ក្រសួង​មហាផ្ទៃ​បញ្ជា​ឱ្យ​ពិនិត្យ​រក​សារធាតុ​ញៀន​លើ​មន្ត្រី​ពន្ធនាគារ​ទាំង​អស់​

រូបឯកសារ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា អមដំណើរនាយករដ្ឋមន្ត្រីកម្ពុជានៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករកម្មការិនី នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៣។

អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​បាន​បញ្ជា​ឱ្យ​មន្ត្រី​ពន្ធនាគារ​ទូទាំង​ប្រទេស​ពិនិត្យ​ទឹក​នោម​រក​សារធាតុ​ញៀន ​ដើម្បី​រឹត​បន្តឹង​បញ្ហា​គ្រឿង​ញៀន​នៅ​កម្ពុជា។ ​នេះ​បើ​តាម​សេចក្តី​ណែនាំ​មួយ​ចុះ​ថ្ងៃ​ទី​ ២៧​ ខែ​កញ្ញា​ ឆ្នាំ​ ២០២៣ ​ដែល​វីអូអេ​ទទួល​បាន។​

សេចក្តី​ណែនាំ​ឱ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី ៤ ​ខែ​កញ្ញា ​ឆ្នាំ​ ២០២៣​ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​លោក ស សុខា ​បាន​ណែនាំ​ឱ្យ​គ្រប់​អង្គភាព​ត្រូវ​រឹត​បន្តឹង​ចំពោះ​បញ្ហា​គ្រឿង​ញៀន ​ដើម្បី​ធានា​ប្រសិទ្ធភាព​ការ​អនុវត្ត​ការងារ​របស់​មន្ត្រី​ពន្ធនាគារ​នៅ​តាម​ មណ្ឌល​កែប្រែ​ និង​ពន្ធនាគារ​រាជ​ធានី​ ខេត្ត ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ និង​ទទួល​បាន​ការ​ជឿ​ទុក​ចិត្ត​ពី​មជ្ឈដ្ឋាន​ទូទៅ។​

សេចក្តី​ណែនាំ​នេះ​បញ្ជាក់​ថា​ អគ្គ​នាយក​ដ្ឋាន​ពន្ធនាគារ​បាន​សម្រេច​ដាក់​ចេញ​នូវ​វិធាន​ការ​ធ្វើ​តេស្ត​រក​សារធាតុ​ញៀន​លើ​មន្ត្រី​ពន្ធនាគារ​ជាទូទៅ​ និង​ជន​ជាប់​ឃុំ​ដែល​មាន​ការ​សង្ស័យ​ប្រើប្រាស់​គ្រឿង​ញៀន។​

ក្នុង​ករណី​រក​ឃើញ​ថា​ មន្ត្រី​ពន្ធនាគារ​មាន​ចេតនា​គេច​វេស​ក្នុង​ការ​មិន​ចូល​រួម​សហការ​ធ្វើ​តេស្ដ ​ឬ​រក​ឃើញ​មាន​សារធាតុ​ញៀន ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​នឹង​គោរព​ស្នើ​សុំ​គោលការណ៍​សម្រេច​ពី​ក្រសួង​មហា​ផ្ទៃ ​ដើម្បី​អនុវត្ត​នូវ​វិធានការ​រដ្ឋបាល​នានា ​និង​វិធានការ​ផ្លូវ​ច្បាប់​ជា​ធរមាន។​ នេះ​បើ​តាម​សេចក្តី​ណែនាំ។​

អ្នក​នាំពាក្យ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​ លោក ​នុត សវនា​ ប្រាប់​វីអូអេ​ថា​ ការ​ធ្វើ​តេស្ត​ត្រួត​ពិនិត្យ​វាយ​តម្លៃ​រក​សារធាតុ​ញៀន​ ឬ​ការ​ប្រើប្រាស់​គ្រឿង​ញៀន​ក្នុង​ចំណោម​មន្ត្រី​ពន្ធនាគារ​ ដើម្បី​បង្ហាញ​អំពី​ភាព​ស្អាត​ស្អំ​របស់​មន្ត្រី​ម្នាក់ៗ​ និង​ដើម្បី​កម្ចាត់​ចោល​បញ្ហា​គ្រឿង​ញៀន។​

លោក​ថ្លែង​ថា៖​ «នៅ​ក្នុង​ជំនួប​ជា​មួយ​ឯក​ឧត្តម​ អភិសន្តិ​បណ្ឌិត ​ឧប​នាយក​រដ្ឋ​មន្ត្រី​លោក​ [ស សុខា]​ បាន​ដាក់​បញ្ជា​យ៉ាង​ម៉ឺង​ម៉ាត់​ឱ្យ​អគ្គ​នាយក​ដ្ឋាន​ពន្ធនាគារ​ពិនិត្យ​មើល​លទ្ធភាព​ក្នុង​ការ​បោស​សម្អាត​ផ្ទៃ​ក្នុង។ ​វា​ផ្តើម​ឡើង​មុន​នឹង​បោស​សម្អាត​គេ​ យើង​បោស​សម្អាត​ខ្លួន​យើង​ជា​មុន​សិន»។​

