ប្រជាជន​ខ្មែរ​​ជាច្រើន​​ដែល​​ជួប​​ការ​លំបាក​ស្រាប់​​នឹង​ជួប​វិបត្តិ​ បើ​​កម្ពុជា​បាត់បង់ ​​EBA

អ្នកស្រី​អ៊ិន សុភា​ វ័យ​៥៩ឆ្នាំ ជា​ម្តាយ​របស់​អ្នកស្រី​អ៊ិន រដ្ឋា។ អ្នកស្រី​បាន​ប្រាប់​វីអូអេ​ថា អ្នកស្រី​ចង់​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ធ្វើ​យ៉ាងណា​ការពារ​ការងារ​កូន​របស់​អ្នកស្រី។ (ផន បុប្ផា/VOA)

កម្ពុជា​នៅ​សល់​ពេល​មួយ​ខែ​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​លក្ខខណ្ឌ​សិទ្ធិមនុស្ស​ និង​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ដែល​សហគមន៍​អឺរ៉ុប​បាន​តម្រូវ​ឲ្យ​គោរព​ ដើម្បីរក្សាប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ។

ស្រុក​កំពង់​ត្រឡាច ​ខេត្ត​កំពង់ឆ្នាំង — អ្នក​នាង អ៊ិន​ រដ្ឋា​ ប្រឡង​ជាប់​បាក់ឌុប​នៅ​ឆ្នាំ​២០១១​ ​ប៉ុន្តែ​ដោយសារ​នៅ​ពេល​នោះ ​ម្ដាយ​របស់​គាត់​ដែល​ជា​ស្ត្រី​មេម៉ាយមាន​ជំងឺ​និង​មិន​អាច​បង់​លុយ​ឲ្យ​គាត់​បន្ត​ការ​សិក្សា​ដល់​កម្រិតមហាវិទ្យាល័យ​បាន​ រដ្ឋា​ត្រូវ​បង្ខំចិត្ត​បោះបង់ចោលការ​សិក្សា​ ដើម្បី​រក​ការងារ​ធ្វើ​ និង​រក​ប្រាក់​កម្រៃ​មក​ចិញ្ចឹម​ម្ដាយ​ និង​ប្អូនៗ​ពីរ​នាក់​ទៀត។

រដ្ឋា​ បាន​ចាប់​ផ្ដើម​ធ្វើ​ការងារ​ជា​កម្មករ​រោងចក្រ​កាត់​ដេរ​ដែល​នៅ​ពេល​នោះ​គាត់​រក​ប្រាក់​បាន​ ៦១​ដុល្លារ​ក្នុង​មួយ​ខែ។

ចាប់​ពី​ពេល​នោះ​មក​ ដូច​អ្នក​ធ្វើ​ការ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​ជាង​ ៧៥០.០០០​នាក់​ទៀត​ដែរ​ ប្រាក់​ចំណូល​របស់​អ្នកស្រីបាន​កើន​ឡើងដោយសារ​ការ​ដំឡើង​ប្រាក់ខែ។ ​ការ​ដំឡើង​ប្រាក់ខែដល់​កម្មករ​នៅ​ក្នុង​វិស័យ​វាយនភណ្ឌដែល​រួម​មាន​ផ្នែក ​កាត់ដេរ​សំលៀកបំពាក់ និង​ស្បែកជើង​ កើតមាន​ដោយសារ​ការតវ៉ា​ទាមទារ​របស់​ក្រុម​សហជីព។​ ក្នុង​នោះ​ក៏​មាន​ប្ដី​របស់​អ្នកស្រី​គឺ​ លោក​មុត​ ម៉ៅ​ផង​ដែរ។

