កងយោធពលខេមរភូមិន្ទ និងកងទ័ពសហរដ្ឋអាមេរិកបានបញ្ចប់លំហាត់ហ្វឹកហ្វឺនជំនាញថែរក្សាសន្តិភាពនៅថ្ងៃសុក្រនេះ ដែលក្រុមមន្ត្រីយោធាកម្ពុជាបានហៅព្រឹត្តិការណ៍នេះថា ជាការផ្តល់ចំណេះដឹង និងបទពិសោធន៍ថ្មីៗដល់កងទ័ពកម្ពុជាពីកងទ័ពសហរដ្ឋអាមេរិក។ លំហាត់សមយុទ្ធឆ្មាំអង្គរឆ្នាំ២០១១ ដែលមានការចូលរួមពីកងទ័ពអាមេរិកប្រមាណ១៤០នាក់ និងកងទ័ពកម្ពុជាចំនួន៣៧៥នាក់ ព្រមទាំងក្រុមគាំទ្រពីប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ម៉ុងហ្គាលី និង អង្គការសហប្រជាជាតិ បានចាប់ផ្តើមកាលពីថ្ងៃទី១៨ដល់ថ្ងៃទី២៧ខែឧសភា។
លោកឧត្តមសេនីយ៍ផ្កាយមាសបួន ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានថ្លែងនៅក្នុងពិធីបិទលំហាត់សមយុទ្ធឆ្មាំអង្គរឆ្នាំ២០១១នេះថា លំហាត់នេះបានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងសហរដ្ឋអាមេរិក និងកម្ពុជា និងបង្ហាញពីការផ្តល់បច្ចេកវិជ្ជា និងបទពិសោធន៍ទាំងឡាយ ដល់កងទ័ពកម្ពុជាសម្រាប់រ៉ាប់រងសកម្មភាពដែលមានផលប៉ះពាល់ដល់សង្គមមនុស្ស ដូចជា សង្គ្រាម អំពើភេរវកម្ម និងគ្រោះធម្មជាតិនានា។ លោកឧត្តមសេនីយ៍ ប៉ុល សារឿន បានបញ្ជាក់ថា លំហាត់ហ្វឹកហ្វឺននេះបានបញ្ជាក់ឱ្យឃើញការរីកចម្រើនថ្មីរបស់កម្ពុជា ដែលសហគមន៍អន្តរជាតិគាំទ្រ និងមានប្រទេសជាច្រើនចូលរួមជាពិសេសសហរដ្ឋអាមេរិក។ លោកឧត្តមសេនីយ៍ ប៉ុល សារឿន បានបន្ថែមថា សកម្មភាពទាំងនេះបានបញ្ជាក់ឱ្យឃើញនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងកម្ពុជាព្រមទាំងការជួយឧបត្ថម្ភរបស់កងទ័ពសហរដ្ឋអាមេរិកជូនដល់កងទ័ពកម្ពុជា។ លោកឧត្តមសេនីយ៍ផ្កាយមាសបួន ប៉ុល សារឿន បានបន្តថា សកម្មភាពទាំងអស់នេះជាសារនយោបាយមួយ ដែលផ្តល់ការលើកទឹកចិត្តយ៉ាងគ្លាវក្លាដល់កងទ័ពកម្ពុជា។
សេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាឲ្យដឹងថា លំហាត់សមយុទ្ធឆ្មាំអង្គរឆ្នាំ២០១១ គឺជាលំហាត់ហ្វឹកហ្វឺនទ្វេភាគីគាំទ្រប្រតិបត្តិការ គាំពារសន្តិភាព ដែលឧបត្ថម្ភរួមគ្នាដោយកងកម្លាំងសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក និងកងយោធពលខេមរភូមិន្ទ ដោយមានបំណងផ្តល់នូវបរិយាកាសមួយសម្រាប់ភាពជាដៃគូរវាងកងទ័ពកម្ពុជា និងកងទ័ពសហរដ្ឋអាមេរិក។