លោក​បន្ត​ថា៖​ «ទោះបី​មិន​មាន​ព័ត៌មាន​ណា​បញ្ជាក់​ថា​ មន្ត្រី​យើង​ប្រើ​ប្រាស់ ​ប៉ុន្តែ​យើង​មើល​នឹង​ភ្នែក​គឺ​វា​អត់​ដឹង​ទេ។​ អ៊ីចឹង​ការ​បោស​សម្អាត​នេះ​ធ្វើ​ឡើង​យ៉ាង​សុក្រឹត​ ហើយ​មាន​ភាព​ច្បាស់​លាស់​ មាន​បច្ចេក​ទេស​ត្រឹម​ត្រូវ​ ហើយ​ធ្វើ​ដោយ​លក្ខណៈ​យុទ្ធសាស្រ្ត​ ដើម្បី​ស្រាវជ្រាវ​រក​អ្នក​ប្រើ​ប្រាស់​ដែល​ជា​មន្ត្រី»។​

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ​លោក​ អំ សំអាត ​យល់​ឃើញ​ថា​ ចំណាត់​ការ​របស់​ក្រសួង​មហា​ផ្ទៃ​ជា​រឿង​ល្អ​មួយ​ នៅ​ក្នុង​ការ​បង្ក្រា​បញ្ហា​គ្រឿង​ញៀន។​

លោក​ប្រាប់​វីអូអេ​ថា៖​ «អ៊ីចឹង!​ ការណ៍​ដែល​ពិនិត្យ​ទៅ​លើ​ទឹក​នោម​របស់​មន្ត្រី​ បើ​យើង​និយាយ​អំពី​សិទ្ធិ​វា​ជា​រឿង​មួយ​ដែល​ប៉ះ​ពាល់​សម្រាប់​សិទ្ធិ​របស់​ពួក​គាត់។ ក៏​ប៉ុន្តែ​ដើម្បី​ធានា​ថា​ មន្ត្រី​ទាំង​អស់​មិន​ពាក់​ព័ន្ធ​ជា​មួយ​នឹង​គ្រឿង​ញៀន ​ហើយ​ចាប់​ផ្តើម​ពី​មន្ត្រី​ទៅ អាហ្នឹង​គឺ​ជា​យន្តការ​របស់​ក្រសួង​មហា​ផ្ទៃ​ នៅ​ក្នុង​ការ​ចង់​លុប​បំបាត់​នៃ​បញ្ហា​គ្រឿង​ញៀន​ឬ​ក៏​ការ​បង្ក្រាប​គ្រឿង​ញៀន»។​

បើ​តាម​លោក​ អំ សំអាត ​កន្លង​មក ​ក៏​ធ្លាប់​មាន​ករណី​ជួញ​ដូរ​ចែក​ចាយ​ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​នៅ​ក្នុង​ពន្ធនាគារ​ផង​ដែរ។​

លោក​បញ្ជាក់​ថា៖​ «កន្លង​មក​យើង​ក៏​ឃើញ​មាន​ខាង​អគ្គ​នាយក​ដ្ឋាន​ពន្ធនាគារ​ក៏​ដូច​ជា​ ស្ថាប័ន​ពាក់​ព័ន្ធ ​ក៏​មាន​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​ពន្ធនាគារ​មួយ​ចំនួន​ដែល​គេ​សង្ស័យ​ថា​មាន​ការ​ជួញ​ដូរ​ ឬ​ក៏​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​នៅ​ក្នុង​ពន្ធនាគារ។​ អាហ្នឹង​គឺ​ជា​រឿង​មួយ​ដែល​ធ្លាប់​កើត​ឡើង​កន្លង​មក​ដែរ។ ​ប៉ុន្តែ​គ្រាន់​ថា​ ក្រសួង​មហាផ្ទៃ​តែង​តែ​មាន​វិធាន​ការ​ ដើម្បី​ពិនិត្យ​និង​ការ​ឆែក​ឆេរ ​ឬ​ក៏​ចាត់​វិធាន​ការ​ជា​បន្ត​បន្ទាប់​ដែរ​បាទ»។​

គួរ​បញ្ជាក់​ថា​ កាល​ពី​ខែ​សីហា ​លោក ​ហ៊ុន សែន ​អតីត​នាយក​រដ្ឋ​មន្ត្រី​ បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​អាណត្តិ​ទី​ ៧ ​ដែល​ដឹកនាំ​ដោយ​លោក ​ហ៊ុន ម៉ាណែត ​កូន​ប្រុស​របស់​លោក ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​បង្ក្រាប​បទ​ល្មើស​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន​ ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​សមត្ថភាព​របស់​រដ្ឋាភិបាល​អាណត្តិ​ថ្មី៕