អ្នក​តំណាង​សមាគម​កម្មករ​រិះគន់​សេចក្តី​ព្រាង​ច្បាប់​សម្រាប់​គ្របគ្រង​សហជីព​នៅ​កម្ពុជា​

​ក្រុម​​សហជីព​​​ចោទប្រកាន់​ថា​សេចក្តី​ព្រាង​ច្បាប់​នេះ​​បាន​គាប​សង្កត់​សកម្មភាព​នានា​របស់​សហជីព​​និង​បម្រើ​ផលប្រយោជន៍​របស់​ក្រុមហ៊ុន។

នៅថ្ងៃ​អង្គារ​នេះ​ លោក​ វង សូត​ រដ្ឋមន្ត្រី​ក្រសួង​ការងារ​ បាន​បដិសេធ​ការ​ចោទប្រកាន់​ទៅ​លើ​សេចក្តី​ព្រាងច្បាប់​សម្រាប់​គ្រប់គ្រង​សហជីព​ដ៏មាន​រឿង​ចម្រូងចម្រាស់​ថ្មី​មួយ​ដែល​លំអៀង​ទៅរក​ភាគី​ក្រុមហ៊ុន​ ខណៈ​ដែល​ក្រុម​មន្ត្រី​សហជីព​បាន​ចោទប្រកាន់​ថា​សេចក្តី​ព្រាង​ច្បាប់​នេះ​ បាន​គាប​សង្កត់​សកម្មភាព​នានា​របស់​សហជីព​ ហើយ​បម្រើ​ផលប្រយោជន៍​របស់​ក្រុមហ៊ុន។

តំណាង​ប្រមាណ​១០០​នាក់​ពី​សហជីព​ ក្រុមហ៊ុម​ អង្គការ​ពលកម្ម​អន្តរជាតិ​ និង​តំណាង​រដ្ឋាភិបាល​បាន​ ចូលរួម​ពិគ្រោះ​យោបល់​ និង​ការផ្តល់​អនុសាសន៍​ចុងក្រោយ​បង្អស់​លើ​សេចក្តី​ព្រាងច្បាប់​សហជីព​នេះ។

លោក​ វង សូត ​រដ្ឋមន្ត្រី​ក្រសួង​ការងារ ​បាន​ថ្លែង​នៅក្នុង​ពិធី​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​ត្រី​ភាគី​លើសេចក្តី​ព្រាងច្បាប់​ស្តីពី​សហជីព​នៅ​សណ្ឋាគារ​ភ្នំពេញ​ថា​ លោក​បាន​លើក​ទឹកចិត្ត​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ឲ្យ​លើកឡើង​នូវ​ការ​ព្រួយបារម្ភ​និង​ពិចារណា​លើ​សេចក្តី​ព្រាងច្បាប់​នេះ​ ដោយ​ឈរ​លើ​គោលការណ៍​ច្បាប់។

«យើង​ស្នើ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ទាំងភាគី​សហជីព ​ទាំង​ភាគី​និយោជក​ តំណាង​អង្គការ​ពលកម្ម​អន្តរជាតិ ​ធ្វើការ​ពិភាក្សា​គ្នា​ឈរលើ​មូលដ្ឋាន​ច្បាប់​ និង​ការ​យោគយល់​គ្នា​ ហើយ​ក្នុងនាម​ក្រសួង​អាណាព្យាបាល​ ក៏​ដូចជា​អ្នក​សម្រប​សម្រួល​ក្នុង​ការងារ​នេះ ​នឹង​មិន​លំអៀង​ទៅរក​ភាគី​ណា​មួយ​ឡើយ។​ ប៉ុន្តែ​ទោះ​យ៉ាងនេះ​ក្តី ​ក៏ច្បាប់​នេះ​ពុំ​អាច​បំពេញ​ចិត្ត​ទៅតាម​អ្វី​ដែល​ភាគី​ពាក់ព័ន្ធ​ស្នើ​ឡើង​បាន​មួយរយ​ភាគរយ​ដែរ»។

លោក ​វង សូត​ បាន​បញ្ជាក់​ថា​ ការ​ពិគ្រោះ​យោបល់​លើក​ទីបី​នេះ​ គឺជា​ការ​ពិគ្រោះ​យោបល់​ចុងក្រោយ​ មុន​ពេល​បញ្ចូន​ទៅ​ទី​ស្តីការ​គណៈរដ្ឋមន្ត្រី​នៅ​ដំណាច់​ឆ្នាំ២០១១។

លោក​រ៉ុង ឈុន ​ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា​ បាន​ថ្លែង​ថា​ សហជីព​មាន​ការ​ព្រួយបារម្ភ​អំពី​សេចក្តី​ព្រាងច្បាប់​នេះ ​រួមមាន​ការ​រឹតបន្តឹង​សហជីព​ ការ​រំលាយ​សហជីព​ ការ​ដាក់​ទណ្ឌកម្ម​សហជីព ​និង​មាត្រា​មួយ​ចំនួន​ដែល​តម្រូវ​ឱ្យ​សហជីព​បំពេញ​លក្ខណៈសម្បត្តិ។