សព្វ​ថ្ងៃ​នេះ​អ្នក​ស្រី​រក​បាន​ប្រហែល​១៨២​ដុល្លារ​ក្នុង​មួយ​ខែ​ បន្ទាប់​ពី​អ្នក​ស្រី​ចំណាយ​ពេល​រយៈពេល​ជាង​ប្រាំ​ឆ្នាំ​ធ្វើការ​ក្នុង​រោងចក្រ​ Tak Fook ​នៅ​ក្នុង​ឃុំ​ថ្ម​ឥដ្ឋ ខេត្ត​កំពង់ឆ្នាំង។​ រោង​ចក្រ​នោះ​ផ្ដល់​ការងារ​ដល់​កម្មករ​ចំនួន​ប្រហែល​៥.០០០​នាក់។ អ្នក​ទាំង​នោះ​ធ្វើ​ការ​ក្នុង​រោងចក្រ​ដែល​ផលិត​សំលៀកបំពាក់​ឲ្យ​ក្រុមហ៊ុន​របស់​ប្រទេស​កាណាដា​ ម៉ាក​ Carter​ និង​ក្រុមហ៊ុន​របស់​ប្រទេស​នៅ​ក្នុង​សហគមន៍អឺរ៉ុប​ម៉ាក ​H&M។

អ៊ិន រដ្ឋា បាន​ធ្វើការ​នៅ​រោងចក្រ Tak Fook អស់​រយៈពេល​ប្រាំ​ឆ្នាំមក​ហើយ។ អ្នកស្រី​បាន​ប្រាប់​វីអូអេ​ថា អ្នកស្រី​ព្រួយ​បារម្ភ​ពី​ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA ដែល​អាច​នាំ​ឲ្យ​អ្នកស្រី​និង​ស្វាមី​បាត់បង់​ការងារ។ (ផន បុប្ផា/VOA)

ប៉ុន្តែ​ឥឡូវ​នេះ អ្នក​ស្រី អ៊ិន ​រដ្ឋា​ និង​ប្ដី​របស់​អ្នក​ស្រី​គិត​ថា​ពួកគេ​គ្មាន​ឥទ្ធិពល​អ្វី​ទេ​នៅ​ពេល​ដែល​សហភាព​អឺរ៉ុប​គ្រោង​នឹង​ប្រកាស​ពី​ការសម្រេច​ដាក់​ឬ​មិន​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​មក​លើ​កម្ពុជាតាម​រយៈ​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ«គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ»( Everything But Arms ឬ EBA)។ សហភាព​អឺរ៉ុប​ពិចារណា​អំពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​នេះ ដោយ​សារ​មាន​ការ​ធ្លាក់​ចុះ​ខាង​ផ្នែក​សិទ្ធិ​មនុស្ស ​និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ក្នុង​រយៈ​ពេល​ជាង​២ឆ្នាំ​កន្លង​មកនេះ។

អ្នក​ធ្វើ​ការ​ដូច​អ្នក​ស្រី​អ៊ិន ​រដ្ឋា​ និង​ប្ដី​របស់អ្នក​ស្រី​ដឹង​ថា​ជីវិត​របស់​ពួក​គេ​កំពុង​ជួប​ប្រទះ​ការ​ប្រឈម​ធ្ងន់ធ្ងរ។​

អ៊ិន រដ្ឋា មាន​វ័យ​២៧ឆ្នាំ ឈរ​នៅ​ផ្ទះ​របស់​អ្នកស្រី នៅក្នុង​ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែល​ទើប​តែ​សង់​ហើយ​ប្រហែល​មួយ​ឆ្នាំ​មុន បន្ទាប់ពី​អ្នកស្រី​និង​គ្រួសារ​របស់​អ្នកស្រី​យក​ប្រាក់​កម្ចី​ពី​មីក្រូហិរញ្ញវត្ថុ​ក្រេឌីត ចំនួន $១០០០០។ (ផន បុប្ផា/VOA)

ប្រសិន​បើ​ប្រទេស​កម្ពុជា​បាត់បង់​ការ​អនុគ្រោះ​ពន្ធ​នោះ​ ក្រុមហ៊ុន​បរទេស​នឹង​ងាក​ទៅ​រក​ប្រទេស​ដទៃ​ទៀត​ដែល​ពួកគេ​អាច​ផលិត​សំលៀកបំពាក់​បាន​ក្នុង​តម្លៃ​ទាប​ជាង​កម្ពុជា​ ដែល​អាច​នឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ជិត​មួយ​លាន​នាក់​បាត់បង់​ការងារ។​ នេះ​បើ​យោង​ទៅ​តាម​អ្នក​ដែល​តាម​អង្កេត​លើ​ឧស្សាហ​កម្ម​កាត់ដេរ​នៅ​កម្ពុជា។

