កម្ចី​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​នាំឲ្យ​កសិករ​បាត់បង់​ផ្ទះ ដី​ និង​ត្រូវ​ចំណាក​ស្រុក​ 

អ្នក​ស្រី​ ផែល ​ហឿ​ន វ័យ​៤៧ឆ្នាំ​​ ជាម្តាយ​ដែល​មាន​កូនប្រុសស្រី​ ៥នាក់ និងមាន​ស្វាមី​ជា​អ្នកធ្វើការសំណង់​ នៅ​ខេត្តសៀមរាប នៅថ្ងៃទី០២ ខែសីហា​ ឆ្នាំ​២០១៩។ (ខាន់ សុគុំមនោ/VOA)

ប្រជាជន​ចំនួន​២,៤​​​លាន​នាក់​​​នៅ​កម្ពុជា​​​បាន​​​យក​​​ប្រាក់​​​កម្ចី​​​ពី​​​គ្រឹះស្ថាន​​​មីក្រូ​ហិរញ្ញ​វត្ថុ។​ ប្រាក់​​​កម្ចី​​​ទាំង​អស់​​​មាន​​​ចំនួន​​​៨​​​ពាន់​លាន​ដុល្លារ។ កម្ពុជា​មាន​«អត្រា​មធ្យម​ភាគ​ខ្ពស់​​​ជាង​​​គេ​​​បង្អស់​​​នៅ​​​លើ​​​ពិភព​លោក​ក្នុង​ការ​ខ្ចី​ប្រាក់​ពី​​​គ្រឹះស្ថាន​​​មីក្រូ​ហិរញ្ញ​វត្ថុ»។

កាលពី​ពីរ​ឆ្នាំ​មុន ​អ្នកស្រី ផែល​ ​ហឿន​ ដែល​មាន​កូន​ប្រាំ​នាក់​ បាន​សម្រេច​ចិត្ត​យក​ប្លង់​ដី​ផ្ទះ ដែល​អ្នកស្រីកំពុង​រស់​នៅ​សព្វថ្ងៃទៅ​តម្កល់​នៅ​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុធនាគារ​ភូមិដើម្បី​ខ្ចី​ប្រាក់​ចំនួន​៨០០០​ដុល្លារ។

អ្នក​ស្រី ផែល ​ហឿន​ ដែ​ល​មា​នវ័យ​៤៧​ឆ្នាំ ​ធ្លាប់​ជា​អ្នក​ធ្វើ​ការ​ឲ្យ​គេ។​ ចំណូល​ប្រចាំ​ថ្ងៃ​របស់​អ្នក​ស្រី​គឺ​អាស្រ័យ​ទៅ​លើ​តម្រូវ​ការ​អតិថិជន​ដែល​ត្រូវ​ការ​កម្លាំង​ពី​អ្នកស្រី។​ ​អ្នកស្រី​យក​ប្រាក់​ដែល​ខ្ចីពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុទៅ​ទិញ​ដី​ទំហំបួន​ហិកតា​ ​ក្នុង​បំណង​ដាំ​ដំឡូងមី​ ជា​ដំណាំដែល​ប្រជាជន​ភាគ​ច្រើន​នៅ​ក្នុង​ស្រុក​អង្គរជុំ​និយម​ដាំ។

Your browser doesn’t support HTML5

កម្ចី​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​នាំឲ្យ​កសិករ​បាត់បង់​ផ្ទះ​សម្បែង​ ដី​ និង​ត្រូវចំណាក​ស្រុក​

បច្ចុប្បន្ន​ អ្នកស្រីនិង​ក្រុម​គ្រួសារ​ពុំអាច​ដាំ​ដំឡូងមី​បាន ​ដោយ​សារ​ពួក​គេ​ត្រូវ​ចំណាយ​ពេល​ធ្វើការដើម្បីរក​ចំណូល​ប្រចាំ​ថ្ងៃ​មក​ផ្គត់ផ្គង់​ការ​ចាយ​វាយ​ផ្សេងៗ និង​សម្រាប់​បង់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ប្រចាំខែ​ដែល​សរុប​ប្រហែល​៤០០​ដុល្លារ។​

ក្នុង​ខែមិថុនា​កន្លង​ទៅ​នេះ​ ​អ្នកស្រី​បាន​លក់​ដី​ចំនួន​២​ហិកតា​គឺ​ពាក់​កណ្តាល​នៃ​ដី​ដែល​អ្នកស្រី​បាន​ទិញ​គ្រោង​ដាំ​ដំឡូង​មី​នោះ។ ​អ្នកស្រី​លក់​ដី​នោះ​បាន​ជាង​៣០០០​ដុល្លារ​ដើម្បី​សង​បំណុល​ម្ចាស់​បំណុល​ឯកជន​នៅ​ក្នុង​ភូមិ​ដែល​អ្នកស្រី​បាន​ខ្ចីដើម្បី​យក​ទៅ​សង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ។​

អ្នកស្រី​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា៖​ «លក់​២​ហិកតា​ហើយ។​ មើល​ទៅ​រត់​មិន​រួច‍»។​

សព្វថ្ងៃ​នេះ​ អ្នកស្រី​ត្រូវ​សង​លុយ​ចំនួន​៦០០០​ដុល្លារ​ទៀត​ទៅ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ធនាគារ​ភូមិ​ ដែល​បាន​ដូរ​ឈ្មោះ​មក​ជា​ LOLC។​

ដើម្បី​ជួយដោះ​បំណុល ដែល​អ្នក​ស្រី​ត្រូវ​បង់​ជាង​២០០​ដុល្លារ​ជា​រៀងរាល់​ខែ​ ​ប្តី​របស់​អ្នក​ស្រី ​ផែល ហឿន ត្រូវ​ចាក​ចេញ​ទៅ​ធ្វើការ​ឲ្យ​គេ​នៅ​ក្នុង​ស្រុក​ក្បែរៗ​នោះ។​ ប្តី​របស់​អ្នក​ស្រី​រក​បាន​ប្រហែល​២​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ។​ រីឯ​កូន​ស្រី​របស់​អ្នកស្រី​បាន​ចាកចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ ហើយ​រក​ប្រាក់​បាន​ចាប់​ពី​៣​ទៅ​៤​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ។​