សេចក្តីថ្លែងការណ៍នេះបានបន្ថែមថា លំហាត់នេះរួមមានលំហាត់ស្តីពីប៉ុស្តិ៍បញ្ជាការ ដែលក្នុងនោះបុគ្គលិកយោធាក្នុងកងវរសេនាតូចកម្ពុជា និងអាមេរិកធ្វើកាហ្វឹកហ្វឺនរួមគ្នាលើការធ្វើប្រតិបត្តិការក្នុងបរិយាកាសស្មុគស្មាញក្នុងការថែរក្សាសន្តិភាព ព្រមទាំងការហ្វឹកហ្វឺនការពារកងកម្លាំងមុនពេលនៃការដាក់ពង្រាយកម្លាំង។
លោកឧត្តមសេនីយ៍ត្រី កែន សូសាវឿន នាយករងនៃនាយកដ្ឋានប្រតិបត្តិការសន្តិភាពនៅមជ្ឈមណ្ឌលជាតិសម្រាប់ថែរក្សាសន្តិភាពបានថ្លែងថា កងយោធពលខេមរភូមិន្ទ បានទទួលការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក និងទទួលបានបទពិសោធន៍កាន់តែល្អថែមទៀត ដើម្បីចូលរួមថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ។ លោកថ្លែងថា៖
«នេះគឺជាប្រព័ន្ធមួយថ្មី ដែលអង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិកយកមកចែករំលែកដល់កងយោធពលខេមរភូមិន្ទរបស់យើង។ វាជាមោនភាពណាស់ ដែលយើងបានទទួលនូវចំណេះដឹងថ្មី ហើយចំណេះដឹងថ្មីនេះនឹងប្រែក្លាយទៅជាគ្រាប់ពូជដ៏សំខាន់សម្រាប់យើងបណ្តុះបណ្តាលនាយទាហានរបស់យើង ដើម្បីចូលរួមបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ»។
សេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានបញ្ជាក់ថា គម្រោងសកម្មភាពសំណង់ស៊ីវិលក្នុងអំឡុងពេលនៃលំហាត់សមយុទ្ធរួមមានការសាងសង់អាគារ សាលារៀនថ្មីមួយមានបីបន្ទប់ និងអណ្តូងទឹកថ្មីមួយនៅភូមិតាំង សៀ និងមណ្ឌលសុខភាពដំណាក់ចាន់ក្នុងភូមិត្រពាំងអន្ទង់ ត្រូវបានផ្លាស់ដំបូលថ្មី និងលាបថ្នាំថ្មី ហើយត្រូវបានផ្តល់ប្រព័ន្ធទឹកស្អាត និងថាមពលព្រះអាទិត្យ។
សេចក្តីថ្លែងការណ៍ បានបន្តថា លំហាត់សមយុទ្ធនេះរួមមានការផ្តល់ការពិនិត្យព្យាបាលជម្ងឺទូទៅពីរវគ្គដោយឥតគិតថ្លៃនៅវិទ្យាល័យបាត់ដឹង និងសាលាបឋមសិក្សាត្រែងត្រយឹងក្នុងខេត្តកំពង់ស្ពឺ។ មានអ្នក ជម្ងឺជាង៣.០០០នាក់ បានទទួលការពិនិត្យព្យាបាលជម្ងឺ។
ការធ្វើសមរយុទ្ធនេះ គឺជាការធ្វើសមយុទ្ធឆ្មាំអង្គរឆ្នាំ២០១១ លើកទី២បន្ទាប់ ដែលលើកទី១ត្រូវបានធ្វើឡើងនៅឆ្នាំ២០១០។ សមយុទ្ធនេះគឺជាផ្នែកមួយនៃការផ្តួចផ្តើមគំនិតប្រតិបត្តិការថែរក្សាសន្តិភាពពិភពលោកសំដៅអភិវឌ្ឍន៍សមត្ថភាពនានាផ្នែកថែរក្សាសន្តិភាពរបស់ប្រទេសកំពុងអភិវឌ្ឍន៍៕