មុខវិជ្ជា​សុខភាព​ផ្លូវចិត្ត សុខភាព​ផ្លូវភេទ នឹង​ត្រូវដាក់​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​ចាប់ពី​ឆ្នាំ២០២២

ការសិក្សាពាក់ព័ន្ធនឹង «វដ្ដនៃការថែទាំខ្លួន» ធ្វើឡើងដោយសមាគម EMDR Cambodia នៅភ្នំពេញ នាខែកញ្ញា ឆ្នាំ២០២០។ (ហ៊ាន សុជាតា/វីអូអេ)

ក្រសួង​អប់រំ ​យុវជន ​និង​កីឡា​ គ្រោង​នឹង​ដាក់​បញ្ចូល​មុខវិជ្ជា​មួយ​ទាក់ទង​នឹង​«អប់រំ​សុខ​ភាព»​ សម្រាប់​សិស្សា​នុសិស្ស ​ចាប់​ពី​ថ្នាក់​ទី១​ដល់​ថ្នាក់​ទី១២ ​ដែល​អាច​នឹង​អនុវត្ត​ចាប់​ពី​ឆ្នាំ​២០២២។ ​នេះ​បើ​យោង​តាម​មន្រ្តី​ក្រសួង​អប់រំ។​

មុខវិជ្ជា​«អប់រំ​សុខភាព»​ថ្មី​នេះ​ នឹង​សិក្សា​លម្អិត​អំពី​សុខភាព​របស់​សិស្ស​ប្រុស​ស្រី​បន្ថែម​ពីលើ​មុខវិជ្ជា​ជីវវិទ្យា​ដែល​មាន​ស្រាប់។ ការ​ស្វែង​យល់​ស៊ីជម្រៅ​អំពី​បញ្ហា​សុខភាព​ទាំង​ផ្លូវ​កាយ​ និង​ចិត្ត​នេះ ​រួម​ចំណែក​កាត់​បន្ថយ​ហានិភ័យ​នានា​បង្កើន​ទំនុកចិត្ត​ដល់​សិស្ស​ ក៏ដូច​ជា​រៀបចំ​ឲ្យ​សិស្ស​ក្លាយ​ជា​ធនធាន​មនុស្ស​មាន​សុខភាព​ប្រសើរ​ជាងមុន។​

លោកស្រី ​ឆាយ​គីម សុទ្ធាវី ​ប្រធាន​នាយក​ដ្ឋាន​សុខភាព​សិក្សា​នៃ​ក្រសួង​អប់រំ​ដែល​ទទួល​បន្ទុក​បង្កើត​ និង​អនុត្ត​កម្មវិធី​សិក្សា​ប្រាប់​VOA​ថា៖​ «រឿង​ពាក់ព័ន្ធ​ថ្មី​ៗ​នេះ​ដូចជាការ​បៀតបៀន​អី​យើង​ដាក់​ពី​ថ្នាក់​៥​ទៅ​... ​ពីព្រោះ​ក្មេង​ហ្នឹង​វា​ចេះ​មក​រដូវ​ ហើយ​ចេះ​មាន​ទំនាក់​ទំនង​ រឿង​ការ​លូត​លាស់​រឿង​រូបរាង​កាយ​គាត់​បានផ្លាស់​ប្តូរ​ខុស​ពីមុន។ ​អ៊ីចឹង​យើង​ត្រូវ​ប្រាប់​គាត់​ ហើយ​បណ្តុះ​បណ្តាល​គាត់​ឲ្យ​យល់​ច្បាស់​អំពី​សុខ​ភាព​អស់​ហ្នឹង»។​