សមាជិក​គ្រួសារ​របស់​អ្នក​ស្រី​ចូលរួម​ចំណែក​ជួយ​គ្រួសារ​ទៅ​តាម​សមត្ថភាព​របស់​ពួកគេ នៅ​ពេល​ដែល​ពួកគេ​មាន​ប្រាក់។​ ឥឡូវ​នេះ​ គ្រួសារ​អ្នក​ស្រី​ត្រូវ​បង់​ជាង​២០០​ដុល្លារ​ក្នុង​មួយ​ខែ ហើយ​ចំនួន​នេះ​នឹង​ចុះ​ជា​ប្រចាំ​ពី​មួយ​ខែ​ទៅមួយ​ខែ​រយៈ​ពេល​បួន​ឆ្នាំ​ខាង​មុខ​ រហូត​ដល់​អ្នកស្រី​សង​បំណុល​អស់។​

អ្នកស្រី ​ផែល ហឿន​ មាន​បង​ប្អូន​ចំនួន​ប្រាំពីរ​នាក់។​ ពួក​គាត់​ទាំង​អស់​សុទ្ធ​តែ​ខ្ចី​លុយ​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ រួម​ទាំង​កូន​ពីរ​នាក់​របស់​អ្នក​ស្រី​ផង​ដែរ។​ ពួកគេ​ប្រើ​ប្រាស់​ប្រាក់​ទាំង​នោះ​សម្រាប់​ការ​ចំណាយ​ផ្សេងៗ ​ដូចជា​ធ្វើ​ចម្ការសាង​សង់​ផ្ទះ​ ការ​ចំណាយ​ទៅ​លើ​ថ្នាំ​សង្កូវ​ និង​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​ផ្សេង​ទៀតផង​ដែរ។​

គ្រួសារ​ផ្សេងៗ​ទៀត​ប្រហែល​៣៥០០​គ្រួសារ​នៅ​ក្នុង​ឃុំ​គោកដូង​រស់​នៅ​ដោយ​ពឹង​ផ្អែក​ទៅ​លើ​ការ​ដាំ​ដំឡូងមី​ និង​ប្រាក់ពី​សមាជិក​គ្រួសារ​ដែល​ចាកចេញទៅ​ប្រទេស​ថៃ​ដើម្បី​រក​ប្រាក់​សង​បំណុល។​

វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា​កំពុង​តែ​នាំ​ឲ្យ​គ្រួសារ​ជាច្រើន​ជាប់​បំណុល​ដែល​នាំ​ឲ្យ​មាន​ការ​បង្ខំ​ឲ្យ​លក់ដី ការ​ចាក​ចេញ​ពី​ប្រទេស​ដើម្បី​ទៅ​ធ្វើការ​នៅ​ក្នុង​ប្រទេស​ផ្សេង​ទៀតនិង​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​កុមារ។ នេះ​បើយោង​ទៅ​តាម​ការ​រក​ឃើញ​របស់​អង្គការ​ធ្វើការ​ដើម្បី​សិទ្ធិ​មនុស្ស​ (Licadho) ​និង​សមាគម​ធាង​ត្នោត។​

វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​នៅ​អំឡុងទស​វត្សរ៍​១៩៧០ ដែលកាល​នោះ ធនាគារ​ Grameen Bank ​បាន​ផ្តល់​ប្រាក់កម្ចី​ខ្នាត​តូច​ដល់​ប្រជាជន​នៅ​ប្រទេសបង់ក្លាដេស។ ​នៅ​តាម​តំបន់​ជា​ច្រើន​នៅ​ក្នុង​ពិភព​លោក ​ប្រាក់​កម្ចី​ដែល​មាន​ការ​ប្រាក់ទាប​ ឬ​គ្មានការ​ប្រាក់​ ហើយមាន​ចំនួន​តិច​តួចចាប់​ពី២០​ទៅ​១០០ដុល្លារគឺ​ល្មម​នឹង​អាច​ចាប់ផ្តើមអាជីវកម្ម​ ឬចូលរួម​នៅ​ក្នុង​សកម្មភាព​សេដ្ឋកិច្ច​ដទៃៗ​ទៀត​ ដូច​ជា​ការ​ទិញ​ដី​ធ្លី​បន្ថែម​ដែលអាច​ប្រែក្លាយ​ជាកសិដ្ឋាន ​បង្កើត​ប្រាក់​កម្រៃ​ផ្គត់ផ្គង់​ខ្លួន​ឯង។​ ដើម​ឡើយ​អង្គការ​ផ្តល់​ប្រាក់​កម្ចី​ជា​ច្រើន​គឺ​ជា​អង្គការ​ដែល​មិន​យក​កម្រៃ​ដោយ​គិត​ពី​ផល​ប្រយោជន៍​សង្គម។​

ប៉ុន្តែ​សព្វថ្ងៃ ​ភាព​ចម្រូង​ចម្រាស់​បាន​ធ្វើ​ឲ្យ​វិស័យ​នេះ​រងការ​ប៉ះពាល់។​ អ្នក​រិះគន់​ចោទ​សួរ​ថា​ តើ​ការ​ផ្តល់​ប្រាក់​កម្ចី​បែប​ផែន​តូច​នេះ​ជួយ​សម្រាល​ទុក្ខ​លំបាកប្រជាជន​ក្រីក្រ ​ឬ​ធ្វើ​ឲ្យ​ពួកគេ​កាន់​តែ​ក្រ​ទៅៗ​ ​ដោយសារ​តែ​មធ្យោបាយ​ទាក់​ទាញ​អតិថិជន​តាម​វិធី​សាស្ត្រ​គ្រប់បែប​យ៉ាង​ ដោយ​មិន​ខ្វល់​លទ្ធភាព​ដែល​គេ​អាច​សង​បាន បូករួម​ទាំង​ការ​ប្រាក់​ដ៏​ខ្ពស់។​

អ្នក​ភូមិ​នៅ​ក្នុង​ឃុំ​គោកដូង​គឺ​ជា​ផ្នែក​តូច​មួយ​នៃ​ចំនួន​មនុស្ស​ចំនួន​២,៤​លាន​នាក់​ក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​យក​ប្រាក់​កម្ចី​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ។​ ប្រាក់​កម្ចី​ទាំង​អស់​មាន​ចំនួន​៨​ពាន់​លាន​ដុល្លារ ដែល​ជា​ចំនួន​ប្រាក់​កម្ចីច្រើន​លើស​លប់។​នេះ​បើ​យោង​តាម​របាយ​ការណ៍​អង្គការ​ទាំង​ពីរ។​ របាយ​ការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា​ប្រទេសកម្ពុជា​មាន​«អត្រា​មធ្យម​ភាគ​ខ្ពស់​ជាង​គេ​បង្អស់​នៅ​លើ​ពិភព​លោក​ក្នុង​ការ​ខ្ចី​ប្រាក់​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ»។​

