អង្គការ​មិត្ត​សំឡាញ់ផ្តល់​ជំនាញ​​ដល់​ជនអនាថា​​និង​​រក្សា​និរន្តរភាព​ការងារ​របស់​អង្គការ

Your browser doesn’t support HTML5

អង្គការ​មិត្ត​សំឡាញ់ផ្តល់​ជំនាញ​ក្មេង​និង​ជន​អនាថា​ ហើយរក្ស​ានិរន្តរភាពរបស់​អង្គការ​

ក្រោយ​ពីមាន​ការកាត់​បន្ថយ​ជំនួយ​សម្រាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​ប្រទេស​កម្ពុជា​រយៈ​ពេល​២០​ឆ្នាំ​មក​នេះ​ អង្គការ​ខ្លះ​បាន​រិះរក​យុទ្ធសាស្ត្រ​ថ្មី​ដើម្បីរក្សា​និរន្តរ​ភាព​របស់​ខ្លួន។ ​យុទ្ធសាស្ត្រ​របស់​អង្គការមិត្ត​សំឡាញ់​គឺ​រកចំណូល​សម្រាប់​ខ្លួន​ឯង​ជា​ជាង​ពឹងផ្អែក​ទាំងស្រុង​លើប្រាក់​ជំនួយ​សម្រាប់​ជួយ​ក្មេង​កំព្រា ​និង​គ្រួសារ​អនាថា។ ​

ក្មេង​អនាថា​ភាគ​ច្រើន​ជាកូន​របស់​ជនរងគ្រោះនៃ​ការ​ប្រើប្រាស់​គ្រឿងញៀន ​និង​គ្រួសារ​ក្រីក្រ។ ​ក្មេង​ទាំងនេះ​អាច​ដើរតាម​គន្លង​ឪពុកម្តាយ​របស់​ខ្លួន ​បើ​គ្មាន​អង្គការ​ជួយ​ក្មេង​អនាថា​ ដូចជា​អង្គការ​មិត្តសំឡាញ់​ ជួយ​សង្គ្រោះ​ទេ​នោះ។​

ដូច​អង្គការ​ជាច្រើន​ទៀតដែរ អង្គការ​មិត្ត​សំឡាញ់​ធ្លាប់​ពឹងផ្អែក​ស្នើរតែ​ទាំងស្រុង​លើ​ជំនួយ​ពី​សប្បុរស​ជនដើម្បី​សង្គ្រោះ​ក្មេង​ក្រីក្រ​ដែល​ឪពុក​ម្តាយ​បោះបង់ចោល​និង​គ្រួសារ​អនាថា​ដែល​មាន​កូនតូចៗ។​ ​

ប៉ុន្តែ​លោក​ពិន សុខុម ​អ្នក​សម្រប​សម្រួល​កម្មវិធី​សង្គ្រោះ​ជីវិត​នៃ​អង្គការ​មិត្ត​សំឡាញ់​បាន​ឲ្យ​ដឹង​ថា​ ក្រោយពី​ប្រឈម​នឹង​ជំនួយ​ថយចុះ​កាលពី​ឆ្នាំ​១៩៩៦​ ​ អង្គការ​មិត្តសំឡាញ់​បានចាប់​ផ្តើម​យុទ្ធសាស្ត្រ​រក្សា​និរន្តរភាព​ការងារ​របស់​ខ្លួន​ដោយ​បណ្តុះ​បណ្តាល​ជំនាញ​ដល់​ក្មេងៗ​ក្រោម​បន្ទុក​របស់ខ្លួន​ដើម្បី​បើក​ហាង​រក​ចំណូល​ជួយ​ទ្រទ្រង់​ការ​ចំណាយ​របស់​អង្គការ។​

«នៅពេល​កុមារ​ យុវវ័យ​មក​ទទួល​សេវា​បណ្តុះបណ្តាលវិជ្ជាជីវៈ​ ហើយ​បាន​ផ្តល់​វិជ្ជាជីវ​ហើយ​ យើង​បាន​បង្កើត​ភោជនីយដ្ឋាន ​និង​ហាង​ផ្សេងៗ ​ដើម្បី​ឲ្យ​មាន​ប្រាក់​ចំណូលដើម្បី​ជួយ​គម្រោង ​ក៏ដូចជា​កាត់​បន្ថយ​ហានិភ័យ​ដែល​ម្ចាស់​ជំនួយ​កំពុង​កាត់​បន្ថយ​ជំនួយ​ជា​បណ្តើរៗ»។​