បើ​តាម​មន្រ្តី​ក្រសួង​អប់រំ​រូប​នេះ​ មុខវិជ្ជា​អប់រំ​សុខ​ភាព​នេះ​ ផ្តោត​សំខាន់​លើ​ចំណេះ​ដឹង​ ៦​ចំណុច ​គឺ​សុខភាព​បឋម​ សុខភាព​ផ្លូវចិត្ត ​សុខភាព​បន្តពូជ ​និង​សុខភាព​ផ្លូវ​ភេទ​សុខ​ភាព​និង​បរិស្ថាន ​សុខភាព ​និង​សេដ្ឋកិច្ច​ សុខភាព​និង​ជំនឿ។ ​មុខ​វិជ្ជា​ទាំង​នេះ​តម្រូវ​ឲ្យ​សិស្ស​សិក្សា​មួយ​ម៉ោង​ក្នុង​មួយ​សប្តាហ៍​ ឬ​៣៥​ម៉ោង​នៅ​ក្នុង​មួយ​ឆ្នាំ។​

លោកស្រី​ ឆាយ​គីម សុទ្ធាវី​ ប្រធាន​នាយក​ដ្ឋាន​សុខភាព​សិក្សា ​ពន្យល់​ថា​ចំណេះ​ដឹង​ផ្នែក​សុខ​ភាព​ទាំង​នេះ​នឹង​ជួយ​ឲ្យ​សិស្ស​ដឹង​ពី​របៀប​ថែ​ទាំ​សុខ​ភាពខ្លួន ​និង​គ្រួសារ និង​ចេះ​ដោះ​ស្រាយ​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​បំពាន​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​សិស្ស​ទាំង​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត។​

លោក​ស្រី​បន្ថែម​ថា៖​ «មាន​ជំនាញ​ផ្សេងៗ​ទៀត​នៅ​ក្នុង​ការ​ថែ​ទាំ​សុខភាព ​ដូច​ជា​ជំនាញ​ដោះ​ស្រាយ​បញ្ហា​ ហើយ​ចេះ​ឆ្លើយ​ថា​ “ទេ”។​ [ពួកគេ] ​ត្រូវ​យល់​ដឹង​អំពី​សិទ្ធិ​មួយ​ចំនួន​ ដូច​ថា​ ក្នុង​ការ​រៀប​ការ​ប្តី​ប្រពន្ធ​ហ្នឹង​ គឺ​អត់​មាន​អ្នក​ណា​បង្ខំ​អ្នក​ណា​ ហើយ​ត្រូវ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ប្តី​ប្រពន្ធ​ក្នុង​គ្រួសារ»។​

លោកស្រី​បន្ថែម​ទៀត​ថា ​ក្រៅ​ពី​ចំណេះ​ដឹង​ពាក់​ព័ន្ធ​លើ​សុខភាព​រូបរាង​កាយ​ មុខ​វិជ្ជា​អប់រំ​សុខ​ភាព​នេះ​នឹង​បញ្ចូល​ចំណេះ​ដឹង​គួប​ផ្សំ​ផ្សេង​ទៀត ​ដើម្បី​អប់រំ​កែប្រែ​ឥរិយាបថ​មិន​ត្រឹម​ត្រូវ​មួយ​ចំនួន ​ដែល​សង្គម​មាន​ពីមុន​មក​ ដែល​ប៉ះ​ពាល់​ការ​លូតលាស់​សុខភាព​ផ្លូវ​កាយ ​និង​ផ្លូវ​ចិត្ត​របស់​សិស្ស​ទាំង​ស្រី​ និង​ប្រុស។​