លោក​មេឃុំ ​កែម ហាំ​ ដែល​បាន​យក​លុយ​កម្ចី​ពី​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ដែរ​នោះ​បាន​ឲ្យ​ដឹង​ថា ប្រហែល​ពាក់​កណ្តាល​នៃ​ចំនួន​គ្រួសារ​នៅ​ក្នុង​ឃុំ​គោកដូង ​ជំពាក់​បំណុល​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ​ហើយ​អ្នក​ភូមិ​ប្រហែល១០០០​នាក់បាន​ចាក​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ។​

សាលាស្រុកអង្គរជុំ នៅ​ខេត្តសៀមរាប​ នៅថ្ងៃទី០២ ខែសីហា​ ឆ្នាំ​២០១៩។ (ផន​ បុប្ផា​/VOA)

លោក​និយាយ​ថា អ្នក​ភូមិ​ខ្ចី​ប្រាក់​ពី​ពីរ​ទៅ​បី​កន្លែង​ដើម្បី​ទិញ​ដី​ធ្វើ​ចម្ការ និង​ធ្វើ​អាជីវកម្ម​តូច​ធំ ​និង​សាង​សង់​ផ្ទះ។​

លោក​បាន​ប្រាប់​វីអូអេ​ថា នៅ​ក្នុងឆ្នាំ​នេះ​ ​អ្នក​ខ្ចី​លុយ​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ពីរ​នាក់​បាន​រត់ចោល​ស្រុក​ដោយសារ​ពួកគេ​គ្មាន​លទ្ធភាព​សង​ប្រាក់។​

មិនមែន​មាន​តែ​ពួក​នោះ​ទេ​ដែល​ប្រឈម​នឹង​ការ​លំបាក​នេះ ​ព្រោះ​កូន​បំណុល​នៅ​កម្ពុជា​ម្នាក់ៗ​ជាប់​បំណុល​ជា​មធ្យម​ចំនួន​៣៣៧០​ដុល្លារ​ ​ខណៈ​កំណើន​ផលិត​ផល​ក្នុង​ស្រុក​សរុប​មាន​ចំនួន​១៣៨៤​ដុល្លារក្នុង​ឆ្នាំ​២០១៧។ ​នេះ​បើ​យោង​តាម​របាយ​ការណ៍​អង្គការ​ពីរ​នេះ។​

បើ​យោង​តាម​របាយ​ការណ៍​នេះ​ ​តុល្យភាព​ឥណទាន​របស់​មី​ក្រូហិ​រញ្ញវត្ថុ​ផ្លូវការ​កើន​ឡើង​ពី​ប្រមាណ​៣០០​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​២០០៩​ទៅ​ប្រមាណ​៥,៤ពាន់​លាន​ដុល្លារ​នៅ​ចុង​ឆ្នាំ​២០១៨។ ​បើ​គិត​រួម​បញ្ចូល​ទាំង​«តុល្យភាព​មីក្រូ​ឥណទាន​របស់​ធនាគារ​អេស៊ីលីដា​ និង​ធនាគារ​ស្ថាបនា​ផង​ ​តម្លៃ​នៃ​តុល្យភាព​ឥណទាន​របស់​មីក្រូ​ហិរញ្ញ​វត្ថុ​មានប្រហែល​៨​ពាន់លាន​ដុល្លារ។​

លោក​ ផូ វណ្ណា មាន​វ័យ​៣១​ឆ្នាំ​ដែលជា​មន្ត្រី​ឥណទាន​របស់​គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ​LOLC​ នៅ​ក្នុង​ឃុំគោក​ដូង​អស់រយៈ​ពេល​ជាង​ពីរ​ឆ្នាំ​មក​ហើយ​នោះ ​ប្រាប់​វីអូអេ​ថា ​ ៧០​ភាគរយ​នៃ​អ្នក​ដែល​ខ្ចី​លុយ​ពី​គ្រឹះស្ថាន​របស់​លោក​ ជំពាក់​លុយ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ពីរទៅ​បី​កន្លែង​ផ្សេងៗ​គ្នា។​

«វា​លើ​អតិថិជន​ដែរ។​ បើ​ជាប់​គេតាម​ស្ថាប័ន​ ពីរ​ស្ថាប័ន​អី​ហើយ​ ​អត់ដាក់​ប្លង់​ម៉េច​កើត? កម្រ​មាន​អតិថិ​ជន​ដែល​ល្អ​ណាស់។​ តែ​មាន​ខ្ចី​យើង​ហើយ​ ​វាតែង​មាន​ជាប់​ខាង​គេ​ខ្លះ។​ អត់សូវ​មាន​អតិថិជន​ណា​ដែល​ខ្ចី​ហើយ​អត់​មាន​ជាប់​ខាង​គេ​ទេ។​ វា​ភាគ​តិច​ណាស់!​ ដល់​ទៅ​៧០%​អីនោះ​ ដែល​មាន​កម្ចី​ខាង​យើង​ហើយនិង​មាន​ខាង​គេ‍»។​

លោក ​ផូ វណ្ណា​ មាន​ប្រសាសន៍​ថា​ លោក​មាន​អតិថិជន​ពី​៣០០​ទៅ​៤០០​នាក់​នៅ​ក្នុង​ឃុំ​នេះ​ ហើយ​យ៉ាង​ហោចអតិថិជន​របស់​លោក​ពី​៥​ទៅ​៦​នាក់​បាន​រត់ចោល​ស្រុក ​ដោយសារ​ពួកគេ​មិន​អាច​រក​លុយ​ដោះ​បំណុល។​ លោក​បាន​បន្ថែម​ថា​ នៅ​ពេល​ដែល​អ្នក​ខ្ចី​មិន​មាន​លទ្ធភាព​សង​លុយ​នោះ ​អ្នក​ធានាការ​ខ្ចី​អាច​ស្នើ​ឲ្យ​លក់​ទ្រព្យ​ដែល​បាន​ដាក់​តម្កល់​នៅ​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ។​