បច្ចុប្បន្ន​អង្គការ​មិត្ត​សំឡាញ់​រក​ចំណូល​បាន​៥០%​នៃ​ចំណាយ​សរុប​ប្រមាណ​ជាង​២លាន​៥សែន​ដុល្លារ។ ​នេះ​បើតាម​តួលេខ​នៃការ​ចំណាយ​របស់​អង្គការ​មិត្ត​សំឡាញ់​ឆ្នាំ​២០១៦។​

លោក​សុខុម​បន្តថា ​ជំនាញ​ដែល​អង្គការ​មិត្តសំឡាញ់​បណ្តុះបណ្តាល​រួម​មាន​ជំនាញ​ខាង​បដិសណ្ឋារ​កិច្ច​ ដែល​រួមមាន​របៀប​ទទួលភ្ញៀវ ​ធ្វើ​ម្ហូប​ និង​រៀន​ភាសា​ ​ជំនាញ​ខាង​ជួសជុលម៉ូតូ ​ ជំនាញ​ខាង​កាត់ដេរ​សម្លៀក​បំពាក់​ធម្មតា ​និង​ប្រពៃណី ​ ជំនាញ​ខាង​សម្អាង​កាយ ដូច​ជា​កាត់សក់​ ​ធ្វើ​ក្រចក ​ជំនាញ​ខាង​ផ្សារ​ដែក និងជំនាញ​ខាង​អគ្គិសនី។ ជំនាញ​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​អតីត​ក្មេង​អនាថា​និង​អង្គការ​មិត្តសំឡាញ់​បើក​អាជីវកម្ម​រក​ចំណូល​ជួយ​ក្មេង​និង​គ្រួសារ​អនាថា​ដែល​ទើប​ទៅ​នៅ​អង្គការ​មិត្តសំឡាញ់។​

អង្គការ​មិត្តសំឡាញ់​បានជួយ​ក្មេងស្នាក់​នៅ​និង​រៀនសូត្រ​ចំនួន​៥១៣៩​នាក់ ​និង​ធ្វើការ​ជាមួយ​ក្មេង​និង​យុវជន​៩៣៣៩​នាក់។ ​នេះបើ​តាម​របាយ​ការណ៍​ឆ្នាំ២០១៦​របស់​អង្គការ​ជួយ​ក្មេង​អនាថា​នេះ។ ​ក្មេងទាំងនោះ​ភាគច្រើន​ចេញពី​គ្រួសារ​ក្រីក្រ ​ហើយ​ខ្លះ​ជា​អ្នករងគ្រោះ​នៃ​ថ្នាំ​ញៀន។​

បច្ចុប្បន្ន​មាន​អ្នកមកទទួល​ការ​បណ្តុះ​បណ្តាល​ជំនាញ​នៅ​អង្គការ​មិត្តសំឡាញ់​រវាង​២៥០​នាក់​ទៅជាង​៣០០​នាក់។ ជាង​៦០​ទៅ​៧០%​នៃ​អ្នក​បាន​ទទួល​ការ​បណ្តុះ​បណ្តាល​ចុង​ចប់​ដើមត្រូវ​បាន​អង្គការ​មិត្ត​សំឡាញ់​បញ្ជូន​ទៅ​ធ្វើ​ការ​ក្នុង​ទីផ្សារ​ការងារ​ក្នុង​ស្រុក។នេះបើតាមវុទ្ធី សុកញ្ញា ​មន្ត្រី​ទំនាក់ទំនង​នៃ​អង្គការ​ហ៊្រ្វិន្សអ៊ីនធឺណាសិនណល។​