«ឥឡូវ​ហ្នឹង​សូម្បី​តែ​ពាក្យ​សម្តី​ក៏​យើង​ចាត់​បញ្ចូល​ទៅ​ក្នុង​ការ​រំលោភ​បំពាន​ហ្នឹង​ដែរ។​ [...]​ អ្នក​ខ្លះ​គេ​ថា​ ហឹម​...​គេ​និយាយ​លេង​ទេ តែ​វា​អាច​ប៉ះពាល់​ដល់​អារម្មណ៍​គេ។ ​ ឧទាហរណ៍​ថា ​បុរស​ម្នាក់​ គាត់​និយាយ​ថា​ គាត់​មក​ពី​ប្រជុំ​គាត់​អស់​កម្លាំង​ គាត់​ថា ឃើញហ្អែង​មក​អ៊ីចឹង​ដូច​មាន​កម្លាំង​ហ្មង​ហ្អា! ​មាន​កម្លាំង​ឆេវ​ហ្មង! ​ឧទាហរណ៍​អ៊ីចឹងណា។ ការ​និយាយ​អ៊ីចឹង​វា​លេង​សើច ប៉ុន្តែ​វា​ប៉ះពាល់។ ​អ៊ីចឹង​ក្នុង​សៀវ​ភៅ​របស់​យើង​ យើង​បាន​ដាក់ ​ហើយ​វា​មាន​ការ​អប់រំ​ឲ្យ​ស្គាល់​ និង​គោរព​គ្នា»។​

លោក​ រស់​ សុវាចា​ អ្នកនាំ​ពាក្យ​ក្រសួង​អប់រំ​ថ្លែង​ថា​ បច្ចុប្បន្ន​ក្រសួង​ចង​ក្រង​រៀបចំ​សៀវភៅ​ពុម្ព​ទាក់​ទង​នឹង​ការ​អប់រំ​សុខភាព​នេះ ​បាន​កម្រិត​អប់រំ​៨​ថ្នាក់​ ហើយ​នៅ​សល់​៤​ថ្នាក់​ទៀត​ ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​ក្រោយ។​

លោក​មាន​ប្រសាសន៍​ថា៖ ​«មេ​រៀន​ទាំង​នេះ​ គឺ​មាន​សារៈ​សំខាន់​ណាស់​ សម្រាប់​សិស្សា​នុ​សិស្ស​ក្នុង​ការ​រៀន​សូត្រ​ជា​ចំណេះ​ដឹង​ ដើម្បី​យក​ទៅ​អនុវត្ត​ដើម្បី​ថែ​ទាំ​សុខ​ភាព​របស់​ពួក​គាត់​ ឲ្យ​គ្រប់​ជ្រុង​ជ្រោយ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ ក៏ដូច​ជា​សម្រាប់​អនាគត ​ដែល​អាច​រស់​នៅ​ប្រកប​ដោយ​សុខភាព​ល្អ​ ទាំង​ផ្លូវ​កាយ​ ផ្លូវចិត្ត​ និង​សង្គម»។​

ការ​សិក្សា​ថ្នាក់​ជាតិ​មួយ​បោះ​ពុម្ព​ផ្សាយ​ឆ្នាំ​២០១៨​ ស្តី​អំពី​ «ការ​អប់រំ​នៅ​កម្ពុជា៖​ លទ្ធផល​ស្រាវជ្រាវ​ពី​បទ​ពិសោធន៍​កម្ពុជា​ក្នុង​កម្មវិធី​វាយ​តម្លៃ​សិស្ស​ជា​លក្ខណៈ​អន្តរជាតិ​សម្រាប់​ការ​អភិវឌ្ឍ» ​រក​ឃើញ​ថា​ ៣៥​ភាគ​រយ​នៃ​សិស្ស​នៅ​កម្ពុជា​ រាយ​ការណ៍​ថា​សុខភាព​របស់​ពួក​គេ​«ខ្សោយ​» ​ឬ​«មធ្យម»។​

ការ​សិក្សា​ដែល​គេ​ធ្វើ​ឡើង​ក្នុង​ចំណោម​សិស្ស​ប្រមាណ​៥​ពាន់​នាក់​ ដែល​មាន​អាយុ​១៥​ឆ្នាំ ​និង​លើស​តិច​តួច​ ឲ្យ​ដឹង​ថា​ ​ការ​វាយ​តម្លៃ​សុខ​ភាព​ខ្លួន​ក្នុង​ចំណោម​ពួក​គេ​ នៅ​មាន​កម្រិត​ទាប។​ ការ​វាយ​តម្លៃ​សុខភាព​ខ្លួន​ថា​ មាន​កម្រិត​ទាប​នេះ ​អាច​ឆ្លុះ​បញ្ចាំង​ពី​ការណ៍​ពិត​ដែល​ថា ​សិស្ស​កម្ពុជា​ អាច​ជួប​ប្រទះ​បញ្ហា​សុខភាព​ជាក់​ស្តែង​ក្នុង​អំឡុង​ពេល​សិក្សា ក៏​ប៉ុន្តែ​បញ្ហា​សុខភាព​នេះ​ប្រហែល​ជា​មិន​បាន​ដឹង​ឮ​ដល់​ថ្នាក់​ដឹកនាំ​សាលា​រៀន​ទេ។​

