សកម្មជន​ដោះមីន​ខ្មែរ​​ម្នាក់​​បាន​ទទួល​ស្វាគមន៍​​ពី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក

គេហទំព័រ​របស់​អង្គការ​ដោះ​មីន​ Cambodian Self-Help Demining ផ្សាយ​ពី​ការ​ក្លាយ​ជា​ជ័យលាភី​របស់​លោក​អាគី​ រ៉ា។

ក្រសួង​ការបរទេស​សរអា​បាន​សំដែង​ការ​គោរព​កោត​សរសើរ​ ចំពោះ​សកម្មជន​ ដោះ​មីន​កម្ពុជា​ប្រកប​ដោយ​មនុស្សធម៏​ម្នាក់​ ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ជន​ឆ្នើម​សម្រាប់​ បណ្តាញ​ផ្សាយ​ពត៏មាន​ទូរទស្សន៏​ CNN។

លោក​ អាគី​ រ៉ា​ អាយុ​៤០​ឆ្នាំ​ជា​អតីតៈ​កងទ័ព​ខ្មែរ​ក្រហម​និង​ស្ថាបនិក​នៃ​អង្កការ​ដោះ​មីន​កម្ពុជា​ត្រូវ​បាន​ជ្រើស​រើស​ជា​ជន​ឆ្នើម​ម្នាក់​ ក្នុង​ចំណោម​ជន​ឆ្នើម​ទាំង​ ១០រូប​ប្រចាំ​ឆ្នាំ​២០១០​របស់​ទូរទស្សន៏​ពិភពលោក​CNN​ ក្រោយ​ពេល​ដែល​លោក​អាគី រ៉ា​បាន​ព្យាយាម​ក្នុង​កិច្ចការ​របស់​ លោក​ ដើម្បី​ដោះ​មីន​និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ក្នុង​ប្រទេស​កម្ពុជា​តាំង​ពី​ឆ្នាំ​២០០៨ មក​ ដើម្បី​ផ្តល់​សុវត្ថិភាព​ជូន​ដល់​ពលរដ្ឋ។​ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៏​ដែល ​VOA​ ទទួល​បាន​ថ្ងៃ​នេះ​ ក្រសួង​ការបរទេស​សរអា​បាន​និយាយ​ថា​ ក្រសួង​ការបរទេស​សរអា​សូម​កោរព​សរសើរ​ដល់​លោក​ អាគី រ៉ា​ស្ថាបនិក​អង្គការ​ដោះមីន​កម្ពុជា​ ចំពោះ​ការ​ដែល​ត្រូវ​ជ្រើស​រើស​ឱ្យក្លាយ​ជា​ជន​ឆ្នើម​ម្នាក់​ក្នុង​ចំណោម​ជន​ឆ្នើម​១០នាក់​ប្រចាំ​ឆ្នាំ​២០១០។​ លោក​ Bill Morse​ ជា​នាយក​គម្រោង​អន្តរជាតិ​នៃ​អង្គការ​ដោះ​មីន​កម្ពុជា​ គឺ​ជា​អ្នក​ឧទ្ទេសនាម​លោក​ អាគី រ៉ា​ ឱ្យ​បាន​ចូល​ក្នុង​ការ​ប្រកួត​ប្រជែង​យក​ចំណាត់​ថ្នាក់​ជា​ជន​ឆ្នើម​ក្នុង​បណ្តាញ​ផ្សាយ​ទូរទស្សន៏​CNN​ ជា​មួយ​និង​អ្នក​ប្រកួត​ប្រជែង​ជា​ច្រើន​ទៀត​ មក​ពី​បណ្តារ​ប្រទេស​នានា​។​ លោក​ Morse បាន​អះអាង​ពី​ក្តី​រីក​រាយ​របស់​លោក​ ចំពោះ​ការ​ទទួល​ស្គាល់​កិច្ចការ​របស់​ក្រុម​ដោះ​មីន​ និង​ការ​ធ្វើ​ឱ្យ​មាន​សុវត្ថិភាព​សំរាប់​ពលរដ្ឋ​កម្ពុជា។

«នៅ​ពេល​យើង​បាន​ឮ​អំពី​ការ​ទទួល​ស្គាល់​របស់​ក្រសួង​ការ​បរទេស​ចំពោះ​ អាគី រ៉ា​ នៅ​ថ្ងៃ​អង្គារ​នេះ​ យើង​សប្បាយ​រីក​រាយ​ណាស់។​ ក្រសួង​ការ​បរទេសសរអា​បាន​ជួយ​ផ្តល់​ថវិកា​គាំទ្រ​កិច្ចការ​របស់​អង្គការ​ដោះ​មីន​កម្ពុជា​តាម​រយៈ​អង្គការ​មនុស្សធម៍​អាមេរិកាំង​ហៅ​ថា​ Demining ​Relief ​Fund ​ រយៈ​ពេល​ពីរ​ឆ្នាំ​មក​ហើយ»។

