ក្រសួង​មហាផ្ទៃ​ទទួល​យក​សំណើ​កែប្រែច្បាប់​ពីអង្គការ​សង្គម​ស៊ីវិល

ក្រសួង​មហាផ្ទៃ​បាន​យល់ព្រម​ផ្លាស់ប្តូរ​ការតម្រូវ​ឱ្យ​មាន​សមាជិក​ស្ថាបនិក​ពី​ចំនួន២១ នាក់​ចុះ​មក​នៅត្រឹម​ចំនួន​១១នាក់​វិញ​ និង​ថ្នាក់ដឹកនាំ​ពី​ចំនួន៧នាក់​ចុះ​មក​នៅត្រឹម​៥នាក់​វិញ​សម្រាប់​លក្ខខណ្ឌ​នៃ​ការបង្កើត​សមាគម។

ភ្នំពេញ៖ រដ្ឋាភិបាល​បាន​ទទួល​យក​អនុសាសន៍​ភាគច្រើន​របស់​អង្គការ​សង្គមស៊ីវិល​សម្រាប់​ដាក់​បញ្ចូល​នៅក្នុង​សេចក្តី​ព្រាងច្បាប់​សមាគម ​និង​ អង្គការ​មិនមែន​រដ្ឋាភិបាល។ អង្គការ​មិនមែន​រដ្ឋាភិបាល​បាន​ព្រួយបារម្ភ​អំពី​ការគំរាម​កំហែង​ដល់​សិទ្ធិ​សេរីភាព​របស់​ពួកគេ​នៅក្នុង​ប្រតិបត្តិការ​នៅកម្ពុជា។ ប៉ុន្តែ ឥឡូវនេះ អង្គការ​សង្គមស៊ីវិល​បាន​ហៅ​ការទទួល​យក​ការទាមទារ​របស់​ពួកគេ​ថា​ជា​ជំហាន​ល្អ​ឆ្ពោះ​ទៅមុខ​និង​បង្ហាញ​ពី​សុឆន្ទៈ​ទាំង​រដ្ឋាភិបាល​និង​ទាំង​អង្គការ​មិនមែន​រដ្ឋាភិបាល។

អនុសាសន៍​ទាំងនោះ​រួមមាន​ការទាមទារ​ឱ្យ​មាន​ការកែប្រែ​មាត្រា​ចំនួន​២១​នៅក្នុង​ច្បាប់​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដើម្បី​បញ្ចៀស​ផលអវិជ្ជមាន​ដល់​ការអភិវឌ្ឍ​កម្ពុជា។

អង្គការ​មិនមែន​រដ្ឋាភិបាល​បាន​ព្រួយបារម្ភ​អំពី​ការគំរាមគំហែង​ដល់​សកម្មភាព​ការងារ ​ការរឹតបន្តឹង​សេរី ភាព ​និង​សិទ្ធិ​បុគ្គល​ និង​លក្ខខណ្ឌ​មួយ​ចំនួន​ទៀត​ ខណៈ​ដែល​អង្គការ​សង្គមស៊ីវិល​មិន​ធ្វើ​តាម​ការណែ នាំ​របស់​រដ្ឋាភិបាល​នោះ។

លោក​នុត សាអាន​ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​បាន​ជួប​ពិភាក្សា​ជាមួយ​តំណាង​អង្គការ​មិនមែន​រដ្ឋា ភិបាល​ កាលពី​សប្តាហ៍​មុន​ដើម្បី​បញ្ជាក់​ពីការទទួល​យក​អនុសាសន៍​របស់​អង្គការ​សង្គមស៊ីវិល​សម្រាប់​ដាក់​បញ្ចូល​នៅក្នុង​សេចក្តី​ព្រាងច្បាប់។

លោក​ស៊ិន សុមុន្នី ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ Medicam ​បាន​បញ្ជាក់ថា​ក្រសួង​មហាផ្ទៃ​យល់ព្រម​មិន រាប់បញ្ចូល​អង្គការ​ឬ​ក្រុម​សហគមន៍​តូចៗ​នៅតាម​តំបន់​ជនបទ​នៅក្នុង​ច្បាប់​សមាគម​និង​អង្គការ​មិន មែន​រដ្ឋាភិបាលនេះ​ទេ។