របាយ​ការណ៍​នេះ​បន្ថែម​ថា៖ ​«នៅ​កម្ពុជា​សុខ​ភាព​ខ្សោយ​ហាក់​ដូចជា​ពាក់ព័ន្ធ​យ៉ាង​ខ្លាំង​ជាមួយ​នឹង​បញ្ហា​សុខភាព​នានាដូចជា​បញ្ហា​ក្រពះពោះវៀន ​ការ​ថប់​អារម្មណ៍ ​និង​ការ​ធ្លាក់​ទឹក​ចិត្ត​ ជំងឺរ៉ាំរ៉ៃ​ ឬ​ការ​អស់​កម្លាំង​ឬ​ឈឺ​ចាប់​យូរ​អង្វែង​ ការ​គេង​មិន​លក់​ និង​ជំងឺ​ផ្តាសាយ»។​

សិស្ស​ដែល​បាន​វាយ​តម្លៃ​ថា​ខ្លួន​មាន​សុខភាព​ 'ខ្សោយ' ​បាន​រាយ​ការណ៍​ថា​ ពួក​គេ​ធ្លាប់​មាន​បញ្ហា​ក្រពះ​ពោះ​វៀន​ ​ការ​ភ័យ​ស្លន់​ស្លោ​ និង​ការ​ថប់​អារម្មណ៍ ​ឬ​ការ​អស់​កម្លាំង​ខ្លាំង​ ឬ​ឈឺ​ចាប់​ ជាដើម។​

ប្រធាន​អង្គការ​ចលនា ​ដើម្បី​សុខភាព​កម្ពុជា ​លោក​ ម៉ម គង់​ បាន​ថ្លែង​ប្រាប់​វីអូអេ​ថា​ លោក​បាន​ដឹង​អំពី​គោល​បំណង​នៃ​ការ​បង្កើត​មុខវិជ្ជា​អប់រំ​សុខភាព​នេះ​តាំង​ពី​ឆ្នាំ​១៩៩៨​ ឬ​១៩៩៩។​ លោក​សង្ឃឹម​ថា​ ក្រសួង​នឹង​បញ្ចូល​កម្មវិធី​អប់រំ​សុខភាព​នេះ ​តាម​គោល​ដៅ​ឆ្នាំ​២០២២​ ដែល​លោក​ថា មាន​កត្តា​ជា​ច្រើន​រាំងស្ទះ​ រួម​ទាំង​បញ្ហា​ថវិកា​គាំទ្រ​ផង​ដែរ។​

ចំពោះ​ការ​បង្កើត​កម្មវិធី​អបរំ​សុខភាព​នេះ​ ​ អង្គការ​របស់​លោក​ ម៉ម​ គង់ ​បាន​ទទួល​បន្ទុក​ជួយ​ប្រឹក្សា​ទាក់​ទង​នឹង​ការ​បង្កើត​កម្មវិធី​រៀន​ផ្នែក​ជំងឺ​មិន​ឆ្លង ​ដូច​ជា​ជំងឺ​បេះ​ដូង ​ ជំងឺ​សរសៃ​ឈាម​ជំងឺ​មហា​រីក​ជំងឺ​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ ​និង​ជំងឺ​ទឹក​នោម​ផ្អែម​ ដែល​សុទ្ធ​តែ​ជា​ជំងឺ​គួរ​ឲ្យ​ព្រួយ​បារម្ភ​ខ្លាំង​ក្លា បើ​ធៀប​នឹង​ជំងឺ​ឆ្លង។ ​ លោក​ថា ​កត្តា​ហានិភ័យ​នានា​ ដូចជា​គ្រឿង​ស្រវឹង​ ថ្នាំ​ជក់ ​ កង្វះ​កាយ​វប្បកម្ម​ និង​បញ្ហា​អាហា​រូបត្ថម្ភ​ សុទ្ធ​សឹង​តែជា​ចំណេះ​ដឹង​សំខាន់​ដែល​ត្រូវ​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​ថ្មី​នេះ។​

