សេដ្ឋវិទូនិងអ្នកជំនួញក្នុងប្រទេសកម្ពុជា នាថ្ងៃព្រហស្បតិ៍នេះ មានការខ្វែងគំនិតគ្នាអំពីស្ថានភាពនៃការធ្វើការជំនួញ ក្រោយការចេញរបាយការណ៍ស្ដីពីបរិយាកាសពាណិជ្ជកម្មដោយធនាគារពិភពលោក ដែលបានវាយតម្លៃថា មានភាពប្រសើរឡើងក្នុងការធ្វើពាណិជ្ជកម្មនាឆ្នាំ២០១៧។
របាយការណ៍ស្ដីពីបរិយាកាសពាណិជ្ជកម្មនៅឆ្នាំ ២០១៧ ដែលចេញផ្សាយកាលពីថ្ងៃពុធ បានបង្ហាញថា បរិយាកាសធ្វើជំនួញនៅកម្ពុជា បានប្រសើរឡើងបន្តិចបន្តួច ដោយកម្ពុជាបានធ្វើឲ្យពិន្ទុឆ្លុះបញ្ចាំងពីសកម្មភាពធ្វើជំនួញរបស់ខ្លួនកើនឡើងពី៥៤.៥៤ពិន្ទុ នៅឆ្នាំ ២០១៦ ដល់ ៥៤.៧៩ពិន្ទុនាឆ្នាំ២០១៧។
ក្នុងចំណោមប្រទេសចំនួន ១៩០ កម្ពុជាឈរនៅលំដាប់ទី១៣១ ពាក់ព័ន្ធនឹងបរិយាកាសធ្វើជំនួញ ដោយនាំមុខប្រទេសឡាវ ដែលឈរនៅលំដាប់ទី ១៣៩ និងប្រទេសមីយ៉ាន់ម៉ាដែលឈរនៅលំដាប់ទី១៧០។
អ្នកជំនាញខាងការអភិវឌ្ឍវិស័យឯកជននៃធនាគារពិភពលោក បានថ្លែងថា ការធ្វើឲ្យប្រសើរឡើងនៃបរិយាកាសធ្វើពាណិជ្ជកម្មនៅប្រទេសកម្ពុជា បានមកពីកត្តាសំខាន់ៗបី គឺការផ្ដល់ឥណទានមានភាពងាយស្រួលច្រើន និងជាក់លាក់ជាងមុន ការធ្វើពាណិជ្ជកម្មឆ្លងដែនមានភាពប្រសើរឡើង ហើយនឹងការបង់ពន្ធមានលក្ខណៈប្រែប្រួលច្រើន ដោយសារការកែទម្រង់នៃរបៀបរបប និងវិធីសាស្ត្របង់ពន្ធ។
ក្រៅពីចំណុចវិជ្ជមាននេះ អ្នកជំនាញមើលឃើញពីបញ្ហាប្រឈមជាច្រើនដែរ ទាក់ទងនឹងការចុះបញ្ជីធ្វើពាណិជ្ជកម្ម ការអនុវត្តកិច្ចសន្យាធ្វើពាណិជ្ជកម្ម ការដោះស្រាយបំណុលដែលមិនទាន់ទូទាត់ និងការផ្ដល់ដំណោះស្រាយដល់ការអនុញ្ញាតសាងសង់កន្លែងធ្វើអាជីវកម្ម។
អ្នកស្រី Joana Nasr អ្នកឯកទេសការអភិវឌ្ឍវិស័យឯកជននៃធនាគារពិភពលោក បានថ្លែងតាមសន្និសីទព័ត៌មានដោយវីដេអូ កាលពីថ្ងៃពុធថា នីតិវិធីច្រើនលើដំណើរការចុះបញ្ជីពាណិជ្ជកម្ម បានធ្វើឲ្យខូចដល់បរិយាកាសធ្វើពាណិជ្ជកម្មនៅកម្ពុជាផងដែរ ដោយសារមានការដាក់ចេញនូវនិយ័តកម្មថ្មីៗ ដូចជាការតម្រូវឲ្យក្រុមហ៊ុនដែលចុះបញ្ជីរួចហើយត្រូវចុះបញ្ជីម្ដងទៀតតាមប្រព័ន្ធអ៊ីនធឺណិត និងការបង្ហាញភស្តុតាងនៃការតម្កល់ដើមទុនជាដើម។
«ក្រោយការចុះបញ្ជី មានការតម្រូវឲ្យដាក់ភស្តុតាងនៃដើមទុន ក៏ដូចជាស្ថានភាពនានា។ ទាំងអស់នេះ ត្រូវតែដាក់ចូលទៅនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម នៅពេលណាការចុះបញ្ជីបានបញ្ចប់។ ការណ៍នេះ បានបន្ថែមនីតិវិធីបន្ថែមទៀតលើដំណើរការបើកអាជីវកម្ម»។
