ក្រសួងការពារជាតិកម្ពុជាកំពុងរៀបចំដំណើរទស្សនកិច្ចសម្រាប់មន្ត្រីអនុព័ន្ធយោធាបរទេសប្រចាំនៅកម្ពុជាទៅកាន់តំបន់ប្រាសាទព្រះវិហារដើម្បីស្វែងយល់ការណ៍ពិតបន្ទាប់ពីការវាយប្រយុទ្ធគ្នាចុងក្រោយរវាងកងទ័ពកម្ពុជានិងកងទ័ពថៃកាលពីដើមខែមុនដែលបានស្លាប់មនុស្សយ៉ាងតិច១០នាក់និងជនភៀសសឹកច្រើនរាប់ពាន់គ្រួសារនៃប្រទេសទាំងពីរ។
មន្ត្រីយោធាផ្លូវការកម្ពុជាបាននិយាយនៅថ្ងៃពុធនេះថាមន្ត្រីអនុព័ន្ធយោធាអមស្ថានទូតបរទេសចំនួន១៩រូបប្រចាំនៅទីក្រុងភ្នំពេញនឹងបានឃើញការខូចខាតប្រាង្គប្រាសាទព្រះវិហារដែលកងទ័ពថៃបានបាញ់គ្រាប់កាំភ្លើងផ្លោងដាក់នៅក្នុងការវាយប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅតំបន់ជម្លោះព្រំដែនក្បែរប្រាសាទព្រះវិហារកាលពីខែមុន។ ផ្នែកខ្លះនៃប្រាសាទព្រះវិហារ ត្រូវបានបាក់បែកដោយ ការបាញ់គ្រាប់កាំភ្លើងផ្លោងរបស់កងទ័ពថៃ។ ដោយសារការបាញ់ផ្លោងនេះ ប្រទេសកម្ពុជាបានសរសេរលិខិតទៅប្តឹងអង្គការ UNESCO ដើម្បីថ្កោលទោសចំពោះការបង្កឱ្យខូចខាតប្រាង្គប្រាសាទព្រះវិហារដោយគ្រាប់កាំភ្លើងធំរបស់កងទ័ពថៃ។
លោក កាស៊ីត ភីរម្យ រដ្ឋមន្ត្រីការបទេសថៃបានឆ្លើយបដិសេធដោយសរសេរលិខិតទៅអង្គការសហប្រជាជាតិចោទប្រកាន់ថាប្រទេសកម្ពុជាបានយកតំបន់នោះធ្វើជាទីតាំងទ័ពដែលបានធ្វើឱ្យប្រាសាទទទួលរងការខូចខាត។
លោកឧត្តមសេនីយ៍ឯកឈុំ សុជាតិ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងប្រាប់វីអូអេថា ក្រសួងការពារជាតិនឹងដឹកនាំគណៈប្រតិភូមន្ត្រីអនុព័ន្ធយោធាអមស្ថានទូតបរទេសចំនួន១៩នាក់ប្រចាំនៅកម្ពុជា មកពីប្រទេសចំនួន១៣ទៅទស្សនាស្ថានភាពជាក់ស្តែងនិងស្វែងយល់ការណ៍ពិតនៅតំបន់ប្រាសាទព្រះវិហារចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៤ ខែមិនានេះ។
មន្ត្រីអនុព័ន្ធយោធាទាំងនេះរួមមានសហរដ្ឋអាមេរិក បារាំង រុស្ស៊ី ចិន ជប៉ុន កាណាដា និងសឹង្ហបូរីជាដើម។
លោកឧត្តមសេនីយ៍ឯក ឈុំ សុជាតិ បានបញ្ជាក់ថាមន្ត្រីអនុព័ន្ធយោធាទាំងនេះនឹងជួបជាមួយមេបញ្ជាការយោធាសមរភូមិមុខប្រចាំទិសប្រាសាទព្រះវិហារ មុននឹងទៅទស្សនាកន្លែងផ្សេងៗនៅក្នុងតំបន់នោះតាមដែលអាចធ្វើទៅបាន។