អ្វី​ដែល​អាក្រក់​ជាង​នោះ​ទៅ​ទៀត​គឺ​ថា​ ​អ្នក​ធ្វើការ​ទាំងនេះ​នឹង​មិន​មាន​លទ្ធភាព​បង់​ប្រាក់​ឲ្យ​គ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុ​ដែល​ពួកគេ​បាន​ខ្ចី​លុយ​ដើម្បី​ការ​ចំណាយ​ផ្សេង​ដូច​ជា​ ​ថ្នាំ​សង្កូវ​ ​ការ​ចំណាយ​លើ​ការ​រៀប​អាពាហ៍ពិពាហ៍ ​ការ​ចំណាយ​ទៅ​លើ​ការ​ដាំដុះ​ និង​ពិធី​បុណ្យ​សព​ជាដើម។​

ប្រទេស​កម្ពុជា​មាន​អត្រា​ខ្ចី​ប្រាក់​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ខ្ពស់​ជាង​អត្រា​មធ្យម។​ នេះ​បើ​យោង​តាម​របាយការណ៍​របស់​អង្គការ​លីកាដូ​និង​សមាគម​ធាងត្នោត។

កាល​ពី​ឆ្នាំ​មុន​ អ្នក​ស្រី អ៊ិន​ រដ្ឋា និង​ប្ដី​ខ្ចី​ប្រាក់ ​១០.០០០​ ​ដុល្លារ​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ក្រេឌីត​ដើម្បី​ទិញ​ដី​មួយ​ប្លង់សម្រាប់​សង់​ផ្ទះ។​ លុយ​នោះ​ក៏​បាន​ចំណាយ​ទៅ​លើ​អ្នក​សម្អាត​ដី ​និង​តម្លៃ​ទិញ​ដី​បន្ថែម​ដើម្បី​ចាក់​បំពេញ​ផង​ដែរ។

អ្នក​ទាំង​ពីរ​ត្រូវ​សង​មីក្រូហិរញ្ញវត្ថុ​វិញ​ក្នុង​ចំនួន​ទឹក​ប្រាក់​ចាប់​ពី ​២៧០​ដុល្លារ ក្នុង​មួយ​ខែ ​រហូត​ធ្លាក់​ទៅ​ដល់​២៣០​ដុល្លារ​ក្នុង​រយៈពេល​បី​ឆ្នាំ​បន្ទាប់។​

បច្ចុប្បន្ន​នេះ ​ពួក​គេ​មិន​ទាន់​មាន​បញ្ហា​អ្វី​នៅឡើយ​នោះ​ទេ។ រដ្ឋា​ រក​ប្រាក់​បាន​ប្រហែល​១៩០​ដុល្លារ​ក្នុង​មួយ​ខែ​ដោយ​ធ្វើការ​នៅ​ក្នុង​ផ្នែក​ដូរ​ម្ជុល​នៅ​ក្នុង​រោងចក្រ​ ហើយ​ប្ដី​របស់​គាត់​អាច​រក​បាន​ប្រាក់ចំនួន​ប្រហែល​ ៣០០​ដុល្លារ​ក្នុង​មួយ​ខែ ​ដោយ​លោក​ធ្វើ​ការ​នៅផ្នែក​ជួសជុល​ក្នុង​រោងចក្រ​ជាមួយ​គ្នា។

បន្ទាប់​ពី​បង់​ប្រាក់​កម្ចី​ហើយ​ពួកគាត់​នៅ​សល់​ប្រាក់​ប្រហែល​២៥០​ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់​ការ​ចំណាយ​ផ្សេងៗ​នៅ​ក្នុង​គ្រួសារ។ ទឹកប្រាក់​នេះ​មិន​ទាប​ពេក​ទេ​ សម្រាប់​ការ​ចាយ​វាយ​នៅ​ក្នុង​ប្រទេស​ក្រីក្រ​ដូច​កម្ពុជា។

