គ្រួសារ នៅខេត្តឧត្ដរមានជ័យដែលអះអាងថា ដីធ្លីរបស់ពួកគេរងផលប៉ះ ពាល់ពីការអភិវឌ្ឍរបស់ក្រុមហ៊ុនអង្គរស៊ូហ្គឺ បានដាក់ញត្តិទៅក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ នៅថ្ងៃពុធនេះដើម្បីស្នើសុំបណ្ណកម្មសិទ្ធិលើដីដែលពួកគេបានកាន់កាប់យូរឆ្នាំមកហើយ។
គ្រួសារទាំងនោះ គឺជាអ្នករស់នៅក្នុងភូមិ អូរបាត់មាន់ ភូមិតាម៉ាន់ ភូមិខ្ទុំ ភូមិបុស្ស និងភូមិត្រពាំងវែង សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ហើយចាប់ផ្តើមមានទំនាស់ជាមួយក្រុមហ៊ុនអង្គរស៊ូហ្គឺដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Mitr Phol ដែលជាក្រុមហ៊ុនផលិតស្ករដ៏ធំមួយរបស់ថៃ។
តំណាងសហគមន៍លោក ទិម សារ៉ាត់ ប្រាប់វីអូអេនៅថ្ងៃពុធនេះថា កាលពីឆ្នាំ ២០១៧ ក្រសួងដែនដី បានដោះស្រាយជូនគ្រួសារចំនួន ៣២៩ ក្នុងចំណោមគ្រួសារដែលរងផលប៉ះពាល់សរុប ៧១១គ្រួសារប៉ុន្ដែនៅគ្រួសាររាប់រយទៀត មិនទាន់ទទួលបានបណ្ណកម្មសិទ្ធិសម្រាប់គ្រប់គ្រងនៅឡើយទេ។
លោកបន្ថែមថា គ្រួសារចំនួន ៣២៩ ដែលទទួលបានការដោះស្រាយនោះ នៅតែមានការព្រួយបារម្ហខ្លាចបាត់បង់ដីនៅពេលខាងមុខដោយសារមិនមានបណ្ណកម្មសិទ្ធិ ហើយគ្រួសារចំនួន ៣៨២ ទៀតដែលមិនទាន់ទទួលបានដំណោះស្រាយបន្តរងផលប៉ះពាល់ដោយសារការឈូសឆាយដីសម្រាប់ការអភិវឌ្ឍឧស្សាហកម្មដំណាំអំពៅ របស់ក្រុមហ៊ុនអង្គរស៊ូហ្គឺ។
លោកប្រាប់វីអូអេថា៖ «កន្លងមក ដីដែលប្រជាពលរដ្ឋនៅ ពីដើមមកយើងមិនទាន់មានបណ្ណកម្មសិទ្ធិអីទេ សូម្បីតែអ្នកដែលបានដោះស្រាយហើយ ៣២៩ គ្រួសា រក៏មិនទាន់មានបណ្ណកម្មសិទ្ធិកាន់កាប់ ដូច្នេះបានជាគេយកបានស្រួល ការឈូសឆាយរបស់គេដូចថាដំណើរការបានរលូន»។
ក្រោយដាក់ញត្តិនៅក្រសួងរៀបចំដែនដីនៅថ្ងៃពុធនេះ តំណាងសហគមន៍រូបនេះស្នើឱ្យក្រសួង និងអាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយជូនប្រជាពលរដ្ឋដោយផ្ដល់បណ្ណកម្មសិទ្ធិ ដើម្បីឱ្យពួកគេអាចប្រកបមុខរបរធ្វើស្រែចម្ការ ហើយកាត់បន្ថយការចំណាក់ស្រុកទៅរកការងារធ្វើនៅប្រទេសថៃ។
អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោកសេង ឡូតបដិសេធមិនផ្តល់ការអត្ថាធិប្បាយដោយថាលោកមិនទាន់ទទួលបានញត្តិនោះនៅឡើយ។
ការដាក់ញត្តិសើ្នសុំដំណោះស្រាយលើកនេះ កើតឡើង ក្រោយសហគមន៍បានដាក់ញត្តិទៅគ្រប់ស្ថាប័នក្នុងខេត្តឧត្តរមានជ័យ តែពុំទាន់ទទួលបានការដោះស្រាយពីរដ្ឋបាលខេត្តដែលនៅជាប់ប្រទេសថៃនេះទេ។ នេះបើតាមតំណាងសហគមន៍៕