លោកឧត្តមសេនីយ៍ឯកឈុំ សុជាតិ បានបន្តថាដំណើរទស្សនកិច្ចរបស់មន្ត្រីអនុព័ន្ធយោធាបរទេសនេះបានធ្វើឡើងក្នុងកាលៈទេសៈដ៏សមរម្យបំផុត។
លោកឧត្តមសេនីយ៍ឯក ឈុំ សុជាតិ បានថ្លែងថាតាមទស្សនកិច្ចនេះ មន្ត្រីអនុព័ន្ធយោធានៃប្រទេសនីមួយៗនឹងបានឃើញភាពជាក់ស្តែងនៅតំបន់ប្រាសាទព្រះវិហារ។
«គាត់ទៅទស្សនកិច្ចនេះ។ គាត់នឹងឃើញជាក់ស្តែងហើយអ្វីដែលគាត់ឃើញ។ គាត់មានទស្សនៈផ្ទាល់ខ្លួនរបស់គាត់ហើយ។ ទស្សនកិច្ចរបស់ប្រទេសនីមួយៗ ដែលគេទៅនឹងឃើញការណ៍ជាក់ស្តែង។ តាមទស្សនៈរបស់ខ្ញុំផ្ទាល់ឃើញថាដំណើរទស្សនកិច្ចទៅមើលប្រាសាទព្រះវិហារនៅពេលនេះជាអំណោយផលមួយល្អណាស់ដើម្បីឱ្យប្រទេសជាមិត្តរបស់យើងដែលមានដាក់ស្ថានទូតប្រចាំការនៅ ប្រទេសកម្ពុជាយើងស្វែងយល់អំពីការណ៍ពិតដោយផ្ទាល់ខ្លួនគាត់។ អ្វីដែលគាត់ឃើញ គាត់នឹងឃើញផ្ទាល់ភ្នែកនិងមានការយល់ឃើញដោយខ្លួនគាត់ផ្ទាល់ជាជាងយើងបាននិយាយប្រាប់គាត់។ គាត់ទៅឃើញជាក់ស្តែង។ គាត់នឹងមានទស្សនៈផ្ទាល់ និងអាស្រ័យទៅលើការយល់ឃើញរបស់គាត់ផ្ទាល់»។
កាសែតបាងកកប៉ុស្តិ៍ បានដកស្រង់ប្រភពយោធាមករាយការណ៍ថាការនាំមន្ត្រីអនុព័ន្ធយោធាបរទេសទៅកាន់តំបន់ជម្លោះ៤,៦គីឡូម៉ែត្រការ៉េនៅជិតប្រាសាទព្រះវិហារធ្វើឱ្យមានភាពតានតឹងម្តងទៀត។
កាសែតបាងកកប៉ុស្តិ៍បានបញ្ជាក់ថាកងទ័ពថៃបានដាក់ការប្រុងប្រយ័ត្នជាបន្តនៅតំបន់៤,៦គីឡូម៉ែត្រការ៉េហើយភាគីថៃបានបដិសេធការអនុញ្ញាតឱ្យអនុព័ន្ធយោធាបរទេសប្រចាំនៅកម្ពុជាចូលទៅក្នុងតំបន់៤,៦គីឡូម៉ែត្រការ៉េនេះទេ។
ក្នុងដំណើរទស្សនកិច្ចនេះ អ្នកសង្កេតការណ៍ បាននិយាយថាមន្ត្រីអនុព័ន្ធយោធាបរទេសនឹងត្រូវបានបង្ហាញឱ្យឃើញដោយផ្ទាល់ភ្នែកនូវសំណល់អម្បែងគ្រាប់ផ្លោងប្រភេទផ្សេងៗនិងប្រភេទគ្រាប់មីនចង្កោមរបស់កងទ័ពថៃព្រមទាំងការខូចខាតផ្នែកខ្លះនៃប្រាង្គប្រាសាទព្រះវិហារដែលកងទ័ពថៃបានបាញ់ផ្លោងដាក់។
ការវាយប្រយុទ្ធគ្នាចុងក្រោយរវាងកងទ័ពកម្ពុជានិងកងទ័ពថៃកាលពីដើមខែកុម្ភៈបានស្លាប់មនុស្សយ៉ាងតិច១០នាក់និងបង្ខំឱ្យអ្នកភូមិភៀសសឹកច្រើនរាប់ពាន់គ្រួសារនៃប្រទេសទាំងពីរ ព្រមទាំងធ្វើឱ្យខូចខាតដល់ប្រាសាទព្រះវិហាររបស់ប្រទេសកម្ពុជា៕