លោក​ស៊ិន សុមុន្នី ​បាន​បន្ថែមថា​ក្រសួង​មហាផ្ទៃ​បាន​យល់ព្រម​ផ្លាស់ប្តូរ​ការតម្រូវ​ឱ្យ​មាន​សមាជិក​ស្ថាបនិក​ពី​ចំនួន២១ នាក់​ចុះ​មក​នៅត្រឹម​ចំនួន​១១នាក់​វិញ​ និង​ថ្នាក់ដឹកនាំ​ពី​ចំនួន៧នាក់​ចុះ​មក​នៅត្រឹម​៥នាក់​វិញ​សម្រាប់​លក្ខខណ្ឌ​នៃ​ការបង្កើត​សមាគម។

លោក​ស៊ិន សុមុន្នី ​បាន​បន្តថា​អង្គការ​មិនមែន​រដ្ឋាភិបាល​មិនចាំបាច់​រាយការណ៍​ទៅ​ក្រសួង​មហាផ្ទៃ​អំពី​ការផ្លាស់ប្តូរ​ឬ​បណ្តេញ​បុគ្គលិក​ទេ​លើកលែង​តែ​ការផ្លាស់ប្តូរ​ប្រធាន​អង្គការ​ហើយ​បាន​យល់​ព្រម​ឱ្យ​អង្គការ​សង្គមស៊ីវិល​ផ្ញើរ​បាយការណ៍​ប្រចាំ​ឆ្នាំ​ទៅ​ក្រសួង​មហាផ្ទៃ​រហូតដល់​ចុងខែ​មិនានៃ​ឆ្នាំ។

លោក​ស៊ិន សុមុន្នី​ បាន​បន្ថែម​ថា​ក្រសួង​មហាផ្ទៃ​បាន​យល់ព្រម​ឱ្យ​អាជ្ញាធរ​សវនកម្ម​ជាតិ​អាច​ធ្វើ​សវន កម្ម​លើ​អង្គការ​មិនមែន​រដ្ឋាភិបាល​បាន​នៅពេល​ដែល​អង្គការ​នោះ​មានភាព​មិន​ប្រក្រតី។

លោក​ស៊ិន សុមុន្នី ​បាន​ថ្លែងថា​នៅ​មានភាពមិនច្បាស់​លាស់​ចំពោះ​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក​ថា​មិនអាច​ចង​សម្ព័ន្ធ​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស។

«បើ​សេចក្តី​ព្រាងច្បាប់​នេះ​សម្រេច​បែបនេះ​មែន​មាន​ការប៉ះពាល់​ដល់​ការអភិវឌ្ឍ​ដោយ​ផ្ទាល់។ អង្គការ អន្តរជាតិ​ជួយ​អង្គការ​ក្នុង​ស្រុក​ច្រើន​ទាំង​ថវិកា​ ការកសាង​សមត្ថភាព​ និង​ធនធាន​មនុស្ស​ផ្លាស់ប្តូរ​នូវ បច្ចេកទេស​ជាមួយ​គ្នា ​ជួយ​ត្រួតពិនិត្យ​តាមដាន​អំពី​ការអនុវត្ត​សកម្មភាព​ ដើម្បី​ឱ្យ​មាន​ប្រសិទ្ធភាព​ក្នុង ការចំណាយ​ថវិកា​សម្រាប់​ចូលរួម​ការអភិវឌ្ឍ​ជាដើម»។

ក្នុងន័យនេះ​ អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ និង​អន្តរជាតិ​ទាំងអស់​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ អំពី​ផលវិបាក​ដែល​អាចនឹង​កើត​មានឡើង​ នៅពេល​ដែល​ច្បាប់នេះ​ត្រូវបាន​អនុម័ត​ និង​ចូល​ជាធរមាន​ ប្រសិន​បើគ្មាន​ការកែប្រែ​នោះទេ។