លោក ចាន់ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ ប្រាប់ VOA នាថ្ងៃព្រហស្បតិ៍ថា ការចុះបញ្ជីពាណិជ្ជកម្ម នៅបន្តជារនាំងមួយ ដែលបានបន្ទច់បង្អាក់ដល់ការផ្ដើមសកម្មភាពជំនួញក្នុងប្រទេសកម្ពុជា។
លោកថា រដ្ឋាភិបាលបានជំរុញឲ្យមានការចុះបញ្ជីតាមប្រព័ន្ធអ៊ីនធឺណិត កាលពីពីរឆ្នាំមុន ក៏ប៉ុន្តែវិធីសាស្ត្រថ្មីនេះ មិនបានដំណើរការទៅមុខដោយរលូននោះទេ ដោយនាំឲ្យបញ្ហាចុះបញ្ជីនេះ នៅបន្តជាការប្រឈមមួយក្នុងការផ្ដើមអាជីវកម្ម។
«កាលពីពីរឆ្នាំកន្លងមកឃើញថា ការចុះបញ្ជីពាណិជ្ជកម្មហ្នឹង គេនឹងខិតខំធ្វើឲ្យបានឆាប់រហ័សតាមរយៈការធ្វើតាម គេហៅ online នោះណា៎ បាទតាមអ៊ីនធឺណិតហ្នឹង ហើយក្រោយមកក៏ឃើញថា សកម្មភាពហ្នឹងធាក់ថយទៅវិញ ដូចជាមិនដំណើរការបាន។ អញ្ចឹងទៅអាចថា បញ្ហាដដែលឡើងវិញ ហ្នឹងយើងមិនបានពិន្ទុច្រើន នៅក្នុងផ្នែកហ្នឹងបាទ»។
របាយការណ៍ស្ដីពីបរិយាកាសពាណិជ្ជកម្មឆ្នាំ ២០១៧ របស់ធនាគារពិភពលោកដែលចេញផ្សាយជាសាធារណៈកាលពីថ្ងៃពុធ បានបង្ហាញថា ក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ប្រទេសចំនួនបួន ទទួលបានចំណាត់ថ្នាក់ខ្ពស់ជាងគេក្នុងចំណោមប្រទេសចំនួន១០លើគេនៅលើពិភពលោក។
ប្រទេសទាំងនោះ រួមមាន ប្រទេសនូវែលហ្សេឡង់ ស្ថិតក្នុងលំដាប់ទីមួយ ប្រទេសសិង្ហបុរី ស្ថិតក្នុងលំដាប់ទីពីរ តំបន់រដ្ឋបាលពិសេសហុងកុង ចិន ស្ថិតក្នុងលំដាប់ទី ៤ និងសាធារណរដ្ឋកូរ៉េ ស្ថិតក្នុងលំដាប់ទី៥។
ប្រទេសដែលមានសេដ្ឋកិច្ចធំៗពីរនៅក្បែរកម្ពុជាគឺ ថៃ និងវៀតណាម ក៏ទទួលបានចំណាត់ថ្នាក់នាំមុខកម្ពុជាផងដែរ។
ប្រទេសថៃ ឈរនៅលំដាប់ទី ៤៦ ក្នុងចំណោម ១៩០ប្រទេស ដោយទទួលបានពិន្ទុ ៧២.៥៣ និងប្រទេសវៀតណាមឈរនៅលំដាប់ទី ៨២ ដោយទទួលបានពិន្ទុ ៦៣.៨៣។
លោក គី សេរីវឌ្ឍន៍ សាស្រា្តចារ្យសេដ្ឋកិច្ច បានចាត់ទុកថា ភាពយឺតយ៉ាវក្នុងការចុះបញ្ជីពាណិជ្ជកម្ម នៅតែជាចលករដែលធ្វើឲ្យបរិយាកាសធ្វើពាណិជ្ជកម្មនៅកម្ពុជា មិនមានភាពទាក់ទាញ បើធៀបនឹងប្រទេសក្បែរខាងនិងនៅក្នុងតំបន់អាស៊ី។
