ការ​​រៃអង្គាស​ប្រាក់​នៅ​តាម​ទី​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​ហាមឃាត់

រូបឯកសារ៖ តន្រ្តី​ជនពិការ​អង្គាស​ប្រាក់​តាម​ផ្លូវ​សាធារណ​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃទី០៨ កុម្ភៈ ២០១៧។

រដ្ឋាភិបាលសកម្មភាព​រៃអង្គាស​ប្រាប់​នៅ​តាម​ទី​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ​ ក្រោម​លេស​មនុស្សធម៌​ សាសនា​ និង​រូបភាព​ផ្សេងៗ​ត្រូវ​បាន​ហាមឃាត់។

ក្រសួង​សង្គម​កិច្ច​ប្រកាស​ឲ្យ​ទប់ស្កាត់​សកម្មភាព​រៃ​អង្គាស​ប្រាប់​នៅ​តាម​ទី​សាធារណៈ​ក្នុង​រាជ​ធានី​ភ្នំពេញ ​ដោយនិយាយ​ថា ​សកម្មភាព​ទាំង​នោះ​ជា​ទង្វើ​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ ​និង​ធ្វើឲ្យ​ប៉ះពាល់​ដល់​កិត្តិយសសង្គម។​

នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹងស្តីពី​ការ​ទប់ស្កាត់​សកម្មភាព​រៃ​អង្គាស​ប្រាក់​នៅ​តាម​ទី​សាធារណៈ​ក្នុង​រាជ​ធានីភ្នំពេញ ​ដែល​ចេញ​ដោយក្រសួង​សង្គម​កិច្ច ​អតីត​យុទ្ធជន ​យុវនីតិ​សម្បទា ​នៅ​ថ្ងៃ​ទី​១ ​ខែ​មីនា​នេះ។​ ​ សេចក្តី​ជូន​ដំណឹងនេះ​បញ្ជាក់​ថា​ ក្រសួងសង្គម​កិច្ច​សង្កេត​ឃើញ​ថា កន្លងមក​មាន​ជនជាតិ​ខ្មែរ ​និង​បរទេសមួយ​ចំនួន​ ​ដែល​រស់​នៅ ​និង​បម្រើ​ការងារ​ផ្សេងៗ​នៅ​កម្ពុជា ​បាន​ដើរ​រៃ​អង្គាស​ប្រាក់ដោយ​មិន​មាន​ការ​អនុញ្ញាត​ពី​ស្ថាប័ន​រដ្ឋ ​ឬ​អង្គការ​ជាតិ ​និង​អន្តរ​ជាតិ​ណា​មួយ​ឡើយ។​ ​សកម្ម​ភាព​ទាំងនោះ​មាន​ដូច​ជា ​ការ​ស្លៀកពាក់​បែប​ព្រះ​សង្ឃ​នៃ​ជនជាតិ​ដទៃ ​ការ​ស្លៀក​ពាក់​បែប​ដូនជី​ ការ​ប្រើប្រាស់​កុមារ ​មនុស្ស​ចាស់ ​និង​ជន​ពិការ​ជាដើម។​

សេចក្តី​ជូន​ដំណឹង​ដដែល​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​

«សកម្មភាព​ទាំងអស់​នេះ​ជា​ទង្វើ​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ​ របៀប​រៀប​រយ​សង្គម​ កិត្តិយស ​និង​សេចក្តី​ថ្លៃថ្នូរ​របស់​ប្រជាជន ​និង​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ក្នុង​ការ​លើក​កម្ពស់​ជីវភាព​រស់នៅរបស់​ប្រជា​ពលរដ្ឋ ​និង​គោល​នយោបាយ​កាត់​បន្ថយ​ភាព​ក្រីក្រ ​ពិសេស​ប៉ះពាល់​ដល់​ជនរងគ្រោះ ​ដែល​ត្រូវ​បាន​ក្រុម​ជន​ទាំងនោះ​យក​ទៅ​ប្រើប្រាស់ដើម្បី​ទទួល​បាន​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន ​និង​ក្រុម​របស់​ខ្លួន។​

ក្រសួង​សង្គម​កិច្ច​បាន​ដាក់​ចេញ​វិធាន​ការឲ្យ​អង្គការ​ សមាគម​ ឬ​ក្រុម​ផ្សេងៗ​ដែល​ធ្វើ​សកម្មភាព​រៃ​អង្គាស​ប្រាក់​ក្រោម​រូបភាពទាំងនោះ ​ត្រូវ​បញ្ឈប់​ជា​បន្ទាន់ និង​បាន​អំពាវ​នាវ​ឲ្យអាជ្ញាធរ​ អង្គភាព​ពាក់ព័ន្ធ ​និង​សាធារណជន​ ត្រូវសហការ​ក្នុង​ការ​ទប់​ស្កាត់​ភាព​មិន​ប្រក្រតី​ផ្សេងៗ ​ដោយរាយ​ការណ៍​ទៅ​ក្រសួង​សង្គម​កិច្ច​តាម​រយៈ​លេខ​ទូរស័ព្ទ ០១២ ៥៣៨ ១១៨ ​និង​លេខ​០១២ ៤២៧ ១៦៨ ​និង​លេខ ​០៦៦ ៥១៧​ ៥១៧៕​