«អ្នកខ្ចី​អត់​មាន​លុយ​បង់​ ​អ្នកធានា​សុំ​ដក​ដី​ទៅ​លក់​ហើយ។ ​បើ​ករណី​គេ​រត់​ ​គេ​អត់​មាន​ទំនួល​ខុសត្រូវ​ អាហ្នឹង​យើង​ទៅ​ប្រាប់​មេភូមិ​ មេ​ឃុំ​ដែរ​ ឲ្យ​ដឹងឮ​ថា​ ដោយ​សារ​អ្នក​ធានា​គាត់​អត់​មាន​សមត្ថភាព​បង់​ជំនួស​រាល់​ខែ​ទេ។ ​គាត់​មាន​តែ​លក់​ដី លក់​ទ្រព្យ​សម្បត្តិ ដែល​បាន​ដាក់​មក​ខាង​ខ្ញុំ ធ្វើ​ម៉េច​ឲ្យ​បាន​បង់​លុយ​ខាង​ខ្ញុំ‍»។​

របាយ​ការណ៍​របស់​អង្គការ​នេះ​បាន​និយាយ​ថា​ ​ មេភូមិ ​និង​មេឃុំ​បញ្ចុះ​បញ្ចូល​ប្រជា​ពល​រដ្ឋ​ឲ្យ​ខ្ចី​ប្រាក់​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ​ហើយ​ពួក​គេ​ដើរ​តួ​ជា​បុគ្គល​ឯក​ជន ​ដែលផ្តល់​លុយ​ឲ្យ​ខ្ចីនៅ​ពេល​ដែល​អ្នក​ភូមិ​មិន​អាច​រក​លុយ​បង់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​តាម​ពេល​កំណត់។​

របាយ​ការណ៍​នោះ​បាន​បន្តថា៖​

«ករណី​ខ្លះ អាជ្ញាធរ​ថ្នាក់​ភូមិ ​និង​ឃុំ​ដើរ​តួជា​អ្នក​ជួយ​ដល់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ដើម្បី​ដាក់​សម្ពាធលើ​អតិថិជន​ឲ្យ​បង់លុយ​ ហើយពេល​ខ្លះ​ពួកគេ​កេង​ប្រវញ្ច​អ្នក​ភូមិ​ដែល​ជាប់​បំណុល​ដោយ​ផ្តល់​ប្រាក់​កម្ចី​ដល់​ពួកគេ​ដោយ​យក​ការ​ប្រាក់​ខ្ពស់»។​

វីអូអេ​ព្យាយាម​បញ្ជាក់អំពី​ការ​លើក​ឡើងក្នុង​របាយ​ការណ៍នេះ​ ​ប៉ុន្តែ​មេ​ភូមិ​ មេឃុំ​និង​ប្រជា​ពលរដ្ឋ​បាន​និយាយ​ថា ​មិន​មាន​ករណី​ដូច្នោះ​ទេ។​ ​

អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​នៅ​តែ​ការពារអ្វី​ដែល​ពួក​គេ​បាន​រក​ឃើញ។

យោង​តាម​របាយ​ការណ៍ ​ អ្នក​ស្រាវជ្រាវ​បាន​សម្ភាសពលរដ្ឋ​ចំនួន​២៨​គ្រួសារ​ក្នុង​ឃុំ​ចំនួន​១០​ក្នុង​ខេត្ត​ចំនួន​៤។ ​គេ​រក​ឃើញ​ថា​ ២២​គ្រួសារ​នៃ​គ្រួសារ​ទាំង​នោះ​ត្រូវ​បាន​បង្ខំ​ឲ្យ​លក់ដី​ធ្លី ​ ១៣​គ្រួសារ​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ពលកម្ម​កុមារ ១៨​គ្រួ​សារ​មាន​សមាជិក​ដែល​ចាកចេញ​ពី​កម្ពុជា​ដោយ​សារ​តែ​បំណុល​២៦​គ្រួសារ​បរិភោគ​អាហារ​ដែល​មាន​គុណភាព​អន់​ ឬ​បរិភោគ​អាហារ​ដែល​បរិមាណ​តិច​ជាង​មុន​ដើម្បី​សន្សំ​ប្រាក់​សង​បំណុល។​

គ្រួសារ​ចំនួន​២២​បាន​ខ្ចីប្រាក់ពីកន្លែង​ផ្សេង​ទៀត​ដើម្បី​សង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ។ ​រីឯ​គ្រួសារ​ចំនួន​២២​បាន​ខ្ចីប្រាក់​ពី​អ្នក​ចងការ​ប្រាក់​ឯក​ជន​ ខណៈ​ពេល​ដែល​កំពុង​ជំពាក់​ប្រាក់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ។​

ទោះ​បីជា​យ៉ាងណា​ក៏ដោយ សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា​បាន​ថ្កោល​ទោស​ការ​រក​ឃើញ​នេះ​ ដោយ​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថ្ងៃទី​៧​ខែ​សីហា​ថា​ ​ ជា​របាយ​ការណ៍​«មួល​បង្កាច់​លើ​ការ​ផ្តល់​ប្រាក់​កម្ចី​ដោយ​បង្ហាញរូបភាព​ផ្ទុយគ្នា​ស្រឡះ​និង​មើល​រំលង​តួនាទី​សំខាន់​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ​និង​បរិយា​ប័ណ្ណ​ហិរញ្ញ​វត្ថុ»។​

ស្ថាប័ន​អន្តរជាតិ​នានាបាន​និយាយ​ថា ​ប្រាក់​កម្ចី​ដែល​ផ្តល់​ដោយ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ជួយ​លើក​ស្ទួយ​ដល់​ស្ថានភាព​សេដ្ឋកិច្ចគ្រួសារ​ក្រីក្រ​នៅ​តំបន់​ដាច់​ស្រយាល​ដែល​មិន​អាច​ខ្ចី​លុយពី​ធនាគារ​បាន។​

Triodos Investment Management​ ដែល​ជា​ស្ថាប័ន​វិនិយោគ​ហិរញ្ញ​វត្ថុ​អន្តរជាតិ​ដែល​មាន​ភាគហ៊ុន​ក្នុង​ធនាគារ ACLEDA​ បាន​ប្រាប់​ វីអូអេ​ នៅ​ក្នុង​សារ​អេឡិច​ត្រូនិក​ថា ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ជួយ​ផ្តល់​ហិរញ្ញប្បទាន​ដើម្បី​កសាង​«សង្គមដែល​រឹង​មាំ»។