លោក​ ម៉ម គង់​ មាន​ប្រសាសន៍​ថា៖​ «ទាក់​ទង​នឹង​ការ​បញ្ចូល​កម្មវិធី​អប់រំ​សុខភាព​ហ្នឹង​ វា​គឺ​ជា​បំនិន​ដើម្បី​អប់រំ​ក្មេងៗ​ឲ្យ​ដឹង​តាំង​ពី​នៅ​ក្មេងៗ​ទៅ តើ​អ្វី​ដែល​គាត់​គួរ​ចៀស​វាង?​ អ្វី​ដែល​គាត់​គួរ​ប្រព្រឹត្ត?​ ដោយ​សារ​ខ្ញុំ​ធ្វើ​ការ​ពាក់​ព័ន្ធ​នឹង​ថ្នាំជក់ ​និង​គ្រឿង​ស្រវឹងអ៊ីចឹង​យើង​ត្រូវ​បង្រៀន​សិស្ស​ឲ្យ​ដឹង​ថា​ តើ​គ្រឿង​ស្រវឹង​នេះ​ នៅ​ពេល​ដែល​គាត់​សេព​ទៅ វា​នាំ​ឲ្យ​គាត់​មាន​បញ្ហា​អ្វី​ខ្លះ​ដល់​ខ្លួន​គាត់​ និង​ដល់​សង្គម​ ហើយ​ការ​ធ្វើ​ទីផ្សារ​របស់​គ្រឿង​ស្រវឹង​ នឹង​វា​មាន​គោល​បំណង​យ៉ាង​ណា?​ កុំ​ឲ្យ​គាត់​ឃើញ​ពាណិជ្ជ​កម្ម​អី​ចេះ​តែ​ជឿៗ។ ​នេះ​ជា​ផ្នែក​មួយ​នៃ​ការអប់រំ។ ​ហើយ​ដើម្បី​បង្ការ​ជំងឺ​មិនឆ្លង​ គាត់​ត្រូវ​ធ្វើ​ដូច​ម្តេច?»​

លោក​ ហូយ គឹមសែ ​នាយក​សាលា​បឋម​សិក្សា​វត្តកោះ​នៅ​រាជធានី​ភ្នំពេញ ​ប្រាប់​វីអូអេ​ថា​ លោក​បារម្ភ​អំពី​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​របស់​កុមារ​ ដោយ​សារ​បរិយាស​កាស​សាលារៀន​ ត្រូវ​បាន​រំខាន​ដោយ​ក្រុម​ក្មេង​ទំនើង​នៅ​ជុំវិញ​របង​សាលា​រៀន​របស់​លោក។​លោក​រំពឹង​ថា​ ​កម្មវិធី​អប់រំ​សុខភាព​ថ្មី​នេះ​ អាច​បញ្ជ្រាប​ចំណេះ​ដឹង​ស៊ី​ជម្រៅ​ពាក់​ព័ន្ធ​សុខ​ភាព​ដល់​សិស្ស។​