«យើងចង់​ឲ្យគាត់​រៀនអី​ដែលថ្មីនៅ​ជុំវិញខ្លួន​គាត់ ​អីចឹង​យើង​ព្យាយាម​បោះគាត់​ទៅខាងក្រៅ​ ទៅធ្វើការ​នៅ​ស្ថាប័ន​ខាង​ក្រៅ ជាជាង​ឲ្យ​គាត់​រៀនតែ​នៅក្នុង​ហ្នឹង​ដដែល ​ធ្វើការ​នៅ​កន្លែង​ហ្នឹងដដែល។ ​យើងចង់​ឲ្យគាត់រៀន​អី​ដែល​ថ្មី។​ អីចឹង​ក្រុម​ការងារ​យើង ​ពេលដែល​សិស្ស​រៀន​ចប់​ភ្លាម​គឺ​យើង​ព្យាយាម​រកការងារ​ខាងក្រៅ​ឲ្យពួក​គាត់»។

ជាក់ស្តែង​ ម្ចាស់ហាង​មួយ​ចំនួន​នៅភ្នំពេញ​ក៏​បាន​គាំទ្រ​កម្មវិធី​អង្គការ​មិត្ត​សំឡាញ់​ ដោយ​ទទួល​យក​សិស្ស​ពី​អង្គការ​មិត្តធ្វើការ​នៅហាង​របស់​ពួកគេ​ ដោយ​ផ្តល់​ប្រាក់​ខែ​និង​ការ​បង្ហាត់​បង្រៀន​បន្ថែម។

អ្នកស្រីប៊ី រតន៍វត្តី​ អាយុ៣០ឆ្នាំជា​ ម្ចាស់ហាង​កាត់ដេរ​រចនាវត្តី​ បានទទួល​សិស្ស​ជាង​កាត់ដេរ​ពី​អង្គការ​មិត្ត​សំឡាញ់​និង​អង្គការ​ផ្សេងទៀត​ធ្វើជា​កូនជាង ​ហើយ​ផ្តល់​ប្រាក់​ខែ​ផង​ និង​បណ្តុះ​បណ្តាល​បន្ថែម​ផង។ ​អ្នកស្រី​និយាយ​ថា ​ម្ចាស់​ហាង​ជួសជុល​ម៉ូតូ​ រថយន្ត​ដែល​ជា​អតិថិជនរបស់​អ្នកស្រី​ក៏​បាន​ទទួល​សិស្ស​ពីអង្គការ​មិត្ត​សំឡាញ់​ដែរ។​ សិស្សទាំង​នោះ​មានចរិត​ល្អ គោរព​ម៉ោង​ពេល។​ ​

ពីមុន​អ្នកស្រី​មិនបាន​ដឹង​អំពី​កិច្ចការ​អង្គការ​មិត្ត​សំឡាញ់​សង្គ្រោះ​ក្មេង​អនាថា​ទេ។​

«ប៉ុន្តែ​នៅពេល​ដែល​ខ្ញុំ​បាន​ទទួល​សិស្សមក​ គឺខ្ញុំ​បានឮព័ត៌មាន​តាមរយៈ​កូន​សិស្ស​ទាំង​អស់​ហ្នឹង​ថា ​អង្គការ​ផ្តល់អីខ្លះ​ ​ជួយ​អីខ្លះ​ដល់ខ្មែរ។​ អីចឹង​ ខ្ញុំកូន​ខ្មែរ​ដែរ​ ខ្ញុំចង់​រួមចំណែក។ ​ទោះបីជា​អត់បាន​ច្រើនក៏​ដោយ​ ប៉ុណ្ណា​ក៏ដោយ​តាម​សមត្ថភាព​របស់ខ្ញុំ​ ខ្ញុំ​ចង់ជួយ​កូន​ខ្មែរ​យើង​ឲ្យមាន​ចំណេះ​ដឹង​ពិត​ប្រាកដ»។​