ធនាគារ​អេស៊ីលីដា​ សាខា​ស្រុកអង្គរជុំ នៅ​ខេត្តសៀមរាប​ នៅថ្ងៃទី០២ ខែសីហា​ ឆ្នាំ​២០១៩។ (ផន​ បុប្ផា​/VOA)

ក្រុមហ៊ុន​នេះ​បន្ថែម​ថា ពួក​គេ​«ដឹង​ពី​តម្រូវ​ការ​ដើម្បី​ឲ្យ​វិស័យ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ផ្តល់​ហិរញ្ញប្បទាន​ដោយ​ការ​ទទួល​ខុស​ត្រូវ​ ហើយ​ជា​អកុសល្យ​មាន​ឧទាហរណ៍​នៃ​ការ​ធ្វើ​ខុសឆ្គង​ខ្លះនៅ​ក្នុង​ឧស្សាហ​កម្ម​នេះ​ដែល​នាំ​ឲ្យ​មាន​ការ​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​អតិថិជន​ ដូច​ជា​ការ​ជំពាក់​បំណុល​លើស​លប់»។​

សាជីវកម្ម​ហិរញ្ញ​វត្ថុ​អន្តរជាតិ​ International Finance Corporation​ (IFC)​ របស់​ធនាគារ​ពិភព​លោក​ដែល​វិនិយោគ​នៅ​ក្នុង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ដូច​ជា​ LOLC​ និង ACLEDA ​ បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ផ្ញើរ​មក​វីអូអេ​តាម​សារ​អេឡិច​ត្រូនិក​ថា​ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ទាំងនេះ​បាន​ជួយ​ផ្នែក​ហិរញ្ញ​វត្ថុ​ធ្វើ​ឲ្យ​អ្នក​ភូមិ​ក្រីក្រ​អាច​«អាច​ពង្រីក​អាជីវកម្ម បង្កើត​ប្រាក់​ចំណូល​និង​បង្កើត​ការងារ»។​

ទោះបីជា​យ៉ាង​ណា​ក៏ដោយ​ ​អ្នក​នាំពាក្យ​របស់ IFC​ និយាយ​នៅ​ក្នុង​សារ​អេឡិច​ត្រូនិក​យ៉ាង​ដូច្នេះ​ថា​ ​IFC «នឹង​ពិនិត្យ​របាយ​ការណ៍​របស់​អង្គការ​ទៅ​លើ​វិស័យមីក្រូ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា»។​

អ្នក​នាំពាក្យ​រូបនេះ​បាន​បន្ថែម​ថា ​IFC​ កំពុង​ធ្វើការ​ជាមួយ​ធនាគារ​ជាតិ​កម្ពុជា​«ដើម្បី​បង្កើត​ការិយាល័យ​ឥណទាន​ដើម្បី​ចៀសវាង​កុំឲ្យ​មាន​ស្ថាន​ការណ៍​ដែល​មាន​ការ​ខ្ចី​ឥណទាន​ច្រើន​កន្លែង​ និង​កម្រិតបំណុល​ដែល​មិន​មាន​ចីរភាព​ និង​ផ្តល់​ព័ត៌មាន​ដែល​ជួយ​លុប​បំបាត់​ការ​ផ្តល់​ឥណទាន​ដោយ​មិន​មាន​ការ​គិតគូរ​ពី​លទ្ធភាព​ដែល​អាច​សង​វិញ​បាន។ ​IFC​ បាន​ជួយ​ពង្រឹង​ក្រប​ខណ្ឌ​ការពារ​អតិថិជន​ឥណទាន​ហិរញ្ញ​វត្ថុ​កម្ពុជា​ដែរ»។​

លោក​ស្រី ជា សិរី​ អគ្គនាយិកា​ធនាគារ​ជាតិ​នៃ​កម្ពុជា​និយា​យថា ធនាគារ​ជាតិ​នឹង​ពិនិត្យ​ការ​រក​ឃើញ​របស់​អង្គការ​សិទ្ធិ​មនុស្ស។

លោក​ស្រី​បាន​សរសេរ​នៅ​លើ​ទំព័រ​ Facebook​ ​យ៉ាង​ដូច្នេះ​ថា៖ ​«យើង​ថ្កោល​ទោស​ការ​អនុវត្ត​ដែល​គ្មាន​សីលធម៌​ដោយ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​នៅកម្ពុជា​ហើយ​នឹង​យក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​លើ​ការ​ចោទ​ប្រកាន់​នេះ​ ហើយ​នឹង​ចាត់​វិធាន​ការ​ចាំបាច់ ​ គ្រាន់​តែ​ថា​ ​នៅ​ក្នុង​របាយ​ការណ៍គួរ​តែ​មាន​ការណ៍​ពិត​ច្រើន​ជាង​ពាក្យ​និយាយ​តៗ​គ្នា»។​

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ​លោក​ស្រី​ជា សិរី​បាន​រិះគន់​បណ្តាញព័ត៌មាន​មួយ​ចំនួន​ដែល​បាន​ចេញ​ផ្សាយ​រឿងនេះ​ដើម្បី«ធ្វើ​ឲ្យ​ខូច​ឈ្មោះ​វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ​របស់​កម្ពុជា​នៅ​ថ្ងៃ​ជាមួយ​គ្នា ​ដោយ​ផ្អែក​លើ​របាយ​ការណ៍​ដូច​គ្នា​របស់​អង្គការ​ក្នុង​ស្រុក​តូច​មួយ​ ដោយ​ប្រើ​ពាក្យ​ពេជន៍​ដូច​គ្នា​បេះ​បិទ ដែល​គ្រាន់​តែ​ជា​ការ​ចម្លង​ដោយ​មិន​មាន​ការ​ផ្ទៀង​ផ្ទាត់​ការណ៍​ពិត»។