លោក​ថ្លែង​ថា៖​ «វា​មាន​សារៈ​សំខាន់​ ដើម្បី​អប់រំ​ក្មេង​ឲ្យ​ចេះ​ថែ​ទាំ​សុខ​ភាព​ខ្លួន​ឯង​យក​ចំណេះ​ដឹង​នេះ​ទៅ​ប្រាប់​បង​ប្អូន​គាត់ ឪពុក​ម្តាយ​គាត់ ​អ្នក​ជុំវិញ​ខ្លួន​គាត់​ ដើម្បី​យល់​ដឹង​ពី​បញ្ហា​សុខ​ភាព​គ្រប់​បែប​យ៉ាង​ ទាំង​ផ្លូវ​ចិត្ត​ និង​អនាម័យ»។​

លោក​ តូច កន្តាល់ ​នាយក​វិទ្យាល័យ​បាក់ទូ​នៅ​ភ្នំពេញ ​យល់​ថា ​មុខវិជ្ជា​«អប់រំ​សុខភាព» ​នឹង​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ឲ្យ​មាន​សុខភាព​ល្អ​រឹងមាំ។​លោក​ថា​ មុខ​វិជ្ជា​អប់រំ​សុខ​ភាព​នេះ​ គួរ​ផ្តោត​លម្អិត​បន្ថែម​អំពី​មុខ​វិជ្ជា​ជីវវិទ្យា​ដែល​មាន​ស្រាប់។​

«ស្រុក​យើង​ភាគ​ច្រើន​ខ្មាស​អៀន​ បញ្ហា​អនាម័យ​ផ្លូវ​ភេទ។​ អាយុ​ប៉ុណ្ណេះ​ គេ​ត្រូវ​ចាក់​ថ្នាំ​ការពារ​ស្បូន​ អាយុ​ប៉ុណ្ណា​អាច​រួមភេទ​បាន​ និង​ច្រើន​ទៀត​ពាក់ព័ន្ធ​នឹង​រោគស្ត្រី​ និង​ការ​រក្សា​អនាម័យ​ខ្លួន​ប្រាណ​ស្ត្រី​ជាដើម»។​

លោក​នាយក​វិទ្យាល័យ​បាក់ទូក​រូប​នេះ ​បន្ថែម​ថា​ សុខភាព​ផ្លូវ​ចិត្ត​ល្អ ​ក៏​មាន​សារៈ​សំខាន់​ខ្លាំង​ចំពោះ​ការ​សិក្សា​ និង​សុខុមាល​ភាព​របស់​សិស្ស​ផង​ដែរ។​

លោក​មាន​ប្រសាសន៍​ថា៖ ​«ជួយ​សិស្ស​ដែល​រៀន​យឺត ​ជួយ​សិស្ស​ដែល​បាត់បង់​ការ​សិក្សា។​ ជួន​កាល​ក្រុម​គ្រួសារ​គាត់​លំបាក​ក្នុង​សេដ្ឋកិច្ច​គ្រួសារ​ជា​ផ្លូវចិត្ត​មួយ។​ ក្រុម​គ្រួសារ​គាត់​លែង​លះ​គ្នា​ជា​ផ្លូវ​ចិត្ត​មួយ។ ​គាត់​មករៀន​ ​អ្នក​គ្រូ លោក​គ្រូ​គាប​គាត់​ជា​ផ្លូវចិត្ត​មួយ។​ អ៊ីចឹង​យើង​ត្រូវ​យល់​ពី​បរិយាកាស​សង្គម​ទាំង​អស់​ ធ្វើ​ម៉េច​ឲ្យ​គាត់​មាន​ចិត្ត​ចង់​មក​សាលា ​មាន​ចិត្ត​ចង់​រៀន។ ​អាហ្នឹង​ផ្លូវ​ចិត្ត​ល្អ​ហើយ»។​

នៅតាមបណ្តាសាលារដ្ឋ ក្រុមសិស្សស្ម័គ្រចិត្ត អនុវត្តការវាស់កម្តៅ នៅមុខរបងទា្វរសាលារៀន មុនសិស្សានុសិស្ស គ្រូបង្រៀន និងភ្ញៀវ ធ្វើដំណើរចូលក្នុងសាលារៀន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងគ្រឹះស្ថានអប់រំ នៅភ្នំពេញ នាខែកញ្ញា ឆ្នាំ២០២០។ (ខាន់ សុគុំមនោ/វីអូអេ)