នាង​យ៉ិន ស្រីលក្ខណ៍ ​អាយុ២២​ឆ្នាំ​កូន​ជាង​កាត់ដេរ​មកពី​អង្គការ​មិត្ត​សំឡាញ់​និយាយ​ថា ​នាង​ធ្វើការ​ផង ​រៀន​បន្ថែម​ផង​ជាង​មួយ​ឆ្នាំ​ហើយ​នៅ​ហាង​កាត់ដេរ​រចនាវត្តី​នេះ ​ហើយ​នាង​ក៏ចង់​ជួយ​ក្មេង​ជំនាន់​ក្រោយ​ដូច​មេជាង​របស់​នាង​ដែរ។​ ​

«ខ្ញុំ​មក​ធ្វើការ​ទីហ្នឹង ​ខ្ញុំ​សប្បាយ​ចិត្ត​ ព្រោះ​កន្លែង​គាត់​ដេរស្អាត មាន​វិន័យ​ មាន​សណ្តាប់​ធ្នាប់​ល្អ​អីចឹង។ ​ខ្ញុំចូល​ចិត្តអីចឹង។​ទៅ​អនាគត​ ​ខ្ញុំចង់​បើក​ហាង​ដូចគាត់​ដែរ»។​

ក្រៅពី​បញ្ជូន​សិស្ស​របស់ខ្លួន​ទៅ​ធ្វើការ​នៅតាម​ហាង​នានា និង​បើក​ហាងរក​ចំណូល ​អង្គការ​មិត្ត​សំឡាញ់​ក៏​បាន​បណ្តុះ​បណ្តាល​ស្ត្រី​អនាថា​ដែល​មានកូន​ក្នុង​បន្ទុក​ ឲ្យ​មាន​មុខ​របរ​ផង​ដែរ។

អ្នកស្រី​សុផា វី​ អាយុ​៥៧​ឆ្នាំ​ បាន​ទៅ​រៀន​អាជីវកម្ម​ខ្នាតតូច​នៅ​អង្គការ​មិត្ត​សំឡាញ់ ​មុនមក​បើក​លក់​ភេសជ្ជៈ​នៅ​ចំហៀង​មន្ទីរ​ពេទ្យកាល់ម៉ែត​ ភ្នំពេញ។​ អង្គការ​មិត្ត​សំឡាញ់​បាន​ជួយ​ជា​សម្ភារៈ​មាន​តម្លៃ​សរុប​៣៥០​ដុល្លារ​ក្នុងការ​បើក​មុខ​របរ​នេះ។​

«រៀន​លក់ ​ព្រោះ​ពីដើមខ្ញុំអត់​ដែល​ចេះ​លក់​ទេ ​ពីដើម​ខ្ញុំ​ធ្វើការ។​ ខ្ញុំ​ធ្វើការ​ក្នុង​ស្ថាបន​រដ្ឋ​ជាង​២០​ឆ្នាំ​មក​នេះ។ ​ដល់​លើកទីមួយ​សម្រាប់​ជីវិត​គឺទៅ​រៀន​ពីអង្គការ​ហ្នឹង​មក​វិញ​ តែ​ហ្មង​ ចា៎»។​

អ្នកស្រី​ឲ្យដឹងថា ​អ្នកស្រី​បាន​បង្រៀនឲ្យ​កូន​ស្រី​របស់​អ្នកស្រី​មាន​មុខ​របរ​នេះ​ដែរ។​

ទោះជាយ៉ាង​ណាក្តី ​សុកញ្ញា​ឲ្យ​ដឹង​ថា ​ការ​ទាក់ទាញ​ក្មេង​អានាថា ​និង​យុវជន​មក​ទទួល​ការ​បណ្តុះ​បណ្តាល​ជំនាញ​មាន​ការ​លំបាក ពីព្រោះ​ពួក​គេភាគ​ច្រើនក្រីក្រ​ត្រូវ​ការ​លុយ​ភ្លាមៗ ​ខ្វះ​ចំណេះ​ដឹង​ ​ ហើយ​ពួកគេ​សុខចិត្ត​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើការ​ពលកម្ម​នៅក្រៅ​ប្រទេស ដែល​ពួកគេ​មិន​អាច​ធ្វើបាន​នៅ​ពេល​ចាស់​ទៅ។​