លោក​ឈិត សំអាត ​នាយកប្រតិបត្តិ​នៃ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​បាន​ថ្លែងថា​ អង្គការ​សង្គម​ស៊ីវិល​ត្រូវការ​ចងសម្ព័ន្ធភាពរ​វាង​អង្គការ​បរទេស​និង​អង្គការ​ក្នុង​ស្រុក​ដើម្បី​ធានា​ថា​អង្គការ​សង្គម​ស៊ីវិល​និយាយ​នៅក្នុង​សំឡេង​តែមួយ​សម្រាប់​បង្កភាព​ងាយ​ស្រួល​ដល់​រដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍ។

«បើសិន​ជា​មិនមាន​ការកែប្រែ ​វា​ជាកង្វល់​មួយដែរ។ អញ្ចឹងទេ​ យើង​ទាមទារ​ឱ្យ​មាន​និយម​ន័យ​នៃ សម្ព័ន្ធ​អង្គការក្នុងស្រុក និង​អង្គការ​អន្តរជាតិ​ឱ្យ​បាន​ច្បាស់លាស់​ ដើម្បី​ឱ្យ​មាន​លទ្ធភាព​ក្នុងការ​បន្ត​ធ្វើ ការ​តទៅ​មុខ​ទៀត ​ដើម្បី​ជួយ​ប្រទេស​ជាតិយើង ​និង​ជួយ​រដ្ឋាភិបាល»។

លោក​នុត សាអាន​ រដ្ឋលេខា​ធិការ​ក្រសួង​មហាផ្ទៃ ​បាន​ថ្លែងថា​ក្រសួង​មហាផ្ទៃ ​និង​ក្រសួង​ការបរទេស​ នឹង​ធ្វើការ​ពិភាក្សា​គ្នា​លើ​បញ្ហានេះ​បន្ថែម​ទៀត។

លោក​ស៊ិន សុមុន្នី ​នាយក​ប្រតិបត្តិ​នៃ​អង្គការ ​Medicam ​បានបញ្ជាក់​ថា​អង្គការ​មិនមែន​រដ្ឋាភិបាល​បាន កោត​សរសើរ​រដ្ឋាភិបាល ​ចំពោះ​ការអនុញ្ញាត​ឱ្យ​អង្គការ​មិនមែន​រដ្ឋាភិបាល​ពិភាក្សា​ក្នុង​កម្រិត​បច្ចេក ទេស​ និង​ផ្តល់​អនុសាសន៍​ទៅលើ​ចំណុច​សំខាន់ៗ​របស់​សេចក្តី​ព្រាង​ច្បាប់។

«ខ្ញុំ​ថា​វាជា​ជំហាន​ល្អ​ឆ្ពោះទៅ​មុខ ​ដោយ​សារគាត់​ (រដ្ឋាភិបាល) ទទួល​យក​នូវ​អនុសាសន៍​របស់​អង្គការ មិនមែន​រដ្ឋាភិបាល ​ហើយ​ដែល​បង្ហាញ​ពី​សុឆន្ទៈ​ទាំង​រដ្ឋាភិបាល ​និង​ទាំងអង្គការ​មិនមែន​រដ្ឋាភិបាល។ អញ្ចឹង​ យើង​សង្ឃឹម​ថា​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិនមែ​នរដ្ឋាភិបាល​ទីពីរ​នឹង​ឆ្លុះ បញ្ចាំង​ចេញ​អំពី​អ្វី​ដែល​តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាមួយ​នឹង​តំណាង​របស់​រាជរដ្ឋាភិបាល​ ដែលបាន​ជជែក​គ្នានោះ»។

រដ្ឋាភិបាល​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​បាន​ពិភាក្សា​សេចក្តី​ព្រាងច្បាប់​សមាគម ​និង​អង្គការ​មិនមែន​ រដ្ឋាភិបាល​យ៉ាងតឹង​តែង​កាលពី​ថ្ងៃទី១០​ ខែមករា​កន្លងមក៕