«ពិតប្រាកដហើយ ព្រោះអីខ្ញុំបានធ្វើការស្រាវជ្រាវមួយដែរ ដែលការចុះបញ្ជីហ្នឹងនៅស្រុកយើង ចំណាយពេល២២ថ្ងៃ ដែលនៅស្រុកគេ ចំណាយត្រឹម១០ថ្ងៃទេ។ នៅកូរ៉េតែ១០ថ្ងៃទេ នៅវៀតណាម តែ១៥ថ្ងៃទេ ហើយនៅស្រុកខ្មែរយើងខ្មែរគឺ២២ថ្ងៃ សម្រាប់ការចុះបញ្ជី ពាណិជ្ជកម្មអីជាដើមហ្នឹងអ្ហា៎ បាទ។ ដូច្នេះ វានៅតែជាបញ្ហាប្រឈមដដែលហ្នឹង គ្រាន់ថា កិច្ចការទាំងអស់នេះត្រូវបានកាត់បន្ថយមួយចំនួនហើយ»។
ក្រុមអ្នកជំនួញ បានយល់ស្របទៅនឹងចំណុចមួយចំនួននៃការចង្អុលបង្ហាញរបស់ធនាគារពិភពលោកតាមរយៈរបាយការណ៍ស្ដីពីបរិយាកាសនៃការធ្វើជំនួញ ពាក់ព័ន្ធនឹងកំណែទម្រង់នានាក្នុងវិស័យពន្ធដារ និងការផ្ដល់ឥណទានដែលមានលក្ខណៈកាន់តែប្រសើរ និងប្រាកដប្រជាជាងមុន។
ក៏ប៉ុន្តែ ពួកគេ ក៏បានមើលឃើញផ្ទុយគ្នា ពាក់ព័ន្ធនឹងការចុះបញ្ជីពាណិជ្ជកម្មនេះដែរ។
លោក តាន់ មុន្នីវណ្ណ អគ្គនាយករងនៃក្រុមហ៊ុន ម៉ុង ឬទ្ធីគ្រុប ប្រាប់VOAថា ការចុះបញ្ជី ហាក់មានភាពប្រសើរ រហ័ស និងធូរថ្លៃជាងមុន ជាមួយនឹងការណែនាំពីរដ្ឋាភិបាល ឲ្យធ្វើការចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធ អ៊ីនធឺណិត។
«សម្រាប់ខ្ញុំថា ដូចជាមិនមានការលំបាកផង។ បើយើងនិយាយពីការចុះបញ្ជី ឥឡូវយើងដឹងហើយ យើងចុះតាមអនឡាញ(Online) តាមអីអញ្ចឹងទៅណា៎ ហើយខ្ញុំគិតថា នីតិវិធីស្រួលជាងមុនដោយសារយើងមានដៃគូ co-chair [សហប្រធាន] រវាងសភាពាណិជ្ជកម្មកម្ពុជា ជាមួយstakeholders [ភាគីពាក់ព័ន្ធ] ជាមួយគ្រប់ក្រសួងទាំងអស់អញ្ចឹងទៅណា៎ ហើយបញ្ហាទាំងអស់ហ្នឹងខ្ញុំគិតថា ធ្វើបានលឿនជាងមុន ហើយនិងតម្លៃថោកជាងមុន។ អាហ្នឹងអ្វីដែលខ្ញុំជួបប្រទះ។ ប៉ុន្តែការណ៍ដែលជួបឧបសគ្គហ្នឹងទាល់តែគាត់បង្ហាញថា គាត់ជួបឧបសគ្គទៅលើរឿងអីអញ្ចឹង អាហ្នឹងបានខ្ញុំអាចបកស្រាយបាន។ ប៉ុន្តែសម្រាប់ខ្លួនខ្ញុំផ្ទាល់ វាដូចជាមិនជួបការលំបាកទេ»។
លោក តាន់ មុន្នីវណ្ណ ថ្លែងបន្តថា រដ្ឋាភិបាលបានបន្តបង្កើតនិយ័តកម្ម ឬបែបបទថ្មីៗ ដើម្បីសម្រួលដល់ការធ្វើឲ្យប្រសើរឡើងនៃបរិយាកាសធ្វើជំនួញនេះដែរ តែដោយសារក្រុមអ្នកជំនួញមួយចំនួនមិនអាចតាមទាន់អំពីនិយ័តកម្មទាំងនោះ ពូកគេក៏យល់ថា និយ័តកម្មទាំងនោះគឺជាឧបសគ្គនៃការផ្ដើមរបររកស៊ីរបស់ពួកគេ។