«លុយ​មាន​សារៈ​សំខាន់​ តែគាត់​ចំណាយ​ពេល​ត្រឹម​៦​ខែ​ទៅ១​ឆ្នាំ​ដើម្បី​ទទួល​បាន​ជំនាញ​គឺ​ខ្ញុំ​គិត​ថា ​វាធ្វើ​ឲ្យជីវិត​របស់​គាត់មាន​និរន្តរភាព​ទីកាន់​អនាគត​វែង​ឆ្ងាយ​ទៀត»។​

ក្រៅ​ពីនេះ ​យុវជន​និង​គ្រួសារ​អានាថា​មួយ​ចំនួន​មិន​អាច​ស្នាក់​នៅជាមួយ​អង្គការ​បាន​ ​ដោយសារ​ពួកគេ​នៅ​ញៀនថ្នាំ​ ​ញៀនស្រា​ ​ បារី​ ហើយ​នឹង​ត្រូវការ​សេរីភាព​ផ្សេង​ទៀត។ ​ អង្គការ​មិត្ត​សំឡាញ់​គោរព​សេរីភាព​អ្នក​មករក​ជំនួយ ​ហើយ​មិន​មែន​ជា​មន្ទីរ​ឃុំឃាំង​ពួកគេ​ដើម្បី​បន្សាប​ថ្នាំញៀន​នោះ​ទេ។

យុវជន​ញៀន​ថ្នាំ​ម្នាក់ដែល​មិន​បញ្ចេញ​ឈ្មោះ​ និង​មិន​បង្ហាញ​មុខ​និយាយ​ថា៖​

«ធ្លាប់​ទៅនៅ​ដែរ​ តែ​នៅអត់​បាន​យូរ។​ ជួនកាល​ទៅនៅ​ទៅ​មាន​គំនិត​មួយ​គិត​ថា​ នៅក្រៅសប្បាយ​ជាង ​មាន​គ្រឿន​ញៀនប្រើ​ មាន​ស្រាផឹក ​ហើយ​មាន​មិត្តភក្តិ​ច្រើន​ អីចឹង​បាន​ជា​នៅ​មណ្ឌល​អត់បាន​យូរ​ទេ។ ​ដូច​ថា​ យើង​ទម្លាប់​ដើរលេង​ខូចខិល​ អត់កែ​កើត​ណា៎»។​

ក្មេង​ និង​ជនអនាថា​ស្នាក់​នៅអង្គការ​មិត្តសំឡាញ់​មាន​អាយុ​ពីទារក​រហូត​ដល់​២៤​ឆ្នាំ ​លើក​លែង​ឪពុក​ម្តាយ​កុមារ​តូចៗ។​

ទោះជា​អង្គការ​មិត្ត​សំឡាញ់​ត្រូវ​ចំណាយ​ច្រើន​សម្រាប់​កុមារ​កំព្រា ​និង​ក្មេង​អនាថា​ក្តី​ ​ប៉ុន្តែ​អង្គការ​មិត្ត​សំឡាញ់​មិន​មាន​គោល​ការណ៍អនុញ្ញាត​ការ​សុំ​កូន​ចិញ្ចឹម​នៅ​ក្រៅ​ប្រទេស​ទេ ​ ដោយសារ​អ្នកគ្រប់គ្រង​អង្គការ​យល់ថា​ ​ការ​ធ្វើ​បែប​នេះ​ជា​ការ​ប្រថុយ​ប្រថាន​ខ្ពស់​ ​ព្រោះ​ពិបាក​តាមដាន​អំពី​ជីវិត​កុមារ។ ​ប៉ុន្តែ​លោក​ពិន សុខុម​បន្ថែម​ថា ​ឪពុក​ម្តាយធម៌​ក្នុង​ស្រុក​ដែល​មាន​ជីវភាព​ធូរធារ​អាច​សុំ​កូន​ចិញ្ចឹមពី​អង្គការ​មិត្ត​សំឡាញ់​បាន។​

លោក​បន្ត​ថា ​ការ​សង្គ្រោះ​និង​ការ​ជួយ​បណ្តុះ​កុមារ​ក្នុង​ស្រុក​គួរ​ជា​អាទិភាព ព្រោះ​កុមារ​អាច​នៅ​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​សាច់​ផ្សេងៗ៕