ប៉ុន្តែ​លោក​ស្រី​ប្រហែល​ជា​ធ្វើ​ហួស​បន្តិច​ពាក់ព័ន្ធ​នឹង​ការ​រិះគន់​សារ​ព័ត៌មាន​នោះ។​ ​នេះ​បើ​តាម​លោក Leonard Downie​ ដែល​ជា​សាស្ត្រាចារ្យ​នៅ​សាលា ​Cronkite School of Journalism and Mass Communication​ នៅ​មហា​វិទ្យាល័យ ​Arizona State University​ ពីព្រោះ​វា​«មិន​មែន​ជា​ការ​ប្លែក​ទេ​សម្រាប់​ស្ថាប័ន​សារ​ព័ត៌មាន​ច្រើន​ដែល​ផ្សាយ​រឿង​ស្រដៀង​គ្នា​នឹង​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​មាន​ខ្លឹមសារ​ព័ត៌មាន​ល្អ»។​

លោក Leonard Downie​ ដែល​ជា​អតីត​និពន្ធនាយក​ប្រតិបត្តិ​ និង​ជា​អនុប្រធាន​នៃ​សារ​ព័ត៌មាន The Washington Post​ បាន​បន្ថែម​ថា៖​ «អគ្គ​នាយិកាធនាគារ​ជាតិ​នៃ​កម្ពុជា​បកស្រាយ​ខុស​នូវ​អ្វី​ដែល​កើតឡើង​ក្នុង​ការ​សរសេរ​ពី​សេចក្តី​ប្រកាស​ព័ត៌មាន ​ជាពិសេស​ដោយ​ហៅ​វា​ ថាជា​ការ​ចម្លង។​ អ្នកស្រី​ព្យាយាម​បង្វែ​ការណ៍​ពិត​នៃ​ការផ្សព្វផ្សាយ​ជា​ជាង​ឆ្លើយ​តប​អំពី​ខ្លឹមសារ​នៃ​របាយ​ការណ៍របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល»។​

ដោយសារ​កត្តាស្មុគ​ស្មាញ​ជាច្រើន​នេះ​ ​ វាសនា​របស់​គ្រួសារ​លោក​ស្រី ​ផែល ហឿន​មិន​ដឹង​ទៅ​ជា​យ៉ាងណា​ទេ​ នៅ​ពេល​អនាគត។​

ប្អូន​ប្រុស​របស់​គាត់​ម្នាក់​បាន​ខ្ចី​ប្រាក់​ចំនួន​៧០០០​ដុល្លារ​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ LOLC​ ​ប៉ុន្តែ​ឥឡូវ​គាត់​មិន​មាន​លទ្ធភាព​សង​បំណុល​ទេ។ ​ដោយ​បារម្ភ​ខ្លាច​ដី​កេរ​របស់​គ្រួសារ​អ្នក​ស្រី​អាច​នឹង​ត្រូវ​រឹបអូសកូន​ប្រុស​របស់​អ្នក​ស្រី​ដែល​មាន​វ័យ​២៥​ឆ្នាំ​បាន​ខ្ចី​លុយ​ចំនួន​៧០០០​ដុល្លារ​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុហត្ថាកសិករ​ដើម្បី​ឲ្យ​លុយ​នេះ​ទៅ​ពូ​របស់​លោក​ ហើយ​កូន​របស់​អ្នក​ស្រី​ទទួល​សង​បំណុល​នេះជំនួស។​

ឥឡូវ​នេះ​កូន​របស់​អ្នក​ស្រី​ត្រូវ​តែ​រក​ប្រាក់​ដើម្បី​បង់ឲ្យគ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ចំនួន​២៥០​ដុល្លារ​ជា​រៀងរាល់​ខែ។ ​កូន​របស់​អ្នក​ស្រី​ធ្វើ​ការ​ជា​កម្មករ​សំណង់​នៅ​ក្នុង​ក្រុង​ព្រះសីហនុ។ ថ្ងៃ​ណា​មាន​សំណាង​ គាត់​និង​ប្រពន្ធ​របស់​គាត់​អាច​រក​បាន​ប្រហែល​ប្រាំម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ។ ​ប៉ុន្តែ​កូន​គាត់​បានឆ្លងជំងឺ​គ្រុន​ក្តៅ។​

​បងប្អូន​ស្រី​ម្នាក់​របស់​អ្នក​ស្រី​ផែល ហឿន​ខ្ចី​លុយ​១៤០០០​ដុល្លារ​ពី​ក្រុមហ៊ុន​មីក្រូ​ហិរញ្ញ​វត្ថុ​ចំនួន​ពីរ ​ប្រហែល​ពីរ​ឆ្នាំ​មុន​ ​ពីព្រោះ​គេ​ត្រូវការ​លុយ​ធ្វើ​ផ្ទះ។​ គាត់​និង​ប្តី​របស់​គាត់​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​ធ្វើ​ជា​កម្មករ​សំណង់​នៅ​ប្រទេស​ថៃ​ដោយ​ទុក​កូន​ប្រុស​ដែល​មាន​អាយុ​១៤​ឆ្នាំ​ឲ្យអ្នក​ស្រី​ផែល ហឿនមើល​ការ​ខុស​ត្រូវ។​

អ្នកស្រី ផែល ហឿន ​ថែម​ទាំង​មើល​ការ​ខុសត្រូវ​កូន​ស្រី​ពីរ​នាក់​មាន​អាយុ​១៤​ និង​១៥​ឆ្នាំ ចៅ​បី​នាក់​ដែល​មាន​អាយុ​ចាប់​ពី​១០​ខែ​រហូត​ដល់​៣​ឆ្នាំ​ និង​ម្តាយ​ជរា​ម្នាក់​ទៀត។​

បើ​ទោះបីជា​អ្នក​ស្រី​ចង់​ទៅ​ធ្វើជា​ជាង​សំណង់​នៅ​ប្រទេស​ថៃ​ដើម្បី​រក​ប្រាក់​កំរៃបន្ថែម​សម្រាប់សង​បំណុល​ក៏​ដោយ ​ ​អ្នក​ស្រី​ត្រូវ​នៅ​ផ្ទះ​ដើម្បី​ឲ្យ​សមាជិក​គ្រួសារ​របស់​អ្នក​ស្រី​ផ្សេងៗ​ទៀត​អាច​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​រក​លុយ។​

ម្តាយ​អ្នកស្រី​ ផែល ហឿន វ័យ​៦៨​ ឆ្នាំ​ មាន​កូន​៨នាក់​ តែបច្ចុប្បន្ន​ មាន​តែអ្នកស្រី​ ផែល ហឿន ទេដែល​ស្នាក់នៅ​ជាមួយគ្នា​នៅ​ខេត្តសៀមរាប​ នៅថ្ងៃទី០២ ខែសីហា​ ឆ្នាំ​២០១៩។ (ខាន់ សុគុំមនោ​/VOA)

