កសិករខ្មែរមានកិច្ចសន្យាថ្មីមួយអំពីផលិតផលកសិកម្មដើម្បីធានាដល់ការផលិត តម្លៃនិងទីផ្សារសម្រាប់លក់ផលិតផលកសិកម្មដែលគោលនយោបាយរបស់រាជរដ្ឋាភិបាលគ្រោងនឹងនាំចេញអង្ករឱ្យបានមួយលានតោននៅក្នុងឆ្នាំ២០១៥។ អនុក្រឹត្យស្តីពីផលិតផលកសិកម្មតាមកិច្ចសន្យាថ្មីនេះសំដៅបង្កើនការផលិត ការកែច្នៃ និងការនាំចេញផលិតផលកសិកម្ម ដើម្បីចូលរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ចជាតិនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាល។
គណៈរដ្ឋមន្ត្រីបានអនុម័តអនុក្រឹត្យស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យាដ៏មានសារៈសំខាន់ថ្មីមួយសំដៅជួយកសិករស្វែងរកដៃគូវិនិយោគ និងទីផ្សារសម្រាប់លក់ផលិតផលកសិកម្មរបស់កសិករ។
អនុក្រឹត្យនេះត្រូវបានអនុម័តកាលពីថ្ងៃសុក្រដើម្បីផ្តល់តួនាទីដ៏សំខាន់ដល់ក្រសួងកសិកម្មសម្រាប់ ផលិតកម្មកសិកម្មតាមកិច្ចសន្យានេះ។
គណៈរដ្ឋមន្ត្រីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា អនុក្រឹត្យស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យានេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់កសិករជាអ្នកផលិតដែលមានភាពទន់ខ្សោយផ្នែកបច្ចេកទេស ដើមទុន និងទីផ្សារ ហើយក្រុមហ៊ុនឯកជនមានលទ្ធភាពធនធានថវិកា និងបច្ចេកទេស ប៉ុន្តែត្រូវការធនធានមូលដ្ឋាននៃផលិតកម្ម ដូចជាដីធ្លី និងពលករ សំដៅធានាបាននូវតម្លៃ ការប្រមូលទិញ និងការផ្គត់ផ្គង់ផលិតផលកសិកម្ម ទាំងបរិមាណ និងគុណភាព។
សេចក្តីថ្លែងការណ៍បានបន្ថែមថា អនុក្រឹត្យនេះសំដៅបង្កើនការផលិត ការកែច្នៃ និងការនាំចេញ ផលិតផលកសិកម្ម ដើម្បីចូលរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាល។
សេចក្តីថ្លែងការណ៍បានបន្តថា អនុក្រឹត្យនេះមានវិសាលភាពអនុវត្តលើអាជីវកម្មផលិតកម្មកសិកម្ម តាមកិច្ចសន្យាគ្រប់ប្រភេទនៅក្នុងប្រទេសកម្ពុជា។
លោកម៉ៅ សុភារ៉េត ប្រធាននាយកដ្ឋានកសិឧស្សាហកម្មនៃក្រសួងកសិកម្ម បានថ្លែងថា អនុក្រឹត្យនេះធ្វើឱ្យមានទំនាក់ទំនងដោយផ្ទាល់រវាងអ្នកទិញ និងកសិករក្នុងការចុះហត្ថលេខាលើកិច្ចសន្យា និងលុបបំបាត់ឈ្មួញកណ្តាល និងនាំយកអ្នកវិនិយោគទៅជួបកសិករ ឬសមាគមកសិករដោយផ្ទាល់។
កសិករតែងតែរអ៊ូរទាំអំពីតម្លៃថោកចំពោះផលិតផលកសិកម្មរបស់ពួកគេ ខណៈដែលឈ្មួញកណ្តាលទទួលបានតម្លៃទីផ្សារយ៉ាងល្អប្រសើរ។ ប៉ុន្តែដោយគ្មានយន្តការដើម្បីជួយកសិករ វាអាចជាការពិបាកសម្រាប់កសិករស្វែងរកទីផ្សារសម្រាប់លក់ផលិតផលកសិកម្មរបស់ខ្លួនឱ្យបានតម្លៃថ្លៃ។ ប្រទេសកម្ពុជាគ្រោងនឹងនាំចេញអង្ករឱ្យបានមួយលានតោននៅឆ្នាំ២០១៥។
លោកនូវ សីហា អ្នកសេដ្ឋកិច្ចប្រចាំនៅវិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជា បានថ្លែងថា ផលិតកម្មកសិកម្មតាមកិច្ចសន្យានេះគឺជាគោលដៅគ្រឹះនៃការជំរុញកំណើនផលិតផលកសិកម្មរបស់កសិករ។ ប៉ុន្តែក្រុមអ្នកសេដ្ឋកិច្ចព្រួយបារម្ភអំពីតម្លៃស្រូវឡើងចុះ និងការស្តុកទុកស្រូវបានតិចដោយកសិករនៅពេលដែលពួកគាត់ប្រមូលផលិតផលកសិកម្មរបស់ពួកគាត់។
លោកនូវ សីហាបានបន្ថែមថា ពួកឈ្មួញថៃ និងវៀតណាម ដែលអត់មានផលិតកម្មកសិកម្មតាមកិច្ច សន្យា បានដើរទិញស្រូវនៅតាមផ្ទះរបស់ប្រជាពលរដ្ឋដោយឲ្យតម្លៃខ្ពស់ជាងតម្លៃផលិតកម្មកសិកម្មតាមកិច្ចសន្យា។
«ឈ្មួញវៀតណាម និងថៃដែលអត់មានផលិតកម្មកសិកម្មតាមកិច្ចសន្យា បានដើរទៅដល់ផ្ទះកសិករ ឱ្យថ្លៃស្រូវខ្ពស់ជាងអ្វីដែលមាននៅក្នុងផលិតកម្មកសិកម្មតាមកិច្ចសន្យានេះ។ កសិករមួយចំនួនបាន លក់ផលិតផលស្រូវរបស់គាត់ទៅឱ្យឈ្មួញវៀតណាម និងថៃ។ ផលិតកម្មកសិកម្មតាមកិច្ចសន្យាអត់ ដើរទេ ក្នុងរយៈពេលមុនៗ។ តាមខ្ញុំដឹងមានការប្រកួតប្រជែងមែនទែនទាក់ទងនឹងតម្លៃផលិតផលរបស់គាត់»។
លោកយ៉ង់ សាំងកុមារ ប្រធានមជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្ម បានថ្លែងថា អនុក្រឹត្យនេះ បានផ្តល់ផលប្រយោជន៍ដ៏ល្អសម្រាប់កសិករ និងអ្នកទិញ ដោយផ្អែកទៅលើកិច្ចសន្យា។
លោកយ៉ង់ សាំងកុមារបានបញ្ជាក់ថា កសិករមានកិច្ចសន្យាច្បាស់លាស់អំពីទីផ្សារ អំពីបរិមាណគុណភាពនិងអំពីស្តង់ដារ ជាមួយអ្នកទិញ។ ក្រុមហ៊ុនមានការបញ្ជាក់សម្រាប់ការទិញផលិតផលរបស់កសិករ ស្របតាមគុណភាព បរិមាណ និងស្តង់ដារ៕