លោក​បន្ថែម​ថា ​ នៅ​ក្នុង​បរិវេណ​វិទ្យាល័យ​បាក់ទូក​ មាន​តែ​ក្រុម​យុវជន​មួយ​ក្រុម​ដែល​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត​ ដើម្បី​សម្រួល​ការងារ​ពាក់ព័ន្ធ​សុខភាព​សិស្ស​ប្រចាំ​សាលា។​

លោក​បញ្ជាក់​ថា៖​ «[សិស្ស] ​មួយ​ចំនួន​ចូល​វិទ្យាល័យ​ខ្លះ​ចាប់​ផ្តើម​មក​រដូវ។​អ្នក​គ្រូ​នាយិកា​រង​ខ្ញុំ​គាត់​មាន​ទូ​មួយ ​សម្រាប់​សំឡី​អនាម័យ​ ស្រីៗ​គ្នា​គាត់។ ​គាត់​ដឹង​រឿង​គ្នា​គាត់។ ​ហើយ​បន្ទប់​សង្គ្រោះ​បឋម​នៅ​វិទ្យាល័យ​បាក់ទូក​មាន​បរិក្ខារ​សព្វ​បែប​យ៉ាង»។​

អ្នកស្រី​ Katheryn Bennett ​ប្រធាន​ផ្នែក​អប់រំ​ នៃ​អង្គការ​យូនីសេហ្វ​បាន​ ប្រាប់​វីអូអេ​តាម​សារ​អេឡិច​ត្រូនិច​ថា​អង្គការ​យូនីសេហ្វ​បាន​គាំទ្រ​គម្រោង​កម្មវិធី​អប់រំ​សុខភាព​របស់​រដ្ឋាភិបាល​កម្ពុជា​ លើ​ផ្នែក​បង្កើត​សម្ភារៈ​បង្រៀន​ និង​កៀរគរ​ធនធាន​មនុស្ស។​

អ្នកស្រី​ថា៖ ​«ការងារ​នេះ​ មាន​សារៈ​សំខាន់​យ៉ាង​ខ្លាំង​ចំពោះ​សុខភាព​រាងកាយ​ និង​ផ្លូវចិត្ត​ ក៏​ដូច​ជា​សុខុមាល​ភាព​ទូទៅ​របស់​កុមារ។​ហើយ​ការងារ​នេះ​កើត​ឡើង​នៅ​ពេល​ដែល​បញ្ហា​សុខភាព​ជា​បញ្ហា​ដ៏​មានសារៈ​សំខាន់​ខ្លាំង​នៅ​ក្នុង​បរិបទ​នៃ​ជំងឺ​រាតត្បាត​ជា​សាកល​កូវីដ១៩​ ដែល​សម្ពាធ​នៃ​ជំងឺ​រាតត្បាត ​នេះ​កំពុង​កើត​មាន​លើ​កុមារ​ និង​ក្រុម​គ្រួសារ​របស់​ពួកគេ»។​

លោកស្រី ​ឆាយ​ គីម សុទ្ធាវី​ ប្រធាន​នាយក​ដ្ឋាន​សុខភាព​សិក្សា​នៃ​ក្រសួង​អប់រំ ​បាន​ប្រាប់​វីអូអេ​ថា​ ក្រសួង​បាន​ស្នើសុំ​ថវិកា​ជាតិ​រួច​ហើយ​ ​ប៉ុន្តែ​ស្រប​ពេល​ដែល​ពិភព​លោក​កំពុងរង​ផល​ប៉ះពាល់​ពី​វិបត្តិ​ជំងឺ​កូវីដ១៩​ គម្រោង​នេះ​អាច​នឹង​ត្រូវ​បន្ត​ព្យួរ​សិន៕