ថ្វីដ្បិតតែ រដ្ឋាភិបាលព្យាយាម កែលម្អបទបញ្ញត្តជាច្រើន ដូចជាការសម្រួលប្រព័ន្ធពន្ធដារ លោក តាន់ មុន្នីវណ្ណ ឲ្យដឹងថា កម្ពុជានៅប្រឈមនឹងកង្វះខាត ហេដ្ឋារចនាសម្ពន្ធសម្ព័ន្ធ ដែលធ្វើឲ្យកម្ពុជាពិបាកប្រកួតប្រជែងជាមួយប្រទេសក្បែរខាង។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអិលស៊ី ប្រាប់ VOA ថា ការផ្ដល់ឥណទាន សម្រាប់ការធ្វើអាជីវកម្មគឺមានលក្ខណៈកាន់តែងាយស្រួល និងមានសុវត្ថិភាព ដោយសារការដាក់ឲ្យធ្វើប្រតិបត្តិការការិយាល័យឥណទាន ដែលជាភ្នាក់ងារតាមដានប្រវត្តិនៃការប្រើប្រាស់ប្រាក់កម្ចីនៃអ្នកដែលបានខ្ចីប្រាក់ពីគ្រឹះស្ថានហិរញ្ញវត្ថុដើម្បីធ្វើអាជីវកម្ម ឬក៏ពង្រីកអាជីវកម្មដែលមានស្រាប់។
លោក អ៊ិន ចាន់នី ក៏មិនបានមើលរំលងពីឧបសគ្គវិនិយោគិន ក្នុងការបោះទុនធ្វើអាជីវកម្មក្នុងប្រទេសផងទេដែរ។ អ្វីដែលលោក បារម្ភដែរនោះ គឺភាពយឺតយ៉ាវនៃការឆ្លើយតបរបស់ភាគីពាក់ព័ន្ធរបស់ស្ថាប័នរដ្ឋទៅនឹងសំណើសុំបើកអាជីវកម្មនេះ។
«តាមធម្មតាសហគ្រាស ក៏ដូចជាឯកត្តជនដែរ ពេលវេលាជាមាសប្រាក់។ កាលណាគាត់ចាំកាន់តែយូរ គឺគាត់បាត់បង់ឱកាសកាន់តែច្រើន។ អញ្ចឹងពេលដែលគាត់ដាក់ពាក្យសុំបើកមុខរបរគ្រប់ធុនទាំងអស់បាទ ត្រូវតែជួយសម្រួលឲ្យគាត់ ឲ្យគាត់ទទួលបានការអនុញ្ញាត ឲ្យបានឆាប់រហ័ស។ បើមិនអញ្ចឹងទេ គាត់ខាតបង់ពេលវេលា ហើយខាតបង់ពេលវេលា គឺខាតបង់លុយកាក់នោះឯង ហើយបាត់បង់ឱកាស ហើយអាចអ្នកដទៃ ឬក៏វិនិយោគិននៃប្រទេសដទៃហ្នឹង ដណ្ដើមយកឱកាសរបស់គាត់បាទ»។
របាយការណ៍ស្ដីពីការធ្វើធុរកិច្ច ឬជំនួញរបស់ធនាគារពិភពលោកដដែលនេះ បានបង្ហាញឲ្យដឹងផងដែរថា ប្រទេសកម្ពុជា ឈរនៅលំដាប់ទី ១៣៦ ក្នុងចំណោម១៩០ប្រទេស នៃការទទួលបានអគ្គិសនី ដោយទទួលបាន ៥៦ពិន្ទុ។
កម្ពុជាក៏ទទួលបានចំណាត់ថ្នាក់ទាបក្នុងការផ្ដល់ការអនុញ្ញាតលើការសាងសង់ ដោយកម្ពុជាឈរនៅលំដាប់ទី ១៨៣ ជាមួយពិន្ទុ ៣៨.៦៤។
តែទោះយ៉ាងណាក៏ដោយ កម្ពុជាទទួលបានពិន្ទុច្រើនក្នុងការផ្ដល់ឥណទាន គឺកម្ពុជាឈរក្នុងលំដាប់ទី៧ ក្នុងចំណោម១៩០ប្រទេស ដោយទទួលបាន ៨៥ពិន្ទុ។
ក្រុមអ្នកសេដ្ឋកិច្ច បានយល់ឃើញថា ការផ្គត់ផ្គង់អគ្គិសនី គឺនៅតែជាឧបសគ្គចម្បងក្នុងការធ្វើជំនួញនៅកម្ពុជា ដោយសារប្រទេសដ៏ក្រីក្រនេះពុំទាន់ធានាបានសន្តិសុខថាមពល និងបន្តពឹងផ្អែកលើការផ្គត់ផ្គង់អគ្គិសនីពីប្រទេសក្បែរខាង៕