អ្នកស្រី​ប្រាប់​ VOA ​ថា​ ​កូន​របស់​អ្នកស្រី​អង្វរ​ឲ្យ​អ្នកស្រី​ជួយ​មើល​កូន​ដើម្បី​ឲ្យ​ខ្លួន​អាច​ធ្វើ​ការងារ​ដោះ​បំណុល។

«បើ​ម៉ែ​ឯង​មិន​មើល​កូន​ ​ ខ្ញុំ​ធ្វើ​ម៉េច​បាន​ដោះគេ? មើល​កូន​ឲ្យ​ខ្ញុំ​បាន​នាំ​ប្រពន្ធ​ទៅ​ផង‍!។​ វាគ្រុន​ ប៉ះ​ខែ​ណា​ចូល​ពេទ្យ​អស់​មួយ​យប់​ពីរ​យប់​អស់៤០០​ទៅ​៥០០​ដុល្លារ»។

កាល​ពី​ខែ​កក្កដា​ ​អ្នក​ស្រី​ ផែល ហឿន បាន​ខ្ចី​ប្រាក់​ចំនួន​មួយ​លាន​រៀល​ដែល​មាន​ការ​ប្រាក់​៦​ម៉ឺន​រៀល​ក្នុង​មួយ​ខែ ពី​អ្នក​ផ្តល់​កម្ចី​ឯកជន​ដើម្បី​បង់​ថ្លៃ​សង​ប្រចាំ​ខែ​ឲ្យ ​LOLC។​

អ្នកស្រី ផែល ហឿន ​បាន​ប្រាប់​វីអូអេ​ថា អ្នក​ស្រី​បារម្ភ​ថា គ្រួសារ​របស់​អ្នកស្រី​ប្រហែល​ជា​ត្រូវ​លះបង់​បន្ថែម​ទៀត​ដើម្បី​ការពារ​កុំឲ្យ​គេរឹបអូស​ទ្រព្យ​សម្បត្តិ​គ្រួសារ។​

«ខ្ញុំ​កំពុង​តែ​គិត​ថា ​ គួរ​ឲ្យ​កូន​ឈប់​រៀន​ដើម្បី​ធ្វើ​ជា​ជាង​សំណង់​ជួយ​រក​លុយ»។​

កាល​ពី​ខែ​កុម្ភៈ ​សហគមន៍​អឺរ៉ុប​បាន​បើក​ដំណើរ​ការ​ពិនិត្យ​ជា​ផ្លូវការ​ទៅ​លើ​ការព្យួរ​ការ​អនុគ្រោះ​ពន្ធ​សម្រាប់​ការ​នាំ​ទំនិញពី​កម្ពុជា​ទៅ​កាន់​ទ្វីប​អឺរ៉ុប Everything But Arms​ (EBA) ​ដោយសារ​តែ​ការ​ធ្លាក់​ចុះ​ស្ថានភាព​សិទ្ធិ​មនុស្ស ​និង​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។​

ប្រទេស​កម្ពុជា​បាន​ផល​ប្រយោជន៍​ពី​ការ​អនុគ្រោះ​ពន្ធ​នាំ​ទំនិញ​ទៅ​កាន់​សហគមន៍​អឺរ៉ុប​ក្រោម​កម្ម​វិធី EBA​ ​ដែល​អនុញ្ញាត​ឲ្យ​មាន​អ្វី​ដែល​ក្រុម​នេះ​ហៅ​ថា​ «ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែល​ងាយ​រងគ្រោះ»​ប្រទេស​ទាំង​នេះ​អាច​បង់​ពន្ធ​ទាប​ ឬ​គ្មាន​បង់​ពន្ធ​សម្រាប់​ការ​នាំផលិតផល​ផ្សេងៗ​ចេញ​ទៅ​កាន់​សហគន៍​អឺរ៉ុប លើក​លែង​តែ​អាវុធ​ និង​គ្រឿង​ផ្ទុះ។​

ការ​ពិនិត្យ​ EBA ​ឡើង​វិញនេះ​អាច​នាំ​ឲ្យ​មាន​បញ្ហា​ដល់​ប្រជាជន​ដែល​ខ្ចី​លុយ​ពី​គ្រឹះស្ថានមីក្រូ​ហិរញ្ញ​វត្ថុ ​ពីព្រោះចំនួន​ភាគច្រើន​នៃ​អ្នក​យក​ឥណទាន​ពឹង​ផ្អែក​លើ​ប្រាក់​ចំណូល​ដែល​រក​បាន​ពី​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​ ស្បែក​ជើង​ និង​វិស័យ​ផលិត​ផល​កីឡា​របស់​ប្រទេស​នេះ ​ដែល​ទទួល​បាន​ផល​ EBA ​ដោយ​ផ្ទាល់។​

សមាជិក​របស់​សហគមន៍​អឺរ៉ុប​ទាំង​២៨​ប្រទេស​គឺ​ជា​ដៃ​គូ​វិនិយោគ​របស់​កម្ពុជា​ដ៏​ធំ​បំផុត​ហើយ​មាន​ចំនួន​ប្រហែល​៤៥​ភាគ​រយ​នៃ​ការ​នាំ​ចេញ​ផលិត​ផល​ទាំងអស់​ដែល​មាន​ទឹកប្រាក់ប្រហែល៥,៥​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​២០១៨។​

ផ្ទះ​របស់​ប្អូនប្រុស​អ្នកស្រី​ ផែល ហឿន ដែលនឹងទើបសង់រួច​ និងត្រូវបាន​គេទុកចោល។ ​ម្ចាស់ផ្ទះ​ចេញ​ទៅ​ធ្វើការនៅ​ប្រទេស​ថៃ​ដើម្បីសង​បំណុល​ដែលបាន​ខ្ចី​ដើម្បី​សង់ផ្ទះមួយខ្នងនេះ នៅ​ខេត្តសៀមរាប​ នៅថ្ងៃទី០២ ខែសីហា​ ឆ្នាំ​២០១៩។ (ខាន់ សុគុំមនោ​/VOA)