«សេចក្តី​ព្រាងច្បាប់​ស្តី​ពី​សហជីព​នេះ ​យើង​មើល​ឃើញ​ចំណុច​ចាប់​ពី​មាត្រា​មួយ​រហូត​ដល់​មាត្រា​កៅសិប​មួយ​ មាន​ចំណុច​ជាច្រើន​ដែល​បាន​រឹតបន្តឹង​ទៅដល់​សិទ្ធិ​ និង​សេរីភាព​របស់​សហជីព»។

លោក​ អាត់ ធន់ ​ប្រធាន​សម្ព័ន្ធ​សហជីព​ស៊ីខៅឌូ ​បាន​ថ្លែង​ថា​ច្បាប់​នេះ​ដាក់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពី​មួយ​ថ្ងៃ​ ដល់​បី​ឆ្នាំ​ ចំពោះ​ការ​ធ្វើ​ការងារសហជីព​ និង​ពិន័យ​ជា​ប្រាក់​ពី​មួយ​ម៉ឺន​រៀល​ដល់​១០​លាន​រៀល​ ហើយ​ សហជីព​ដែល​ហ៊ាន​តស៊ូ​ការពារ​សិទ្ធិ​កម្មករ​នឹង​លែង​មាន​វត្តមាន​នៅ​កម្ពុជា​ទៀត​ហើយ។

«មាត្រា​១៦​ មាត្រា​១៧​ មាត្រា​១៨ ​មាត្រា​១៩ ​មាត្រា​២០ ​យើង​ស្នើសុំ​ឱ្យ​លុបចោល ​ដោយសារ​មាត្រា​ទាំងនេះ​ តម្រូវ​ឱ្យ​យើង​រៀបចំ​ធ្វើ​របាយការណ៍​ជា​ប្រចាំ​ ទាំង​របាយការណ៍​ហិរញ្ញវត្ថុ​និង​របាយការណ៍​សកម្មភាព​ ដាក់​ទៅ​ក្រសួង​ការងារ​ ហើយ​បើ​មិនបាន​ដាក់​ទេ​ ក្រសួង​ការងារ​អាច​ព្យួរ​ និង​បិទ​ចោល​សហជីព​នោះ​ ហើយ​តុលាការ​អាច​បិទ​ចោល​សហជីព​នោះ​ដែរ​ ហើយ​មាត្រា​២៣​ ចែង​ថា​ជន​ទី​បី​ ឬ​ តតីជន​ បាន​ន័យ​ថា​ នរណា​ក៏ដោយ​ និយោជក​ក៏បាន​ដែរ ​អាច​មាន​សិទ្ធិ​ស្នើសុំ​លុបចោល​សហជីព​ ឬ ​ប្តឹង​ថ្នាក់​ដឹកនាំ​សហជីព​បាន»។

លោកស្រី​ សាន់ដ្រា​ ដាមីកូ​ តំណាង​និយោជក​ បាន​ថ្លែង​នៅ​ក្នុង​ការ​បើក​សិក្ខាសាលា​នេះ​ថា​ ភាគី​និយោជក​បាន​រកឃើញ​ថា​សេចក្តី​ព្រាងច្បាប់​ថ្មី​នេះ​ ដោះស្រាយ​ការប្រឈម​មួយ​ចំនួន​យ៉ាងល្អ​ ដែល​យើង​បាន​ផ្តល់​ដំបូល​មាន​ឱ្យ​មាន​ការ​ពិគ្រោះ​យោបល់​ ហើយ​យើង​ព្យាយាម​ដោះស្រាយ​បញ្ហា​កង្វល់​មួយ​ចំនួន។

«ភាគី​និយោជក​ស្វាគមន៍​ចលនា​សហជីព​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​មាន​សុខភាព​ តំណាង​ និង​ការ​ពង្រឹង»។

លោក​ ប៊ិល សលទ័រ​ (Bill Salter) ​តំណាង​អង្គការ​ពលកម្ម​អន្តរជាតិ ​បាន​ថ្លែង​នៅ​ក្នុង​ការ​បើក​សិក្ខាសាលា​នេះ​ដោយ​ផ្ទាល់​ថា​ យើង​សង្ឃឹម​ថា​រាជរដ្ឋាភិបាល​កម្ពុជា​ពិចារណា​អត្ថន័យ​ចំពោះ​ផល​ប៉ះពាល់​ដោយ​សេចក្តី​ព្រាង​ច្បាប់​នេះ។

លោក ​វង សូត​ រដ្ឋមន្ត្រី​ក្រសួង​ការងារ​ បាន​ថ្លែង​ថា​ក្រសួង​ការងារ ​និង​ស្ថាប័ន​ជំនាញ​របស់​រាជរដ្ឋាភិបាល​ នឹង​ពិនិត្យ​ពិចារណា​បន្ថែម​លើ​សេចក្តី​ព្រាងច្បាប់​នេះ​ សំដៅ​ធ្វើ​យ៉ាងណា​ឱ្យមាន​សុខដុមនីយកម្ម​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ​ និង​ស្រប​តាម​ស្ថានភាព​ជាក់ស្តែង​របស់​កម្ពុជា៕