អ្នក​ស្រី ​អ៊ិន​ រដ្ឋា ​និយាយ​ថា​ ប៉ុន្តែ​ប្រសិន​បើ​ដក​ប្រាក់​ខែ​របស់​ពួក​គាត់​ចេញ​នោះ​ ពួកគាត់នឹង​ជួប​គ្រោះ​ធ្ងន់ធ្ងរ។ អ្នក​ស្រី​សន្និដ្ឋាន​ថា ​គ្រួសារ​របស់​អ្នកស្រី​ត្រូវ​ការ​ប្រាក់​ចំនួន​៥០០​ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់​ការ​ចំណាយ​នានា​ដោយ​រួម​ទាំង​ប្រាក់​ដែល​ត្រូវ​បង់​សង​មីក្រូហិរញ្ញវត្ថុ​ផង​ដែរ។

«ធ្វើការ​មួយ​ខែៗ​អត់​សល់​ទេ ឃើញ​តែ​សង​គេ​ហ្មង៎»។

ជួនកាល​ ពួកគេ​អាច​ធ្វើ​ថែម​ម៉ោង​ ដែល​អាច​បាន​កម្រៃ​បន្ថែម តែ​ជួន​កាល​ក៏​គ្មាន។ ដូចនេះ​ ​អ្នក​ស្រី អ៊ិន ​រដ្ឋា​និង​ប្ដី​របស់​គាត់​តែង​តែ​បរិភោគ​សន្សំសំចៃ​ និង​មិន​ហ៊ាន​ទិញ​សាច់​ហូប​ញឹក​ពេក​ទេ​ ​ព្រោះ​ត្រូវ​ទុកប្រាក់​សម្រាប់បង់សង​មីក្រូហិរញ្ញវត្ថុ។

«ហើយ​យើង​ហូប​ក៏​អត់​គ្រប់​ដែរ។ ហូប​និយាយ​ទៅ​រិះ​ថាំ​បំផុត​ អត់​ហ៊ាន​ហូប​របស់​ឆ្ងាញ់ៗ​ទេ។បើ​យើង​ហូប​ឆ្ងាញ់​អស់​លុយ​ច្រើន មិន​អាច[ចាយ]ដល់​ខែ​ទេ»។

អ្នកស្រី​អ៊ិន សុភា​ វ័យ​៥៩ឆ្នាំ ជា​ម្តាយ​របស់​អ្នកស្រី​អ៊ិន រដ្ឋា។ អ្នកស្រី​បាន​ប្រាប់​វីអូអេ​ថា អ្នកស្រី​ចង់​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ធ្វើ​យ៉ាងណា​ការពារ​ការងារ​កូន​របស់​អ្នកស្រី។ (ផន បុប្ផា/VOA)

ដោយ​សារ​តែ​កម្ពុជា​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍ កម្ពុជា​អាច​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​ EBA លើ​មុខទំនិញ​ដែល​នាំ​ចូល​ទៅ​លក់​នៅ​ក្នុង​ទីផ្សារសហគមន៍​អឺរ៉ុប។​ តែ​ការ​អនុគ្រោះ​ពន្ធ​នេះ​ ភ្ជាប់​ជាមួយ​លក្ខខណ្ឌ​មួយ​ចំនួន​ដែល​តម្រូវ​ឲ្យ​កម្ពុជា​គោរព​សិទ្ធិមនុស្ស និង​គោលការណ៍​របស់​លទ្ធិ​ប្រជាធិបតេយ្យ។ ​

កាល​ពី​ខែ​កុម្ភៈ​ ​សហគមន៍​អឺរ៉ុប​ បាន​បើក​ការ​ស៊ើប​អង្កេត​មួយ​ ដោយ​សារ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំងពីការ​មិន​គោរព​តាម​លក្ខខណ្ឌ​មួយ​ចំនួន​ដែលគេ​បាន​តម្រូវ​ ក្រោយ​ពី​គណបក្ស​កាន់​អំណាច​ បាន​រំលាយ​ចោល​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស កាលពីឆ្នាំ​២០១៧​ ហើយ​ក្រោយ​មក​រដ្ឋាភិបាល​ក៏បាន​បើក​ការ​បង្ក្រាប​ទៅ​លើ​អង្គការ​សង្គម​ស៊ីវិល​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។

ជាង​ពីរ​ឆ្នាំ​កន្លង​មកនេះ ​ក្រុម​អ្នក​ធ្វើ​ការ​ដើម្បី​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ បន្ត​រិះគន់​រដ្ឋាភិបាល​ថា​បាន​បន្ត​វប្បធម៌​នយោបាយ​ដែល​គាបសង្កត់​សារព័ត៌មាន​ និង​ការ​បញ្ចេញ​មតិ​ដោយ​សេរី។