ប៉ុន្តែ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ ចែង​ថា​ ​ដើម្បី​ទទួល​បាន​ផល​អនុគ្រោះ​នេះ​ ប្រទេស​នោះ​ត្រូវ​មាន​បទដ្ឋាន​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជា​ធិបតេយ្យ​។ ​តម្រូវ​ការ​នេះប្រឆាំងនឹង​ការ​កើន​ឡើង​ឥត​ឈប់ឈរ​នៃ​ភាព​ផ្តាច់ការ​ពី​រដ្ឋាភិបាល​កម្ពុជា។​

បន្ទាប់​ពី​តុលាការ​កម្ពុជា​បាន​រំលាយគណបក្ស​សង្គ្រោះ​ជាតិ​(CNRP)​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ​នោះ​ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ហ៊ុន សែន​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨​ដែល​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​ឯក​បក្ស ​ដែល​កំពុង​ដំណើរ​ការ​ដល់​សព្វថ្ងៃ​ ដោយសារ​តែ​តុលាការ​កំពូលបាន​ហាម​មិន​ឲ្យ​មន្ត្រី​គណបក្ស​ប្រឆាំង​ចំនួន​១១៨​រូប ធ្វើ​នយោបាយ​រយៈ​ពេល​៥​ឆ្នាំ។​

រដ្ឋាភិបាល​បាន​ចាប់​ខ្លួន​សមាជិក​បក្ស​ប្រឆាំង ដែល​មិន​បាន​ចាក​ចេញ​ពី​ប្រទេស​ បាន​បិទ​ស្ថាប័ន​សារ​ព័ត៌មាន​ឯករាជ្យ​ស្ទើរ​តែ​ទាំងអស់ និង​ហាក់​ដូច​ជា​ព្រងើយ​កន្តើយ​នឹង​ការ​ទទូច​របស់​សហ​រដ្ឋ​អាមេរិក ​និង​សហគមន៍​អ៊ឺរ៉ុបឲ្យ​ស្តារ​លទ្ធិ​ប្រជា​ធិបតេយ្យ​ឡើង​វិញ​ បើ​មិន​ដូច្នោះ​ទេ ​ប្រទេស​កម្ពុជា​អាច​ប្រឈម​នឹង​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច។​

របាយ​ការណ៍​សិទ្ធិ​មនុស្ស​ឆ្នាំ​២០១៩​របស់ក្រសួង​ការ​បរទេស​អាមេរិក​បាន​ឲ្យ​ដឹង​ថា៖​ «មាន​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​លើ​សិទ្ធិ​មនុស្ស ​ដែល​រួមមានការ​សម្លាប់​ដោយ​ខុស​ច្បាប់​ ឬ​តាម​អំពើ​ចិត្ត​ ការ​បាត់​ខ្លួន​ដោយ​បង្ខំ ​ការ​ធ្វើ​ទារុណ​កម្ម​ ​ការ​ចាប់​ខ្លួន​ដោយ​បំពាន ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល ​ឬ​ក៏តំណាង​ឲ្យ​រដ្ឋាភិបាល ​ ចាប់អ្នក​ទោស​នយោបាយ ការ​រុករាន​ដោយ​បំពាន​ទៅ​លើ​សិទ្ធិផ្ទាល់​ខ្លួន​របស់​ប្រជា​ពលរដ្ឋ ​ដែល​រួមមាន ការ​តាម​ដាន​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ការ​ជ្រៀត​ជ្រែក​លើ​សេរីភាព​ប្រមូល​ផ្តុំ​ ​រឹតត្បិត​សេរីភាព​នយោបាយ​ ​ការ​ធ្វើ​ពិរុទ្ធភាព ​និង​ការ​អនុវត្ត​ច្បាប់​ក្រម​ព្រហ្មទណ្ឌ​បរិហារ​កេរ្តិ៍តែ​លើ​ក្រុម​មួយ​ចំនួន​ មាន​អំពើ​ពុក​រលួយ​ដែល​រួម​មាន​អំពើ​ពុក​រលួយ​ក្នុង​ប្រព័ន្ធ​តុលាការ ការ​ប្រើប្រាស់​កម្លាំង​ដោយបំពានការ​ប្រើ​ប្រាស់​កម្លាំង​ពលកម្មកុមារ​ដោយ​បង្ខំ‍»។​

ការ​ផ្លាស់ប្តូរ​ណា​មួយ​ទៅ​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នៅ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​ ​ស្បែក​ជើង ​និង​ផលិត​ផល​កីឡា​ នឹង​អាច​ធ្វើ​ឲ្យ​មាន​ការ​ដួល​រលំ​វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ។ ​នេះ​បើ​យោង​ទៅ​តាម​លោក Milford Bateman​ ដែល​ជា​អ្នក​ផ្តល់​យោបល់​ទៅ​លើ​គោល​នយោបាយ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​ស្រុក ដែល​បាន​សរសេរ​សៀវភៅ​ជាច្រើនអំពី​គ្រឹៈស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ។​

លោក​មាន​ប្រសាសន៍​ថា៖​

«វា​អាច​នឹង​មាន​ការ​ប៉ះពាល់ខ្លាំង​ដោយសារ​តែ​គ្រួសារ​ក្រីក្រ​ជា​ច្រើន​មិន​អាច​សង​បំណុល ដោយសារ​តែ​គ្រួសារ​របស់​ពួកគេ​លែង​បាន​ធ្វើការ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​ក្នុង​ទីក្រុង​ភ្នំពេញ ​ឬ​ក៏​ពួក​គេ​ត្រូវ​ចាក​ចេញ​ពី​ប្រទេស​ថៃ​ត្រឡប់​មក​កម្ពុជា​វិញ»។​

​លោក​បន្តថា​ ការ​ប៉ះពាល់​ផ្សេង​ទៀត​អាច​នឹង​នាំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ចេញ​លុយ​ជំនួស​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​មួយ​ ឬ​ច្រើន​ ប្រសិន​បើ​ការ​ដួល​រលំ​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​របស់​ប្រព័ន្ធ​ហិរញ្ញ​វត្ថុ​ទាំងមូល​ ពីព្រោះ​ការណ៍​នេះ​មាន​ន័យ​ថា​ ការ​ចាត់​ចំណាត់​ថ្នាក់​ឥណទាន​កម្ពុជា​នឹង​មាន​ការ​ប៉ះពាល់​ជា​អវិជ្ជមាន៕