លោក ​Morse បាន​ថ្លែង​ថា​ អង្គការ​ដោះ​មីន​កម្ពុជា​បាន​ធ្វើ​ការ​ដោះ​មីន​នៅ​ក្នុង​តំបន់​មួយ​ចំនួន​នៅ​ឯ​ភាគ​ពាយព្យ​នៃ​ប្រទេស។​ លោក​ថ្លែង​ថា​ នៅ​ឆ្នាំ​ទីមួយ​អង្គការ​លោក​បាន​បោស​សំអាត​ផ្ទៃ​ដី​មាន​គ្រាប់​មីន​បង្កប់​ដី​បាន​ជាង​១៦ម៉ឺន​ម៉ែត្រ​ក្រឡា​ ហើយ​ក្រុម​របស់​លោក​ចំណាយ​តែ​ប្រាក់​ជាង​ ៤ពាន់​ ៣រយ​ដុល្លារ​ក្នុង​មួយ​ខែៗ។ ​លោក ​Morse ​បាន​អះអាង​ដែរ​ថា​ គោល​ដៅ​របស់​អង្គការ​លោក​គឺ​ត្រូវ​បង្កើត​ក្រុម​ទី២ ​បំពាក់​ប្រដាប់​ប្រដារ​ដោះ​មីន​ រថយន្ត​ និង​សម្ភារៈ​ផ្សេង​ទៀត​សំរាប់​ប្រតិបត្តិការ។

នៅ​ក្នុង​សេចក្តី​ប្រកាស់​ពត៌មាន​ដដែល ​ក្រសួង​ការបរទេសបាន​និយាយ​ឱ្យដឹង​ថា​ ទឹក​ប្រាក់​១០ម៉ឺន​ដុល្លា​ត្រូវ​ផ្តល់​ជូន​អង្គកា​ Demining​ Relief ​Fund ​កាល​ពី​ឆ្នាំ​២០០៩និង​ឆ្នាំ​២០១០​ គាំទ្រ​ដល់​ក្រុម​ដោះ​មីន​របស់​អាគី រ៉ា​នៅ​ទី​ជន​បទ។​ សេចក្តី​ប្រកាស​ពត៌មាន​ដដែល​បាន​និយាយ​ដែរ​ថា​ សរអា​ជា​ប្រទេស​នាំមុខ​គេ​ក្នុង​ការ​ផ្តល់​ជំនួយ​មនុស្សធម៍​ផ្នែក​សកម្មភាព​ដោះមីន​លើ​ពិភពលោក។​ ដោយ​ឡែក​ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣មក​ សរអា​បាន​ផ្តល់​ជំនួយ​ជា​ទឹក​ប្រាក់​ ៧១​លាន​ដុល្លា​ សម្រាប់​ការ​ដោះមីន​ក្នុង​ប្រទេស​កម្ពុជា។ ​ចំនួន​មនុស្ស​រង​គ្រោះ​ដោយ​សារ​គ្រាប់​មីន​និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ ធ្លាក់​ចុះ​កាល​ពី​ឆ្នាំ​២០០៩​ ដោយ​មាន​តែ​មនុស្ស​ប្រមាណ ​២៤៣​នាក់​ស្លាប់​ បើ​ប្រៀប​ធៀប​ឆ្នាំ​២០០៨ មាន​ ២៧១​នាក់។​ ប្រទេស​កម្ពុជា​មាន​សង្រ្គាម​ស៊ីវិល​រាំរ៉ៃ​រាប់​សិប​ទស្សវត្សរ៍​ដែល​បង្ក​ឱ្យ​មាន​គ្រាប់​មីន​បង្កប់​ដី​និង​គ្រាប់​មិន​ទាន់​ផ្ទុះ​រាប់​លាន​គ្រាប់​នៅ​រាយ​បាយ​ពាស​ពេញ​ប្រទេស​ ជា​ពិសេស​តំបន់​ភាគ​ខាង​ជើង​និង​ភាគ​ពាយព្យ។​ អង្គការ​ដោះ​មីន​ CMAC​ បាន​ឱ្យដឹង​ថា​មក​ទល់​បច្ចុប្បន​នេះ​ កម្ពុជា​បាន​ដោះ​គ្រាប់​មីន ​ជាង​៤៣​ម៉ឺន​គ្រាប់​ ហើយ​រក​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​បាន​ជាង​ ១លាន​៥សែន​ គ្រាប់៕