សហគមន៍​អឺរ៉ុប​ បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​នៅ​ថ្ងៃ​ទី​១២​ខែ​សីហា។ របាយការណ៍​នៃ​ការ​រក​ឃើញ​ត្រូវ​បាន​បញ្ជូន​ទៅ​រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១២ខែ​វិច្ឆិកា​នេះ​ហើយ។​

កាល​ពី​ថ្ងៃ​ទី​១៣ ​ខែ​តុលា​ នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ទៅ​ដល់ប្រទេស​នៅ​ក្នុង​សហគមន៍​អឺរ៉ុប​មួយ​ចំនួន​ដើម្បី​ស្វែង​រក​ការ​គាំទ្រ​ការ​រក្សា​ទុក​ការ​អនុគ្រោះ​ពន្ធ EBA សម្រាប់​កម្ពុជា។

បើ​សហគមន៍​អឺរ៉ុប​ដក​ការ​អនុគ្រោះ​ពន្ធ EBA ​ពី​កម្ពុជា​នោះ​ ប្រទេស​កម្ពុជា​នឹង​រង​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ។

កាល​ពី​ខែ​សីហា​ រដ្ឋាភិបាល​បាន​ចេញ​នូវ​សារាចរ​ណែនាំ​ស្ដីពី​ការ​រៀប​ចំ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២០​ ដែល​បាន​ឲ្យ​ដឹង​ថាអត្រា​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​ធ្លាក់​៧,១​ ភាគរយ​ ទៅ​៦,៥​ភាគ​រយ​ នៅ​ឆ្នាំ​២០២០​ ដោយសារ​តែ​លទ្ធភាព​ដែលការ​អនុគ្រោះ​ពន្ធ​ EBA ​អាច​នឹង​ត្រូវ​បាត់បង់។ រដ្ឋាភិបាល​បាន​ធ្វើ​ការ​ទស្សន៍ទាយ​ថា​ ឧស្សាហកម្ម​សំលៀកបំពាក់​ នឹង​ធ្លាក់​ពី​៧,១​ ទៅ​ ៣,៥​ភាគរយ​នៅ​ឆ្នាំ​២០២០។

លោក​ Arnaud​ Darc​ ដែល​ជា​ប្រធាន​ និង​នាយក​ប្រតិបត្តិ​របស់​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា​ (Eurocham) ​ដែល​បាន​ធ្វើការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជាង​១០​ឆ្នាំ​ហើយ​នោះ​បាន​ឲ្យ​ដឹង​ថា៖

«អ្វី​ដែល​ប្រឈម​បំផុត​នោះ​គឺ​ការងារ​របស់​កម្មករ​រាប់​សែន​នាក់​និង​ជីវភាព​នៃ​ក្រុម​គ្រួសារ​របស់​ពួក​គេ​ដែល​ជា​អ្នក​ទទួល​ផល​ប្រយោជន៍​ដោយ​ផ្ទាល់​ពីកំណើនសេដ្ឋកិច្ច​ ពី​ការ​កើន​ឡើង​ប្រាក់ខែ​ និង​ពី​លុយ​ដែល​បាន​មក​ពី​អត្ថប្រយោជន៍​ការងារផ្សេងៗ​ទៀត​ ដែល​ផល​ទាំងនេះ​កើត​មាន​ឡើង​ដោយសារ​តែ ​EBA»។

លោក​មាន​ប្រសាសន៍ថារដ្ឋាភិបាល​កម្ពុជា សហគមន៍​អឺរ៉ុប​ ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃ​ទៀត​គួរ«ផ្ដោត​ទៅ​លើ​ការ​រក្សា​អ្វី​ដែល​ទទួល​បាន​នេះ ហើយ​ពង្រីក​វា​ឲ្យ​កាន់តែ​ធំ​ថែម​ទៀត»។​

លោក​មាន​ប្រសាសន៍​ថា៖

«អ្នក​ដែល​ប្រឈម​ខ្លាំង​នោះ​គឺ​កម្មករ​ដែល​ភាគ​ច្រើន​ជា​ស្ត្រី។ អ្នក​ទាំងនោះ​នឹង​ប្រឈម​នឹង​ការ​បាត់បង់​ការងារ​ហើយ​មិន​អាច​ចិញ្ចឹម​គ្រួសារ​របស់​ពួក​គេ​បាន​ និង​មិន​អាច​ផ្គត់ផ្គង់​ការ​រៀន​សូត្រ​របស់​កូនៗ​ប្រសិន​បើ ​EBA ​ត្រូវ​បាន​ដក​មែន​នោះ»។

មិន​មែន​តែកម្ពុជា​ទេ​ដែល​ខាតបង់​ លោក​ Arnaud​ Darc​ បន្ត​ថា៖

«ប្រសិន​បើ EBA​ ត្រូវ​បាន​ដក​ សហគមន៍​អឺរ៉ុប​មិន​ត្រឹមតែ​បាត់បង់​ឥទ្ធិពល​មក​លើ​កម្ពុជា​នោះ​ទេ​ តែ​វា​ថែម​ទាំង​បំផ្លាញ​ចោល​នូវ​ការ​រីកចម្រើន​យ៉ាង​ច្រើន​ដែល​សហគមន៍​អឺរ៉ុប​បាន​ផ្ដល់​ដល់​ប្រទេស​នេះ​តាម​រយៈ​ EBA»។​

មិន​ត្រឹមតែ​អ្នក​ធ្វើការ​រោងចក្រ​នោះ​ទេ​ដែល​នឹង​បាត់បង់​ប្រាក់​ចំណូល។ សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​ GMAC​ បាន​សន្និដ្ឋាន​ថា​ប្រជាជន​ប្រហែល​បី​លាន​នាក់​ផ្សេងទៀត​ ដែល​មាន​គ្រួសារ​របស់​គេកម្មករ​ អ្នក​លក់ដូរ និង​ឧស្សាហកម្ម​ដែល​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ​នឹង​ត្រូវ​ប៉ះពាល់។

លោក​ ខេន​ លូ ​(Ken Loo)​ អគ្គ​លេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​ ឬ​ហៅ​ថា​ GMAC មាន​ប្រសាសន៍​ថា៖ «ឧស្សាហកម្ម​ជា​ច្រើន​អាស្រ័យ​លើ​យើង»។

លោក​បន្ត​ថា៖

«ឧទាហរណ៍​មីក្រូហិរញ្ញវត្ថុ​ពឹងផ្អែក​លើ​ឧស្សាហកម្ម​យើង​ដោយសារ​តែ​ប្រាក់​កម្ចី​ជាច្រើន​ត្រូវ​បាន​ផ្ដល់​ឲ្យ​ដោយ​ផ្ទាល់​ទៅ​សមាជិក​គ្រួសារ​របស់​អ្នក​ធ្វើការ​រោងចក្រ​ ដោយសារ​បាន​ដឹង​ថា​គ្រួសារ​នេះ​មាន​កូន​ម្នាក់​ ឬ​ច្រើន​នាក់​ដែល​ធ្វើការ​ក្នុង​រោងចក្រ​ដែល​មាន​ប្រាក់​ចំណូល​ទៀងទាត់»។​

លោក ​Milford ​Batement​ អ្នក​ប្រឹក្សា​ពី​គោល​នយោបាយ​អភិវឌ្ឍ​ដែល​បាន​សរសេរ​សៀវភៅ​មួយ​ចំនួន​អំ​ពី​មីក្រូហិរញ្ញវត្ថុ​ បាន​និយាយ​ថា​ប្រសិន​បើ​ប្រទេស​កម្ពុជា​បាត់បង់ ​EBA​ បំណុល​របស់​កម្មករ​រោងចក្រ​នឹង​ធ្វើ​ឲ្យ​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​រង្គោះរង្គើ។​

លោក​មាន​ប្រសាសន៍​ថា៖ «វា​នឹង​ប៉ះពាល់​ពួកគេ​ជា​មិនខាន»។

លោក​បន្ថែម​ថា៖

«ប្រាក់​ខែ​អាច​នឹង​ត្រូវ​ធ្លាក់​ចុះ​ហើយ​អ្នក​ដែល​មាន​ការងារ​នៅ​ឡើយ​នោះ​នឹង​មាន​ឆន្ទៈ​ទទួល​យក​ប្រាក់​ដែល​ត្រូវ​កាត់​ ហើយ​សហគមន៍​ដែល​ពួកគេ​រស់​នៅ​នឹង​រង​ផល​ប៉ះពាល់​ដោយសារ​តែ​តម្រូវ​ការ​ទាប»។​

យ៉ាងហោចណាស់​ប្រជាជន​ចំនួន​២,៤​លាន​នាក់​ខ្ចី​ប្រាក់​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​នៅ​ក្នុង​តម្លៃ​ទឹក​ប្រាក់​ប្រហែល​ប្រាំបី​ពាន់​លាន​ដុល្លារ នៅ​ក្នុង​អត្រា​កម្ចី​ដ៏​ខ្ពស់​មួយ។​នេះ​បើ​យោង​តាម​របាយការណ៍​របស់​អង្គការ​លីកាដូ​និង​សមាគម​ធាង​ត្នោត។

សុត គីមលាង វ័យ​៣៣ឆ្នាំ ជា​ម្ចាស់​ហាង​លក់​ឥវ៉ាន់​មួយ​កន្លែង នៅ​ក្បែរ​រោងចក្រTak Fook ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ (ផន បុប្ផា/VOA)

អ្នក​ស្រី សុត​ គីមលាង​ វ័យ​៣៣​ឆ្នាំ​ កំពុង​លក់ដូរ​នៅ​ក្នុង​តូប​ឥវ៉ាន់​របស់​គាត់​ដែល​មាន​ទីតាំង​ជាប់​នឹង​រោងចក្រ ​Tak Fook។

អ្នកស្រី​បាន​ខ្ចី​ប្រាក់​ចំនួន​ប្រហែល​១០០.០០០​ (ដប់​ម៉ឺន​ដុល្លារ​) ​ពី​ធនាគារ​ដើម្បី​ពង្រីក​ការ​លក់ដូរ​របស់​អ្នកស្រី​ដែល​អ្នកស្រី​បាន​ចាប់​ផ្ដើម​កាល​ពី​១០​ឆ្នាំ​មុន។

អ្នកស្រីមាន​ប្រសាសន៍​ថា​ប្រសិន​បើ​មាន​ការ​ដួល​រលំ​ ឬ​ការ​កាត់​បន្ថយ​ណាមួយ​នៅ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​នោះ​ មុខ​របរ​របស់​អ្នកស្រី​នឹង​មាន​ការ​ប៉ះពាល់​ដោយសារ​អ្នកស្រី​ត្រូវ​បង់​ប្រាក់​ឲ្យ​ធនាគារ​នូវ​ទឹក​ប្រាក់​ចំនួន​២.០០០​ដុល្លារ​ក្នុង​មួយ​ខែ។

ប្រសិន​បើ​ប្រទេស​កម្ពុជា​បាត់បង់​ EBA ​មែន​នោះ​អ្នក​ស្រី​ថា៖

«ប៉ះ ពាល់​សេដ្ឋកិច្ច​ដូច​ជា​លុយកាក់​អី​អញ្ចឹង។ត្រូវ​ការ​បង់​ធនាគារ​អី​ខ្ញុំ​អត់​មាន​អញ្ចឹង​ដែរ។ យើង​ត្រូវ​ការ​ចំណូល​ពី​ការលក់​ដូរ​ឲ្យ​កម្មករ​កម្មការិនី។ ដល់​ពេល​ដល់​ខែ​យើង​ត្រូវ​ការ​ប្រមូល​លុយ​ឡើង​ឲ្យ​គេ។ ដល់​ពេល​ចុះ​អញ្ចឹង​មែន​ក៏​ខ្ញុំ​ពិបាក​ដែរ​ហ្នឹង»។

អ្នក​ស្រី គីមលាង​ បាន​ពន្យល់​បន្ថែម​ថា៖ «ខ្ញុំ​មក​នៅ​ហ្នឹង​ដោយសារ​មាន​រោងចក្រ​នៅ​ដែរ​បាន​មក​នៅ»។

អ្នក​ស្រី អ៊ិន ​រដ្ឋា​ ដែល​ទទួល​ខុស​ត្រូវ​ខាង​ផ្នែក​ម្ជុល​សម្រាប់​កម្មករ​ចំនួន​ជាង​៥០០​នាក់​ និយាយ​ថា​យ៉ាងហោចណាស់​៩០​ភាគរយ​នៃ​កម្មករ​ដែល​គាត់​ស្គាល់​បាន​ខ្ចី​លុយ​ពី​មីក្រូហិរញ្ញវត្ថុ​ដើម្បី​ការ​ចំណាយ​ទៅ​លើ​ផ្ទះ​សម្បែង ​ម៉ូតូ​ សុខភាព​ និង​ការ​ចំណាយ​ផ្សេងៗ​ទៀត។

«ពេល​គាត់​មក​ដូរ​ម្ជុល​នៅ​ផ្នែក​ខ្ញុំ ​គាត់​និយាយ​ពី​ការ​បារម្ភ​របស់​គាត់​ជាមួយ​ខ្ញុំ​ ហើយ​ខ្ញុំ​ប្រាប់​ពួកគាត់​ពី​ការ​បារម្ភ​របស់​ខ្ញុំ»។

អ្នក​ស្រី យ៉ាង ​សោភ័ណ្ឌ​ ​ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​ ដែល​បាន​ចូល​ធ្វើការ​នៅ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​តាំង​ពី​អំឡុង​ឆ្នាំ​១៩៩០​ ដែល​នៅ​ពេល​នោះ​អ្នកស្រី​ទទួលបាន​ប្រាក់​ខែ​៣០​ដុល្លារ​ក្នុង​មួយ​ខែ​បាន​ប្រាប់ VOA ថា សហជីព​និង​កម្មករ​រោងចក្រ​មិន​ចង់​ឲ្យ​បាត់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទេ។

អ្នកស្រី​មាន​ប្រសាសន៍​ថា​សមាជិក​ក្រុម​គ្រួសារ​របស់​អ្នក​ធ្វើការ​នៅ​ក្នុង​រោងចក្រ​កាត់​ដេរ​ក៏​នឹង​ប៉ះពាល់​ខ្លាំង​ផង​ដែរ។ ក៏ប៉ុន្តែ​ ​អ្នក​ស្រី​មិន​អាច​ធ្វើអ្វី​បាន​ទេ​ពាក់ព័ន្ធ​នឹង​ការ​រក្សា​ទុក​ EBA ​នេះ។

«វា​ហួស​ពី​សមត្ថភាព​របស់​ខ្ញុំ​ហើយ»។

អ្នកស្រី​បន្ថែម​ថា​ប្រសិន​បើ​កម្មករ​រោងចក្រ​បាត់បង់​ការងារ​ ពួកគេ​នឹង​មិន​ត្រឡប់​ទៅ​ធ្វើ​ស្រែចម្ការ​វិញ​ទេ។ ពួកគេ​នឹង​ធ្វើ​ចំណាក​ស្រុក​ដើម្បី​ស្វែង​រក​ការងារ។

«ខ្ញុំ​គិត​ថា​ប្រជាពលរដ្ឋ​ឬ​កម្មករ​ភាគច្រើន​នឹង​សម្រេច​ចិត្ត​ចំណាក​ស្រុក​ទៅ​វិញ»។​

អ្នកស្រី​ អ៊ិន រដ្ឋា​ ដែល​ជា​កម្មករ​រោង​ចក្រ​កាត់ដេរ​ ខ្លាច​ថា​អ្នកស្រី​នឹង​បាត់បង់​ផ្ទះ​ដែល​គ្រួសារ​អ្នកស្រី​ជ្រក​កោន ប្រសិន​បើ​ចំណូល​របស់​អ្នកស្រី​ធ្លាក់​ចុះ។​ បើ​ដូច្នោះ​មែន​ អ្នកស្រី​និយាយ​ថាអ្នកស្រី​នឹង​សម្រេច​ចិត្ត​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ ដែល​ជា​ជម្រើស​តែ​មួយ​គត់​សម្រាប់​អ្នកស្រី។

អ្នក​ស្រី​ និយាយ​ថា៖ ‍«ខ្ញុំ​បារម្ភ​ថា​ធនាគារ​នឹង​រឹបអូស​ផ្ទះ​របស់ខ្ញុំ»៕